Monday, March 20, 2023

យុត្ថាធិការស៊ើបសួរ

 ក្រមនីតិវិធីព្រហ្មទណ្ឌទូទៅ ៖ 

យុត្ថាធិការស៊ើបសួរ

I.សេចក្ដីផ្ដើម

          យើងដឹងហើយថាកាលណាប្រសិនបើសិក្សាពីប្រព័ន្ធច្បាប់កម្ពុជា នោះអ្នកនឹងបានឮពីប្រព័ន្ធតុលាការ នៅកម្ពុជាផងដែរ។ ប្រព័ន្ធតុលាការនៅកម្ពុជា បែងចែកជាពីរជាន់ និងបីថ្នាក់ ដែលមានស្ថាប័នយុត្ថាធិការផ្សេងៗពីគ្នា។

ប្រព័ន្ធយុត្ថាធិកា និងប្រព័ន្ធតុលាការ គឺជាស្ថាប័នមានសមត្ថកិច្ចទទួលពាក្យបណ្តឹង និងវិនិច្ឆ័យលើរឿងក្តី ដែលមានអំណាចអាចចេញសាលក្រម ឬសាលដីការបាន។ សាលាជម្រះក្តីនៅកម្ពុជាមានពីរជាន់ (តុលាការជាន់ទាប និងជាន់ខ្ពស់)​ និងមានបីថ្នាក់ ដូចខាងក្រោម៖

          ថ្នាក់ទី១   ៖ សាលាដំបូងរាជធានី ខេត្ត លេខាធិការដ្ឋានសាលាដំបូង និងអយ្យាការអមសាលាដំបូង

ថ្នាក់ទី២ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ តំបន់ លេខាធិការដ្ឋានសាលាឧទ្ធរណ៍ និងមហាអយ្យាការអមសាលាឧទ្ធរណ៍

          ថ្នាក់ទី៣ ៖ តុលាការកំពូល និងមហាអយ្យាការអមតុលាការកំពូល។

  ក. ចៅក្រមស៊ើបសួរ

នៅតាមសាលាដំបូងរាជធានី ខេត្ត ​មន្ទីរស៊ើបសួរជាផ្នែកមួយ នៃតុលាការព្រហ្មទណ្ឌ។ ប្រធានតុលាការជាអ្នកសម្រេចចាត់តាំងចៅក្រមមួយរូប​ ឬច្រើនរូបឱ្យទទួលបន្ទុកការងារស៊ើបសួរ។ ចៅក្រមដែលត្រូវបានចាត់តាំងឱ្យស៊ើបសួរសំណុំរឿងណាមួយ មិនអាចចូលរួមជំនុំជម្រះលើសំណុំរឿងដែលខ្លួនស៊ើបសួរនោះបានទេ បើមិនដូច្នោះ សាលក្រមនោះ និងត្រូវបានចាត់ទុកជាមោឃៈ(ម.៥៤)។

ព្រះរាជអាជ្ញា ឬភាគីអាចប្តឹងទៅប្រធានសាលាដំបូងអោយដកហូតសំណុំរឿងណាមួយពីថៅក្រមស៊ើបសួរ  កាលបើ​មានមូលហេតុបណ្តឹងដិតចិត្តចៅក្រមតាមមាត្រា៥៥៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

  ខ. សភាស៊ើបសួរ

          នៅតាមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ និងឧទ្ធរណ៍តំបន់ មានសភាពិសេសមួយឈ្មោះថាសភាស៊ើបសួរដែលសមត្ថកិច្ចជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍ ដែលធ្វើឡើងប្រឆាំងនិងដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ(ម.៥៥)។

          សភាស៊ើបសួរ រ៉ាប់រងការប្រព្រឹត្តទៅដ៏ល្អនៃមន្ទីរស៊ើបសួរ សាលាដំបូង។ ផ្ទៀងផ្ទាត់មើលការអនុវត្តបទបញ្ញត្តិ ស្តីពីការឃុំបណ្តោះអាសន្នការធ្វើកោសលវិច័យ ការចាត់អោយស៊ើបសួរជំនួស និងដីកាសម្រេចផ្សេងៗ របស់ចៅក្រមស៊ើបសួរ(ម.២៨៣)។ សភាស៊ើបសួររ៉ាប់រងកុំឱ្យនីតិវិធីស៊ើបសួរមានការយឺតយ៉ាវដោយ មិនសមហេតុផល និងអាចធ្វើអធិការកិច្ច មន្ទីរស៊ើបសួរគ្រប់ពេល(ម.២៨៣)។ ប្រធានសភាស៊ើបសួរអាចធ្វើអធិបញ្ជាដល់ចៅក្រមស៊ើបសួរ។



  គ. សមត្ថកិច្ចដែនដីចៅក្រមស៊ើបសួរ

            ចៅក្រមស៊ើបសួរមានសមត្ថកិច្ច(ម.១២៣)៖

-    ចៅក្រមស៊ើបសួរនៃទីកន្លែងប្រព្រឹត្តបទល្មើស

-    ចៅក្រមស៊ើបសួរនៃទីលំនៅឋាន ឬទីសំណាក់របស់បុគ្គលដែលសង្ស័យថាបានប្រព្រឹត្តបទល្មើស

-    ចៅក្រមស៊ើបសួរនៃទីកន្លែងចាប់ខ្លួនរបស់បុគ្គលដែលសង្ស័យថាបានប្រព្រឹត្តបទល្មើស។

+        វិវាទសមត្ថកិច្ចស៊ើបសួរ

   ក្នុងករណីមានវិវាទសមត្ថកិច្ចចៅក្រមស៊ើបសួរច្រើន នៅសាលាដំបូងខុសគ្នា ត្រូវសម្រេចដោយប្រធានសភាស៊ើបសួរ នៃសាលាឧទ្ធរណ៍។

   ក្នុងករណីមានវិវាទសមត្ថកិច្ចសភាស៊ើបសួរច្រើន នៅសាលាឧទ្ធរណ៍ខុសគ្នា ត្រូវសម្រេចដោយប្រធានតុលាការកំពូល ដោយដីកាសម្រេចបិទផ្លូវតវ៉ា។

២.គោលការណ៍ទូទៅនៃការស៊ើបសួរ

  ក.ការសង្ងាត់នៃការស៊ើបសួរ(ម.១២១)

     ការស៊ើបសួរត្រូវធ្វើឡើងជាការសង្ងាត់ បុគ្គលទាំងឡាយណាដែលចូលរួមក្នុងការស៊ើបសួរដូចជាចៅក្រម  ក្រឡាបញ្ជី មេធាវី​ នគរបាលយុត្តិធម៌ អ្នកជំនាញ អ្នកបកប្រែ គ្រូពេទ្យជាដើម​ ត្រូវរក្សាការសំងាត់នៃវិជ្ជាជីវះរៀងៗខ្លួន លើកលែងតែក្នុងករណីប្រើសិទ្ធិចាំបាច់ដើម្បីការពារខ្លួន។ ក្នុងករណីចាំបាច់ ព្រះរាជអាជ្ញាអាចធ្វើសេចក្តីថ្លែងការជាសាធារណៈ ឬសន្និសីទបំភ្លឺប្រសិនបើខ្លួនយល់ឃើញថាព័ត៌មានណាមួយជាការមិនពិត។ ការបំពានការសំងាត់នៃការស៊ើបសួរ ជាបទល្មើសព្រហ្មទណ្ឌ(ម.៥១៧ ដល់ ម.៥៥៩​ នៃក្រមព្រហ្មទណ្ឌ)។

  ខ. ការស៊ើបសួរដាក់បន្ទុក(ម១២១) និងដោះបន្ទុក(ម១២៧)

            តាមធម្មតាជនដែលត្រូវបាននគរបាលយុត្តិធម៌ឃាត់ខ្លួន និងបញ្ជូនមកអយ្យការ ហើយត្រូវបានសម្រេចចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ លុះត្រាតែមានភស្តុតាងដាក់បន្ទុកធួនល្មម។ បើគ្មានភស្តុតាងដាក់បន្ទុកទេ មិនអាចចោទប្រកាន់បានទេ។ ការស៊ើបសួរត្រូវត្រូវតែស្វែងរកភស្តុតាងដាក់បន្ទុក និងភស្តុតាងដោះបន្ទុក។ ចំពោះការស៊ើបសួរដាក់បន្ទុកគឺដើម្បីផ្ទៀងផ្ទាត់ និងស្រាវជ្រាវបន្ថែមចំពោះការចោទប្រកាន់ ឬជាយថាហេតុស្វែងរកបុគ្គលដែលជាប់ពាក់ព័ន្ធមកផ្តន្ទាទោស។ ដោយឡែកការស៊ើបសួរដោះបន្ទុក គឺធ្វើឡើងដើម្បីជួយដោះបន្ទុកជនជាប់ចោទអោយរួចផុតពីការចោទប្រកាន់។ ក្នុងន័យនេះ ប្រសិនបើចៅក្រមស៊ើបសួររកឃើញថាអំពើដែលបានប្រព្រឹត្តមិនមែនជាបទល្មើសព្រហ្មទណ្ឌទេ ឬគ្មានភស្តុតាងគ្រប់គ្រាន់ដែលផុតវិមតិសង្ស័យនោះទេ ជនជាប់ចោទត្រូវលើកលែងបទចោទប្រកាន់វិញ។

គ. ការស៊ើបសួរដោយផ្ទាល់ ឬដោយជំនួស(ម១៣១ និងម១៧៣)

ចៅក្រ​មទាំងអស់ដែលត្រូវបានចាត់តាំង អោយទទួលបន្ទុកសំណុំរឿងស៊ើបសួរណាមួយ  ត្រូវអនុវត្តវិធានស្រាវជ្រាវ និងសិទ្ធិអំណាច ទាំងអស់ដែលច្បាប់ប្រគល់អោយខ្លួន ដើម្បីស្វែងរកយុត្តិធម៌ជូនភាគី។ ប៉ុន្តែក្នុងករណីចាំបាច់ចៅក្រមស៊ើបសួរ ក៏អាចប្រគល់សិទ្ធិរបស់ខ្លួនឱ្យចៅក្រមនៃសាលាដំបូងជាមួយគ្នា ឬចៅក្រមនៃសាលាដំបូងផ្សេង ឬអង្គភាពនរគបាលយុត្តិធម៌ ណាមួយអោយបំពេញកិច្ចស៊ើបសួរជំនួសខ្លួនតាមការចាំបាច់។ ការប្រគល់សិទ្ធិនេះ ត្រូវធ្វើឡើងក្នុងក្របខណ្ឌ នៃដីកាសម្រេចចាត់អោយស៊ើបសួរជំនួស(ម.១៣១ និងម.១៧៣)។

  ឃ. ជំនួយរបស់ក្រឡាបញ្ជី និងអ្នកបកប្រែ ជាអាទិ៍(ម១២៨)

            ក្នុងដំណើរការ នៃស៊ើបសួរប្រព្រឹត្តទៅបានជោគជ័យ ក្រៅពីមន្ត្រីនគរបាលយុត្តិធម៌ ដែលច្បាប់បានកំណត់បេសកម្មជាក់លាក់ហើយនោះ ចៅស៊ើបសួរមានជំនួយការផ្សេងទៀតរួមមាន ក្រឡាបញ្ជី អ្នកបកប្រែ និងអ្នកជំនាញផ្នែកកោសលវិច័យជាដើម។

            ក្រឡាបញ្ជីមានមុខងារសំខាន់ខ្លាំងណាស់ក្នុងកិច្ចស៊ើបសួរ និងជួយចៅក្រមស៊ើបសួរនៅគ្រប់កិច្ចនៃដំណើរការ នៃនីតិវិធី ជាពិសេសការធ្វើកំណត់ហេតុ និងរៀបចំដីកាសម្រេច។ នៅគ្រប់កំណត់ហេតុ និងដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ ត្រូវមានហត្ថលេខាក្រឡាបញ្ជីអមជានិច្ច(ម.២៤០ និងម.២៤៣)។ ចំពោះអ្នកបកប្រែក៏សំខាន់ដូចគ្នា ទោះបីជាចៅក្រមអាចស្តាប់ភាសាបរទេសបានក៏ដោយ ក៏ច្បាប់តម្រូវអោយមានអ្នកបកប្រែជាចំាបាច់។

  ង.​ វត្តមានរបស់ព្រះរាជអាជ្ញាក្នុងកិច្ចស៊ើបសួរ

            ព្រះរាជអាជ្ញា​ អាចចូលរួមគ្រប់កិច្ច នៃនីតិវិធីស៊ើបសួរបាន ជាពិសេសក្នុងសួរចម្លើយជូនជនត្រូវចោទ សួរតទល់ ស្តាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណី ជនរងគ្រោះ ឬសាក្សីជាដើម(ម.១៣៦)។ លើសពីនេះ ព្រះរាជអាជ្ញាមានសិទ្ធិស្នើសុំឱ្យចៅក្រមបំពេញកិច្ចស៊ើបសួរនានា បានគ្រប់ពេលវេលា(ម.១៣២) និងសិទ្ធិជំទាស់បានគ្រប់      សេចក្តីសម្រេចទាំងអស់ដែលខ្លួនមិនសុខចិត្ត (ម.៣៦៦)។

            ក្រៅពីនេះ ព្រះរាជអាជ្ញាអាចធ្វើការកត់សម្គាល់នូវយោបល់របស់ខ្លួនអំពីពាក្យសុំនានា ដែលធ្វើឡើងដោយភាគីពាក់ព័ន្ធផងដែរ។

  ច. សិទ្ធិរបស់ភាគីពាក់ព័ន្ទក្នុងកិច្ចស៊ើបសួរ

          ជនត្រូវចោទ​មានសិទ្ធិដឹងអំពីការចោទប្រកាន់ សិទ្ធិឆ្លើយ ឬមិនឆ្លើយ សិទ្ធិមានមេធាវី សិទ្ធិមានអ្នកបកប្រែ សិទ្ធិសុំអោយដោះលែងខ្លួន និងសិទ្ធិសុំបំពេញកិច្ចនានាដែលខ្លួនគិតថាមានប្រយោជន៍ដូចជា ការស្តាប់ចម្លើយសាក្សី សួរតទល់ ឬសុំចៅក្រមចុះទៅកន្លែងកន្លែងកើតហេតុជាដើម (ម.១៣៣ ,ម.១៤៣ និងម.១៤៤)។

          ជនរងគ្រោះ/ ដើមបណ្តឹងមានសិទ្ធិពឹងពាក់មេធាវី សិទ្ធិមានជំនួយអ្នកបកប្រែ និងសិទ្ធិសុំបំពេញកិច្ចនានាដែលខ្លួនគិតថាមានប្រយោជន៍ដូចជា ការស្តាប់ចម្លើយសាក្សី សួរតទល់ ឬសុំចៅក្រមចុះទៅកន្លែងកន្លែងកើតហេតុជាដើម (ម.១៣៤)។

  ឆ.មោឃភាពនៃកិច្ចស៊ើបសួរ

          វិធាន និងទម្រងនានា ដែលមានចែងក្នុង

o   មាត្រា១២២ (ការបើកការស៊ើបសួរ)

o   មត្រា១២៣ (សមត្ថកិច្ចដែនដី)

o   កថាខណ្ធ៣ មាត្រា១២៤ (ដីកាសន្និដ្ឋានបញ្ជូលរឿងឱ្យស៊ើបសួរ)

o   កថាខណ្ឌ១ និងកថាខណ្ឌ២ នៃមាត្រា១២៥(វិសាលភាពបណ្តឹង)

o   មាត្រា១២៨ (ជំនួយការក្រឡាបញ្ជី) នៃក្រមនេះមានលក្ខណៈដាច់ខាតតែត្រូវគោរពតាមគោលការណ៍ បើពុំនោះទេ ត្រូវទុកជាមោឃៈ។

     លើសពីនេះ វិធាននិងទម្រង់នានា ដែលចែងដោយក្រមនេះ ស្តីពីការគោរពសិទ្ធិការពារខ្លួនរបស់ភាគី ដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ភាគី ដោយបំពាន ត្រូវទុកជាមោឃៈផងដែរ (ម.២៥២)។

  ជ.ការប្តឹងទៅចៅក្រមស៊ើបសួរ

+ ប្រភេទនៃបណ្តឹង

-      បណ្តឹងរបស់ព្រះរាជអាជ្ញា ៖ ជាគោលការណ៍ ការស៊ើបសួរត្រូវធ្វើឡើងតាមបណ្តឹងរបស់ព្រះរាជអាជ្ញា (ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ)។

-      បណ្តឹងរបស់ជនរងគ្រោះ ដោយសារមានការតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ក៏ប៉ុន្តែជនរងគ្រោះឧក្រឹដ្ឋ ឬបទមជ្ឈឹម អាចដាក់ពាក្យបណ្តឹងជូនទៅចៅក្រមស៊ើបសួរ ដោយតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី           (ម.១៣៨)។ ករណីនេះ នីតិវិធីត្រូវធ្វើដូចខាងក្រោម៖

-      ចៅក្រមបញ្ជូនពាក្យបណ្តឹងទៅព្រះរាជអាជ្ញាពិនិត្យ។ ព្រះរាជអាជ្ញា ត្រូវប្តឹងចៅក្រមស៊ើបសួរវិញ តាមដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរ (ម.១៣៩)។

-      បើពិនិត្យឃើញថា បណ្តឹងអាជ្ញាត្រូវបានផុតរលត់ ឬមិនមែនជាបទល្មើសព្រហ្មទណ្ឌ ព្រះរាជអាជ្ញាអាចសុំទៅចៅក្រមកុំឱ្យស៊ើបសួរ។ បើឯកភាពតាមព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរត្រូវចេញដីកាសម្រេចមិនស៊ើបសួរ ហើយជូនដំណឹងដល់ដើមបណ្តឹងវិញ។

-      ផ្ទុយទៅវិញ បើចៅក្រមមិនឯកភាព ចៅក្រមសម្រេចស៊ើបសួរ ចេញដីកាសម្រេចស៊ើបសួរដោយសំអាងហេតុ ហើយជូនដំណឹងដល់ព្រះរាជអាជ្ញាវិញ។ ករណីនេះ ចៅក្រមតម្រូវអោយដើមបណ្តឹង បង់ប្រាក់តម្កល់ ទុកនៅសាលាដំបូង។ ប្រាក់នេះត្រូវបង្វិលសងវិញនៅពេលបញ្ចប់ការស៊ើបសួរ ប៉ុន្តែប្រសិនបើតុលាការចេញដីកាដំណោះស្រាយ លើកលែងការចោទប្រកាន់ជនត្រូវចោទ តុលាការនិងសម្រេចរឹបអូសប្រាក់តម្កល់ទុកនៅសាលាដំបូងនោះ​ ដោយមូលហេតុបណ្តឹងធ្វើឡើងដោយបំពាន​ឬអូសបន្លាយពេលវេលា (ម.១៤០ និង ម.១៤១)។

+ អនុភាពនៃបណ្តឹង

-        ចំពោះព្រះរាជអាជ្ញា កាលបើសម្រេចបើកការស់បសួរ និងបញ្ចប់សំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ហើយ នោះការសម្រេចពាក់ព័ន្ធនឹងសំណុំរឿងនេះ ជាសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ។ លើសពីនេះ សិទ្ធិអំណាចដែលច្បាប់ប្រគល់អោយក្នុងការដឹកនាំនគរបាលយុត្តិធម៌ ក៏ត្រូវផ្ទេរឱ្យចៅក្រមស៊ើបសួរ ក្នុងក្រមខណ្ឌនៃការស៊ើបសួរវិញ។

-        ចំពោះជនត្រូវចោទ ជននេះត្រូវជាប់បណ្តឹងអាជ្ញា ទោះបីគាត់មិនត្រូវបានឃុំខ្លួនក៏ដោយ។ គាត់អាចរួចផុតពីបណ្តឹងអាជ្ញា ប្រសិនបើចៅក្រមស៊ើបសួរ សម្រេចលើកលែងការចោទប្រកាន់​ដោយដីកាដំណោះស្រាយ ឬរួចខ្លួនពីបទចោទដោយសាលក្រម។

 

+  វិសាលភាពនៃបណ្តឹង

-      វិសាលភាពចំពោះអង្គហេតុ (ម.១២៥ ក្រ.វធ)៖​ ជាគោលការណ៍ ចៅក្រមស៊ើបសួរ ស៊ើបតែអំពីអង្គហេតុ ដែលព្រះរាជអាជ្ញាប្តឹងមកតាមដីកាសន្និដ្ឋានបញ្ជូនអោយស៊ើបសួរប៉ុន្នោះ។ ប្រសិនបើការស៊ើបសួរលេចចេញនូវអង្គហេតុថ្មី ចៅក្រមស៊ើបសួរត្រូវបញ្ជូនព័ត៌មានទៅកាន់ព្រះរាជអាជ្ញា ដើម្បី    អោយព្រះរាជអាជ្ញាប្តឹងទៅចៅក្រមស៊ើបសួរចំពោះអង្គហេតុថ្មីនេះ ដោយដីកាបញ្ជូនរឿងអោយស៊ើបសួរបន្ថែម។ ប៉ុន្តែបើអង្គហេតុថ្មីនោះ ជាស្ថានទំងន់នៃបទល្មើស ចៅក្រមស៊ើបសួរអាចធ្វើការស៊ើបសួរបានដោយមិនចាច់មានដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរឡើយ។

-      វិសាលភាពចំពោះបុគ្គល (ម.១២៦ ក្រ.វធ)៖ ជាគោលការណ៍ ចៅក្រមស៊ើបសួរស៊ើបតែចំពោះ     អង្គហេតុ និងបុគ្គលដែលព្រះរាជអាជ្ញាប្តឹងមកតាមដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរ។ ជននោះ ជាកម្មវត្ថុនៃការដាក់អោយស្ថិតនៅក្រោមការពិនិត្យ។​ ប្រសិនបើការស៊ើបសួរមានតម្រុយច្បាស់លាស់ និងស៊ីសង្វាក់គ្នាថា បុគ្គលផ្សេងទៀតជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តបទល្មើស ចៅក្រមស៊ើបសួរអាចសម្រេចជននោះអោយស្ថិតក្រោមការត្រួតពិនិត្យ​ដោយ ដីកាសម្រេចដាក់អោយស្ថិតក្រោមការត្រួតពិនិត្យ ក្នុង  ឋានៈ ជាចារីសហចារី អ្នកផ្តើមគំនិត និងអ្នកសមគំនិត (ប្រៀបដូចជាចោទប្រកាន់)។

៣. ការស្រាវជ្រាវរបស់ចៅក្រមស៊ើបសួរ

     ក. ការជូនដំណឹងអំពីការដាក់អោយក្រោមការត្រួតពិនិត្យ

          ចៅក្រមស៊ើបសួរជូនដំណើងដល់ជនជាប់ចោទអំពីការចោទប្រកាន់របស់ព្រះរាជអាជ្ញា ប្រាប់ឈ្មោះបទល្មើស​ និងប្រាប់ពីសិទ្ធិនានាឱ្យបានដឹង នៅពេលដែលជននេះ ចូលបង្ហាញខ្លួនលើកដំបូង នៅចំពោះមុខចៅក្រមស៊ើបសួរ។

នៅកាលបរិច្ឆេទនេះ បើជនត្រូវចោទយល់ព្រមផ្តល់ចម្លើយ ចៅក្រមស៊ើបសួរត្រូវធ្វើកំណត់ហេតុស្តាប់ចម្លើយ។ ប្រសិនបើជនត្រូវចោទសុំពេលដើម្បីពឹងពាក់មេធាវី ចៅក្រមលើកពេលទៅស្តាប់នៅពេលក្រោយ ដោយមានមេធាវី។

     ខ.ការសួរចម្លើយជនត្រូវចោទ

          ចៅក្រមស៊ើបសួរត្រូវកោះហៅជនត្រូវចោទមកសួរចម្លើយ។ ប្រសិនបើជននោះត្រូវបានឃាត់ខ្លួន និងបញ្ជូនមកតុលាការ ជននេះត្រូវមកចំពោះមុខចៅក្រមស៊ើបសួរ នៅមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយ។

          កាលណាត្រូវចោទមានមេធាវី ការសួរចម្លើយត្រូវសួរនៅចំពោះមុខមេធាវី ដោយចៅក្រមត្រូវកោះ​ហៅ ៥ថ្ងៃមុនថ្ងៃសួរចម្លើយ។ បើសិនបើបានកោះហៅត្រឹមត្រូវហើយ ប៉ុន្តែអវត្តមាន ចៅក្រមអាចសាកសួរដោយគ្មានមេធាវី។ ក្នុងករណីពិសេស ដែលចៅក្រមអាចសួរចម្លើយដោយមិនបាច់កោះហៅមេធាវី បាន

          ១.ជនជាប់ចោទលះបង់ជាក់លាក់នូវវត្តមានមេធាវី

          ២.ករណីបន្ទាន់ដែលបណ្តាលពីគ្រោះថ្នាក់ដល់ស្លាប់ ឬភ័យខ្លាចបាត់បង់តម្រុយ។

     គ.ការស្តាប់ចម្លើយជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណី

          ចៅក្រមស៊ើបសួរត្រូវកោះហៅជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី មកស្តាប់ចម្លើយ។ កាលណាដើមបណ្តឹងមានមេធាវី ការស្តាប់ចម្លើយត្រូវធ្វើឡើងនៅចំពោះមុខមេធាវី ការសួរចម្លើយត្រូវសួរនៅចំពោះមុខមេធាវី ដោយចៅក្រមត្រូវកោះ​ហៅ ៥ថ្ងៃមុនថ្ងៃសួរចម្លើយ។ បើសិនបើបានកោះហៅត្រឹមត្រូវហើយ ប៉ុន្តែអវត្តមានមេធាវី ចៅក្រមអាចសាកសួរដោយគ្មានមេធាវីប។ ក្នុងករណីពិសេស ដែលចៅក្រមអាចសួរចម្លើយដោយមិនបាច់កោះហៅមេធាវី៖

          ១.ជនជាប់ចោទលះបង់ជាក់លាក់នូវវត្តមានមេធាវី

          ២.ករណីបន្ទាន់ដែលបណ្តាលពីគ្រោះថ្នាក់ដល់ស្លាប់ ឬភ័យខ្លាចបាត់បង់តម្រុយ។

          ប្រសិនបើជននេះជនបរទេស ចៅក្រមអាចហៅអ្នកបកប្រែដោយតម្រូវអោយអ្នកបកប្រែស្បថ(ម.១៤៤)។

     ឃ.ការស្តាប់ចម្លើយសាក្សី

          ចៅក្រមស៊ើបសួរអាចស្តាប់ចម្លើយសាក្សីដាច់ដោយឡែក ឬតទល់ជាមួយជនត្រូវចោទ និងដើមបណ្តឹងរដ្ឋប្បវេណី។ ចៅក្រមស៊ើបសួរត្រូវកោះហាវសាក្សីមកស្តាប់ចម្លើយ ក្នុងករណីរឹងទទឹង ចៅក្រមអាចប្រើកម្លាំងសាធារណៈបង្ខំអោយចូលខ្លួនបានដោយ ដីកាបញ្ជាឱ្យចូលខ្លួន ករណីសាក្សីឈឺមិនអាចចូលរួមបាន​ ចៅក្រមអាចធ្វើដំណើរទៅសាកសួរនៅលំនៅឋានរបស់សាក្សី ដើម្បីស្តាប់ចម្លើយ(ម.១៥៨)។

     សាក្សីតម្រូវអោយស្បថតាមជំនឿរៀងៗខ្លួន លើកលែងតែឪពុកម្តាយ កូន បងប្អូន បងប្អូនថ្លៃ ប្តីប្រពន្ធ ឬអតីតសហព័ទ្ធរបស់ជនត្រូវចោទ និងកុមារក្រោមអាយុ១៤ឆ្នាំ ដែលអនុញ្ញាតអោយរួចផុតពីការស្បថ (ម.១៥៦)។

     ង.ការឆែកឆេរ និងការចាប់យកវត្ថុតាង

          ក្នុងករណីចំាបាច់ ចៅក្រមស៊ើបសួរអាចឆែកឆេរ និងចាប់យកវត្ថុតាង។ ចៅក្រមស៊ើបសួរត្រូវឆែកឆេរនៅចំពោះមុខអ្នកកាន់កាប់ទីកន្លែង ឬសក្សី២នាក់ បើគ្មានវត្តមានអ្នកកាន់កាប់ទីកន្លែង។ ការឆែកឆេរមិនអាចធ្វើមុនម៉ោង៦ព្រឹក និងក្រោយម៉ោង៦លា្ងចឡើយ លើកលែងតែ នៅទីកន្លែងបើកចំហសម្រាប់សាធារណៈជន ឬបទល្មើសគ្រឿងញៀន(ផលិត ចែកចាយ លក់...)។ ការឆែកឆេរនៅការិយាល័យមេធាវី ត្រូវធ្វើឡើងនៅចំពោះមុខគណៈមេធាវី ឬប្រតិភូរបស់ប្រធានគណៈមេធាវី។  នីតិវិធីចាប់យកវត្ថុ តាង អនុវត្តដូចគ្នានឹងការស៊ើបអង្គេតដែរ។

     ច.ការធ្វើកោសលវិច័យ(ម.១៦២ និងម.១៧១)

          ក្នុងដំណើរការធ្វើកោសលវិច័យ ចៅក្រមស៊ើបសួរអាចបង្គាប់អោយអ្នកជំនាញធ្វើកោសលវិច័យ ដោយឯកឯង តាមសំណើរបស់ព្រះរាជអាជ្ញា ឬរបស់ជនត្រូវចោទ ឬរបស់ដើមបណ្តឹង។ ចៅក្រមស៊ើបសួរបដិសេធមិនធ្វើកោសល    វិច័យ ត្រូវចេញដីកាបដិសេធ ក្នុងរយៈពេល៥ថ្ងៃ ចំពោះសំណើព្រះរាជអាជ្ញា និងរយះពេល១ខែចំពោះសំណើភាគី   (ម.១៦២)។

អ្នកជំនាញត្រូវមានឈ្មោះក្នុងបញ្ជីថ្នាក់ជាតិ ចេញដោយប្រកាស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងត្រូវធ្វើសម្បថនៅមុខសាលាឧទ្ធរណ៍។ ករណីចាំបាច់ ចៅក្រមអាចជ្រើសរើសអ្នកជំនាញដែលគ្មានក្នុងបញ្ជីបានដែរ(ម.១៦៣)។

ដីកាសម្រេចចាត់តាំងអ្នកជំនាញត្រូវកំណត់បេសកម្ម និងរយៈពេល។ ការធ្វើបេសកម្មទាក់ទងនិងបញ្ហាដែលមាន             លក្ខណៈបច្ចេកទេសតែប៉ុន្នោះ(ម.១៦៥)។

     ឆ.ការស្តាប់ទូរស័ព្ទ (ម.១៧២)

          នៅក្នុងក្របខណ្ឌនៃការស៊ើបសួរ ចៅក្រមស៊ើបសួរអាចបង្គាប់អោយគ្រប់អង្គភាពសាធារណៈ ឬគ្រប់មន្ត្រីរាជការជំនាញឱ្យចាប់ និងថតគ្រប់សកម្មភាពឆ្លើយឆ្លងគ្នាគ្រប់មធ្យោបាយទូរគមនាគមន៍ ដូចជា ទូរស័ព្ទ សារទូរស័ព្ទ ឬអ៊ីនធើណេត ដែលត្រូវធ្វើឡើងដោយដីកាសម្រេច ឬដីកាចាត់អោយស៊ើបសួរជំនួស។ នៅក្នុងដីកាត្រូវបញ្ជាក់អោយបានច្បាស់ពីប្រភេទទំនាក់ទំនងដែលត្រូវថត ឬចាប់​និងរយៈពេលនៃបេសកម្ម។

          ក្រោយពីបំពេញការងារចប់ អង្គភាព ឬមន្ត្រីដែលទទួលបានការសុំ (ចាត់តាំង) ខាងលើត្រូវចម្លងជាលាយ លក្ខណ៍អក្សរ នូវសម្លេងដែលថតបាន ព្រមទាំងប្រគល់ជូនចៅក្រមស៊ើបសួរសម្លេងដើមផង។ ក្នុងករណីចាំបាច់ ចៅក្រមស៊ើបសួរអាចទៅកាន់កន្លែងដែលបង្គាប់អោយចាប់ ឬថតបានគ្រប់ទីកន្លែង ទោះបីទីតាំងយោធាក៏ដោយ។

     ជ.ការចាត់អោយស៊ើបសួរជំនួស

          ចៅក្រមស៊ើបសួរ អាចប្រគល់សិទ្ធិឱ្យចៅក្រម នៃតុលាការខ្លួន ឬចៅក្រមនៃតុលាការដទៃ ឬអង្គភាពនគរបាលយុត្តិធម៌ណាមួយ ដើម្បីបំពេញកិច្ចស៊ើបសួរជំនួសបាន។ ក្នុងដីកាចាត់ឱ្យស៊ើបសួរជំនួស ត្រូវបញ្ជាក់អោយបានច្បាស់អំពីកិច្ចដែលត្រូវស៊ើបសួរ និងថេរវេលាដែលត្រូវអនុវត្ត។ ការសម្រេចនេះអាចដកហូតគ្រប់ពេលវេលា។

          កាលណាចាត់ឱ្យចៅក្រមម្នាក់ទៀត ចៅក្រមនោះត្រូវទទួលអំណាចទាំងអស់ ដែលក្រមនេះអនុញ្ញាត ប៉ុន្តែបើចាត់អោយនគរបាលយុត្តិធម៌ អំណាចនេះមានកម្រិតនិងស្ថិតក្រោមការត្រួតពិនិត្យរបស់ចៅក្រមស៊ើបសួរដូចតទៅ៖

-      មន្ត្រីនគរបាលយុត្តិធម៌អាចកោះហៅ និងស្តាប់ចម្លើយសាក្សី (ម.១៧៩) តែមិនអាចស្រាប់ចម្លើយដើម   បណ្តឹងរដ្ឋប្បវេណី និងសួរចម្លើយជនត្រូវចោទបានទេ (ម.១៨០)។

-      ចំពោះសាក្សីដែលមានព្រមចូលខ្លួន នគរបាលយុត្តិធម៌ត្រូវរាយការណ៍ ជូនចៅក្រមស៊ើបសួរ ករណីចាំបាច់ចៅក្រមអាចចេញដីកាបញ្ជាឱ្យចូលខ្លួន (ម.១៧៩)។

-      នគរបាលយុត្តិធម៌អាចឆែកឆេរ និងចាប់យកវត្ថុតាង ដោយទទួលការអនុញ្ញាតពីចៅក្រមស៊ើបសួរ ដោយអនុវត្តតាមមាត្រា៩១ និងមាត្រា៩២ (ការឆែកឆេរករណីជាក់ស្តែង​ ម.១៨១)។

-      នគរបាលយុត្តិធម៌អាចឃាត់ខ្លូនជនសង្ស័យ ដោយមានការអនុញ្ញតពីចៅក្រមស៊ើបសួរ ដោយអនុវត្តតាមមាត្រា៩៦ និងមាត្រា១០២ (ដូចគ្នានិងករណីស៊ើបអង្កេតដែរ)។

-      ការលួចថត ឬស្តាប់ការសន្ទនាតាមទូរស័ព្ទ ឬឆ្លើយឆ្លងតាមប្រព័ន្ធទូរគមនាគមន៍ របស់នគរបាលយុត្តិធម៌អាចធ្វើបានលុះត្រាតែមានដីកាចាត់ឱ្យស៊ើបជំនួស។

៤.អំណាចបង្ខំរបស់ចៅក្រមស៊ើបអង្គេតក្នុងការស្រាវជ្រាវ

     ក.ដីកាបង្គាប់ឱ្យចូលបង្ហាញខ្លួន

ដីកាបង្គាប់អោយចូលបង្ហាញខ្លួន គីជាបញ្ជារបស់ចៅក្រមស៊ើបសួរចំពោះជនត្រូវចោទ ឬបុគ្គលដែលមានតម្រុយពិរុទ្ធភាព ឱ្យចូលទៅបង្ហាញខ្លួននៅមុខចៅក្រមស៊ើបសួរ។ ដីកានេះមានបញ្ជាក់អត្តសញ្ញាណរបស់ជនជាប់ជាប់ចោទ ឬជនសង្ស័យខាងលើ ឈ្មោះបទល្មើសដែលត្រូវចោទប្រកាន់ ពេលវេលា និងទីកន្លែងដែលត្រូវបង្ហាញខ្លួន(ម.១៨៧)។

បុគ្គលដែលត្រូវចៅក្រមស៊ើបសួរបង្គាប់អោយចូលបង្ហាញខ្លួន ត្រូវទទួលព័ត៌មាននេះ តាមរយៈនគរបាលយុត្តិធម៌ ឬកងរាជអាវុធហត្ថ ឬអាជ្ញាសាលា។ ជននេះត្រូវបង្ហាញខ្លួន បើរឹងទទឹងចៅក្រមអាចចេញដីកាឱ្យនាំខ្លួនបាន (ម.១៨៨)។

    ខ.ដីកាបង្គាប់អោយនាំខ្លួន

ដីកាបង្គាប់អោយនាំខ្លួន គឺជាបញ្ជារបស់ចៅក្រមស៊ើបសួរចំពោះកងកម្លាំងសាធារណៈឱ្យចាប់​និងនាំខ្លួនជនត្រូវចោទ ឬបុគ្គលដែលមានតម្រុយពិរុទ្ធភាពយកមកចំពោះមុខចៅក្រមស៊ើបសួរ។ ដីកានេះត្រូវចុះនិទ្ទេសដូចខាងក្រោម៖ អត្តសញ្ញាណនៃជនខាងលើ ឈ្មោះបទល្មើស ច្បាប់ដែលចោទប្រកាន់ ឈ្មោះនិងឋានៈបុគ្គលចៅក្រមដែលចេញដីកា ដែលត្រូវអនុវត្តដោយអង្គភាពនគរបាលយុត្តិធម៌ តាមការចាត់តាំងរបស់ចៅក្រមស៊ើបសួរ (ម១៩២)

     គ.ដីកាបង្គាប់អោយចាប់ខ្លួន

ដីកាបង្គាប់អោយចាប់ខ្លួន គឺជាបញ្ជារបស់ចៅក្រមស៊ើបសួរចំពោះ(ម១៩៦)

o  កងកម្លាំងសាធារណៈ អោយស្រាវេជ្រាវរកចាប់ខ្លួន និងនាំខ្លួនជនត្រូវចោទ ឬបុគ្គលដែលមានតម្រុយ  ពិរុទ្ធភាព យកមកចំពោះមុខចៅក្រមស៊ើបសួរ។

o  ប្រធានពន្ធនគារ ឬមណ្ឌលឃុំខ្លួនឱ្យទទួលនិងឃុំខ្លួនជននោះ។

លក្ខខណ្ឌដែលអាចចេញដីកា បង្គាប់អោយចាប់ខ្លួន៖

·         បទល្មើសជាបទឧក្រិដ្ឋ ឬបទមជ្ឈឹម ដែលផ្តន្ទាទោសដាក់ពន្ធនាគារ

·         ជនខាងលើគេចខ្លួនបាត់មិនដឹងទៅណា ឬនៅក្រៅដែនដី នៃព្រះរាជាណាចក្រកម្ពុជា។

v ការអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន

មុនពេលចេញដីកា ចៅក្រមស៊ើបសួរត្រូវសុំយោបល់ព្រះរាជអាជ្ញា។ ព្រះរាជអាជ្ញាជាអ្នកផ្សព្វផ្សាយដីកា    ប្រកាស់អោយបចាប់ខ្លួន។ ក្នុងករណីបន្ទាន់ ដីកានេះត្រូវផ្សព្វផ្សាយដល់អង្គភាពនគរបាលយុត្តិធម៌គ្រប់មធ្យោបាយ។ ដីកានេះ អាចត្រូវផ្សព្វផ្សាយជាអន្តរជាតិផងដែរ តាមរយៈក្រសួងយុត្តិធម៌ ដោយប្រើយន្តការដែលមានប្រសិទ្ធិភាព (ម.១៩៩ និងម.២០០)។

នគរបាលយុត្តិធម៌ត្រូវនាំខ្លួនជនជាប់ចោទទៅជួបចៅក្រមស៊ើបសួរភ្លាម ប្រសិនបើពុំអាចជួបបានភ្លាមទេ ត្រូវនាំជននោះទៅឃុំក្នុងពន្ធនាគារ ដោយប្រធានពន្ធនាគារត្រូវទទួល និងឃុំខ្លួនជននោះ(ម.២០១)។ ថេរវេលានៃការឃុំខ្លួនខាងលើ​​​ ត្រូវគិតទៅក្នុងថេរវេលានៃការឃុំខ្លួនបណ្តោះអាសន្ន។ មន្រ្តីនគរបាលយុត្តិធម៌ មិនអាចូលទៅក្នុងលំនៅឋាន ដើម្បីចាប់ខ្លួនជននោះនៅមុនម៉ោង៦ព្រឹក និងក្រោយមក៦ល្ងាចបានទេ(ម.១៩៩)។

     ឃ.ដីកាបង្គាប់អោយឃុំខ្លួនជាបណ្តោះអាសន្ន

ដីកាបង្គាប់អោយឃុំខ្លួនជាបណ្តោះអាសន្ន គឺជាសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរ។ ជាគោលការណ៍ ជនត្រូវចោទត្រូវតែមានសេរីភាព ប៉ុន្តែចៅក្រមស៊ើបសួរអាចឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្នក្នុងករណីចាំបាច់ និងត្រូវគោរពតាមលក្ខខណ្ឌនានា ដែលច្បាប់តម្រូវ។

-      ក្នុងករណីលក្ខខណ្ឌនៃការចោទប្រកាន់ពីបទឧក្រិដ្ឋ ឬបទមជ្ឈឹមដែលច្បាប់ផ្តន្ទាទោសដាក់ពន្ធនាគារស្មើ ឬលើសពី១ឆ្នាំ

-      ជនជាប់ចោទជានីតិជន ឬករណីចាំបាច់ជាអនីតិជនមានអាយុលើសពី១៤ឆ្នាំ។

-      មានមូលហេតុណាមួយដែលមានចែងក្នុងមាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ

-      ត្រូវគោរពថេរវេលា នៃការឃុំខ្លួនជាដាច់ខាត។

v មូលហេតុនៃការឃុំខ្លួនជាបណ្តោះអាសន្ន

ចៅក្រមស៊ើបសួរ អាចសម្រេចឃុំខ្លួនជាបណ្តោះអាសន្នបាន បើសិនមានមូលហេតុចាំបាច់ដូចខាងក្រោម៖

១.ដើម្បីបញ្ឍប់បទល្មើស ឬបង្ការកុំអោយបទល្មើសកើតមានជាថ្មី

២.ដើម្បីរារាំងកុំអោយមានការកៀបសង្កត់លើសាក្សី ឬជនរងគ្រោះ ឬដើម្បីរារាំងកុំឱ្យត្រូវរ៉ូវគ្នារវាងជនរងគ្រោះ ជនត្រូវចោទ និងអ្នកសមគំនិត

៣.ដើម្បីរក្សាវត្ថុតាង ឬតម្រុយជាសម្ភារៈ

៤.ដើម្បីការពារសន្តិសុខជូនជនត្រូវចោទ

៥.ដើម្បីធានារក្សាទុកជនត្រូវចោទជូនតុលាការ ចាត់ការតាមនីតិវិធី

៦.ដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ កុំឱ្យមានភាពចលាចល ដែលបណ្តាលមកពីបទល្មើស។

v ថិរវេលា នៃការឃុំខ្លួនជាបណ្តោះអាសន្ន

Ø ចំពោះបទឧក្រិដ្ឋ

§  ជនជាប់ចោទជានីតិជន(មាត្រា២០៨) អាចឃុំខ្លួនបានរយៈពេល៦ខែ (ករណីចាំបាច់អាចពន្យាពេលឃុំខ្លួនបានពីរដង គឺម្តងបាន៦ខែ)។

§  ជនត្រូវចោទជាអនីតិជន(មាត្រា២១៣)

+     អាយុចាប់ពី១៤ឆ្នាំ ដល់ក្រោម១៦ឆ្នាំ អាចឃុំខ្លួនបាន៤ខែ(មិនអាចពន្យា)

+     អាយុចាប់ពី១៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ អាចឃុំខ្លួនបាន៦ខែ(មិនអាចពន្យា)

+     អាយុក្រោម១៤ឆ្នាំ មិនអាចឃុំខ្លួនបានទេ (មាត្រា ២១២)

Ø ចំពោះបទមជ្ឈឹម

§  ជនជាប់ចោទជានីតិជន(មាត្រា២០៩) អាចឃុំខ្លួនបានរយៈពេល៤ខែ (ករណីចាំបាច់អាចពន្យាពេលឃុំខ្លួនបាន១ដង បាន២ខែ)​ ប៉ុន្តែការឃុំខ្លួននេះ មិនត្រូវអោយលើសពីពាក់កណ្តាលអប្បរមានៃទោស  ដែលកំណត់សម្រាប់បទល្មើសដែលចោទប្រកាន់លើជននោះឡើយ។

§  ជនត្រូវចោទជាអនីតិជន(មាត្រា២១៣)

+     អាយុចាប់ពី១៤ឆ្នាំ ដល់ក្រោម១៦ឆ្នាំ អាចឃុំខ្លួនបាន២ខែ(មិនអាចពន្យា)

+     អាយុចាប់ពី១៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ អាចឃុំខ្លួនបាន៤ខែ(មិនអាចពន្យា)

+     អាយុក្រោម១៤ឆ្នាំ មិនអាចឃុំខ្លួនបានទេ (មាត្រា ២១២) ប៉ុន្តែការឃុំខ្លួននេះ មិនត្រូវអោយលើសពីពាក់កណ្តាលអប្បរមានៃទោស ដែលកំណត់សម្រាប់បទល្មើសដែលចោទប្រកាន់លើជននោះឡើយ (មាត្រា២១៤)

Ø ចំពោះបទល្មើសផ្សេងៗ

§  បទល្មើសឧក្រិដ្ឋប្រឆាំងមនុស្សជាតិ

§  បទឧក្រិដ្ឋសង្គ្រាម

§  បទឧក្រិដ្ឋប្រល័យពូជសាសន៍

ចៅក្រមស៊ើបសួរអាចឃុំខ្លួនបាន ១ឆ្នាំ ប៉ុន្តែករណីចាំបាច់ អាចពន្យាពេលឃុំខ្លួនបាន២ដងគត់ គឺម្តងបាន១ឆ្នាំ (មាត្រា២១០)។

 

v និតិវិធីនៃការឃុំខ្លួនបណ្តោះអាសន្ន

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទចិត្តឯង ឬតាមសំណើរបស់ព្រះរាជអាជ្ញា

Ø នីតិវិធីពិភាក្សាដេញដោលចំពោះមុខ(២០៦)

§  ជនត្រូវចោទមានវត្តមានចំពោះមុខចៅក្រមក្រមស៊ើបសួរ (អមដោយមេធាវី ប្រសិនបើមាន)

§  តំណាងអយ្យការសន្និដ្ឋានប្តឹងសុំ(សុំឱ្យឃុំខ្លួន ឬអត់)

§  ជនជាប់ចោទធ្វើការកត់សម្គាល់ (មានយោបល់ ឬសំណូមពរមកចៅក្រមស៊ើបសួរ)

§  ចៅក្រមស៊ើបសួរចេញដីកាសម្រេច (ឃុំខ្លួន ឬមិនឃុំខ្លួន)

§  បើចៅក្រមសម្រេចឃុំ ចៅក្រមស៊ើបសួរត្រូវចេញដីកាបង្គាប់អោយឃុំខ្លួន(នាំខ្លួនទៅពន្ធនាគារ)

§  បើចៅក្រមជូនដំណឹងអំពីការសម្រេចខាងលើ ដល់តំណាងអយ្យការ និងជនត្រូវចោទ

§  បើមិនសុខចិត្តនឹងការសម្រេចរបស់ចៅក្រម ព្រះរាជអាជ្ញា និងជនត្រូវចោទអាចប្តឹងជំទាស់បានក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទទួលដំណឹង (ម.២៧០)។

v ការដោះលែងជនត្រូវចោទអោយនៅក្រៅឃុំ

ចៅក្រមស៊ើបសួរអាចសម្រេចដោះលែងជនត្រូវចោទអោយនៅក្រៅឃុំបានគ្រប់ពេល៖

Ø ដោះលែងដោយគំនិតផ្តើមរបស់ចៅក្រមស៊ើបសួរផ្ទាល់(ម.២១៥)

§  ចៅក្រមបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញាពិនិត្យ ដើម្បីសុំយោបល់ (ដោយដីកាបញ្ជូនឱ្យឆ្លើយ)

§  ព្រះរាជអាជ្ញាត្រូវផ្តល់យោបល់ ក្នុងរយៈពេលខ្លីបំផុត (យល់ព្រម ឬមិនយល់ព្រម)

§  ចៅក្រមសម្រេចយ៉ាងយូរបំផុត ៥ថ្ងៃក្រោយ ពីបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញា ហើយត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញា និងប្រធានពន្ធនាគារ។ បើមិនសុខចិត្ត ព្រហរាជអាជ្ញាអាចប្តឹងឧទ្ធរណ៍ នៅក្នុងរយៈពេល៥ថ្ងៃ​ ក្រោយថ្ងៃទទួលដំណឹង (ម.២១៨ និងម.២៧០)

§  ជនជាប់ចោទត្រូវរក្សាទុក នៅក្នុងពន្ធនាគាររហូតដល់ផុតរយៈពេលប្តឹងឧទ្ធរណ៍ខាងលើ។ លើកលែងតែករណីព្រះរាជអាជ្ញា យល់ព្រមអោយដោះលែងភ្លាម(ម.២៧៦)។

ក្នុងករណីបន្ទាន់ ចៅក្រមស៊ើបសួរអាចបង្គាប់អោយដោះលែងជនត្រូវចោទ ដោយមិនចាំបាច់សុំយោបល់ព្រះរាជអាជ្ញា តែមូលហេតុបន្ទាន់នេះ ត្រូវបញ្ជាក់នៅក្នុងសំអាងហេតុនៃដីកាសម្រេច។

Ø ដោះលែងតាមបណ្តឹងសុំរបស់ព្រះរាជអាជ្ញា(ម.២១៦)

§  ព្រះរាជអាជ្ញាអាចសុំអោយដោះលែងជនត្រូវចោទបានគ្រប់ពេលវេលា ដោយព្រះរាជអាជ្ញាត្រូវធ្វើ          បណ្តឹងទៅចៅក្រមស៊ើបសួរ

§  ចៅក្រមចេញដីកាសម្រេចរយៈពេល៥ថ្ងៃ ក្រោយពីបានទទួលសំណើពីព្រះរាជអាជ្ញា(ព្រមដោះលែង ឬមិនដោះលែង) ហើយត្រូវជូនដំណឹងដល់ព្រះរាជាអាជ្ញា។ បើចៅក្រមមិនដោះលែង ព្រះរាជអាជ្ញាអាចប្តឹងឧទ្ធរណ៍បានរយៈពេល ៥ថ្ងៃក្រោយបានទទួលដំណឹង(ម.២៧០)។

§  បើចៅក្រមសម្រេចដោះលែអ ចៅក្រមស៊ើបសួរត្រូវចេញដីកាបង្គាប់អោយដោះលែង។ ករណីនេះ ត្រូវដោះលែងភ្លាម ដោយមិនចាំផុតរយៈពេល ប្តឹងឧទ្ធរណ៍ទេ ព្រោះព្រះរាអាជ្ញាយល់ព្រម។

§  ក្នុងករណីចៅក្រមមិនសម្រេចក្នុងរយៈពេល៥ថ្ងៃ ព្រះរាជអាជ្ញាអាចប្តឹងទៅសភាស៊ើបសួរឱ្យ  សម្រេចជំនួស។

Ø ដោះលែងតាមបណ្តឹងសុំរបស់ព្រះរាជអាជ្ញា(ម.២១៦)

§  ជនត្រូវចោទត្រូវដាក់ពាក្យសុំមកចៅក្រមស៊ើបសួរ តាមរយៈប្រធានពន្ធនាគារ

§  ចៅក្រមបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញាពិនិត្យ ដើម្បីសុំយោបល់ (ដោយដីកាបញ្ជូនឱ្យឆ្លើយ)

§  ព្រះរាជអាជ្ញាត្រូវផ្តល់យោបល់ ក្នុងរយៈពេលខ្លីបំផុត (យល់ព្រម ឬមិនយល់ព្រម)

§  ចៅក្រមសម្រេចយ៉ាងយូរបំផុត ៥ថ្ងៃក្រោយពីបញ្ជូនសំណុំរឿងទៅកាន់ព្រះរាជអាជ្ញា(ដោះលែង ឬមិនដោះលែង)

+     បើចៅក្រមព្រមដោះលែង ៖

o  ត្រូវចេញដីកាសម្រេចដោះលែង ហើយត្រូវជូនដំណឹងដល់ព្រះរាអាជ្ញា ជនត្រូវចោទ និងប្រធានពន្ធនាគារ។ បើមិនសុខចិត្តព្រះអាជ្ញាអាចប្តឹងឧទ្ធរណ៍បានក្នុងរយៈពេល  ៥ថ្ងៃក្រោយបានទទួលដំណឹង(ម.២១៨ និងម.២៧០)

o  ជនជាប់ចោទត្រូវរក្សាទុក នៅក្នុងពន្ធនាគាររហូតដល់ផុតរយៈពេលប្តឹងឧទ្ធរណ៍ លើកលែងតែ   ព្រះរាជអាជ្ញាព្រមដោះលែងភ្លាម (ម.២៧៦)។

o  បើផុតរយៈពេលប្តឹងឧទ្ធរណ៍ខាងលើចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឱ្យដោះលែងទៅប្រធានពន្ធនាគារ។

 

 

+     បើចៅក្រមមិនព្រមដោះលែង ៖

o  ចៅក្រមចេញដីកាសម្រេចបដិសេធពាក្យសុំ ហើយត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញា និងជនត្រូវចោទ។ បើមិនសុខចិត្តជនជាប់ចោទអាច ប្តឹងឧទ្ធរណ៍បានក្នុងរយៈពេល៥ថ្ងៃក្រោយបានទទួលដំណឹង(ម.២១៨ និងម.២៧០)

o  ជនត្រូវចោទអាចដាក់ពាក្យបណ្តឹងនៅក្រៅឃុំម្តងទៀតញទៅចៅក្រមស៊ើបសួរ ឬសភាស៊ើបសួរ ក្នុងរយៈពេល១ខែ បន្ទាប់ពីមានសេចក្តីសម្រេចលើកមុន។ ពាក្យសុំថ្មីនេះ ត្រូវសម្រេចក្នុងរយៈពេល៥ថ្ងៃ។

ចំពោះពាក្យសុំដោះលែង ក្នុងករណីចៅក្រមស៊ើបសួរមិនសម្រេចក្នុងរយៈពេល៥ថ្ងៃ ជនត្រូវចោទអាចប្តឹងទៅសភាស៊ើបសួរ ឱ្យសម្រេចជំនួស។

v ដីកាបង្គាប់អោយឃុំខ្លួន(ម.២១៩)

កាលណាចៅក្រមស៊ើបសួរចេញដីកា សម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទ ចៅក្រមត្រូវចេញដីកាបង្គាប់ឱ្យប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ឱ្យទទួលជននោះ​(មាត្រា.២២០)។

          និទ្ទេសដែលត្រូវចុះដីកាមាន៖ អត្តសញ្ញាណ នៃជនត្រុវចោទ ឈ្មោះបទល្មើសដែលចោទប្រកាន់ និងមាត្រាច្បាប់ ឈ្មោះ ឋានៈចៅក្រម និងកាលបរិច្ឆេទចេញដីកា(មាត្រា២២១)។ ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ត្រូវទទួលនិងឃុំខ្លួនជនដែលមានដីកាបង្គាប់អោយឃុំខ្លួនរហូតដល់មានដីកាសម្រេចថ្មី(មាត្រា ២២២)។

v ការត្រួតពិនិត្យតាមផ្លូវតុលាការ (ម.២១៩)

-      កាលណាចៅក្រមស៊ើបសួរ សម្រេចមិនឃុំខ្លួនជនត្រូវចោទ ឬចៅក្រមស៊ើបសួរសម្រេចដោះលែងជនត្រូវចោទឱ្យនៅក្រៅឃុំ។ ចៅក្រមស៊ើបសួរអាចដាក់ជនត្រូវចោទឱ្យជាប់កាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ដោយតម្រូវឱ្យគោរពកាតព្វកិច្ចមួយ ឬច្រើនក្នុងមាត្រា ២២៣។ ការសម្រេចនេះ ធ្វើឡើងដោយគំនិតផ្តួចផ្តើមរបស់ចៅក្រមផ្ទាល់ ឬសំណើរបស់ព្រះរាជអាជ្ញា(មាត្រា២២៦)។

-      បើចៅក្រមមិនសម្រេចតាមសំណើរបស់ព្រះរាជអាជ្ញាទេ ចៅក្រមស៊ើបសួរត្រូវចេញដីកាសម្រេចបដិសេធក្នុងរយៈពេល៥ថ្ងៃ ហើយជូនដំណឹងទៅព្រះរាជអាជ្ញាវិញឱ្យបានឆាប់។

-      បើមិនសុខចិត្ត ព្រះរាជអាជ្ញាអាចប្តឹងឧទ្ធរណ៍ក្នុងរយៈពេល៥ថ្ងៃ ក្រោយទទួលដំណឹង។ បើចៅក្រមមិនសម្រេចក្នុងរយៈពេល៥ថ្ងៃ​ អាចសុំទៅសភាស៊ើបសួរសម្រេចជំនួស។

v  អនុភាព នៃដីកាសម្រេចត្រួតពិនិត្យតាមផ្លូវតុលាការ (ម.២៣០)

-      ដីកាសម្រេចដាក់ជនត្រូវចោទឱ្យជាប់កាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ មានអនុភាពបង្គាប់ ឱ្យជនត្រូវចោទដែលនៅក្រៅឃុំ គោរពកាតព្វកិច្ចមួយ ឬច្រើនតាមការកំណត់របស់ចៅក្រមស៊ើបសួរ។

-      ក្នុងករណីមិនគោរពតាមដីកាសម្រេចនេះ ដោយចេតនាគេចវេស ចៅក្រមស៊ើបសួរអាចសម្រេចឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្នបាន ទោះបីទោសជាប់ពន្ធនាគារ ដែលត្រូវទទួលរងនោះ មានថិរវេលាអតិបរិមា ដែលច្បាប់ចែង។

-      ថេរវេលា​ នៃការឃុំខ្លួនជាបណ្តោះអាសន្នក្នុងករណីនេះអាចធ្វើបាន៖

·      ចំពោះនីតិជន អាចឃុំខ្លួនបាន៤ខែ(មិនអាចពន្យា)

·      ចំពោះអនីតិជន អាចឃុំខ្លួនបាន២ខែ(មិនអាចពន្យា)។

 

v  ការកែប្រែកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ

កាតព្វកិច្ចត្រួតពិនិត្យនេះអាចត្រូវបន្ថែម កែប្រែ ឬលុបចោលវិញផងដែរ ដោយដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ។ ការសម្រេចនេះអាចត្រូវបានធ្វើឡើង៖

-      ធ្វើដោយចៅក្រមស៊ើបសួរ តាមគំនិតផ្តើមរបស់ចៅក្រមផ្ទាល់(ម.២២៧)

-      ធ្វើដោយមានបណ្តឹងសុំរបស់ព្រះរាជអាជ្ញា (ម.២២៨)

-      ធ្វើដោយមានបណ្តឹងរបស់ជនត្រូវចោទ (ម.២២៩)។

បែបបទនីតិវីធី នៃការសម្រេចអំពីពាក្យសុំខាងលើនេះ និងរយៈពេលប្តឹងឧទ្ធរណ៍ ដូចគ្នានឹងករណី      បណ្តឹងសុំឱ្យដោះលែងជនត្រូវចោទ។

៥.ការបញ្ជប់ការស៊ើបសួរ

     ក.ការជូនដំណឹងអំពីការបញ្ជប់ការស៊ើបសួរ (ម.២៤៦)

            កាលណាចៅក្រមស៊ើបសួរយល់ថា ការស៊ើបសួរយល់ថា ការស៊ើបសួររបស់ខ្លួនគួរត្រូវបញ្ចប់ ចៅក្រមត្រូវជូនដំណឹងនេះដល់ព្រះរាជអាជ្ញា ជនត្រូវចោទ និងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវី ហើយបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញាពិនិត្យនៅ ២ថ្ងៃបន្ទាប់ ពីជូនដំណឹង។

-      ជនត្រូវចោទ និងដើមបណ្តឹងរដ្ឋប្បវេណី មានសិទ្ធិស្នើសុំជាចុងក្រោយ និងឱ្យឆាប់បំផុតទៅចៅក្រមបំពេញកិច្ចណាមួយ ដែលមានប្រយោជន៍សម្រាប់ខ្លួន ស្របតាមមាត្រា១៣៣ និងមាត្រា១៣៤(ក្រមនីវិធីព្រហ្មទណ្ឌ)

-      ព្រះរាជអាជ្ញាអាចស្នើសុំឱ្យចៅក្រមស៊ើបសួរបំពេញកិច្ចនានាស្របតាមមាត្រា១៣២(ក្រមនីវិធីព្រហ្មណ្ឌ) បើសិនបើព្រះរាជអាជ្ញា យល់ស្របតាមចៅក្រមស៊ើបសួរ ត្រូវបញ្ជូនសំណុំរឿងទៅចៅក្រមវិញ យ៉ាងយូរ ១៥ថ្ងៃ  បើជននោះត្រូវចោទក្នុងឃុំ និងយ៉ាងយូរ១ខែ បើសិនជនត្រុវចោទនៅក្រៅឃុំ ដោយភ្ជាប់នូវដីកាសន្និដ្ឋានស្ថាពរជាមួយផង។

ខ.ដីកាដំណោះស្រាយ (ម.២៤៧ថ្មី)

          ក្រោយបានទទួលសេចក្តីសន្និដ្ឋានប្តឹងសុំរបស់ព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរសម្រេចបិទការស៊ើបសួរសម្រេចបិទការស៊ើបសួរ ដោយដីកាដំណោះស្រាយ ដោយមិនជាប់កាតព្វកិច្ចគោរពដីកាសន្និដ្ឋានស្ថាពរទេ។ ការសម្រេចនេះ អាចជា ការបញ្ជូនជនត្រូវចោទ និងសំណុំរឿងទៅជំនុំជម្រះ ឬលើកលែងការចោទប្រកាន់លើជនត្រូវចោទ។ ក្រៅពីនេះចៅក្រមក៏អាចសម្រេច៖

-      បញ្ជូនសំណុំរឿងទៅជំនុំជម្រះ ចំពោះអំពើមួយ និងលើកលែងការចោទប្រកាន់ចំពោះអំពើមួយទៀត ក្នុងដីដំណោះស្រាយតែមួយ

-      បើមានអង្គហេតុច្រើន អាចចេញដីកាដំណោះស្រាយ (បញ្ជូនទៅជំនុំជម្រះ ឬលើកលែងបទចោទ) ចំពោះអង្គហេតុ ដែលបានស៊ើបសួរចប់ និងបន្តស៊ើបសួរអង្គហេតុផ្សេងទៀត។

-      អាចលើកលែងការចោទប្រកាន់ចំពោះជន ដែលមិនជាប់ពាក់ព័ន្ធ និងបន្តស៊ើបសួររកអត្តសញ្ញាណជនល្មើសបន្តទៀត។

+      ដីកាដំណោះស្រាយត្រូវមានសំអាងហេតុ ដែលនាំឱ្យចៅក្រមស៊ើបសួរសម្រេចលើកលែងចោទប្រកាន់មាន៖

-      អំពើប្រព្រឹត្តិមិនមែនជាបទឧក្រិដ្ឋ បទមជ្ឈឹម ឬបទលហុ

-      ជនដែលប្រព្រឹត្តអំពើនោះ នៅតែគេមិនស្គាល់

-      គ្មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទ

-      ករណីដែលបណ្តឹងអាជ្ញារលត់ (ម.៧ និងម.៨)

+      ផ្ទុយទៅវិញ កាលណាចៅក្រមយល់ឃើញថាអំពើប្រព្រឹត្តិជាបទល្មើសឧក្រិដ្ឋ បទមជ្ឈឹម ឬបទលហុ ចៅក្រមស៊ើបសួរត្រូវបញ្ជូនសំណុំរឿងទៅជំនុំជម្រះ។

+      ក្នុងករណីចៅក្រមស៊ើបសួរ លើកលែងចោទប្រកាន់ដោយមានមូលហេតុមិនស្គាល់អត្តសញ្ញាណជនត្រូវចោទ ឬមរណៈភាពនៃជនត្រូវចោទ ចៅក្រមស៊ើបសួរត្រូវបញ្ជូនសំណុំរឿងទៅយុត្ថាធិការជំនុំជម្រះ ដើម្បីសម្រេចអំពីវត្ថុចាប់យក(ម.២៤៧ថ្មី ក.៧)។

+      ដីកាដំណោះស្រាយត្រូវសម្រេចផងដែរអំពី ការឃុំខ្លួនបណ្តោះអាសន្ន (រក្សាការឃុំ ឬដោះលែង) ការត្រួត      ពិនិត្យតាមផ្លូវតុលាការ និងអំពីវត្ថុចាប់យក។

+      ដីកាដំណោះស្រាយ ត្រូវតែជូនដំណឹងដល់ព្រះរាជអាជ្ញា ជនត្រូវចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវី។ ដីកានេះត្រូវបង្កើតអនុភាពនៅពេលចូលជាស្ថាពរ (ផុតរយៈពេលបណ្តឹងឧទ្ធរណ៍)។

+      បុគ្គលដែលបានទទួលដំណឹងខាងលើ បើមិនសុខចិត្តនិងការសម្រេចនេះ អាចប្តឹងឧទ្ធរណ៍ ក្នុងរយៈពេល៥ថ្ងៃក្រោយពីទទួលដំណឹង (មាត្រា ២៦៦ ដល់មាត្រា ២៧០)។ កាលណាដីកាដំណោះស្រាយចូលជាស្ថាពរ ចៅក្រមស៊ើបសួរត្រូវបញ្ជូនសំណុំរឿងទៅប្រធានសាលាដំបូង ដើម្បីចាត់ចៅក្រមជំនុំជម្រះ។

គ.ការសម្រេចអំពីការចាប់យក  (ម.២៤៨)

+      នៅពេលបិទការស៊ើបសួរ ដោយដីកាដំណោះស្រាយបញ្ជូនទៅជំនុំជម្រះ ចៅក្រមស៊ើបសួរ អាចសម្រេចប្រគល់វត្ថុចាប់យកទៅម្ចាស់ដើមវិញ លើកលែងតែវត្ថុចាប់យកនោះមានគ្រោះថ្នាក់ចំពោះមនុស្ស ឬទ្រព្យសម្បត្តិជាវត្ថុជាតិផ្ទុះ ដែលជាកម្មវត្ថុនៃការរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល។

+      ប៉ុន្តែប្រសិនបើចៅក្រមស៊ើបសួរ សម្រេចលើកលែងការចោទប្រកាន់ជាស្ថាពរ ប៉ុគ្គលដែលអះអាងថាជាម្ចាស់អាចបញ្ជាក់ការទាមទារ និងដាក់ពាក្យសុំព្រះរាជអាជ្ញាឱ្យប្រគល់វត្ថុនោះវិញ(ម.១១៩)។

ឃ.អនុភាពនៃដីកាដំណោះស្រាយ

          ដីកាដំណោះស្រាយចូលជាស្ថាពរនាំឱ្យ៖

v  លុបលាងមោឃៈភាពនៃនីតិវិធីមុន

បុគ្គលទាំងឡាយអាចមិនអាចលើកឡើងនូវមោឃភាពនៃកិច្ចស៊ើបអង្គេតក្តី ឬកិច្ចស៊ើបសួរក្តី នៅចំពោះមុខយុត្ថាធិការស៊ើបសយរទៀតឡើយ(ម.២៥៦)។

v  រំលត់បណ្តឹងអាជ្ញាចំពោះជនត្រូវចោទ

កាលណាចៅក្រមស៊ើបសួរចេញដីកាដំណោះស្រាយ លើកលែងការចោទប្រកាន់ចំពោះជនត្រូវចោទ។ ប៉ុន្តែករណីនេះ ព្រះរាជអាជ្ញាអាចបើកការស៊ើបសួរឡើងវិញ ប្រសិនបើមានលេចឡើងនូវបន្ទុកថ្មីនៅថ្ងៃក្រោយ(ម.២៥១)។

៦.បណ្តឹងឧទ្ធរណ៍ចំពោះដីការសម្រេចរបស់ចៅក្រមស៊ើបសួរ

     ក. បុគ្គលដែលមានសិទ្ធិប្តឹង និងរយៈពេលប្តឹង

v អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ និងព្រះរាអាជ្ញា អាចប្តឹងគ្រប់ដីកាសម្រេចទាំងអស់របស់ចៅក្រមស៊ើបសួរ(ម.២៦៦)។

v ជនត្រូវចោទ (ម.២៦៧) អាចប្តឹងបានតែចំពោះដីកាមួយចំនួនដូចជា៖

o   ដីកាបដិសេធពាក្យសុំឱ្យធ្វើកិច្ចស៊ើបសួរ(តាមមាត្រា១៣៣ ក២)

o   ដីកាមិនព្រមប្រគល់វត្ថុចាប់យកឱ្យម្ចាស់ដើមវិញ (តាមមាត្រា១៦១ និងមាត្រា២៤៨)

o   ដីកាបដិសេធពាក្យសុំឱ្យធ្វើកោសលវិច័យ (តាមមាត្រា១៦២ ក២) ដីកាបដិសេធពាក្យសុំឱ្យធ្វើកោលវិច័យបន្ថែម ឬសុំឱ្យធ្វើប្រតិកោសលវិច័យ (តាមមាត្រា១៧០ ក៧)

o   ដីកាស្តីពីរឿងឃុំខ្លួន និងត្រួតពិនិត្យតាមផ្លូវតុលាការ ព្រមទាំងសេចក្តីសម្រេច នៃដីកាដំណោះស្រាយទាក់ទងនិងការឃុំខ្លួនជាបណ្តោះអាសន្ន​(មាត្រា២៤៩)។

v ដើមបណ្តឹងរដ្ឋប្បវេណី (ម.២៦៧) អាចប្តឹងបានតែចំពោះដីកាមួយចំនួន ដូចជា៖

o   ដីកាបដិសេធពាក្យសុំធ្វើកិច្ចស៊ើបសួរ(ម.១៣៤ ក២)

o   ដីកាមិនព្រមស៊ើបសួរ (ម.១៣៩ ក៤) និងដីកាកំណត់ចំនួនប្រាក់កក់ (ម.១៤០ ក១)

o   ដីកាប្រកាស់មិនទទួលពាក្យបណ្តឹងប្រកាសខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី (ម.១៤០ ក៤)

o   ដីកាផ្តន្ទាទោស ដើមបណ្តឹងរដ្ឋប្បវេណីដែលប្តឹងបំពាន ឬអូសបន្លាយពេលវេលា (ម.១៤១)

o   ដីកាមិនព្រមប្រគល់វត្ថុចាប់យកមកឱ្យម្ចាស់ដើមវិញ (ម.១៦១ និងម.២៤៨)

o   ដីកាបដិសេធពាក្យសុំធ្វើកោសលវិច័យ (ម.១៦២ ក២) ដីកាបដិសេធពាក្យសុំឱ្យធ្វើកោសលវិច័យ បន្ថែម ឬសុំឱ្យធ្វើប្រតិកោសលវិច័យ (តាមមាត្រា១៧០ ក៧)

o   ដីកាដំណោះស្រាយ (មាត្រា២៤៧ថ្មី)។

v តតិយជន បុគ្គលដែលអះអាងថាជាម្ចាស់វត្ថុចាប់យក ហើយបានដាក់ពាក្យសុំទៅចៅក្រមស៊ើបសួរ ប្រគល់វត្ថុចាប់យកនោះមកឱ្យខ្លួនតាមមាត្រា១៦១ អាចប្តឹងឧទ្ធរណ៍នឹងដីកាបដិសេធ មិនប្រគល់វត្ថុចាប់យកនោះ

v រយៈពេលប្តឹងឧទ្ធរណ៍ និងដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ

o  ចំពោះអគ្គព្រះអាជ្ញាអមសាលាឧទ្ធរណ៍ អាចប្តឹងក្នុងរយៈពេល១ខែយ៉ាងយូរ គិតចាប់ពីថ្ងៃចៅក្រមចេញដីកា។

o  ព្រះរាជអាជ្ញាអាចប្តឹងបានក្នុងរយៈពេល ៥ថ្ងៃ​ គិតចាប់ពីថ្ងៃទទួលដំណឹងអំពីដីកាសម្រេច។

ខ.នីតិវិធីធ្វើបណ្តឹងឧទ្ធរណ៍

-      បណ្តឹងឧទ្ធរណ៍ត្រូវធ្វើឡើងដោយបុគ្គលខាងលើផ្ទាល់ ឬមេធាវីតំណាង។ ជនជាប់ជាប់ឃុំធ្វើបណ្តឹងឧទ្ធរណ៍តាមរយៈប្រធានពន្ធនាគារ ឬមេធាវី (ម.២៧២)

-      បណ្តឹងឧទ្ធរណ៍ត្រូវដាក់ជូនចៅក្រមស៊ើបសួរ តាមរយៈក្រឡាបញ្ជី(បច្ចុប្បន្នលេខាធិការដ្ឋានរដ្ឋបាល តុលាការ ជាអ្នកទទួលពាក្យបណ្តឹង ម.២៧២)

-      ក្រឡាបញ្ជីបញ្ជូនសំណុណរឿងបង្ការ (ថតចម្លង) ទៅសភាស៊ើបសួរ (ម.២៧៤)

-      ទោះបីមានបណ្តឹងឧទ្ធរណ៍ក៏ដោយ ក៏ចៅក្រមស៊ើបសួរអាចបន្តស៊ើបសួរបាន លុះត្រាតែមានសេចក្តីសម្រេចឱ្យផ្អាករបស់សភាស៊ើបសួរ(ម.២៧៥)

-      បើព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍ ទៅនឹងដីកាដោះលែងឬ ដីកាលើកលែងការចោតប្រកាន់ ជនត្រូវចោទត្រូវស្ថិតនៅក្នុងឃុំសិន រងចាំការសម្រេចរបស់សភាស៊ើបសួរ (ម.២៧៦)។

៧.មោឃភាពចំពោះកិច្ចស៊ើបសួរ

  វិធាន និងទម្រង់ខាងក្រោមនេះ ត្រូវគោរពដាច់ខាត ពុំនោះទេនាំអោយមានមោឃភាព៖

-      ការបើកការស៊ើបសួរ (មាត្រា១២២)

-      សមត្ថកិច្ចដែនដី (មាត្រា១២៣)

-      ដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរ (មាត្រា១២៤ ក៣)

-      វិសាលភាពនៃ បណ្តឹង(មាត្រា១២២ ក១ ក២)

-      ជំនួយការរបស់ក្រឡាបញ្ជី (១២៨)

-      ព្រមទាំងវិធាន និងទម្រង់ផ្សេងទាំងឡាយ ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ដែលធ្វើឱ្យប៉ះពាល់ប្រយោជន៍ភាគី ជាអាទិ៍ វិធាន និងទម្រង់ការ ដែលមានគោលបំណងការពារសិទ្ធិការពារខ្លួន (នៅគ្រប់ដំណាក់កាល នៃនីតិវិធីទាំងអស់)។ ប៉ុន្តែចំពោះដីកាណាដែលបើកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍ មិនអាចប្តឹងសុំមោឃភាពបានឡើយ (ម.២៥៣)។

v ជនដែលអាចប្តឹងសុំឱ្យមោឃភាពមាន (ម.២៥៣)

-      ចៅក្រមស៊ើបសួរអាច ប្តឹងទៅសភាស៊ើបសួរដោយដីកាដែលមានសំអាងហេតុ ហើយត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញា ជនត្រូវចោទ និងដើមបណ្តឹងរដ្ឋប្បវេណី

-      ព្រះរាជអាជ្ញាអាច ប្តឹងទៅសភាស៊ើបសួរ តាមពាក្យសុំដែលមានសំអាងហេតុ និងត្រូវជូនដំណឹងទៅចៅក្រមស៊ើបសួរ

-      ជនត្រូវចោទ និងដើមបណ្តឹងរដ្ឋប្បវេណី ប្តឹងសុំទៅសភាស៊ើបសួរ តាមពាក្យសុំដោយមានសំអាងហេតុ និងត្រូវជូនដំណឹងដល់ចៅក្រមស៊ើបសួរ។ បណ្តឹងនេះអាចធ្វើឡើងដោយមេធាវីបានដែរ។

-      បណ្តឹងសុំមោឃភាពនេះ លែងអាចធ្វើបាន​បើចៅក្រមចេញដីកា ដំណោះស្រាយចូលជាស្ថាពរ             (ម.២៥៦)។

v នីតិវិធីធ្វើបណ្តឹងសុំមោឃកម្ម

-        បណ្តឹងសុំមោឃភាពត្រូវធ្វើឡើង ដោយបុគ្គលខាងលើផ្ទាល់ ឬដោយមេធាវីតំណាងជនជាប់ឃុំធ្វើ        បណ្តឹងនេះតាមរយៈប្រធានពន្ធនាគារ ឬមេធាវីរបស់ខ្លួន។

-        បណ្តឹងសុំមោភាពត្រូវដាក់ជូនសភាស៊ើបសួរ តាមរយៈក្រឡាបញ្ជី (បច្ចុប្បន្នអគ្គលេខាធិការដ្ឋានរបាលជាអ្នកទទួលបណ្តឹង) មាត្រា២៥៣។

-        ក្រឡាបញ្ជីសភាស៊ើបសួរ សុំឱ្យចៅក្រមស៊ើបសួរបញ្ជូនសំណុំរឿងដើម ឬសំណុំរឿងបង្ការទុក          (ថតចម្លង) ទៅសភាស៊ើបសួរតាមការតម្រូវ(ម.២៥៧)។

-        ទោះបីជា មានបណ្តឹងសុំមោឃភាពក៏ដោយ ក៏ចៅក្រមស៊ើបសួរអាចបន្តការស៊ើបសួរបានលុះត្រាតែ មានសេចក្តីសម្រេចឱ្យផ្អាករបស់សភាស៊ើបសួរ (ម.២៥៥)។

v ភាពអាចទទួលយកបាននៃពាក្យបណ្តឹងសុំមោឃកម្ម (ម.២៧៩)

            សភាស៊ើបសួរ ប្រកាសមិនទទួលយកបណ្តឹងសុំមោឃកម្ម ក្នុងករណី៖

-      ពាក្យបណ្តឹងគ្មានសំអាងហេតុ

-      ពាក្យបណ្តឹងទាក់ទងនឹងដីកា ដែលអាចប្តឹងឧទ្ធរណ៍បាន

-      ពាក្យបណ្តឹងគ្មានមូលកភាពយ៉ាងជាក់ស្តែង

o  កាលណាសភាស៊ើបសួរសម្រេចបដិសេធ បណ្តឹងសំណុំរឿងត្រូវបញ្ជូនទៅចៅក្រមស៊ើបសួរវិញ។ ដីកាសម្រេចបិតផ្លូវតវ៉ា(ម.២៧៩)

o  ផ្ទុយទៅវិញ បើសភាស៊ើបសួរសម្រេចមោឃភាព នៃកិច្ចឬលិខិតណាមួយ នោះកិច្ច ឬលិខិតនោះត្រូវដកចេញពីសំណុំរឿង ហើយតម្កល់ទុកនៅការិយាល័យក្រឡាបញ្ជីរបស់សភាស៊ើបសួរ(ម.២៨០)។

v ផលវិបាក នៃមោឃកម្ម (ម.២៨១ និង ម.២៨២)

ក្រោយពីសម្រេចអំពីមោឃ្នហន (សម្រេចមោឃភាព) រួច សភាស៊ើបសួរអាច៖

-      បង្វិលសំណុំរឿងទៅចៅក្រមស៊ើបសួរវិញ (ចៅក្រមដដែល)

-      ដកហូតសមត្ថកិច្ចពីចៅក្រមស៊ើបសួរនោះ ហើយបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរផ្សេង

-      បន្តការស៊ើបសួរដោយខ្លួនឯងលើរឿងនេះ៖ ប្រធានសភា ចាត់តាំងចៅក្រមមួយរូបក្នុងសភាស៊ើបសួរ កំណត់កាលបរិច្ឆេទសវនាការ និងសម្រេច (ម.២៨២)

-      សភាស៊ើបសួរសម្រេចបិទការស៊ើបសួរ តាមសាលដីកាដំណោះស្រាយ។

៨. នីតិវិធីនៅសាលាឧទ្ធរណ៍ (ស៊ើបសួរ)

-      ប្រធានសភាស៊ើបសួរកំណត់កាលបរិច្ឆេទសវនាការ ហើយជូនដំណឹងផ្ទាល់មាត់ដល់អគ្គព្រះរាជអាជ្ញា (ម.២៥៨)

-      អគ្គព្រះរាជអាជ្ញា ជូនដំណឹងអំពីកាលបរិច្ឆេទសវនការដល់ភាគី និងមេធាវី តាមរយៈដីកាកោះ ឬដោយផ្ទាល់មាត់ក៏បាន (ម.២៥៨)

-      អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ត្រូវប្រគល់សេចក្តីសន្និដ្ឋាន ជាលាយលក្ខណ៍អក្សរដល់ក្រឡាបញ្ជីយ៉ាងយូរ ១ថ្ងៃមុនសវនាការ(ម.២៥៩)

-      ភាគី និងមេធាវី អាចប្រគល់សារណាដល់ ក្រឡាបញ្ជី​រហូតដល់ពេលបើកសវនការ (ម.២៥៩)

-      សភាស៊ើបសួរ ពិភាក្សាដេញដោលក្នុងបន្ទប់ពិភាក្សា។ ក្នុងករណីចាំបាច់ សភាស៊ើបសួរអាចបង្គាប់ឱ្យ  ភាគី ព្រមទាំងជនត្រូវចោទជាប់ឃុំ ចូលបង្ហាញខ្លួនក្នុងសវនការ។

-      ក្រោយពីប្រធានសភាស៊ើបសួរអានរបាយការណ៍ អគ្គព្រះរាជអាជ្ញាធ្វើសេចក្តីសន្និដ្ឋាន ឯភាគី និងមេធាវីធ្វើសំណូមពរ (ម.២៦០)។

-      សភាស៊ើបសួរពិភាក្សា សម្រេចជាសំងាត់ (ម.២៦០)

-      សាលដីកាអាចត្រូវប្រកាសភ្លាម ឬលើកពេលក្រោយ(សវនការជាអសាធារណៈ) មាត្រា ២៦០។

-      សាលដីកាត្រូវជូនដំណឹងដល់អគ្គព្រះរាជអាជ្ញា ដោយផ្ទាល់មាត់ និងជូនដំណឹងដល់ភាគីឱ្យបានត្រឹមត្រូវតាមមាត្រា ២៣៨ (ម.២៦០)។

 

ឯកសារយោង

1               ក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧

2               ឯកសាររៀបរៀងដោយលោកគ្រូ កាន់ វិសាល ឆ្នាំសិក្សា២០២០ - ២០២១

3              https://www.google.com/url?sa=t&source=web&rct=j&url=https://m.facebook.com/permalink.php%3Fstory_fbid%3D639509096106239%26id%3D604655766258239&ved=2ahUKEwiNjcyyy6LvAhWcyDgGHd97A8IQFjABegQIAxAJ&usg=AOvVaw3DqLihvruaOOfDB1oABOaN

4                https://www.google.com/url?sa=t&source=web&rct=j&url=https://m.facebook.com/permalink.php%3Fstory_fbid%3D664341270733826%26id%3D562219530946001&ved=2ahUKEwiNjcyyy6LvAhWcyDgGHd97A8IQFjAAegQIAxAD&usg=AOvVaw0jX8u05eZbrBjFcB51upmj


Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home