ប្រវត្តិព្រះពុទ្ធសាសនាក្នុងសាកលលោក
១. សេចក្តីផ្តើម
តើអ្វីទៅជាសាសនា?
តាមវចនានុក្រមខ្មែរ «សាសនា» មកពីពាក្យ «សាសន» ដែលមានន័យថាពាក្យបណ្តាំ, ពាក្យផ្តាំ ផ្ញើ; ពាក្យប្រៀនប្រដៅ, ការប្រៀនប្រដៅ;សាសនា, លទ្ធិ, ពាក្យបង្គាប់, ការបង្គាប់បញ្ជា, ដំណឹង, សំបុត្រ, ពាក្យប្រកាស, ការប្រកាសប្រាប់;ការជឿស្ដាប់, ការដាក់ទណ្ឌកម្ម, ការផ្ចាលទោស, ការកែ សម្រួល, ការគ្រប់គ្រង និងការត្រួតត្រា។ សរុបមក សាសនា គឺជាភាពយល់ដឹង និងជំនឿមុតមាំរបស់មនុស្សដែលធ្លាប់បដិបត្តិមក ឬ ខ្លះដែលគេគិតជាភាពសម្រាប់បូជា។ (Durhkeim,1912) សាសនាគឺជាប្រព័ន្ធរួមនៃជំនឿនិងការបដិបត្តិដែលជាប់ ទាក់ទងទៅនឹងវត្ថុសក្តិសិទ្ធិ សាសនាផ្នែកលោកខាងលិច។ នៅក្នុងនោះមានសាសនាខ្លះមានចំណាស់ដូចជា ព្រះពុទ្ធសាសនា គ្រិស្ដសាសនា សាសនាអ៊ីស្លាម លទ្ធិហិណ្ឌូ នឹងសាសនាពួកជីហ្វ។ មានសាសនាដែលជឿនូវព្រះតែមួយ (អាទិទេពនិយម) និងមានសាសនាដែលជឿនូវទេវច្រើន (ពហុ ទេពនិយម) ហើយនឹងសាសនាទេវនិយម និងអទេវនិយម។ សាសនា បានដល់ការប្រមូលផ្តុំនូវប្រព័ន្ធនៃ វប្បធម៌ប្រព័ន្ធនៃជំនឿនិងជាទិដ្ឋភាពពិភពលោកដែលកំណត់ សញ្ញាល័ក្ខសម្ព័ន្ធភាពជាមូយនឹងមនុស្សជាតិ ទៅដល់ចិត្តវិញ្ញាណ និងគុណធម៌ ចរិយធម៌។ អ្នកស្រាវជ្រាវខ្លះបានបែងចែកសាសនាជា៣ប្រភេទគឺ៖
១- សាសនាពិភពលោក
២- សាសនាអន្តោគ្រា
៣- ចលនាសាសនាថ្មី។
២. ប្រវត្តិព្រះពុទ្ធសាសនាក្នុងសាកលលោក
ព្រះពុទ្ធសាសនា ជាសាសនាមួយដែលមានប្រភពកំណើតនៅប្រទេស ឥណ្ឌា
ក្នុងសតវត្សរ៍ទី៦ មុនគ្រឹស្តសករាជ ឧប្បត្តិឡើងដោយព្រះមហាក្សត្រមួយ
ព្រះអង្គទ្រង់ព្រះនាម សិទ្ធត្ថៈ គោតម នៃសន្តតិវង្ស សក្យៈ នៃនគរ កបិលវត្ថុ ប្រទេសនេប៉ាល់សម័យសព្វថ្ងៃនេះ។ នៅពុទ្ធសតវត្សរ៍ទី៣
ក្នុងរជ្ជកាលព្រះចៅអធិរាជ ធម្មាសោក បិយទស្សី បន្ទាប់ពីសង្គាយនាលើកទី៣
ព្រះពុទ្ធសាសនាបានបែកចេញជានិកាយ ធំៗពីរគឺ៖ និកាយថេរវាទ (ហីនយាន ឬទក្ខិណនិកាយ) និងនិកាយអាចរិយវាទ(និកាយមហាយានឬឧត្តរនិកាយ)។
មកដល់សព្វថ្ងៃនេះ ចំនួនអ្នកកាន់ និងអ្នកប្រតិបត្តិតាមព្រះពុទ្ធសាសនា
នៅទូទាំងពិភពលោកមានចំនួនប្រហែល ៨០០លាននាក់។ ប្រជាជនខ្មែរយើង
បានយកព្រះពុទ្ធសាសនាជាទីសក្ការៈតាមរយៈព្រះថេរៈជា
ព្រះសង្ឃព្រះពុទ្ធសាសនាពីរព្រះអង្គគឺៈព្រះសោណត្ថេរ និង ព្រះឧត្តរត្ថេរ។នៅពេលដែលព្រះថេរៈទាំងពីរអង្គនេះនិមន្តមកផ្សព្វផ្សាយព្រះពុទ្ធសាសនានៅជ្រោយសុវណ្ណភូមិតាមការបញ្ជូនរបស់ព្រះចៅអធិរាជធម្មាសោក
បិយទស្សី ព្រះចៅក្រុងបាតលី បុត្រ (សព្វថ្ងៃមានឈ្មោះ ប៉ាថ្នាៈModern-day Patna) និងតាមថេរបញ្ជារបស់
ព្រះមហិន្ទត្ថេរ ជារាជបុត្ររបស់ព្រះមហាក្សត្រអង្គ នេះ នៅពុទ្ធសតវត្សរ៍ ទី៣
ក្នុងឆ្នាំប្រហែល ២៣៤ នៃពុទ្ធសករាជ មុនគ្រឹស្ត សករាជ ៣០៩ឆ្នាំ (នេះបើតាមគម្ពីរ
មហាវង្ស ជាប្រភពឯកសារកោះស្រីលង្កា ជាសក្ខីភាព)។
ពុទ្ធប្បវត្តិសង្ខេបៈ
ក. អំពីទ្រង់ប្រសូត្រៈ
ព្រះសិទ្ធត្ថៈ (សំ.សិទ្ធាថ៌ៈ)
ទ្រង់ចាប់បដិសន្ធិនៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែពិសាខ ឆ្នាំរកា មុនព.ស. ៨១ឆ្នាំ
(មុនគ.ស.ប្រហែល៦២៤ឆ្នាំ)។ ព្រះរាជបិតាព្រះនាម ព្រះបាទសិរីសុទ្ធោទន៍
ជាព្រះរាជានៃសក្យរាជ វង្ស គ្រប់គ្រងក្រុងកបិលព័ស្តុ (ប្រទេសនេប៉ាល់សព្វថ្ងៃ)
និងព្រះមាតា ព្រះនាម មហាមាយាទេវី ជារាជបុត្រីព្រះរាជា នគរទេវទហៈ។ ព្រះពុទ្ធជា ម្ចាស់ទ្រង់ប្រសូត្រនៅ ថ្ងៃសុក្រ
ពេញបូណ៌មី ខែពិសាខ ឆ្នាំច នាលុម្ពិនី
ឧទ្យានដែលស្ថិតនៅក្នុងអាណាខែត្រនៃប្រទេសនេប៉ាល់ជិតព្រុំប្រទល់ប្រទេសនេប៉ាល់
និងឥណ្ឌាសម័យបច្ចុប្បន្ននេះ (មុន គ.ស. ប្រហែល៦២៣ឆ្នាំ)។
ការប្រសូត្ររបស់ព្រះសិទ្ធត្ថកើតមានឡើងក្នុងពេលដែលព្រះនាងសិរីមហាមាយាទេវី
ជាព្រះវរមាតាទ្រង់ធ្វើដំណើរដោយរាជបរិពារចេញពីក្រុង កបិល ព័ស្តុ
ព្រះរាជធានីព្រះបាទសិរីសុទ្ធោទន៍ជាព្រះស្វាមីទៅកាន់ក្រុង ទេវទហៈ
ព្រះរាជធានីព្រះវររាជបិតារបស់ព្រះនាង។ កាលព្រះនាងយាងដល់ លុម្ពិនី ឧទ្យាន
ត្រង់ព្រុំដែនកបិលព័ស្តុ និងទេវទហៈ វេលាថ្ងៃត្រង់ជាក់ព្រះនាងក៍ប្រសូត្រព្រះរាជបុត្រពិសិដ្ឋគឺ“ព្រះសិទ្ធត្ថៈ”ក្រោមដើមសាលព្រឹក្សមួយដើម។
ក្នុងពុទ្ធសករាជ ២៩៣ឆ្នាំ
មុនគ្រឹស្តសករាជ ២៥០ឆ្នាំ ព្រះបាទអសោក
រាជាធិរាជប្រទេសឥណ្ឌាបានទ្រង់ស្តេចយាងទៅកាន់ឧទ្យានលុម្ពិនីវ័ន ទ្រង់បាន
ចារឹកសសរថ្ម១ កំពស់១០ម៉ែត្រ ទុកជាទីសំគាល់នៅទីប្រសូត្រនៃ ព្រះសក្យមុនី
សម្ពុទ្ធជាពុទ្ធបូជនីយដ្ឋានទី១សម្រាប់ពុទ្ធបូជនីយេសក៍នានាធ្វើពុទ្ធបូជា។
ខ.
ជីវិតនៃការសិក្សារបស់ព្រះសិទ្ធត្ថៈ
ក្នុងព្រះឋានៈជាព្រះរាជបុត្រ ព្រះអង្គម្ចាស់សិទ្ធត្ថៈ
ទ្រង់បានទទួលនូវការ អប់រំមួយដែលសមដល់តំលៃជាព្រះរាជបុត្រនៃព្រះមហាក្សត្រ
ព្រមទាំងក្នុងព្រះ ឋានៈ ព្រះអង្គជាព្រះរាជទាយាទស្នងរាជ្យពីព្រះវររាជបិតា។
ក្នុងព្រះបរមនាមជា កូនចៅនៃពូជអ្នកចម្បាំង ព្រះរាជបុត្រសិទ្ធត្ថៈទ្រង់
ទទួលបាននូវការហ្វឹកហ្វឺន ជាពិសេសក្នុងផ្នែក វិជ្ជាយុទ្ធសាស្រ្ត អក្សរសាស្ត្រ និង
មន្តវិជ្ជាការ នានា ដែលចាំបាច់សម្រាប់អ្នកស្នងត្រកូលសម័យនោះ ដូចជា វិជ្ជាបាញ់ធ្នូ
(ធនុសាស្ត្រ ឬធនុវិជ្ជា) ជំនាញជិះសេះ និង សស្រ្តវិទ្យា (សត្ថវិជ្ជា ឬវិជ្ជា
កាប់ដាវ) ជាដើម ពីសំណាក់អាចារ្យទិសាបាមោក្ខ គឺសាស្ត្រាចារ្យ វិស្វាមិត្រ
ជាសាស្ត្រាចារ្យមានសមត្ថភាព ចំណេះដឹង និងមាន បទពិសោធន៍ខ្ពស់ក្នុងការ
បង្រៀននៅសម័យកាលនោះ។
គ. រាជាភិសេកនិងការឡើងគ្រងរាជសម្បត្តិៈ
នៅពេលដែលព្រះសិទ្ធត្ថៈ
មានព្រះជន្មាយុបាន ១៦ព្រះវស្សា ទ្រង់រៀបព្រះ
អភិសេកជាមួយនឹងព្រះរាជកញ្ញាដែលមានសម្រស់ដ៍ត្រកាល មួយព្រះអង្គទ្រង់ព្រះនាម យសោធរា
ពិម្ពា ដែលត្រូវជាជីដូនមួយរបស់ ព្រះអង្គ ដែលមាន ព្រះជន្មាយុស្រវាលគ្នា
សោយរាជ្យជាអធិបតី លើពពួក សក្យរាជវង្ស គ្រងរាជ្យក្រុង កបិលពស្តុ
តំណាងឲ្យព្រះវររាជបិតា នៅថ្ងៃ អាទិត្យ ពេញបូណ៌មី ខែកក្តិក ឆ្នាំឆ្លូវ។ រយៈពេល១៣ឆ្នាំនៃជីវិតអាពាហ៍ពិពាហ៍របស់ព្រះអង្គ ដែលប្រកបទៅដោយ សុភមង្គល ព្រះសិទ្ធត្ថៈទ្រង់ដំណើរខ្សែជីវិតរបស់ទ្រង់ប្រកបទៅដោយប្រណីត
ភាព និង សេចក្តីសុខ ដោយពុំគិតពីជីវិតនៅខាងក្រៅកំពែងព្រះរាជវាំងឡើយ។ ជាមួយនឹងពេលវេលាដែលចេះតែប្រព្រឹត្តកន្លងទៅ
ពន្លឺនៃសច្ចធម៌បាន កើតមានចំពោះព្រះអង្គ ពីពេលមួយទៅពេលមួយ។ និស្ស័យប្រកបទៅ
ដោយការចូលចិត្តភាពស្មឹងស្មាធិ៍ ព្រមជាមួយនឹងសេចក្តី ករុណាដែលគ្មាន ដែនកំណត់នោះ
មិនបានទុកឲ្យព្រះអង្គចំណាយពេលវេលានៅក្នុងការត្រេក ត្រអាល និងការ
សប្បាយនៃជីវិតនៅក្នុងព្រះបរមរាជវាំងដែលមានការប្រែ ប្រួលគ្មានទីបំផុតនោះឡើយ។
ព្រះអង្គទ្រង់មិនបានយកព្រះទ័យទុកដាក់ ចំពោះការលំបាកផ្ទាល់ខ្លួនរបស់ ព្រះអង្គ(ពេក)នោះទេ
ប៉ុន្តែ ព្រះអង្គទ្រង់ មានអធ្យាស្រ័យប្រកបទៅដោយព្រះទ័យអាណិតអាសូរដ៍ជ្រាលជ្រៅចំពោះ
មនុស្សជាតិដែលកំពុងតែជួបប្រទះនូវសេចក្តីទុក្ខ និង បញ្ហា។
ឃ. មហាភិនេស្រ្កមណ៍ៈ
ស្របពេលដែលព្រះអង្គកំពុងតែមានសេចក្តីសុខ និងការរីកចំរើន សព្វបែបយ៉ាងព្រះសិទ្ធត្ថៈពុំបានភ្លេចព្រះទ័យមិនបានគិតដល់សេចក្តីទុក្ខ
និង បញ្ហា ដែលពិភពលោកកំពុងជួបប្រទៈនោះឡើយ។ ផ្ទុយទៅវិញ ព្រះអង្គ ទ្រង់បានជ្រាប
ច្បាស់អំពីសាកលភាពនៃសេចក្តីទុក្ខរបស់មនុស្ស-សត្វគ្រប់រូបក្នុងសាកលលោកនេះ។ នៅរាត្រីស្ងាត់ជ្រងំនៃ
ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ ឆ្នាំថោះ ព្រះបរម
ពោធិសត្វក៍បានយាងដំណើរចាកចេញពីព្រះនគរទៅកាន់ឆ្នេរនៃស្ទឹងអនោមា
ដើម្បីសាងព្រះផ្នួសនៅព្រះជន្មាយុ២៩ព្រះវស្សា បន្ទាប់ពី បានសោយរាជ្យ និង
រៀបអភិសេកជាមួយព្រះនាង យសោធរា ពិម្ពា រយៈ ពេល១៣ឆ្នាំមក ស្របពេលដែលព្រះរាជបុត្រតែមួយរបស់ព្រះអង្គ
គឺព្រះរាជបុត្រ រាហុលកុមារ បានប្រសូត្រឡើង។
មហាភិនេស្រ្កមណ៍
គឺការចេញសាងព្រះផ្នួសរបស់មហាបុរស គឺជាការ
ធ្វើដំណើរមួយដែលមានលក្ខណៈជាប្រវត្តសាស្រ្ត និងដែលកម្រមាននៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិជាការស្វែងរកការរួចរំដោះដ៍ជាក់លាក់មួយ
សម្រាប់ជួយសង្រ្គោះសត្វលោកគ្រប់រូបឲ្យរួចស្រឡះពីសំណាញ់នៃភាពអវិជ្ជា និង វដ្តសង្សារ
គឺការវិលកើតស្លាប់ឥតឈប់ឈរ និងគ្មានទីបញ្ចប់។
ង. ការត្រាស់ដឹងសម្មាសម្ពោធិញ្ញាណៈ
បន្ទាប់ពី ព្រះសិទ្ធត្ថៈ បានទ្រង់សាងព្រះផ្នួសហើយ
ព្រះអង្គទ្រង់ព្យាយាម ស្វែងរកនូវមោក្ខធម៌ ដោយការប្រព្រឹត្តធ្វើនូវទុក្ករកិរិយា
អត្តកិលមថានុ យោគ ដើម្បីរកពោធិញ្ញាណ អស់ថិរវេលា ៦ឆ្នាំ ក្នុងឧរុវេលាប្រទេសមគធរដ្ឋ។
ក្រោយពេលលះការប្រព្រឹត្តធ្វើទុក្ករកិរិយាចេញហើយ ហើយបែរមកបំពេញ មជ្ឈិមា បដិបទា វិញ
ព្រះសិទ្ធត្ថៈ ទ្រង់បានត្រាស់ជាព្រះសព្វញ្ញូពុទ្ធប្រាកដ ក្នុង លោក នៅថ្ងៃពុធ
ពេញបូណ៌មី ខែពិសាខ ឆ្នាំវក មុនពុទ្ធសករាជ ៤៥ឆ្នាំ ក្រោមពោធិព្រឹក្ស១ដើម នៅក្បែរ
ស្ទឹងនេរញ្ជរា នា មណ្ឌលគយា ដែលសព្វថ្ងៃ ហៅ ”ពុទ្ធគយា” ស្ថិតនៅចម្ងាយជាង ១០គីឡូ ម៉ែត្រ
ខាង ត្បូងក្រុងគយា ក្នុងរដ្ឋពិហារប្រទេសឥណ្ឌា សព្វថ្ងៃ។ ពុទ្ធគយា
ជាពុទ្ធបូជនីយដ្ឋានទី២ សម្រាប់ពុទ្ធបូជនីយេសក៍នានាធ្វើពុទ្ធ បូជា
ដែលពិភពលោកស្គាល់បានដោយសារ ព្រះចៅធម្មាសោក បិយទស្សី រាជាធិរាជ
ដែលបានសាងព្រះស្ថូប—ចេតីយ៍មួយធំខ្ពស់ហៅ ”ចេតីយ៍ ពុទ្ធគយា
មានព្រះពុទ្ធរូបមារវិជយ១ព្រះអង្គធំ លាបទឹកមាស ទ្រង់ព្រះភ្នែន ព្រះហស្ថចង្អុលផែនដី
ជាភស្តុតាងដែលព្រះសម្ពុទ្ធទ្រង់ឈ្នះមារ ហើយទ្រង់ ត្រាស់ដឹងនូវព្រះសព្វញ្ញុត្តញ្ញាណ។
សព្វថ្ងៃនេះ ស្ថានពុទ្ធគយា មានដើមពោធិ៍១ ដើមថ្មីដុះចេញ
ពីដើមពោធិ៍ចាស់ដែលក្ស័យទៅហើយ។
ក្នុងបច្ចុប្បន្នកាល ស្ថានពុទ្ធគយា
ជាទីប្រជុំគណៈកម្មការទីប្រឹក្សាខាង ព្រះពុទ្ធសាសនា ដែលប្រទេសនានាអ្នកកាន់ព្រះពុទ្ធសាសនាក្នុងសាកល
លោក មានប្រទេសកម្ពុជាជាដើមបានបញ្ជូនប្រតិភូទៅរួមប្រជុំដែរ។
៣. ការហូរចូលព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ
ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទសឥណ្ឌាហើយត្រូវផ្សព្វផ្សាយនៅលើបណ្តាប្រទេសនានានៅលើពិភពលោក
ជាពិសេសនៅលើបណ្តាប្រទេសមួយចំនួននៃភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ។ នៅប្រទេសកម្ពុជាយើង
ព្រះពុទ្ធសាសនាបានចូលមកតាំងពីយូរអង្វែងណាស់មកហើយ
ហើយមានការរីកចំរើនយ៉ាងខ្លាំងក្លាព្រមទាំងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅក្នុងក្រអៅបេះដូងនៃចិត្តគំនិតទំនៀមទម្លាប់
ប្រពៃណី សិល្បៈ វប្បធម៌នៃមនុស្សខ្មែរយើង។ ចំពោះកាលបរិច្ឆេទនៃការចូលមកដល់
ឬវត្តមានព្រះពុទ្ធសាសនាកម្ពុជាជាបញ្ហាមួយដែលអ្នកសិក្សាប្រវត្តិសាស្ត្រ
ក៏ដូចជាអ្នកសិក្សាអក្សរសាស្រ្តនិងវប្បធម៌ទូទៅតែងតែចោទសួរថា
តើព្រះពុទ្ធសាសនាបានមកដល់ប្រទសកម្ពុជាតាំងពីពេលណា? បញ្ហាបរិច្ឆេទនៃការចូលមកដល់នៃលទ្ធិពុទ្ធសាសនានេះ
យើងគួរសិក្សាឲ្យបានដឹងច្បាស់ព្រោះបញ្ហានេះ
វាបានឆ្លុះបញ្ចាំងទៅលើការរីកចំរើនរបៀបរបបការរស់នៅ
និងនិន្នាការរបស់សង្គមខ្មែរយើងនៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្តរបស់ខ្លួនដូចខាងក្រោម៖
ក. សម័យនគរភ្នំ ឬ ហ្វណន (គ្រឹស្តសតវត្សរ៍ទី
១ ដល់ទី ៦ ឬ ព.ស. ៦០០ ដល់ ១១០០)
ហ្វូនណន ឬហ្វូណាន ជាពាក្យចិន
អ្នកប្រាជ្ញសន្និដ្ឋានថា ហ្វូណនក្លាយមកពីពាក្យខ្មែរថា “ភ្នំ”តាមតម្រាថា
ព្រាហ្មណ៍ជាតិជម្ពូទ្វីបឈ្មោះថា “កៅឌិណ្យ” (ស័ព្ទសំស្រ្កឹតត្រូវត្រង់ ភាសាបាលីថា
“កោណ្ឌិញ្ញ”) បានរៀបអាពាហ៍ពិពាហ៍ជាមួយក្សត្រីយ៍
ឬស្រ្តីជាប្រមុខជាជាតិដើមនៃដែនដីនេះ (សិលាចរឹកពោលថា រៀបការជាមួយនាងនាគឈ្មោះ សោមា
(ឬលីវយ៉ី) ជាធីតានៃស្តេចពុជ្ឈង្គនាគ)ជាបឋមវង្សនៃក្សត្រហ្វូណននោះ
ហើយទ្រង់បានកសាងរាជធានីនៅវ្យាធបុរះ។ទ្រង់បានពង្រីកអំណាចយ៉ាងធំធេង
មានអាណាខេត្តគ្របដណ្តប់ដល់ភាគខាងត្បូងនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន និង
ដែនដី កូចីនស៊ីន (បានដល់ដែនដីភាគខាងក្រោមបំផុតប្រមាណមួយភាគបួននៃប្រទេសវៀតណាម
មានទីក្រុងព្រៃនគរជាមជ្ឈមណ្ឌល វៀតណាមហៅថា ទីក្រុងហ៊ូជីម៉ីញ) ទាំងមូល និង ទ្រង់បានគ្រប់គ្រងអាណាចក្រចេនឡា
អាណាខេត្តឆ្ពោះទៅទិសខាងជើង នៃប្រទេសកម្ពុជា និងភាគខាងត្បូងនៃប្រទេសលាវនាពេលបច្ចុប្បន្ន។
អាណាចក្រ ដែលរីកចំរើនរួមសម័យជានឹងមួយហ្វូណនគឺអាណាចក្រចម្ប៉ា (ប្រទេសចាម)
ដែលឋិតនៅទិសខាងកើត និង ទិសខាងជើងនៃហ្វូណន (ត្រូវត្រង់ភូមិភាគកណ្តាលនៃប្រទេសវៀតណាម)។
ជនជាតិដើមនៃអាណាចក្រហ្វូណនជាជនជាតិមាឡាយ៉ូ គោរពធម្មជាតិ ខ្មោច
បិសាច អារក្ស អ្នកតា ពេលព្រះពុទ្ធសាសនាចូលមកដល់សុវណ្ណាភូមិហើយ
ក៏គង់បានផ្សព្វផ្សាយទៅដល់ក្រុមប្រជាជនហ្វូណនយ៉ាងទូលំទូលាយទៅទៀតជាលំដាប់។រីឯព្រះរាជសំណាក់
និង មន្រ្តីជាន់ខ្ពស់ ប្រាកដថា គោរពសាសនាហិណ្ឌូនិកាយសេវៈ (គោរពព្រះឥសូរ) ជាគោល
ហើយអាចនឹងគោរពព្រះពុទ្ធសាសនាលាយលំផងដែរ។ ជនជាតិឥណ្ឌាបាននាំបែបផែននៃការគ្រប់គ្រងសិល្បះ
វិចិត្រកម្ម ព្រមជាមួយនឹងវិជ្ជាការផ្សេងៗ ចូលមកសាងភាពរីកចំរើនឲ្យហ្វូណន
ជាហេតុញ៉ាំងឲ្យហ្វូណន មានអរិយធម៌ស្រដៀងទៅនឹងឥណ្ឌាសម័យនោះ ។
នៅចុងយុគហាក់បីដូចជាព្រះមហាក្សត្របែរមកគោរពព្រះពុទ្ធសាសនា
ដូចជាឯកសារចិនក្នុងរាជវង្សជីភាគខាងត្បូង (ព.សវ.១១)ថាព្រះមហាក្សត្រហ្វូណនព្រះនាម
កៅណ្ឌិណ្យជ័យវរ្ម័ន (សោយទិវង្គត ព.ស.១០៥៧)ដើមឡើយទ្រង់គោរពព្រហ្មញ្ញសាសនា
បន្ទាប់មកទ្រង់គោរពព្រះពុទ្ធសាសនា។នៅក្នុងរាជកាលនេះដែរ មានព្រះសង្ឃឥណ្ឌាមួយអង្គព្រះនាមនាគសេននិមន្តទៅប្រទេសចិនបានឆៀងចូលមកកាន់ហ្វូណនមុន
ហើយបានចូលទៅគាល់ទូលព្រះបាទក្រុងចិនថា ប្រទេសហ្វូណនគោរពសាសនាហិណ្ឌូនិកាយសេវៈ
តែព្រះពុទ្ធសាសនាក៏រីកចំរើនរុងរឿង មានព្រះភិក្ខុសាមណេរជាច្រើនអង្គ សំខាន់ជាងនេះ
ទៅទៀត ក្នុងរជ្ជកាលនេះមានព្រះសង្ឃជនជាតិហ្វូណនមួយអង្គបានសាងកេរ្តិ៍ឈ្មោះជា
លក្ខណអន្តរជាតិទុកក្នុងប្រវត្តិសាស្រ្តព្រះពុទ្ធសាសនានៃប្រទេសហ្វូណន
ពោលគឺព្រះភិក្ខុជាតិហ្វូណន អង្គនោះនាមថា “សង្ឃបាលោ” ហៅតាមសំណៀងចិនថា “សេងបោលោ”
ជាភាសា ជប៉ុនថា “សោយោ ឬ សោកុយ” (កើតប្រមាណព.ស.១០០២សុគតិ ព.ស.១០៦៧) ព្រះអង្គស្ទាត់ជំនាញព្រះអភិធម្ម
បាននិមន្តទៅកាន់ខេត្តក្វាងតុង
(ប្រទេសចិន)ហើយព្រះអង្គបានសិក្សាបន្ថែមពីព្រះសង្ឃឥណ្ឌានាមគុណភ័ទ្រ
មានចំណេះដឹងឈ្លាសវៃក្នុងព្រះធម៌ ន័យ
និង ភាសាផ្សេង ព្រមទាំងមានចរិយាដ៏ល្អប្រពៃ
ជាទីជ្រះថ្លានៃស្តេចចក្រពត្តិប៉ូតី(គ្រងរាជ្យ ព.ស.១០៤៦-១០៩២) ទ្រង់ប្រគេនស្ថានទី ៥
ខ្នងជាទីសំណាក់អាស្រ័យ
ហើយទ្រង់អារាធនាព្រះអង្គឲ្យប្រែគម្ពីរពុទ្ធសាសនាចំនួនច្រើនជាភាសាចិន សមិទ្ធិផល
ដែលកើតចេញពីការបកប្រែរបស់ព្រះអង្គមានភាពពីរោះក្បោះក្បាយខ្លាំង និង ត្រឹមត្រូវ។
ក្នុងបណ្តាគម្ពីរ ដែលព្រះអង្គបកប្រែនោះ មានគម្ពីរសំខាន់ទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រាជ្ញភាសាបាលីជាច្រើនគឺ
“គម្ពីរវិមុត្តិមគ្គ” (គម្ពីររចនាដោយព្រះឧបតិស្សត្ថេរមានអត្ថន័យស្រដៀងគ្នាបំផុត
ប្រៀបនឹងគម្ពីរវិសុទ្ធិមគ្គ តែជាគម្ពីរតែងមុន និង សង្ខេបជាង
ឥឡូវនេះបានប្រែជាជាភាសាអង់គ្លេសរួចហើយ ព្រមទាំងភាសាថៃទៀតផង) តាមតម្រាពោលតទៅទៀតថា
ព្រះអង្គបានទទួលកិត្តិយសពីព្រះស្តេចចក្រពត្តិប៉ូតីជាអង្គបង្រៀនព្រះធម៌ប្រចាំព្រះរាជវាំង។ព្រះអង្គបានផ្លាស់ប្តូរទំនៀមទម្លាប់
ប្រពៃណីប្រជាជនចិនច្រើនយ៉ាង ព្រោះតែព្រះអង្គមានជីវិតបែបសាមញ្ញ មិនសន្សែសន្សំ
ហើយព្រះអង្គបាននាំយកនូវបច្ច័យអ្នកមានសទ្ធាប្រគេនទៅកសាងវត្ត “អារាធវិរិយារាម”
ព្រះអង្គបានទទួលអនិច្ចធម្មក្នុងព្រះជន្មាយុ ៦៥ឆ្នាំ។ ក្រៅពីព្រះអង្គសង្ឃបាលនេះ
នៅមានព្រះថេរះហ្វូណនមួយព្រះអង្គទៀតបាននិមន្តទៅប្រទេសចិនក្នុងវេលាក្បែរនេះដែរ
គឺព្រះអង្គមណ្ឌារៈ បានទទួលការអារាធនាឲ្យបកប្រែគម្ពីរមួយចំនួន រួមជាមួយ ព្រះអង្គសង្ឃបាលផង
តែព្រះអង្គមិនសូវមានភាពជំនាញភាសាចិនគ្រប់គ្រាន់
ដូច្នោះហើយស្នាដៃរបស់ព្រះអង្គមិនសូវមានភាពល្បីល្បាញ់ និង ការទទួលការលើកដម្កើងឡើយ។
ក្នុង ព.ស.១០៥៧
ព្រះបាទរុទ្រ្ទវរ្ម័នឡើងសោយរាជ្យ ទ្រង់មានព្រះរាជសទ្ធា
ក្នុងព្រះពុទ្ធសាសនាយ៉ាងខ្លាំង ហើយព្រះអង្គទ្រង់បានប្រកាសថ្វាយខ្លួនព្រះអង្គជាឧបាសក។
ព្រះអង្គមានព្រះកេសធាតុមួយទងទុកសម្រាប់ធ្វើសក្ការះបូជា។
ព្រះបាទរុទ្រ្ទវរ្ម័នជាក្សត្រអង្គចុងក្រោយបំផុត ដែលប្រកដព្រះនាមរបស់ហ្វូណន
ក្នុងរយៈវេលានេះ អាណាចក្រចេនឡា ដែលជាប្រទេសអាណានិគមរបស់ហ្វូណនមានអំណាចខ្លាំងឡើង បានតាំងខ្លួនជាប្រទេសឯករាជ្យតមកទៀត
ព.ស១១៧០ ក៏បានលើកទ័ពមកវាយបង្រួបបង្រួមហ្វូណនបញ្ចូលជាអាណាចក្រចេនឡា។
អ្នកប្រាជ្ញមួយចំនួនយល់ថា ភស្តុតាងផ្សេងៗ ដូចមានបានសឲ្យឃើញថា
ព្រះពុទ្ធសាសនា ដែលគេគោរពក្នុងសម័យហ្វូណននោះ គឺព្រះពុទ្ធសាសនាបែបថេរវាទ។ដូចជាសិលាចារឹកផ្សេង
ៗ មានអត្ថន័យជាលក្ខណៈថេរវាទគម្ពីរវិមុត្តិមគ្គ ដែលព្រះ
អង្គសង្ឃបាលបកប្រែនោះជារបស់ថេរវាទ
ហើយពេលនោះព្រះពុទ្ធសាសនាមហាយាននៅមិនទាន់ចូលមកផ្សព្វផ្សាយនៅហ្វូណននៅឡើយទេ
បើសិនជាទស្សននេះ
ជាទស្សនត្រឹមត្រូវមែននោះក៏គង់នឹងត្រូវសរុបប្រវត្តិព្រះពុទ្ធសាសនាក្នុងអាណាចក្រហ្វូណនថា
ដំបូងព្រះពុទ្ធសាសនាបែបថេរវាទមានភាពរីកចំរើនលូតលាស់មុន
បន្ទាប់មកសាសនាហិណ្ឌូនិកាយសៃវៈបានហូរចូលមកដល់តាមរយៈអ្នកដឹកនាំជាជនជាតិឥណ្ឌា និង
ជនជាតិឥណ្ឌា ដែលមកប្រាស្រាយទាក់ទងជាមួយនឹងអ្នកដឹកនាំជាន់ខ្ពស់
ធ្វើឲ្យសាសនាហិណ្ឌូមានឱកាសស្តារឡើងវិញក្នុងព្រះរាជដំណាក់នារយៈកាលដំបូង បន្ទាប់មកក៏សាបរលាបទៅបន្តិចម្តង
ៗ ទើបបែរមកចាប់អារម្មណ៍នឹងព្រះពុទ្ធសាសនា ដែលជាសាសនាមានមកតាំងតែពីដំបូង។សាសនាហិណ្ឌូ
និង ព្រះពុទ្ធសាសនាក៏មានការរីកចំរើនរុងរឿងទន្ទឹមគ្នារហូតដល់ទីអាវសាននៃយុគនេះ។
ខ. សម័យចេនឡា (ពាក់កណ្តាល គ.សវ. ៦ ដល់ ៨០២ ឬ ព.សវ. ១១-ព.ស.១៣៤៥)
អាណាចក្រចេនឡាឋិតនៅបន្ទាប់ពីអាណាចក្រហ្វូណនឡើងទៅទិសខាងជើង
និង ទិសនិរតី (ខាងលិចឆៀងខាងត្បូង) នៃអាណាចម្ប៉ា ត្រង់នឹងភាគខាងត្បូងនៃប្រទេសលាវ
និង ភាគខាងជើងនៃប្រទេសកម្ពុជាបច្ចុប្បន្ន មានសិលាចារឹកបញ្ជាក់សេចក្តីថា
រាជវង្សរបស់ចេនឡាមានការជាប់បន្តសែស្រឡាយមកពីឥសី កម្ពុសវយម្ភូវៈ
ផ្សំផ្គុំជាមួយទេពធីតា មេរា ទើបបានទទួលនាមថា “កម្ពុជា” (កម្ពុ+ជ = អ្នកកើតពីកម្ពូ)
ទើបជឿថាយុគនៃកម្ពុជា ឬខ្មែរ បានចាប់ផ្តើមយ៉ា់ងពិតប្រាកដក្នុងសម័យចេនឡា ។
ចេនឡាជាប្រទេសចំណុះរបស់ហ្វូណនមកពីដំបូងរហូតដល់ពាក់កណ្តាលពុទ្ធសតវត្សរ៍ទី១១
ទើបមានកម្លាំងរឹងប៉ឹងឡើង ផ្តើមតាំងខ្លួនឲ្យបានប្រទេសឯករាជ្យ
ដោយបញ្ឈប់ថ្វាយគ្រឿងបណ្ណាការចំពោះក្សត្រ ហ្វូណន និង នៅទីបំផុតបានចម្បាំងឈ្នះពួកហ្វូណន
ដែលបានលើកទ័ពមកវាយចម្បាំងនៅនគរចម្ប៉ាស័ក្តិ
អញ្ចឹងទើបជឿបានថាជាការចាប់ផ្តើមយុគអាណាចក្រចេនឡា។
ព្រះបាទភវវរ្ម័នបានឡើងគ្រងរាជ្យជាបឋមក្សត្រប្រមាណ
ព.ស.១០៩៣។ ព្រះមហាក្សត្រចេនឡាក្នុងរយៈ ដំបូងក៏គង់គោរពសាសនាហិណ្ឌូនិកាយសៃវៈជាសំខាន់
ព្រោះប្រាកដថា ព្រះបាទ ភវវរ្ម័នទ្រង់បានសាងទេវាល័យឧទ្ទិសថ្វាយព្រះសេវភ័ទ្រ្ទេស្វារៈ
ហើយទ្រង់បានប្រតិស្ឋានសិវលិង្គមួយអង្គនៅចុងរជ្ជកាលនេះ ហើយព្រះមហាក្សត្រអង្គទីពីរ
(ព្រះបាទមហេន្រ្ទវរ្ម័ន ព្រះនាមដើមចៅជ័យចិត្រសេន)ខណះ ដែលពិជិតសឹកហ្វូណនបានសំរេច ហើយ
ក៏ទ្រង់បានប្រតិស្ថានសិវលិង្គឧទ្ទិសថ្វាយចំពោះព្រះឥសូរដើម្បីសម្ពោធជ័យ ជំនៈ។
ព្រះមហាក្សត្រអង្គទី ៣ នៃចេនឡាព្រះនាមថាឥសានវរ្ម័នទី ១
ទ្រង់មានអំណាចខ្លាំងក្លាណាស់
ទ្រង់បានបង្រ្កាបអាណាចក្រហ្វូណនរឹបអូសបញ្ចូលជាដែនដីអាណាចក្រចេនឡាទាំងស្រុងក្នុង
ព.ស. ១១៧០ ហើយពង្រីកអាណាខេត្តចេញទៅស្ទើរគ្រប់ទិស ជាពិសេសទិសខាងលិចលាតសន្ទឹងទៅដល់ខេត្តច័ន្ទបុរី
(ជាខេត្តមួយរបស់ប្រទេសថៃ)។តម្រាមួយចំនួនពោលថា
សាសនាហិណ្ឌូលទ្ធិហរិហរៈកើតឡើងក្នុងរជ្ជកាលនេះ
ហើយក៍បានបៀតបៀនព្រះពុទ្ធសាសនាយ៉ាងខ្លាំងរហូតដល់ស្ទើរតែសាបសូន្យ ។
បន្ទាប់មក ខាងដើមនែព.ស.វ. ទី ១៣
មានព្រះមហាក្សត្រអង់អាចក្លាហានមួយព្រះអង្គទៀត ព្រះនាមជ័យវរ្ម័នទី ១ (គ្រងរាជ្យប្រមាណ
ព.ស.១១៩៣-១២៥៦) ទ្រង់បានពង្រីកអាណាខេត្តទៅដល់អាណាចក្រណានចៅ។
ក្នុងរាជកាលនេះមានភ័ស្តុតាងស្តែងឲ្យដឹងថា
ព្រះពុទ្ធសាសនានៅមានការរីកចំរើនរុងរឿងនៅឡើយ (ឬអាចរុងរឿងឡើងវិញ)
គឺមានសិលាចារឹកវត្តព្រៃល្វាក្បែររាជធានីវ្យាធបុរៈប្រមាណ ព.ស.១២០៧ ពោលថា
ក្សត្រពីរព្រះអង្គជាបងប្អូននាមថា រតនភានុ និង រតនាសីហៈ ទ្រង់ចេញបានសាងព្រះផ្នួស។
ព្រះបាទជ័យវរ្ម័នទី ១ ទ្រង់បានបញ្ជាឲ្យគេកសាងវត្តប្រគេន និង រក្សាវត្ត
នោះឲ្យគង់វង់យូរអង្វែង។ចំពោះរឿងនេះ ប្រជាជនបាននិយាយត ៗ គ្នាមក
ហើយបានប្រកាន់យកប្រពៃណី ដែលអនុវត្តន៍តាមព្រះរាជបញ្ជាឲ្យរក្សាវត្តនោះ។
ម្យ៉ាងទៀតព្រះសង្ឃចិននាមអ៊ីចីង បាននិមន្តចារិកទៅប្រទេសឥណ្ឌាដោយបាន
ឆ្លងកាត់សមុទ្រខាងត្បូង (ចេញដំណើរចារិករហូតដល់ត្រឡប់ដល់ចិន ព.ស.១២១៤-១២៣៨)
បានសរសេរកំណត់ហេតុថា ក្នុងប្រទេស ហ្វូណន
(ចំណុចនេះនិយាយដល់ចេនឡានោះឯង)។ព្រះពុទ្ធសាសនារុងរឿនណាស់ មានវត្តគ្រប់ទិសទី មានបូជ ណីយដ្ឋានសក្តិសិទ្ធិរបស់សាសនាព្រាហ្មណ៍នៅក្បែរវត្តអារាមព្រះពុទ្ធសាសនា។សាសនាទាំងពីររួមរស់ជាមួយគ្នាយ៉ាងស្ងប់សុខសាន្ត
ប្រជាជនទូទៅនិយមបួសក្នុងព្រះពុទ្ធសាសនា សូម្បីតែមន្រ្តីជាន់ខ្ពស់ ឬរាជវង្សក៏មានសទ្ធាចូលមកសាងផ្នួសដូចគ្នា
។
បន្ទាប់មក ក្រោយពីរជ្ជកាលព្រះបាទជ័យវរ្ម័ន មិនយូរប៉ុន្មាន
អាណាចក្រចេនឡា ក៏ត្រូវបានបំបែកជាពីរចំណែក គឺក្លាយជាចេនឡាដីគោក ឬចេនឡាភាគខាងជើង និង
ចេនឡាទឹក ឬចេនឡាភាគខាងត្បូង។នៅខាងចុងយុគនេះ ចេនឡាទឹកឋិតនៅក្រោមឥទ្ធិពលរបស់ជ្វា
បន្ទាប់ពីបំបែកខ្លួនចេញមកបានប្រហែលជាមួយសតវត្សរ៍។យុគចេនឡាក៏បានបញ្ចប់ត្រឹមនេះ
ដោយសារហេតុវិវាទជាមួយអាណាចក្រជ្វា ។
ពោលគឺនៅពាក់កណ្តាលពុទ្ធសតវតវត្សរ៍ទី ១៤
រាជវង្សសៃលេន្ទ្ររបស់ជ្វាបានលើកទ័ពជើងទឹកមកវាយប្រទេសចេនឡា
ចាប់ព្រះបាទមហិបតីវរ្ម័ននៃចេនឡាទឹកកាត់ព្រះកេស ចំណែកព្រះបាទជ័យវរ្ម័ន្តទី ២
ដែលឡើងគ្រងរាជ្យបន្ទាប់មកក៏បានប្តូររាជ ធានីទៅតាំងអាណាចក្រថ្មីនៅទីផ្សេង
យុគចេនឡាក៏បានដល់ទីអាវសានត្រឹមនេះ។មានអ្នកផ្តល់ការសង្កេតថា
តាមភស្តុតាងខាងបុរាណវិទ្យា មានរូបបដិមាករនៃព្រះពោធិសត្វផ្សងៗ ជាដើម
មានន័យថាព្រះពុទ្ធសាសនាមហាយានគង់បានផ្សព្វផ្សាយចូល មកក្នុងដំបន់អាស៊ីអាគ្នេយ៍
ក្នុងរយៈកាលក្បែរ ៗ ព.សវ.១៤នេះឯង ដោយឥទ្ធិពលពីអាណាចក្រសិរីវិជ័យ។ពេលចូលមកដល់ហើយ
ក៏បានផ្សព្វផ្សាយយ៉ាងឆ័បរហ័ស ព្រោះមានលក្ខណៈស្រដៀងគ្នាជាមួយនឹងព្រហ្មញ្ញសាសនា និង
ព្រោះដោយបានទទួលការឧបត្ថម្ភពីព្រះមហាក្សត្រដូចនឹងបានឃើញក្នុងយុគតទៅ ក្រៅពីនេះ
ទោះបីពុទ្ធសាសនាលទ្ធិត័ន្ត្រៈបានហូរចូលមកផងក៏ដោយ ពេលបន្ទាប់មកមិនយូរប៉ុន្មាន
ក៏បានជាប្រភពមួយនៃប្រពៃណីរបស់ប្រទេស ប៉ុន្តែមិនសូវមានឥទ្ធិពលទូលំទូលាយណាស់ណ៎ាទេ ។
គ.
សម័យអង្គរ ឬ មហានគរ (អំឡុងឆ្នាំ៨០២ ដល់ ១៤៣២ ឬ ព.ស.១៣៤៥-១៩៧៥)
យុគអង្គរបានដល់យុគអង្គរវត្ត អង្គធំ
(ស្ថិតនៅក្បែរទន្លេសាប និង ភាគខាងជើងនៃទីក្រុងសៀមរាប)
ជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជានាសម័យមហាអាណាចក្រខ្មែរ ជាសម័យមួយ
ដែលមានអរិយធម៌រុងរឿងជាទីបំផុត ជា មហាអាណាចក្រដ៏ធំទូលំទូលាយ មានសិល្បះ
ជាពិសេសស្ថាប័ត្យកម្មជានិមិត្តរូ។នៅក្នុងសម័យនេះ
ព្រះពុទ្ធសាសនាមហាយានមានភាពចំរើនរុងរឿងទន្ទឹមនឹង សាសនាហិណ្ឌូរួមផ្សំផ្គុំគ្នា។ ប្រាសាទរាជស្ថានផ្សេងៗសុទ្ធសឹងតែសាងឡើងដើម្បីឧទ្ទិស
ថ្វាយចំពោះព្រះពុទ្ធសាសនាមហាយាន និង សាសនាហិណ្ឌូ។ សេចក្តីក្នុងសិលាចារឹកបានរកឃើញ
និង
បានបង្ហាញឲ្យដឹងអំពីឥទ្ធិពលនៃពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនាមហាយានយ៉ាងច្បាស់ក្រឡែត
ហើយមានគតិនៃសាសនាហិណ្ឌូបង្កប់នៅជាមួយផងដែរ។
ចំណែកឯព្រះពុទ្ធសាសនាថេរវាទអាចបានជាទីគោរពនៅក្នុងចំណោមបណ្តាប្រជាជនទូទៅ
ដែលមិនមានការលើកស្ទួយពីព្រះរាជសំណាក់ និយាយខ្លីថា
ព្រះពុទ្ធសាសនាថេរវាទនៅជាមួយប្រជាជន ព្រះពុទ្ធសាសនាមហាយាន និង
ហិណ្ឌូនៅជាមួយរាជសំណាក់ តែលទ្ធិទាំង ៣នេះនៅរួមគ្នាដោយសន្តិ។
យុគព្រះនគរបានចាប់បន្ទាប់ពីព្រះមហាក្សត្រជ្វាបានលើកទ័ពមកវាយប្រទេសចេនឡា
ចាប់ព្រះបាទ មហិបតីកាត់ព្រះកេស រួចហើយព្រះរាជឱរសបានយាងទៅសំណាក់នៅប្រទេសជ្វា
អាចនឹងត្រូវបាននាំខ្លួនសំដែងការគោរព ឬដោយហេតុដទៃទៀតក៏ដោយ
តែក្រោយមកព្រះអង្គបានយាងត្រឡប់មកគ្រងរាជ្យនៅ ព.ស.១៣៤៥ ជាព្រះបាទ ជ័យវរ្ម័នទី២។
ព្រះអង្គបានប្តូរទីក្រុងទៅទីតាំងនៅជិតបរិវេណអង្គរវត្ត
ប្រកាសឯករាជ្យភាពពីប្រទេសជ្វា វាយបង្រួបបង្រួមចេនឡា ទាំងពីរភាគឲ្យរួមជាចូលធ្លុងមួយ។
ព្រះអង្គទ្រង់បានគោរពសាសនាហិណ្ឌូលទ្ធិ ហរិហរៈគឺគោរពព្រះនរាយ និង
ព្រះឥសូររួមគ្នា និង ទ្រង់ផ្តើមបង្កើតលទ្ធិទេវរាជ
(អាចរៀបចំតាមគំនិតរបស់ជ្វា)ប្រកបពិធីបូជា ប្រកាសដល់ហេតុ
ដែលព្រះអង្គបានទទួលព្រះរាជអំណាចពីព្រះជាម្ចាស់ ដោយមានសិវលិង្គជានិមិត្តសញ្ញា
ជាទីគោរពបូជា
បង្កើតឲ្យបានជាទំនៀមទម្លាប់របស់ព្រះមហាក្សត្រខ្មែរពីបុរាណបានប្រព្រឹត្តបន្តបន្ទាប់មក។
ក្រៅពីនេះអ្នកប្រាជ្ញមួយចំនួនបានពោលថា សម័យនេះមានហេតុមួយធ្វើឲ្យពុទ្ធសាសនាមហាយាន
និង សាសនាហិណ្ឌូផ្សំផ្គុំគ្នាយ៉ាងស្អិតរមួតនោះគឺ ការ ដែលកើតមានទំនៀមគោរពសាសនាម្នាក់ម្យ៉ាងជាគូបន្លាស់គ្នារវាងព្រះរាជា
និង រាជបុរោហិត ពោលគឺ ប្រសិនបើព្រះរាជា (ឬរាជការ)គោរពពុទ្ធសាសនា
បុរោហិតគោរពព្រហ្មញ្ញសាសនា ព្រះរាជា (ឬរាជការ)គោរពព្រហ្មញ្ញសាសនា
បុរោហិតគោរពពុទ្ធសាសនា ជាប្រពៃណីតៗមករាប់រយឆ្នាំ ។
ទោះជាយ៉ាងណាក៏ដោយ ទំនៀមទម្លាប់បែបនេះ នៅពុំទាន់បានរកឃើញនូវ
ភ័ស្តុតាងដើម្បីបញ្ជាក់ឲ្យច្បាស់គ្រប់គ្រាន់នៅឡើយ
ដែលគួរនឹងមានភ័ស្តុតាងច្បាស់ជាងនេះ
គឺលទ្ធិទេវរាជបានកើតឡើងព្រមជាមួយការកើតឡើងនៃតំណែងព្រាហ្មណ៍
ដែលមានព្រះជាម្ចាស់ប្រចាំព្រះរាជសំណាក់ (ព្រះរាជគ្រូ) ដែលបានបន្តតាមរយៈ ត្រកូល
បានដល់ត្រកូល “សិវកៃវ័ល្យ”។ សិវកៃវ័ល្យគឺជាព្រាហ្មណ៍ប្រចាំព្រះរាជសំណាក់
ជ័យវរ្ម័នទី ២ ទ្រង់បានប្រតិស្ឋានជាម្ចាស់ពិធីកម្មប្រចំាលទ្ធិទេវរាជជាអ្នកដំបូង
ដំណែងព្រាហ្មណ៍នេះមាននាទីជាទេវរាជ និង ប្រកបរាជពិធីរាជាភិសេកជាដើម ។
នៅសម័យតមកប្រាកដថា ពួកត្រកូលសិវកៃវ័ល្យនេះ
មានទ្រព្យសម្បត្តិ អំណាច កិត្តិយស និង ឥទ្ធិពលយ៉ាងខ្លាំងក្លា
មានសមត្ថភាពកសាងរាជធានី ឬសាសនារបស់ខ្លួន
ហើយមានសមត្ថភាពកេណ្ឌកម្លាំងពលកម្មប្រជាជនទៀតផង សន្និដ្ឋានបានថាធំធេងណាស់ បន្ទាប់អំពីអង្គមហាក្សត្រតែប៉ុណ្ណោះ។
ភាពរុងរឿងនៃសាសនាហិណ្ឌូបែបនេះសន្និដ្ឋានបានថា ជាការផ្តាច់ការមួយបែប
ទន្ទឹមនឹងនេះដែរ ក៏មានផលវិបត្តិជាហេតុនាំ ឲ្យមានការបែងចែកសាសនាហិណ្ឌូពីប្រជាជន និង
កំណត់ខ្លួនឯងឲ្យកាន់តែចង្អៀតចង្អល់ទៀត។ សិវលិង្គជានិមិត្តរូបនៃលទ្ធិទេវរាជនោះ បានប្រតិស្ឋាននៅទេវាល័យ
ដែលសាងឡើងនៅលើកំពូលភ្នំ (បាក់ខែង) ចំកណ្តាលព្រះនគរ
ជានិមិត្តរូបដំណាងឲ្យព្រះជាម្ចាស់ ស្ថិតនៅលើភ្នំព្រះសុមេរុ
ដែលជាមជ្ឈដ្ឋាននៃចក្រវាឡ និង ព្រះមហាក្សត្រក៏ជាព្រះជាម្ចាស់
ដែលសំដែងនូវតួអង្គក្នុងលោកនេះ។ អញ្ចឹងហើយទើបព្រះមហាក្សត្រទ្រង់បានដើរតួនាទីជាព្រះមហាក្សត្រផង
និង ជាព្រះជាម្ចាស់ផងក្នុងពេលជាគ្នានោះ។ ខណៈ ដែលព្រះអង្គមានព្រះជន្មនៅឡើយ
ព្រះអង្គក៏បានគង់ក្នុងប្រាសាទឈើ តែនៅពេលព្រះអង្គសោយទិវង្គត
ព្រះសពរបស់ព្រះអង្គត្រូវបាននាំទៅដំកល់នៅក្នុងប្រាសាទទេវាយ័យ
ប្រៀបបានដូចជាព្រះអង្គបានសម្រេចនូវសភាវៈស្មើនឹងសភាវៈនៃព្រះជាម្ចាស់ ។
តមកទៀតមានការកសាងនគរវត្ត (ប្រាសាទអង្គរ) និង ប្រសាទនគរធំ
(ប្រាសាទបាយ័ន) រចនាសម្ព័ន្ធមានរូបរាងតាមបែបចំលងមជ្ឈដ្ឋាននៃចក្រវាឡដោយសម្បូរថែមទៀត
គឺមានទេវាល័យប្រតិស្ឋានសិវលិង្គនៅចំកណ្តាល សាងឡើងនៅទីខ្ពស់ តម្រៀបឡើងជាជាន់ៗ
(តាមបែបភីរាមីត)មានន័យស្មើនឹងឋិតនៅលើភ្នំ
ចំណែកខាងក្រៅក៏មានកំពែងក្រុងធំមហាសាលព័ទ្ធជុំវិញភ្នំនោះទៀត
ប្រៀបដូចជាសមុទ្រព័ទ្ធជុំវិញភ្នំព្រះសុមេរុ
ហើយមានកំពែងធំព័ទ្ធជុំវិញទីក្រុងប្រៀបដូចដងភ្នំធំហ៊ុំព័ទ្ធជុំវិញព័ទ្ធភ្នំនោះ។ប្រសិនបើព្រះមហាក្សត្រជាស្ថាបនិកគោរពព្រះវិស្ណុ
ក៏ប្រតិស្ឋានបដិមាព្រះវិស្ណុជំនួសសិវលិង្គនោះវិញ ប្រសិនបើគោរពព្រះពុទ្ធសាសនាមហាយាន
ក៏ប្រតិស្ឋានព្រះពុទ្ធបដិមាឬបដិមានៃព្រះពោធិសត្វ (បានដល់ព្រះអវលោកិតេស្វារ)
ជំនួសវិញ និង រូបព្រះភក្រ្តព្រះជាម្ចាស់ក្តី ព្រះពុទ្ធក្តី
ព្រះពោធិសត្វក៏ដោយតែងតែស្រដៀងទៅនឹងព្រះភក្ត្ររបស់ព្រះមហាក្សត្រជាស្ថាបនិកនោះ។
ព្រោះព្រះជាម្ចាស់ឬព្រះពោធិសត្វគឺជាព្រះមហាក្សត្រអង្គនោះឯង។
នៅក្នុងរយៈពីរសតវត្សរ៍ដំបូងនៃសម័យអង្គរ ព្រះមហាក្សត្រខ្មែរទោះបីព្រះអង្គទ្រង់
គ្រប់គ្រងទំនុកបំរុងលទ្ធិសាសនាទាំង ៣គឺសាសនាហិណ្ឌូនិកាយសៃវៈ និកាយវៃស្ណុ និង
ព្រះពុទ្ធសាសនានិកាយមហាយាន តែព្រះអង្គទ្រង់តាំងសទ្ធាយ៉ាងខ្លាំងក្នុងលទ្ធិសៃវៈភស្តុតាងនេះបង្ហាញ់ឲ្យឃើញដល់ការឧបត្ថម្ភព្រះពុទ្ធសាសនា
ក្នុងរវាងនោះដែរ មានច្រើនទៀតដូចជាព្រះបាទយសោវរ្ម័នទី១ (ព.ស.១៤៣២-១៤៥១) ទ្រង់បានសាង“សោគតាស្រម(សំណាក់សង្ឃ)
ទុកក្នុងព្រះពុទ្ធសាសនាជាគូរនឹងព្រហ្មញ្ញាស្រម (សំណាក់ព្រហ្មណ៍)” សម្រាប់ពួកសមណព្រាហ្មណ៍
ព្រះសង្ឃ ដែលមានភាពស្ទាត់ជំនាញឈ្លាសវៃក្នុងព្រះពុទ្ធសាសនាក៏ត្រូវ បានលើកស្ទួយ
ទោះបីជាមានឋានៈជាអាចារ្យរងក្នុងសាសនាព្រាហ្មណ៍ខ្លះក៏ដោយ ។
តមកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៥ (ព.ស. ១៥១១-១៥៤៤)
បុរោហិតឈ្មោះកីរតិបណ្ឌិត ដែលធ្លាប់គោរពព្រះសិវមកពីមុន បានបែរមកគោរពព្រះពុទ្ធសាសនា
និង បានព្យា យាមទំនុកបំរុងព្រះពុទ្ធសាសានយ៉ាងសកម្ម។លោកបាននាំយកគម្ពីរពុទ្ធសាសនាពីបរទេសចូលមកប្រទេសជាច្រើន
ក្នុងថ្ងៃសំខាន់ ៗ លោកបនាំយកព្រះពុទ្ធរូបមកស្រង់ទឹកជាពិធីយ៉ាងមហោឡាឫក
លុះមកដល់រជ្ជកាលព្រះបាទសុរយវរ្ម័នទី ១ (ព.ស. ១៥៤៥ -១៥៩៣) សទ្ធាជ្រះថ្លាក៏បានប្រែមកជំនឿព្រះពុទ្ធសាសនា
ព្រះបាទសុរយវរ្ម័នទី ១ ជាព្រះឱរសរបស់ព្រះបាទស្រីធម្មរាជ ព្រះមហាក្សត្រនៃតាមពនលិង្គ
ដែលមានរាជធានីតាំងនៅ បរវេណនគរសិរីធម្មរាជ ឬជៃយា និង ជាមជ្ឍមណ្ឌលនៃព្រះពុទ្ធសាសនា។ព្រះអង្គមាន
អំបូររាជវង្សកម្ពុជា ដោយខាងព្រះរាជមាតាជាព្រះរាជធីតាខ្មែរ
ទ្រង់មានព្រះរាជសទ្ធាចាស់ ក្លាក្នុងព្រះពុទ្ធសាសនាមហាយាន
ទើបទ្រង់បែរមកឧបត្ថម្ភនិកាយនេះខ្លាំងឡើង ។
នៅក្នុងរាជកាលនេះ
អាណាចក្រខ្មែរបានលាតសន្ធឹងអាណាខេត្តពីខេត្តច័ន្ធបុរីចេញទៅទិសខាងលិច
រហូតទៅដល់វាលរាបនៃទន្លេចៅព្រះយ៉ាទល់នឹងព្រំប្រទល់នៃប្រទេសភូមា ជាហេតុធ្វើឲ្យអាណាចក្រទ្វារាវតីមានព្រះពុទ្ធសាសនាថេរវាទជាមជ្ឈដ្ឋាន
ដែលធ្លាប់ ឋិតនៅក្រោមអំណាចរបស់អាណាចក្រហ្វូណន និង បានឯករាជ្យភាពខណៈ
ដែលអាណាចក្រហ្វូណនដួលរលំ (ពាក់កណ្តាល ព.សវ.១១) ត្រូវបាត់បង់នូវសេរីភាពម្តងទៀត
(មានសិលាចារឹក ដែលអ្នកប្រវត្តិសាស្រ្តមិនសូវជាមានជំនឿ ពោលថា ទ្វារាវតីបានធ្លាក់នៅក្រោមអំណាចអាណាចក្រខ្មែរតាំងតែពីរជ្ជកាលព្រះបាទយសោវរ្ម័នទី១ពាក់កណ្តាល
ព.សវ.១៥) ហើយចុះទៅដល់អាណាចក្រតាមពនលិង្គ ផ្នែកខាងជើងទល់នឹង វាលរាបទន្លេមេគង់
ភ័ស្តុតាងកន្លែងខ្លះថា លាតសន្ធឹងទៅដល់ទីក្រុងជៀងសែន តែអ្នក
ប្រវត្តិសាស្រ្តជឿថាលាតសន្ធឹងក្រុងលួងព្រះបាង។ សិលាចារឹកក្នុង ព.ស.១៥៦៥
នៅក្នុងរជ្ជកាលនេះបានរកឃើញនៅក្នុងខេត្តលុពបុរីមានសេចក្តីថា
មានភិក្ខុសង្ឃទាំងផ្នែកមហាយាន និង ថេរវាទរស់នៅរួមគ្នាយ៉ាងសុខស្ងប់ គ្រា
ដែលផុតពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ ហើយ ព្រះមហាក្សត្រ ដែលជារាជឱរសរបស់ព្រះអង្គ
បែរជាមានបដិបក្ខចំពោះព្រះពុទ្ធសាសនា សទ្ធាជ្រះថ្លា និង
ការទំនុកបំរុងព្រះពុទ្ធសាសនាពង្វាងទៅខាងសាសនាហិណ្ឌូទៀត តែវេលាបន្ទាប់មកទៀត
ខ្មែរបានកើតចលាចល ដោយភាពមិនស្ងប់ផ្ទៃក្នុងយ៉ាងខ្លាំង ។
ផ្នែកខាងប្រទេសភូមា នៅក្នុង ព.ស.១៥៨៧ ព្រះបាទអនុរុទ្ធមហារាជ ឬ
អនុរ័ទ្ធមង្ជ័របានឡើងគ្រងរាជ្យជាព្រះមហាក្សត្រនៃអាណាចក្រពុកាមទ្រង់មានអំណាចជាខ្លាំង
ហើយបានលើកទ័ពមកវាយច្បាំងក្រុងស្ថើម ឬសុធ័មវតីនៃអាណាចក្រមនបានសំរេចនៅ ព.ស.១៦០០
រួមផែនដីភូមាចូលតែមួយទ្រង់គោរពព្រះពុទ្ធសាសនាថេរវាទបែបមននៃក្រុងស្ថើម
ហើយទ្រង់បានពង្រីកអាណាខេត្តចេញមកពីទិសបូព៌ាចូលមកគ្រប់គ្រងអាណាចក្រឡានណារហូតចុះមកដល់ក្រុងលុពបុរី
និង ទ្វារាវតី (សេចក្តី ដែលពោលមកនេះ ជាមតិរបស់អ្នកប្រាជ្ញថៃ
តែអ្នកប្រាជ្ញលោកខាងលិចពោលថា ព្រះបាទសុរិយវរ្ម័នទី១បង្ក្រាបបានក្រុងលុពបុរី
ហើយពង្រីកអំណាចជនជាតិមន
ដែលបានភៀសខ្លួនថយមកដល់អាណាខេត្តមនក្រុងស្ថើមក្នុងប្រទេសភូមា ដែល នឹងលុកលុយចូលទៅទៀត
តែត្រូវកងទ័ពរបស់ព្រះបាទអនុរុទ្ធមហារាជវាយបំបាក់ទ័ពត្រឡប់មក។
ព្រំប្រទល់ដែនរវាងខ្មែរ និង ពុកាមទើបបញ្ចប់នៅត្រឹមនោះ គឺលុពបុរី និង
ទ្វារាវតីគង់នៅជារបស់ខ្មែរ ដែលថាជារបស់ពុកាមនោះមិនមែនឡើយ)
ព្រះរាជអំណាចរបស់ព្រះបាទអនុរុទ្ធមហារាជពង្រីកទៅដល់ណា
ព្រះពុទ្ធសាសនាបែបថេរវាទបែបពុកាមក៏បានផ្សព្វផ្សាយទៅដល់នោះដែរ។
ក្នុងរយៈនេះ
កុលសម្ព័ន្ធថៃបានភៀសខ្លួនមកពីប្រទេសចិនភាគខាងត្បូងចូលមក អាស្រ័យនៅឡានណា និង
ឡានឆាងច្រើនឡើង និង
បន្តដំណើរចុះមកដល់វាលរាបទន្លេចៅព្រះយ៉ាចូលទៅបញ្រ្ជាតក្នុងចំណោមជនជាតិមន ភូមា និង
ខ្មែរ ហើយឋិតនៅក្រោមអំណាចរបស់អាណាចក្រទាំងពីរនោះ តាមស្ថានទី
ដែលពួកគេចូលទៅតាំងទីលំនៅ។ ផ្នែកខាងទិស
បូព៌ា កុលសម្ព័ន្ធអណ្ណាម ដែលបានទទួលឥទ្ធិពលព្រះពុទ្ធសាសានមហាយាន និង វប្បធម៌
ផ្សេងៗពីចិន បានរំដោះខ្លួនឲ្យមានសេរីភាពសំរេច ស្ថាបនាអាណាចក្រណាមវៀត
(បន្ទាប់មកជាវៀតណាម) ឡើងភាគខាងជើងនៃអាណាចចក្រចម្ប៉ា ប្រមាណ ព.ស.១៤៨២ កំពុងតែមានអំណាចរឹងប៉ឹងខ្លាំងបានជាគូរសង្រ្គាម
ជាមួយប្រទេសចម្ប៉ា អំណាចថ្មីទាំងពីរ ដែលកំពុងតែកើតឡើងនៅទិសភាគខាងលេច (ថៃ) និង
ទិសខាងកើត (វៀតណាម) មកជាគ្រឿងបន្ថយអំណាចអាណាក្រខ្មែរកាន់តែខ្សោយទៅៗទៀត។
តមកលុះដល់ ព.ស.១៦៥៦ ព្រះបាទសុរិយវរ្ម័នទី ២ ឡើងគ្រងរាជ្យ
ទ្រង់ព្រះនាមថាជាព្រះមហាក្សត្រ
ដែលមានអំណាចខ្លាំងក្លារឹងប៉ឹងបំផុតក្នុងប្រវត្តិសាស្រ្តខ្មែរ ការ ដែលបានដូច្នេះ
ព្រោះពេលនោះ ផ្នែកខាងការគ្រប់គ្រងក៏រឹងប៉ឹងដោយអាស្រ័យរបបទេវរាជជាគ្រឿងបង្រួបបង្រួម
និង គ្រប់កំលាំងទ័ពជើងព្រៃបានពេញទី។ផ្នែកខាងសេដ្ឋកិច្ចជាតិក៏មានភាពឧត្តមសម្បូរដោយរបបធារាសាស្រ្ត
ដែលបានចាត់ចែងយ៉ាងល្អប្រណិត។ព្រះអង្គផ្ទាល់ក៏ជាអ្នកចម្បាំងដ៏ខ្លាំងពូកែ
ទើបទ្រង់បានពង្រីកអាណាខេត្តយ៉ាងមហាសាលឆ្ពោះទៅទិសភាគខាងជើងនៃប្រទេសថៃ
ភាគកណ្តាលទល់នឹងប្រទេសភូមា ភាគខាងត្បូងទល់នឹងឈូងសមុទ្របាដន (សុរាដធានី)
ទិខាងកើតទល់នឹងមាត់ទន្លេក្រហមនៃអាណចក្រតុងកឹង។ ទ្រង់បានបង្ក្រាបអាណាចក្រចម្ប៉ា
ហើយគ្រប់គ្រងបាន ៤ ឆ្នាំ ។
ព្រះមហាក្សត្រព្រះអង្គនេះទ្រង់គោរពសាសនាហិណ្ឌូនិកាយវៃស្ណុយ៉ាងខ្ជាប់ខ្ជួន
ហើយទ្រង់បានផ្សំផ្គុំលទ្ធិសៃវៈ និង លទ្ធិវៃស្ណុឲ្យចូលគ្នា រហូតបានដល់ហៅថា ជាលទ្ធិវិស្ណុរាជជំនួសលទ្ធិទេវរាជ, ទ្រង់បានសាងអង្គរវត្ត
ដែលមានឈ្មោះថាជាសាសនស្ថានដ៏ធំបំផុតក្នុងលោក (ប្រាសាទ
ដែលត្រូវបានសាងប្រហាក់ប្រហែលនេះគឺប្រាសាទបន្ទាយឆ្មាររបស់ព្រះបាទជ័យវរ្ម័នទី ៧
នាជើងភ្នំដងរែកនៅខ្មែរ និង មហាចេតីយ៍បរមពុទ្ធោនៃប្រទេសជ្វា (ឥណ្ឌូណេស៊ី) មានវិស្ណុទេវាល័យ
ដែលប្រតិស្ឋានទេវរូបមាសនៃវិស្ណុទេពទ្រង់គ្រុឌឋិតនៅចំកណ្តាលបរិវេណទាំងអស់មានផ្ទៃដីដល់
៨៥០ x ១០០០ ម៉ ព័ទ្ធជុំវិញ ទទឹងដល់ទៅ ២០០ ម៉។ទោះជាយ៉ាងណាក៏ដោយនៅចុងរាជកាល
ទ័ព ដែលព្រះអង្គបញ្ជូនទៅចម្បាំងនៅតុងកឹងទទួលបរាជ័យយ៉ាងខ្លាំង។ការកសាងដ៏មហិមា និង
នយោបាយចម្បាំងដ៏ប៉ុនប្រសបរបស់ព្រះអង្គ ធ្វើឲ្យអាណាចក្រខ្មែរ
ពេលផុតពីរជ្ជកាលរបស់ព្រះអង្គហើយ
ត្រូវធ្លាក់នៅក្នុងអន្ទាក់នៃសេចក្តីទុក្ខលំបាកអស់រយៈកាលជាយូរ។
ចំណែកឯព្រះអង្គផ្ទាល់ ពេល ដែលសោយទិវង្គតទៅហើយ បានទទួលកិត្តិនាមជាព្រះបរមវិស្ណុលោក ។
អាណាក្រខ្មែររុងរឿងម្តងទៀតជាលើកចុងក្រោយ ក្នុងសម័យរបស់ព្រះបាទជ័យវរ្ម័នទី
៧ ព្រះមហាក្សត្រព្រះអង្គនេះទ្រង់ជាពុទ្ធសាសនិកនៃនិកាយមហាយាន
ប្រកបដោយសទ្ធាយ៉ាងមុះមុត។ទ្រង់មានសិទ្ធិឡើងគ្រងរាជ្យស្នងព្រះរាជបិតាតាំងតែពី
ព.ស.១៧០៣ ប៉ុន្តែព្រះអនុជរបស់ព្រះអង្គបានឡើងគ្រងរាជ្យជាមុន
ក្នុងឋានៈជាពុទ្ធសាសនិកជន ទើបទ្រង់មិនមានបំណងធ្វើឲ្យសង្គ្រាមកើតឡើងកណ្តាលផ្ទៃក្នុង
ដែលនាំឲ្យមានភាពក្តៅក្រហាយដល់ប្រជាជន ទើបព្រះអង្គបានភៀសព្រះកាយទៅសំណាក់អាស្រ័យនៅប្រទេសចម្ប៉ា
តមកនៅក្នុង ព.ស.១៧២០
ព្រះមហាក្សត្រនៃនគរចម្ប៉ាបានលើកទ័ពជើងទឹកមកវាយប្រហារប្រទេសខ្មែរ
ដោយមិនឲ្យដឹងខ្លួនមុន ដណ្តើមបានទីក្រុង ហើយបំផ្លិចបំផ្លាញអង្គរវត្ត។
ព្រះមហាក្សត្រខ្មែរសោយទិវង្គតក្នុងឧបទ្ទវៈហេតុនេះ ប្រទេសជាតិកើតចលាចលជ្រួលច្របល។ព្រះបាទជ័យវរ្ម័នទ្រង់បានធ្វើមាតុភូមិនិវត្តន៍
វាយកងទ័ពចាមឲ្យបែកខ្ញែកប្រឡប់ទៅស្រុកវិញ។ ទ្រង់បានរៀបចំប្រទេសជាតិឲ្យមានរបៀបរៀបរយ
ហើយបានឡើងគ្រងរាជ្យនៅ ព.ស.១៧២៤។ពេលបង្រ្កាបសឹកផ្ទៃក្នុងរួចហើយ
ក៏ទ្រង់បានទៅវាយបង្រ្កាបអាណាចក្រចម្ប៉ាបានមកជាប្រទេសចំណុះរបស់ព្រះអង្គ ក្រៅពីនេះ
ព្រះអង្គទ្រង់នៅបានពង្រីកអាណាចក្រចេញទៅទៀតទល់ទិសខាងជើង និង ទិសផ្សេងៗទៀត
រហូតដល់អាណាចក្រខ្មែរសម័យ នោះមានផ្ទៃដីធំធេងជាងសម័យរបស់ព្រះបាទសុរយវរ្ម័ន្តទី២។
ផ្នែកខាងសាសនា
ព្រះអង្គទ្រង់បានទំនុកបំរុងព្រះពុទ្ធសាសនាមហាយានរហូតដល់បានចំរើនរុងរឿងយ៉ាងទូលំទូលាយ
ធ្វើឲ្យការបូជាព្រះសិវៈ និង ព្រះវិស្ណុចុះខ្សោយទៅៗ
ទ្រង់បានតាំងលទ្ធិពុទ្ធរាជឡើងជំនួសលទ្ធិទេវរាជ ហើយទ្រង់សាងនគរធំ (មហានគរ)
ឡើងជារាជធានីដោយមានពុទ្ធវិហារបាយ័ន (ប្រាសាទបាយ័ន)ប្រតិស្ឋានព្រះពុទ្ធរូបធំបំផុត
(ពុទ្ធរាជ)ឋិតនៅចំកណ្តាលកំពូលព្រះវិហារ ឬប្រាសាទបាយ័នជាមានប្រាង្គជាមាស
មានព្រះកេសព្រះពោធិសត្វ (ព្រះពោធិសត្វអវលោកិតេស្វារៈ) ៤
ព្រះភក្រ្តកំពុងញញឹមសំឡឹងទៅទិសទាំង ៤ ដូចជាព្រះព្រហ្ម។ រូប និង
ព្រះភក្រ្តរបស់ព្រះពុទ្ធជាម្ចាស់ និង ព្រះពោធិសត្វគឺជារូប និង
ព្រះភក្រ្តរបស់ព្រះបាទជ័យវរ្ម័ននោះឯង ព្រោះព្រះពុទ្ធរាជគឺរាជាព្រះពុទ្ធជាម្ចាស់
ឬព្រះបាទជ័យវរ្ម័នបានទាំងជាព្រះរាជា និង ទាំងជាព្រះជាម្ចាស់។ ហេតុបានជាយ៉ាងនេះ
អាស្រ័យព្រះបាទជ័យវរ្ម័នទ្រង់មានសទ្ធាក្នុងព្រះពុទ្ធសាសនាយ៉ាងក្លៀវក្លា រហូតដល់មានអារម្មណ៍ថាព្រះអង្គទ្រង់ជាព្រះពុទ្ធ
ដែលទ្រង់គង់ជាធរមាននៅឡើយ បើកព្រះនេត្រត្រួតត្រាប្រជានិករ
ផ្សព្វផ្សាយព្រះមេត្តាករុណាចេញទៅឃុំគ្រងគ្រប់ទិសានុទិសនៃផែនដីរបស់ព្រះអង្គ។
នៅបរិវេណប្រាសាទ (វិហារបាយ័ន) នោះមានព្រះកេស ៤
ព្រះភក្រ្តដូចនេះដែរតែមានខ្នាតតូចជាង នៅលើកំពូលព័ទ្ធជុំទ្វារ និង
ប្រាង្គទាំងឡាយរាយគ្រប់ជាន់ទាំងខាងក្នុង និង ខាងក្រៅរួមប្រមាណ ៥០ ព្រះកេស។
គូព័ទ្ធជុំក្រុងវាស់មានប្រវែងប្រមាណ ១២ គីឡូម៉ែត្រ។
ក្រៅពីប្រាសាទអង្គរធំ និង ប្រសាទបាយ័ននេះ ព្រះបាទជ័យវរ្ម័នទី ៧
ទ្រង់ថែមទាំងបានសាងវិហារប្រាសាទជាច្រើនទៀត ដូចជាប្រាសាទតាព្រហ្ម
(ឧទ្ទិសចំពោះរាជមាតា ចាត់ជាវិហារសម្រាប់ស្នាក់អាស្រ័យ និង
ជាស្ថានទីសម្រាប់ព្រះសង្ឃ) ប្រសាទជ័យសិរី ឬប្រសាទព្រះ ខ័ន្ធ
(ឧទ្ទិសជាស្ថានទីប្រតិស្ឋានរូបរាជបិតា)ជាដើម។
ទ្រង់សាងព្រះពុទ្ធរូបជាសិរីមង្គលដល់ព្រះរាជាណាចក្រព្រះ នាមថា “ព្រះពុទ្ធជ័យមហានាថ”
ប្រតិស្ឋានទុកនៅក្នុងទីផ្សេង ៗ ទូទាំងប្រទេស
(នៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្នមាននៅឯខេត្តលុពបុរី សោភ័ណបុរី រាជបុរី ពេជ្របុរី
សីង្ហបុរី
ជាដើម)ហើយដង្ហែមកបំពេញពីធីកក់ស្រង់ព្រះអង្គនៅប្រាសាទព្រះខ័ន្ធជ័យសិរីក្នុងខែស្រាពណ៍ជារៀងរាល់ឆ្នាំ។
ក្រៅពីនេះទ្រង់បានសាងមហាវិថីជាច្រើន មានវីថីឆ្ពោះទៅកាន់ទីក្រុងនៃអាណាចក្រចម្ប៉ា
និង ក្រុងភីម៉ាយ (ខេត្តនគររាជសីមាប្រទេសថៃបច្ចុប្បន្ន)ជាដើម។
រវាងមហាវិថីទាំងនេះទ្រង់បានសាងអគិ្គសាលា(សាលាសំណាក់)ជាទីអាស្រ័យរបស់អ្នកដំណើរ ១២១
កន្លែង មន្ទីរពេទ្យ ១០២ កន្លែង ព្រមជាមួយឱសថ គិលានុបដ្ឋាយិកា អ្នករៀបចំអាហារ
ចំណែកឯត្រពាំង និង ស្រះទឹក ទ្រង់បានពង្រីករបបធារាសាស្រ្តឲ្យបានទូលំទូលាយតទៅទៀត។
ការកសាងវត្ត(វិហារ) និង គ្រឿងសាធារណូបភោគ ទាំងនេះសន្និដ្ឋានបានថា
ទ្រង់គង់បានដំណើរតាមព្រះរាជចរិយាវត្តរបស់ព្រះបាទ ធម្មាសោកមហារាជ។
មានហេតុការណ៍សំខាន់ម្យ៉ាងទៀតក្នុងរាជកាលនេះធ្វើឲ្យមានការកើតការផ្លាស់ប្តូរផ្នែកខាងសាសនាក្នុងប្រទេសកម្ពុជាសម័យតៗមក
គឺនៅខាងដើមរាជកាលនៃព្រះបាទជ័យវរ្ម័នទី ៧ នេះ
ត្រូវនឹងរាជកាលបរស់ព្រះបាទប្រាក្រមពាហុមហារាជនៃប្រទេសសិរីលង្កា
ពេលនោះព្រះពុទ្ធសាសនាថេរវាទនៅប្រទេសសិរីលង្កាបានទទួលការស្តារឡើងវិញ និង
ទំនុកបំរុងឲ្យចំរើនរុងរឿងទាំងផ្នែកខាងការសិក្សា និងការបដិបត្តិយ៉ាងល្បីល្បាញគ្រប់ទិសទី។
មានភិក្ខុសាមណេរនិមន្តពីប្រទេសផ្សេងៗ ដើម្បីបំពេញការសិក្សារៀនសូត្រ
រហូតដល់ក្លាយជាមជ្ឈមណ្ឌលដ៏ធំក្នុងវិស័យពុទ្ធិកសិក្សា។
នៅក្នុង ព.ស.១៧៣៣ ព្រះសង្ឃជនជាតិមនមួយអង្គព្រះនាមឆព្វត
ដែលនិមន្តមកពីប្រទេសភូមារួមដំណើរតាមព្រះមហាថេរមនមួយអង្គទៅប្រទេសសិរីលង្កា
តាំងតែពីគ្រានៅជាសាមណេរ បានសិក្សាអស់រយៈកាល ១០ ឆ្មាំ ហើយបំពេញឧបសម្បទារួច
និមន្តត្រឡប់មកប្រទេសភូមា ដំណើរការអប់រំ និង ផ្តល់ការឧបសម្បទាតាមបែបសិរីលង្កា
ធ្វើឲ្យពុទ្ធសាសនិកភូមាមានការផ្ញាក់រលឹកក្នុងការសិក្សាបដិបត្តិឡើងវិញទៀតផង
ព្រមទាំងធ្វើឲ្យព្រះសង្ឃភូមាមានការបែកបាក់ចេញជានិកាយថែមផងដែរ។
ក្នុងការនិមន្តត្រឡប់មកនោះ ព្រះភិក្ខុឆព្វត បាននាំព្រះសង្ឃជនជាតិដទៃ៤
អង្គរួមដំណើរមកជាមួយផងដែរ, ក្នុងចំនួននោះ មានមួយអង្គព្រះនាមតាមលិន្ទជាអង្គ
ដែលអ្នកប្រវត្តិសាស្រ្តសន្និដ្ឋានថាជាព្រះរាជបុត្តមួយអង្គរបស់ព្រះបាទជ័យវរ្ម័នទី៧។
ព្រះតាមលិន្ទនិមន្តមកផ្សព្វផ្សាយព្រះពុទ្ធសាសនានៅប្រទេសកម្ពុជាឬអត់ក៏ដោយ
ប៉ុន្តែព្រះពុទ្ធសាសនាថេរវាទបែបសិរីលង្កា
ដែលមកថ្មីៗនេះក៏បានទទួលការពេញនិយមពីប្រជាជន
ហើយផ្សាយចេញទៅទៀតទូទាំងឈូងសមុទ្រឥណ្ឌូចិនផ្នែកកណ្តាល និង រួមទាំងអាណាចក្រខ្មែរទាំងស្រុងនៅទីបំផុត។
ព្រះបាទជ័យវរ្ម័នទី៧ សោយទិវង្គតប្រមាណ ព.ស.១៧៦១ និង
បានទទួលព្រះរាជកិត្តិនាមថា “ព្រះមហាបរមសៅគត”
(ស្មើនឹងមហាបរមសុគត ដែលមានមកពីព្រះនាមរបស់របស់ព្រះពុទ្ធព្រះនាមព្រះសុគត)
តាំងពីពេលនោះមក អាណាចក្រខ្មែរក៏ចុះខ្សោយទ្រុឌទ្រោមជាលំដាប់ ទោះមានការស្ទុះស្ទារឡើងមួយដងមួយគ្រា
តែមិនបានស្ទុះទៅរកឋានៈដ៏ធំធេងនោះទៀតបានឡើយ។ ដែលបានជាដូច្នេះ ព្រោះមានហេតុ
២ប្រការគឺសង្រ្គាមពង្រីកអំណាច និង ការកសាងហួសពីខ្នាតបង្គួរ។
អ្នកប្រាជ្ញតែងចោទប្រកាន់ថា ក្សត្រទាំងពីរព្រះអង្គគឺ ព្រះបាទសុរិយវរ្ម័នទី២ និង
ព្រះបាទជ័យវរ្ម័នទី៧ថា “ការស្រេកឃ្លានអំណាច និង ភាពខ្លាំងក្លារបស់ព្រះអង្គ
ញ៉ាំងឲ្យទ្រង់កសង្រ្គាមលុកលុយធំធេង និង ធ្វើការកសាងដ៏ខ្ជះខ្ជាយហួសប្រមាណ”។ហេតុទាំងពីរយ៉ាងនេះ
ធ្វើឲ្យការប្រមូលពន្ធដារកាន់តែថ្លៃ កេណ្ឌកម្លាំងកម្មករកាន់តែច្រើន
ប្រមូលមនុស្សមកថែរក្សា និង បំរុងបំរើក្នុងប្រាសាទរាជស្ថានខ្ជះខ្ជាយទាំងកំលាំងមនុស្ស
កំលាំងទ្រព្យ ប្រជាជនក៏ល្ហិតល្ហៃគ្មានកំលាំង
ហើយសន្សឹមៗភ្ជាប់មកជាមួយការមិនពេញចិត្តក្នុងសភាពការណ៍របស់ប្រទេសជាតិកើនឡើងជារឿយៗ
រហូតដល់មានភាពតឹងតែង សមពេលទៅនឹងនយោបាយប្រទេសជាតិថៃមានភាពរឹងប៉ឹងឡើងមកសន្សឹមៗ
ចូលមកក្រញ៉ាំជារឿយៗ រហូតដល់ទន់ខ្សោយរើសបម្រះមិនបាន។
ទោះជាយ៉ាងណាក៏ដោយ
អ្នកប្រាជ្ញក៏មានភាពអស្ចារ្យក្នុងចិត្តក្នុងការកសាងអង្គរវត្ត អង្គរធំរបស់ខ្មែរថា
“សមិទ្ធិផលដ៏ធំមហិមាលើសលប់បែបនេះ កើតឡើងបានយ៉ាងណា”។អាស្រ័យការស្រាវជ្រាវ
ញ៉ាំងឲ្យមានការយល់ឃើញថា “ដោយមានភាពសន្តិសុខខាងផ្នែកសេដ្ឋកិច្ចជាមូលដ្ឋាន
ពោលគឺរបបធារាសាស្រ្តដ៏ល្អលើសលប់ ដែលបានបន្តវេនមកពីសម័យហ្វូណន
រាប់បានថាជាមត៌ករបស់ជាតិផងខ្លួន មិនមែនទទួលអរិយធម៌ពីឥណ្ឌានោះទេ។
ដោយរបបធារាសាស្រ្តនេះ
ប្រជាជនខ្មែរអាចប្រើប្រាស់ប្រយោជន៍ទឹកយ៉ាងពេញទី មិនឲ្យមានបញ្ហាកង្វះខាតទឹកទេ និង
បញ្ហាទឹកច្រើនហួសប្រមាណ មានទំនប់ទឹកខ្នាតធំ ដូចជាទំនប់ទឹកកន្លែងមួយចំណុះទឹកដល់ទៅ
៣០ លានម៉ែត្រគីប មានប្រឡាយ ទ្វារបង្ហូរទឹកបញ្ចូលស្រែចំការ
ភូមិស្រុកប្រជាជនឲ្យប្រើបានគ្រប់ពេលតាមសេចក្តីត្រូវការ ធ្វើស្រែបាន ៣-៤
រដូវក្នុងមួយឆ្នាំ។ រូបភាព ដែលបានថតពីលើអាកាស
ធ្វើឲ្យឃើញនូវរបបធារាសាស្រ្តបែបនេះធំល្វឹងល្វើយ មានផ្ទៃដីដល់ទៅ ៣២.២៩ លានរ៉ៃ ។
ព្រះមហាក្សត្រខ្មែរមានព្រះរាជភារកិច្ចសំខាន់ប្រការដំបូងគឺ
ព្រះអង្គទ្រង់ចាំបាច់បំពេញរាជករណីយកិច្ចដើម្បីប្រយោជន៍ដល់ប្រជារាស្រ្ត
ជាពិសេសគឺការងារធារាសាស្ត្រ ឲ្យមានសមិទ្ធិផលល្អប្រសើរ មុននឹងទ្រង់ផ្តើមការកសាងប្រាសាទស័ក្តិសិទ្ធិរបស់ព្រះ
អង្គ។ អាស្រ័យសេដ្ឋកិច្ច ដែលមានស្ថេរភាពជាគ្រឹះ។លទ្ធិទេវរាជ (លទ្ធិវិស្ណុរាជ ឬ
លទ្ធិពុទ្ធរាជក៏ដោយក៏មានប្រយោជន៍ដូចគ្នា)
ទើបមានប្រសិទ្ធិភាពក្នុងការបំពេញនាទីជាឧបករណ៍សម្រាប់ចាត់ចែង និង
ប្រមូលកំលាំងរាស្រ្តឲ្យបានផលពេញទី ជំនួយឲ្យកើតកម្លាំងរឹងប៉ឹងបរិបូណ៌។
ដោយន័យនេះ
ព្រះមហាក្សត្រទើបទ្រង់និមិត្តសញ្ញាទាំងជាអង្គជំនួសអំណាចរបស់ព្រះជាម្ចាស់
ជាមជ្ឈដ្ឋានរបស់ចក្រវាឡ និង ទ្រង់ជានិមិត្តរូបនៃការស្ថាបនា បណ្តាលឲ្យមានភាពរុងរឿង
ឧត្តមសម្បូរ។ ទោះជាយ៉ាងណាក៏ដោយលទ្ធិទេវរាជ (រួមទាំងវិស្ណុរាជ និង ពុទ្ធរាជ)
អាងទៅលើសាសនាហិណ្ឌូ និង ពុទ្ធសាសនាមហាយាន ដែលមាននៅក្នុងថ្នាក់មូលដ្ឋាន
(ប្រជាជនធម្មតា) ពេលពុទ្ធសាសនាថេរវាទចូលមកដល់
ទើបលទ្ធិនេះបានសាបសូន្យទៅយ៉ាងឆាប់រហ័ស។
ផ្នែកខាងសាសនាដោយត្រង់ ខណៈ ដែលព្រះបាទជ័យវរ្ម័នទី ៧ សោយទិវង្គតហើយ
ពួកសៃវៈសំដែងបដិកិរិយាចំពោះព្រះពុទ្ធសាសនា
ដោយយកព្រះពុទ្ធរូបអង្គធំប្រតិស្ឋាននៅក្នុងពុទ្ធវិហារបាយ័នចោលទៅក្នុងរណ្តៅ
ហើយក៏នាំយកសិវលិង្គទៅប្រតិស្ឋានជំនួសវិញ។
សូម្បីតែនៅកន្លែងផ្សេងៗក៏មានការបំផ្លិចបំផ្លាញវត្ត និង
ព្រះពុទ្ធរូបច្រើនកន្លែងយកសិវលិង្គដាក់តាំងជំនួសព្រះពោធិសត្វអវលោកិតេស្វារទាំងអស់។
ចំណែកឯព្រះពុទ្ធរូបព្រះពោធិសត្វអវលោកិតេស្វារ៤ព្រះភក្រ្ត
លើប្រាង្គព័ទជុំទ្វារនៃប្រាសាទនគរធំ ពួកសៃវៈក៏ប្តូរជំនឿថាជារូបប្រសិវៈ
លាងជំរះលទ្ធិពុទ្ធរាជឲ្យអស់ យ៉ាងណាក៏ដោយ មិនថាសាសនាទាំងនេះ (សៃវៈ វៃស្ណុ និង មហាយាន)
ដណ្តើមគារវភាពគា្នក្នុងរូបភាពបែបណាក៏ដោយ អាវសាននៃលទ្ធិទាំង៣នេះ
កំពុងតែនឹងជិតឈានចូលមក ព្រោះព្រះពុទ្ធសាសនាបែបថេរវាទបានរីកសាយភាយ និង
មានកម្លាំងកាន់ខ្លាំងជាលំដាប់។ សាសនាដើមទាំង
៣លទ្ធិនោះរីកចំរើនក្នុងអាណាចក្រខ្មែរច្រើនសតវត្សរ៍ហើយក៏ដោយ
តែក៏គ្រាន់តែជាសាសនានៃរាជសំណាក់នាហ្មឺនមន្ត្រី និង អភិជនតែប៉ុណ្ណោះ មានភាពជាប់ជំពាក់ជាមួយនឹងឋានន្តរស័ក្តិ
និង ពិធីកម្មខ្ជះខ្ជាយឥតប្រយោជន៍ មាននាទីសំខាន់គឺ
រ៉ាបរងលើកតម្កើងទេវឋានៈរបស់ព្រះមហាក្សត្រមេដឹកនាំដោយការប្រកបពិធីកម្មផ្សេងៗជាដើម។
រួមទាំងការប្រកបពិធីកម្មដោយកំណត់តម្លៃតបស្នងខ្ពស់
ចាត់បានថាជាការកំណត់ខ្លួននៅក្នុងរង្វង់ចង្អៀត សូម្បីតែទាក់ទងទៅនឹងប្រជាជន
ក៏គឺជារូបបែប
ដែលហៅថាអំណាចពីជាន់លើ(ព្រះជាម្ចាស់)មិនជ្រាបចូលដល់ប្រជាជនដោយពិតប្រាកដ
មិនជ្រៀតចូលក្នុងអារម្មណ៍ និង វិថីជីវិតប្រចាំថ្ថៃរបស់ប្រជាជន
ថែមទាំងបែងចែករវាងចៅហ្វាយនាយ និង ប្រជាជនឲ្យដាច់ពីគ្នាទៀតផង។ សម្រាប់ប្រជាជនសាមញ្ញ
សាសនារបស់ពួកគេគឺទាក់ទងទៅនឹង ខ្មោច អារក្សអ្នកតា និង ការបូជាបុព្វបុរស
ព្រមជាមួយនេះដែរក៏គង់នឹងមានព្រះពុទ្ធសាសនាថេរវាទ
ដែលមានតៗមកតាំងពីបុរាណបង្កប់នៅផងដែរ
រាប់បានថាជាចន្លោះយ៉ាងធំធេងតាំងពីព្រះពុទ្ធសាសនាថេរវាទបែបសិរីលង្កា
ដែលបានដុះខាត់ថ្មីឲ្យកាន់តែភ្លឺច្បាស់ និង មាន ថាមពលរឹងប៉ឹងក្លៀវក្លាផ្សព្វផ្សាយចូលមក
ប្រជាជនខ្មែរក៏ព្រមទទួលគោរពជាទូទៅយ៉ាងលឿន។
លក្ខណៈសំខាន់របស់ថេរវាទ ដែលចូលដល់ប្រជាជនបានយ៉ាងល្អក្នុងគ្រានោះ
មានអ្នកសរសេរសរុបថា ជាសាសនាបែបងាយៗ សាមញ្ញធម្មតា
មិនចាំបាច់មានក្រុមអ្នកបួសដើម្បីរក្សាសាសនាស្ថាន ដែលមានតម្លៃ ដ៏ហឺហា
ឬដើម្បីប្រកបពិធីកម្មដ៏មហោឡារឹក។ អ្នកផ្សព្វផ្សាយសាសនា
គឺជាព្រះសង្ឃទ្រង់វិន័យខ្ជាប់ខ្ជួន ទ្រទ្រង់ជីវិតតាមបែប ធម្មតាៗ ចូលទៅរកភាពស្ងប់ស្ងាត់
បំពេញសមាធិភាវនា បរិច្ឆាគលះបង់ គ្នានទ្រព្យសម្បត្តិ
មានសម្ព័ន្ធភាពជាមួយប្រជាជនជិតស្និទ្ធ អប់រំប្រប្រដៅប្រជាជនដោយផ្ទាល់
ប្រកបដោយមេត្តាករុណា មិនមានការកេណ្ឌកម្លាំងមកសាងសាសនា ស្ថាន ដែលធំដុំ ក្រៅពីនេះ
ពួកក្មេងយុវជន(វ័យជំទង់)ក៏ត្រូវសិក្សារៀនសូត្រ
មកជ្រកអាស្រ័យជាមួយព្រះសង្ឃក្នុងវត្ត រយៈពេលមួយ
(បណ្តោះ អាសន្ន)ផេ្សងពីពួករាជការឬសាសនាដើម ដែលមិនមានសាលារៀន បង្រៀនដើម្បីអប់រំ ឡើយ។ ដោយហេតុព្រះពុទ្ធសាសនាថេរវាទទើបផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយល្បឿនយ៉ាងរហ័ស
ខណៈពេល ដែល ប្រជាជនចំនួនច្រើនបានគោរពព្រះពុទ្ធសាសនាបែបថេរវាទនេះហើយ
ជំនឿក្នុងភាពស័ក្តិសិទ្ធតាមបែបសាសនាហិណ្ឌូនិកាយសៃវៈក្តី និកាយ វៃស្ណុពក្តី
ព្រះពុទ្ធសាសនាមហាយានក្តីក៏បានសាបសូន្យទៅឯង។ ភាពជាទេវរាជ ដែលព្រះមហាក្សត្រជាព្រះជាម្ចាស់
ឬព្រះពុទ្ធចុះមកបដិសន្ធិក៏បានឈានដល់អាវសានត្រឹមនេះឯង។ កម្លាំងទាក់ទាញ
ដែលបណ្តាលចិត្តឲ្យប្រជាជនមករួមកម្លាំងធ្វើការងារធំដុំ តួយ៉ាងដូចជាការសាងប្រសាទថ្មក៏មិនមានគ្រឹះស្ថានតាំងមាំ
ពួកព្រាហ្មណ៍ក៏សាបសូន្យអំណាចពីរាជសំណាក់ និង មានចំនួនតិចទៅ ៗ រាជពិធី ដែលព្រាហ្មណ៍ប្រកបក៏បានក្លាយជាកម្មវិធីគ្រាន់តែធ្វើ
ៗទៅមិនមានន័យប៉ុន្មានទេ។
ចំណែកព្រាហ្មណ៍ ខណះពេល ដែលចាកចេញពីរាជវាំង ឬទេវាល័យរបស់ខ្លួនហើយ
ក៏មិនមានឋានៈឋិតនៅក្នុងចំណោមប្រជាជន ព្រមទាំងរបបវណ្ណៈ ដែលនិយមបែបឥណ្ឌាក៏មិនមាន។
សាសនាដើមទើបអស់ទៅយ៉ាងលឿន ដល់ថ្នាក់សូន្យតែម្តង
សូម្បីតែមានឥទ្ធិពលចំពោះប្រពៃណីការគ្រប់គ្រង និង
រាជពិធីផ្សេងៗក្នុងរាជសំណាក់ថៃសម័យអយុធ្យាមិនតិចឡើយ
តែប្រជាជនទូទៅក៏មិនមានអារម្មណ៍ថាជាប់ទាក់ទងជាមួយខ្លួន។
ក្រៅពីនេះ សភាពការណ៍ក៏អាចមានផលចំពោះការធ្វើសង្រ្គាមជាមួយប្រទេសថៃផង
ពោលគឺ ប្រជាជនកម្ពុជាសម័យនោះប្រហែលជាមិនសូវក្លាហានក្នុងការប្រឆាំងជាមួយសត្រូវ
ព្រោះជ័យជំនះរបស់ថៃ ដែលជាពុទ្ធសាសនិកបែបថេរវាទ រមែងអំណោយផលប្រយោជន៍ដល់ប្រជាជន
ជាហេតុនាំឲ្យមិនមានការកេណ្ឌកម្លាំងពលកម្មប្រាកដឡើង ផ្ទុយទៅវិញបានរំដោះខ្លួន និង មានឱកាសទទួលការសិក្សាបន្ថែម
មានភ័ស្តុតាងបញ្ជាក់ថា ព្រះមហាក្សត្រ ដែលគ្រង់រាជ្យនៅ ព.ស.១៨៣៩
ព្រះរាជទានដីកសាងវត្តពុទ្ធសាសនាថេរវាទ សិលាចារឹកក្នុងសម័យនេះ ក៏ផ្លាស់ទៅជាភាសាបាលី
ហើយតមកទៀត ទេវស្ថានផ្សេងៗរបស់ហិណ្ឌូក៏ក្លាយមកជាវត្តពុទ្ធសាសនា។
ពេល ដែលជីវតាក្វានធ្វើដំណើរមកជាមួយគណៈទូតចិនដល់ក្រុងអង្គរក្នុង
ព.ស. ១៨៣៩ គាត់បានសរសេរថា ប្រជាជនគ្រប់គ្នាបូជាព្រះពុទ្ធជាម្ចាស់
ហើយពោលដល់ចៅកូ(គឺចៅកូមានន័យថាភិក្ខុសង្ឃថេរវាទ) ព្រមទាំងពណ៌នាដល់លក្ខណៈគ្រងជីពរ
ការដំណើរជីវិត និង សភាពការណ៍នៃវត្តអារាម គាត់ពោលថា ពួកមេដឹកនាំចូលចិត្តមកប្រឹក្សាជាមួយព្រះសង្ឃក្នុងរឿងផ្សេងៗ។
ភ័ស្តុតាងផ្សេងៗសែ្តងថា ពេលនោះពុទ្ធសាសនាបែបថេរវាទបានក្លាយទៅជាសាសនាសំខាន់របស់អាណាចក្រខ្មែរទៅហើយ
រួចមកដល់ ព.ស ១៨៨០
ព្រះមហាក្សត្រកម្ពុជាព្រមទាំងសមាជិកក្នុងរាជសំណាក់ទាំងអស់បានក្លាយជាពុទ្ធសាសនិកថេរវាទ
ព្រោះមានភ័ស្តុតាងប្រាកដដល់ថ្នាក់ថា
ទ្រង់ជាម្ចាស់ការមាននាទីនឹងឲ្យព្រះមហាក្សត្រលាវ
ដែលភាសខ្លួននៅស្រុកខ្មែរ(ចៅភាង៉ុម)ជាពុទ្ធសាសនិកដ៏ល្អ។
ត្រឡប់ទៅវិញនិយាយអំពីនយោបាយបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី ៧
សោយទិវង្គតទៅហើយលុះមកដល់ ព.ស.១៧៦៣ កងទ័ពខ្មែរបានដកថយពីប្រទេសចម្ប៉ាត្រឡប់មកវិញ។ ពួកចាមក៏មានសេរីភាពឡើងវិញ
ព្រមជាមួយនេះដែរ ភ័ស្តុតាងកន្លែងខ្លះបានពោលថា អាណាចក្រតាមពនលិង្គ ក៏បានតាំងខ្លួនជាឥស្សរៈ
ព្រមជាមួយនេះ ជនជាតិថៃក៏មានអំណាចរឹងប៉ឹងឡើង ព.ស.១៨០០
ក៏បានតាំងជាអាណាចក្រសុខោទ័យសម្រេចជាអាណាចក្រឯករាជ្យពីអាណាចក្រខ្មែរ។
ទិងខាងជើងទៅទៀតមានអាណា ចក្រឡានណាថៃ ក៏បានឯករាជ្យភាពព្រមគ្នា រីឯប្រទេសភូមា
អាណាចក្រពុកាមស្របពេលជាមួយគ្នានេះក៏បានជួបប្រទះបញ្ហាពីពួកម៉ុងហ្គោលី
ដែលកំពុងតែពង្រីកអំណាចចុះមក រហូតដល់បាត់បង់នូវឯករាជ្យភាពឲ្យយុងយ៉ីខាន ក្នុង
ព.ស.១៨៣០ រវាងនេះអាណាចក្រថៃក៏រុងរឿងឡើងជាលំដាប់។ ចំណែកឯអាណាចក្រចម្ប៉ាគូសង្រ្គាមដើមរបស់ខ្មែរ
ក៏កំពុងតែតាំងខ្លួនឡើងសារជាថ្មី ហើយត្រូវបង្វែរចំណាប់អារម្មណ៍ទៅខាង វៀតណាមគូសឹកម្ខាងទៀត ដែលកំពុងតែពង្រីកអំណាចចុះមកពីទិសខាងជើង
ទើបក្លាយជាការបើកឱកាសជួយឲ្យ កម្ពុជា នៅស្ងប់
ក្នុងខណៈពេល ដែលកំពុងតែមានកម្លាំងអន់ខ្សោយទៅ។ ពេល ដែលចាំបាច់នឹងមានថាមពលអំណាចចំកាត់ថយចុះ
ដូច្នេះ កម្ពុជាក៏មិនមានសមត្ថភាពប្រមូលកម្លាំងក្នុងការកសាងប្រាសាទថ្មធំៗ និង
ការធ្វើសង្រ្គាមពង្រីកអាណាចក្រ ទើបបែរមកចាប់អារម្មណ៍ឧបត្ថម្ភគាំទ្រផ្នែកវិជ្ជាការ
ធ្វើឲ្យការសិក្សាមានសន្ទុះកើនឡើងមួយរយៈ
អ្នកពេញចិត្តការសិក្សាបានទទួលការលើកតម្កើងឲ្យមានកិត្តិយសខ្ពង់ខ្ពស់
អ្នកប្រាជ្ញរាជបណ្ឌិត្យ មានអំណាចកើនឡើងយ៉ាងច្រើន និង
បានជាអ្នកមានអំណាចគ្រប់គ្រងកិច្ចការរបស់ប្រទេសជាតិ។
បន្ទាប់មកអាណាចក្រថៃនៅអយុធ្យា ក៏មានអំណាចកើនឡើង
បានលើកទ័ពមកវាយប្រទេសកម្ពុជា រឹបអូសអង្គរធំបានច្រើនគ្រា គឺនៅ ព.ស.១៨៩៦
(អ្នកប្រាជ្ញលោកខាងលិចយល់ថា ព.ស.១៩១២) គ្រប់គ្រងបាន ៦ ឆ្នាំ ព.ស.១៩៣២
គ្រប់គ្រងបានរយៈពេលខ្លី។ ឆ្នាំអាវសាននៅ ព.ស.១៩៧៥។
ការបរាជ័យលើកក្រោយនេះ
ធ្វើឲ្យប្រទេសកម្ពុជាចុះខ្សោយយ៉ាងខ្លាំង ព្រោះកើតរឿងជ្រួលច្របលផ្ទៃក្នុង
ដណ្តើមរាជ្យសម្បត្តិគ្នា ក្លាយទៅជាការកើតសង្រ្គាមផ្ទៃក្នុង មានប្រជាជនស្លាប់ជាច្រើន។
ព្រមហាក្សត្រព្រះអង្គថ្មីបានបោះបង់ចោលនូវរាជធានីអង្គរធំ
ទៅបង្កើតរាជធានីថ្មីនៅសិរីសន្ធរ(រាជធានីសិរីសន្ធរ) ហើយប្តូរទៅក្រុង
ភ្នំពេញជាទីអាវសាននៃសម័យអង្គរ។ បន្ទាប់ពីអង្គរវត្ត អង្គរធំត្រូវបោះបង់ចោល ដើមឈើ
វល្លិ៍ព្រៃទាំងឡាយដុះរុំព័ទ្ធណែនណានតាន់តាបចូលមក រហូតដល់ក្លាយជារាជធានីអាថ៍កំបាំងឋិតនៅកណ្តាលព្រៃ។
រហូតដល់ ព.ស.២៤០៤ ទើបមានជនជាតិបារាំងសេសត្រាចចរទៅរកឃើញ
ហើយផ្តល់ឲ្យមានការសិក្សាស្រាវជ្រាវរុករករហូតដល់មានការកាប់ឆ្ការបំរុងរក្សាតាមវិធីសិល្បៈ
បុរាណវិទ្យាជារៀងតមក។
ឃ. សម័យក្រោយអង្គរ (ព.ស.១៩៧៥ ដល់បច្ចុប្បន្ន)
យុគក្រោយនេះ
កម្ពុជាមានកម្លាំងរឹងប៉ឹងខ្លះក្នុងរយៈដំបូង តែព្រោះការធ្វើសង្រ្គាមជាមួយអាណាចក្រថៃ
ក៏ត្រូវបាត់បង់អំណាចទៅទៀត ក្លាយជាប្រទេសឋិតនៅក្រោមចំណុះរបស់ថៃ
ក្នុងផែនដីព្រះមហាក្សត្រព្រះនាមនរេសួនមហារាជ ចាប់តាំងពី ព.ស.២១៣៧ ដល់ ព.ស.២១៦១។
គ្រាបានឯករាជ្យមកវិញហើយ ស្រាប់តែត្រូវចំរយៈ ពេល
ដែលប្រទេសវៀតណាមមានអំណាចកាន់តែខ្លាំងឡើង
ព្រោះប្រទេសវៀតណាមជាគូសឹកសង្រ្គាមជាមួយប្រទេសចម្ប៉ា បានបង្រ្កាបចម្ប៉ាជាដាច់ខាត
ហើយរួមប្រទេសចម្ប៉ាជាដែនដីរបស់វៀតណាមតាំងតែ ព.ស.២០១៤ រហូតដល់ពាក់កណ្តាល ព.សវ.២២
ក៏បានឱកាស ដែលកម្ពុជាបើកឲ្យ ទើបវៀតណាមចូលមករួមវង់សង្រ្គាមក្នុងភាគខាងលេចតាំងពីពេលនោះមក។
កម្ពុជាក៏ចាប់ផ្តើមមានភាពទន់ខ្សោយទៅ ៗ ព្រោះតែសង្រ្គាមជាមួយថៃផង វៀតណាមផង
ការដណ្តើមរាជ្យ និង ការធ្វើសង្រ្គាមផ្ទៃក្នុងផង ពឹងថៃ និង
វៀតណាមឲ្យចូលមកកណ្តាលជាវេទីសង្រ្គាមរបស់ប្រទេសទាំងពីរនោះផង
ជារបាំងរវាងប្រទេសទាំងពីរនោះផង បានក្លាយជាប្រទេសឋិតនៅក្រោមចំណុះរបស់ថៃផង វៀតណាមផង
បានជាប្រទេសខឋិតនៅក្រោមចំណុះរបស់ប្រទេសទាំងពីរក្នុងពេលជាមួយផងក៏មាន។
មានការផ្លាស់ប្តូរទីក្រុងច្រើនលើកច្រើនគ្រា រហូតដល់ជិតចុង ព.សវ.២៤ ប្រទេសបារាំងសេសបានចាប់ផ្តើមចូលមកមានតួនាទីក្នុងឥណ្ឌូចិន
តមកមិនយូរកម្ពុជាក៏បានក្លាយជារដ្ឋឋិតនៅក្រោមការត្រួតត្រារបស់បារាំងសេសក្នុង
ព.ស.២៤០៦ ហើយបានក្លាយជាប្រទេសអាណានិគមរបស់បារាំងសេសនៅ ព.ស.២៤១០ ដរាបដល់ ព.ស.២៤៩៧
ទើបបានឯករាជ្យមកវិញ ហើយត្រូវបានតាំងនាមថា “ព្រះរាជាណាចក្រកម្ពុជា”
មានរាជធានីឈ្មោះថា “ភ្នំពេញ” មានព្រះមហាក្សត្រគ្រងរាជ្យតាំងពី ព.ស.២៤៨៣
ព្រះនាមថាព្រះបាទនរោត្តមសីហនុ។
តមក ព.ស.២៤៩៨
ព្រះបាទនរោត្តមសីហនុបានលះបង់រាជ្យសម្បត្តិឲ្យព្រះបាទនរោត្តមសុរាម្រិត
ជារាជបិតាឡើងគ្រងរាជ្យជំនួស ហើយព្រះអង្គក៏បានបង្កើតគណៈបក្សនយោបាយឈ្មោះថា
“សង្គមរាស្រ្តនិយម” ហើយព្រះអង្គត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្រ្តី ប្រកាន់
“នយោបាយអព្យាក្រិត្យ” (មិនចូលបក្សសម្ព័ន្ធ) ពេល ដែលព្រះបាទនរោត្តមសុរាម្រិត
ទ្រង់សោយទិវង្គតព្រះបាទនរោត្តមសីហនុទ្រង់ជាប្រមុខរដ្ឋ
តែទ្រង់មិនបានគ្រងរាជ្យជាស្តេចផែនដីទេ។ ផ្នែកខាងសាសនាព្រះអង្គទ្រង់ជាពុទ្ធមាមកៈ
ហើយទ្រង់បានចាត់ព្រះពុទ្ធសាសនាជា “សាសនាប្រចាំជាតិ” ជាផ្លូវការ។
ព្រះបាទនរោត្តមសីហនុទ្រង់សាងព្រះផ្នួសជាភិក្ខុភាវៈពីរលើក ក្នុង ព.ស.២៤៩០ និង ព.ស.
២៥០៦។ ទ្រង់មាន ព្រះរាជ តម្រេះបង្កើតទ្រឹស្តីពុទ្ធសង្គមនិយមខ្មែរឡើង
ដើម្បីឲ្យបានជាលទ្ធិនយោបាយ ឬជារបបគ្រប់គ្រងរបៀបថ្មី
ដែលប្រកាន់យកពុទ្ធធម៌ជាគោលក្នុងការគ្រប់គ្រងប្រទេស ឬន័យម្យ៉ាងទៀតគឺ
បង្កើតលទ្ធិសង្គមនិយមបែបថ្មី ដែលមានពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនាជាមូលដ្ឋាន។
ទោះជាយ៉ាងណាក៏ដោយ
ព្រះរាជាណាចក្រកម្ពុជាក្នុងសម័យថ្មីនេះឋិតនៅក្នុងយុគ ដែលអាស៊ីអាគេ្នយ៍ជាវេទិការនយោបាយបរទេស
ជាពិសេសជាកន្លែងប្រជែង ដណ្តើមអំណាចគ្នារវាងពួកសេរីនិយម និង កម្មុយនិស្តនិយម
ទើបជួបប្រទះនូវបញ្ហាជាច្រើន ទាំងផ្នែកខាងកិច្ចការបរទេស និង
ជំលោះរឿងព្រំដែនជាមួយប្រទេសជិតខាងជាដើម ជាពិសេសជាមួយប្រទេសវៀតណាម ដែលជាគូសត្រូវពីអតីត។
លុះដល់ ព.ស ២៥១៣ ព្រះបាទនរោត្តមសីហនុត្រូវបានគេធ្វើរដ្ឋប្រហារដណ្តើមអំណាច
(ព្រះអង្គអស់អំណាច)លទ្ធិពុទ្ធសង្គមនិយមសាបសូន្យ។ ក្រុមបុគ្គល
ដែលដណ្តើមអំណាចបានប្រកាស់ផ្លាស់ប្តូរព្រះរាជាណាក្រកម្ពុជាជាសាធារណរដ្ឋខ្មែរ
មានប្រធានាធិបតី លន់ នល់ ជាដំបូង។ រដ្ឋាភិបាលថ្មីប្រកាស់បញ្ជាក់ថា នៅតែគោរពព្រះពុទ្ធសាសនាជាសាសនាប្រចាំជាតិ
និង ឧបប្ថម្ភការពារឲ្យបានរឹងប៉ឹងក្នុងថ្នាក់ជាស្ថាប័នសាកលអន្តរជាតិ
ចំណែកឯព្រះសង្ឃក៏បានប្រកាស់ឥរិយាបថមិនឲ្យព្រះសង្ឃពាក់ព័ន្ធនឹងនយោបាយ។
ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជាក្រោយសម័យអង្គរមានភាពប្រហាក់ប្រហែលគ្នាខ្លាំងណាស់ប្រៀបជាមួយព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រថៃ
ទាំងផ្នែកខាងសាសនមណ្ឌលនឹងវប្បធម៌ ប្រពៃណី ដូចជាមានវត្ត និង ភិក្ខុសាមណេរជាច្រើន។
ព្រះសង្ឃបានទទួលការគោរពយ៉ាងខ្ពស់ពីប្រជាជន បំពេញនាទីជាគ្រូបាអាចារ្យ
មានប្រពៃណីបញ្ជូនក្មេង និង យុវជនឲ្យស្នាក់នៅក្នុងវត្តជាក្មេងវត្ត
ឬបួសជាភិក្ខុសាមណេរជាដើម។ ទាំងនេះព្រោះភាគច្រើនជាគតិ
ដែលផ្សព្វផ្សាយឬនាំយកមកពីប្រទេសថៃ ហាក់បីដូចជាការតបស្នងក្នុងការ
ដែលថៃធ្លាប់បានទទួលឥទ្ធិពលវប្បធម៌របស់ខ្មែរក្នុងពេលមុន
តួយ៉ាងដូចជាសំណាក់រាជវាំងថៃបច្ចុប្បន្ន ប្រើរាជស័ព្ទភាសាខ្មែរ និង
សំណាក់រាជវាំងខ្មែរប្រើរាជស័ព្ទភាសាថៃ។
ព្រះសង្ឃមានពីរនិកាយគឺ មហានិកាយ និង ធម្មយុត្ត
ដូចប្រទេសថៃ ទាំងនេះកើតមកពីការ ដែលសម្តេចព្រះ សុគន្ធាធិបតី
(ប៉ាន) និមិន្តទៅសិក្សាបរិយត្តិធម៌នៅទីក្រុងបឹងកក់ព្រះរាជាណាចក្រថៃ
បានសិក្សាបែបផែនរបស់គណៈធម្មយុត្ត ហើយនាំយករបបធម្មយុត្តិកនិកាយមកតាំងនៅព្រះរាជណាចក្រកម្ពុជា
នៅ ព.ស.២៤០៧
ហើយព្រះអង្គទ្រង់ជាសម្តេចព្រះសង្ឃរាជអង្គដំបូងនៃគណៈធម្មយុត្តិកនិកាយក្នុងព្រះរាជាណាចក្រកម្ពុជា។
ប្រជាជនខ្មែរនៅ ព.ស.២៥១៣ មានប្រមាណ ៧,០០០,០០០
នាក់ ជាពុទ្ធសាសនិក ៩០ភាគរយ មានវត្តចំ ៣៣៦៩វត្ត (វត្តមហានិកាយ ៣២៣០វត្ត
វត្តធម្មយុត្ត ១៣៩វត្ត) មានភិក្ខុសាមណេរទាំងអស់ ៦៥,០៦៣ អង្គ
(មហានិកាយ ៦២,៦៧៨ អង្គ ធម្មយុត្ត ២៣៨៥
អង្គ)ការគ្រប់គ្រងទាំងពីរគណៈនេះ ចែកចេញដាច់ដោយឡែកពីគ្នា។
គណៈនិមួយៗមានប្រមុខរបស់ខ្លួន មិនចំណុះគ្នាឡើយ។
ប្រមុខទាំងពីរនិកាយអាចនឹងប្រកាសសេចក្តីថ្លែងការណ៍រួមគ្នាបាន។
ប្រមុខសង្ឃទាំងពីរគណៈហៅថា “សម្តេចព្រះ មហាសុមេធាធិបតីសង្ឃនាយកគណៈមហានិកាយ”
(បច្ចុប្បន្ន តាំងនាមថ្មីថា សមេ្តចព្រះ អគ្គមហាសុមេធាធិបតីសង្ឃនាយកគណៈមហានិកាយ)
ប្រមុខសង្ឃផ្នែកធម្មយុត្តិកនិកាយហៅថា
“សមេ្តចព្រះមហាសុមេធាធិបតីសង្ឃនាយកគណៈធម្មយុត្តិកនិកាយ”បន្ទាប់មកពេលព្រះរាជាណាចក្រកម្ពុជាផ្លាស់ជាសាធារណរដ្ឋខ្មែរ
ហើយប្រធានាធិបតី លន់ នល់
បានប្រកាស់ថ្វាយព្រះកិត្តិនាមលើកដម្កើងព្រះសង្ឃនាយកទាំងពីរនិកាយនោះ ជាព្រះសង្ឃរាជ
នៅថ្ងែទី ១៥ មករា ២៥១៥។
ផ្នែកខាងពុទ្ធិកសិក្សា ចាត់បានថាទទួលបែបផែន និង ឥទ្ធិពលពីប្រទេសថៃជា
ចំណែកមួយមកតាំងតែពីដំបូងម្ល៉េះ ពោលគឺសមេ្តចព្រះសង្ឃរាជ ទៀង ពេលព្រះអង្គនៅជាយុវវ័យ
ព្រះអង្គបាននិមន្តទៅបំពេញការសិក្សាព្រះពុទ្ធសាសនានៅទីក្រុងបឹងកក់
រហូតដល់ចប់ប្រយោគខ្ពស់បំផុត។បន្ទាប់មកព្រះមហាវិមលធម៌ (ថង)
សិស្សរបស់សមេ្តចព្រះសង្ឃរាជទៀង ក៏បាននិមន្តទៅសិក្សានៅទីក្រុងបឹងកក់ដែរ
ហើយក៏បាននិមន្តត្រឡប់មកចាត់តាំងសាលារៀនពុទ្ធិកសិក្សាលើកដំបូងនៅកម្ពុជា
សាលាបាលីដំបូងបំផុតតាំងនៅអង្គរវត្ត ព.ស.២៤៥២ តមកនៅ ព.ស.២៤៥៧
បំលាស់មកសាងនៅក្នុងក្រុងភ្នំពេញហៅថា “សាលាបាលីជាន់ខ្ពស់”
រយៈក្រោយមកសាលានេះមានការរីកចំរើនហើយប្តូរឈ្មោះទៅជា “ពុទ្ធិកវិទ្យាល័យ” ហើយមានមហាវិទ្យាល័យព្រះពុទ្ធសាសនា
ដែលសមេ្តចព្រះនរោត្តមសីហនុទ្រង់បានសាង ហៅថា “មហាវិទ្យាល័យព្រះពុទ្ធសាសនាសីហនុរាជ
បច្ចុប្បន្នជាសាកលវិទ្យាល័យសីហនុរាជ” ចាប់ផ្តើមបង្រៀនថ្នាក់បរិញ្ញាប័ត្រនៅ
ព.ស.២៥០២ ថ្នាក់អនុបណ្ឌិតនៅ ព.ស. ២៥០៥ ហើយ និង មានការសិក្សាថ្នាក់បណ្ឌិតទៅទៀតក្នុងឆ្នាំ
ព.ស.២៥១៥ មានព្រះសង្ឃរៀនថ្នាក់បរិញ្ញាប័ត្រ ១៥០ អង្គ រៀនថ្នាក់អនុបណ្ឌិត ៥៤អង្គ។
មុន ព.ស.២៥០៤មានព្រះសង្ឃខ្មែរចំនួនច្រើនអង្គនិមន្តទៅបំពេញការសិក្សា
បរិយត្តិធម៌ផ្នែកភាសាបាលី និង មហាវិទ្យាល័យសង្ឃនៅប្រទេសថៃ ស្នាក់នៅក្នុងវត្ត
ផ្សេងៗក្នុងក្រុងបឹងកក តែក្រោយមកប្រទេសកម្ពុជាបានកាត់ផ្តាច់សម្ព័ន្ធភាពជាមួយ
ប្រទេសថែនៅ ព.ស.២៥០៤ ហើយការនិយមក៏ត្រូវបានកាត់ផ្តាច់ជាបន្តបន្ទាប់។ ក្នុង ព.ស.២៥១១
ព្រះរាជាណាចក្រកម្ពុជាបានរៀបចំបកប្រែ និង បោះពុម្ភព្រះត្រៃបិដកសម្រេចជាស្ថាពរ
ហើយក៏បានសម្ពោធជាផ្លូវការនៅឆ្នាំបន្ទាប់មក។ ព្រះត្រៃបិដកច្បាប់នេះមានពីរភាសាគឺ
ភាសាបាលី និង ភាសាខ្មែររួមគ្នា ចាប់ផ្តើមចងក្រង និង បកប្រែនៅ ព.ស. ២៤៧២ មានចំនួន
១១០ ព្រះវិន័យ ១៣ក្បាល ព្រះសូត្រ ៦៣ក្បាល និង ព្រះអភិធម្ម ៣៤ក្បាល។
ឋិតនៅក្នុងសង្គមសម័យថ្មី ដែលមានការបដិវត្តន៍យ៉ាងលឿន មានសភាពការណ៍
ខាងព្រះពុទ្ធសាសនាគួរឲ្យព្រួយបារម្ភច្រើនយ៉ាង
ជាពិសេសក្នុងតំបន់អភិវឌ្ឍន៍ដូចជាទីក្រុងជាដើម
យុវជនយុវនារីសម័យថ្មីបានទទួលការសិក្សាតាមបែបបស្ចឹមប្រទេស
ទោះបីរដ្ឋាភិបាលចាត់ឲ្យមានការបង្រៀនព្រះពុទ្ធសាសនានៅគ្រប់កំរិត
ក្មេងក៏ចំរើនវ័យឡើងតាមបែបលោកខាងលេច មានសម្ព័ន្ធភាពជាមួយវត្ត និង ព្រះសង្ឃតិចទៅៗ
ការបួសរៀននៅមានចំពោះតែក្រុមក្មេងជនបទ ចំណែកឯក្មេងនៅទីក្រុងកម្រនឹងបួសរៀនណាស់
សូម្បីតែបួសរយៈខ្លីក៏មានចំនួនតិចតួចដែរ លើសពីនេះទៅទៀត នៅក្នុងទីក្រុង ញាតិញោម
ដែលមានសទ្ធាដាក់បាត្រក៏មានការថយចុះ ជាហេតុនាំឲ្យព្រះសង្ឃនិមន្តចេញបិណ្ឌបាត្រថយចុះ
ព្រះសង្ឃត្រូវអាស្រ័យចង្ហាន់ ដែលចម្អិនដោយខ្លួនឯងដើម្បីចិញ្ចឹមជីវិត។
កិច្ចការខាងព្រះពុទ្ធសាសនាដោយទូទៅផ្តោតសំខាន់ទៅខាងសង្គមច្រើនជាង
ស្មារតី (វិបស្សនា) ការបដិបត្តិខាងផ្នែកសមាធិភាវនាក៏មិនមានការចាប់អារម្មណ៍។
ពុទ្ធិកសិក្សា ផ្តោតសំខាន់ទៅលើហេតុផល លះបង់អបិយជំនឿ ផ្សេងៗក៏ពិត តែអ្នករៀនរមែងប្រាថ្នាបរិញ្ញាប័ត្រ
សញ្ញាប័ត្រ និង ការឈានមុខក្នុងសង្គមច្រើនជាងវិជ្ជាការស្រាវជ្រាវ និង
ការលើកកំពស់កំរិតភូមិធម៌ខាងផ្លូវចិត្ត។ ប្រជាជនទូទៅមានភាពញាប់ញ័រ សទ្ធាកអណ្តើក
(មិននឹងនរ) មិនមានភាពប្រាកដក្នុងចិត្តទាក់ទងទៅនឹងប្រសិទ្ធភាពរបស់ព្រះពុទ្ធសាសនា
ព្រោះគោលការណ៍ ដែលប្រកាន់មកថា ជាតិ សាសនា និង
ព្រះមហាក្សត្រត្រូវនៅរួមគ្នាមិនអាចបំបែកបាន ក៏ត្រូវបានបំបែក។ទ្រឹស្តីពុទ្ធសង្គមនិយម
ដែលថានឹងនាំឆ្ពោះទៅរកសន្តិភាពពិតប្រាកដ នៅមិនទាន់ប្រសូតិចេញមកនៅឡើយ
ក៏មានភាពស្រពាប់ស្រពោនជាមុនរួចទៅហើយ ធ្វើឲ្យប្រជាជនចាំបាច់ត្រូវសង្ឃឹមទៅលើគោលការណ៍
ទ្រឹស្តី ឬរបបដទែទៀត។
ចាប់តាំងតែព្រះរាជាណាចក្រកម្ពុជា
បានបដិវត្តន៍ជាសាធារណៈខ្មែរនៅក្នុងព.ស. ២៥១៣ ហើយ ប្រទេសជាតិក៏ជួបប្រទះបញ្ហាចលាចលសឹកសង្រ្គាមជារៀងរហូត
ទាំងជាមួយវៀតម៉ិញ វៀតកុង និង ខ្មែរក្រហម រហូតដល់ថ្ងៃទី ១៦ មេសា ព.ស. ១៥១៨ ក៏បរាជ័យ
ត្រូវខ្មែរក្រហមចូលមកកាន់កាបទាំងស្រុង
កងទ័ពកម្មុយនិស្តព្រមជាមួយយុវបដិវត្តន៍បានដំណើរការចាត់របៀបប្រទេសជាតិសាជាថ្មី
ដោយវិធានការបន្ទាន់ និង ហឹង្សា សម្លាប់អ្នកមិនយល់ស្រប និង
ទាហានរដ្ឋាភិបាលមិនមេត្តាប្រាណី ជម្លាសប្រជាជនចេញពីទីក្រុងភ្នំពេញទាំងអស់
ហើយទៅតាំងទីលំនៅក្នុងព្រៃ ចាត់របៀបកាប់ឆ្ការទីធ្វើស្រែចំការតាមបែបថ្មី។
សាធារណៈរដ្ឋខ្មែរក៏បានផ្លាស់ទៅជា “កម្ពុជាប្រជាធិបតេយ្យ”
ប្រើរបបគ្រប់គ្រងសង្គមនិយមកុម្មុនិស្ត ចំណែកឯផល ដែលកើតចំពោះព្រះពុទ្ធសាសនា
ដែលកើតមកពីការបដិវត្តន៍នេះប្រាកដចំពោះខ្សែភ្នែកពុទ្ធសាសនិកជនកម្ពុជានៅក្រៅប្រទេស
ហាក់បីដូចជាចំណុចអាវសាន ដែលបាំងដោយរនាំងវាំងននពណ៌ខ្មៅ
ឬយ៉ាងហោចណាស់ហាក់ដូចជាទាញឆាកពណ៌ខ្មៅមកបាំង។
ព្រះថេរៈថ្នាក់ដឹកនាំព្រះពុទ្ធសាសនាខ្មែរ
ដែលបានភៀសខ្លួននៅសហរដ្ឋអាមេរិក បានថ្លែងចំពោះទីប្រជុំនាសាលាក្រុងបុស្តន
កាលពីខែមេសា ព.ស. ២៥២១ មួយប្រយោគថា “ដូច ដែលអស់លោកជ្រាបស្រាបមកហើយ
ប្រជាជនកម្ពុជាជាង ១ភាគ ៣ ត្រូវបានប្រហារជីវិត ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ
(គឺក្នុងរបប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ) រួមទាំងព្រះសង្ឃទាំងអស់ជិត ៨០,០០០ អង្គ។
ព្រះពុទ្ធសាសនាក្នុងសម័យនេះពោលបានឈ្មោះថាសូន្យ ព្រោះមិនមានព្រះសង្ឃនៅសល់ទៀតទេ
តែក្រោយពេលរំដោះទើបមានការបំបួសព្រះសង្ឃសាជាថ្មី
ដោយបញ្ជូនកុលបុត្តទៅបំបួសនៅវៀតណាមភាគត្បូងដោយគណៈសង្ឃថេរវាទវៀតណាម កុលបុត្ត
ដែលត្រូវបំបួសក្នុងសម័យនោះ មានសម្តេចព្រះអគ្គមហាសុមេធាធិបតីសង្ឃនាយកគណៈមហានិកាយ
នាពេលបច្ចុប្បន្នជាដើម។ ក្នុងថ្ងៃទី ៧ មករា ព.ស. ២៥២២
កងទ័ពនៃសភាបដិវត្តន៍ប្រជាជនកម្ពុជា
ដែលវៀតណាមឋិតនៅពីក្រោយបានចូលមកកាន់កាបក្រុងភ្នំពេញ ហើយប្តូរឈ្មោះទៅជា
“សាធារណៈរដ្ឋប្រជាជនកម្ពុជា” ដោយមានសម្តេច ហេង សំរិន្ទ ជាប្រធានាធិបតី។
កងទ័ពនៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យបានដកថយចូលទៅនៅក្នុងព្រៃ
ហើយធ្វើសង្រ្គាមដណ្តើម អំណាច តែការតស៊ូដំណើរទៅមុខរកសេចក្តីសុខ
សន្តិភាពមិនមានក្នុងពេលនោះ។
៤.
ការចូលរួមរបស់ព្រះពុទ្ធសាសនា និងតួនាទីក្នុងសង្គមខ្មែរ
មនុស្សសាងលទ្ធិ
ជំនឿ និង សាសនាដោយមានបំណងដើម្បីជួយកែបញ្ហាផ្សេងៗ និងតបស្នង
តាមតំរូវការនៃការចិញ្ចឹមជីវិត ទាំងជីវិតផ្ទាល់ខ្លួន និង
ប្រយោជន៍សង្គមរួមហេតុនោះតួនាទីរបស់ សាសនាបែងចែកជាពីរ គឺ មានតួនាទីចំពោះបុគ្គល
និងតួនាទីចំពោះសង្គម។
ក. តួនាទីចំពោះបុគ្គល
១-ជាបច្ច័យមួយជួយឱ្យបុគ្គលមានសេចក្តីសុខស្ងប់ខាងផ្លូវចិត្តនឹងធឹងធ្វើឱ្យបុគ្គលមានសុខភាព
ចិត្តល្អរឹងមាំ នឹងនាំឱ្យសុខភាពកាយរបស់បុគ្គលល្អផងដែរព្រោះសុខភាពកាយអាស្រ័យសុខ
ភាពចិត្ត ។
២-ធ្វើឱ្យបុគ្គលមានអារម្មណ៍ល្អមានសតិរឹងមាំជានិច្ចប្រាស់ចាកសេចក្តីភ័យខ្លាច
និងវិបត្តិទាំង ពួង។
៣-សាសនាជួយផ្តល់កំលាំងចិត្ត ធ្វើឱ្យមនុស្សមានកំលាំងចិត្តជឿជាក់លើខ្លួនឯងថាមានអ្នកជួយ តាមថែរក្សាជាបច្ច័យមួយដែលអាចជួយឱ្យការធ្វើការងារបានសម្រេច និងមានឱកាសយក ឈ្នះលើឧបសគ្គទាំងពួងបាន។
៤-ជាបច្ច័យជួយឱ្យការចិញ្ចឹមជីវិតរបស់បុ់គ្គលកាន់តែមានរបៀបវិន័យនិងមានគុណភាពល្អឡើង
មានឱកាសជួបនូវក្តីសម្រេច។
ខ. តួនាទីរបស់សាសនាមានចំពោះសង្គម
សាសនាមាននាទីសំខាន់ក្នុងការការពារ
និងកំណត់សីលធម៌ សង្គម:
១-ជាកំលាំងជួយក្នុងការចាត់ចែងរបៀបវិន័យ
និង សីលធម៌សង្គមដោយសមាជិករបស់ សង្គម បដិបត្តិ
តាមគោលធម៌គឺតាមឱវាទការអប់រំរបស់សាសនាដែលបានណែនាំឱ្យបដិបត្តិ។
២-ជាស្ថាប័នសាងតម្លៃនិយមបទដ្ឋានសង្គមនិងជួយឱ្យស្ថាប័នគ្រួសារនិងស្ថាប័នគ្រប់
គ្រងបំពេញតួនាទីរួមគ្នាយ៉ាងរឹងមាំថែមទៀត។
៣-តួនាទីក្នុងការចងភ្ជាប់សង្គមឱ្យក្លាយជាធ្លុងមួយ
មានភាពសាមគ្គីដោយសមាជិកប្រកាន់ យកឬ បដិបត្តិតាមគោលធម៌ គឺ ឱវាទរបស់សាសនាដូចគ្នាធ្វើឱ្យពលរដ្ឋក្នុងសង្គមរួមសាមគ្គី
គ្នាយ៉ាងស្អិតរមួតម៉្យាងទៀត គ្រប់សាសនាកើតឡើងក្នុងគោលបំណង គឺសេចក្តីសុខ សន្តិសុខ
កំចាត់ទុក្ខភ័យឱ្យប្រជាជនទើបធ្វើឱ្យសង្គមអាចរួមរស់ជាមួយគ្នាបានដោយភាពសុខសាន្ត។
គ.សម្ព័ន្ធភាពរវាងមនុស្ស និង សាសនា
១.ជួយបណ្តុះគ្រឹះនៃសេចក្តីចំរើនដល់សង្គម
ដូចជាការផ្តល់នូវការសិក្សាអប់រំវិជ្ជាជីវៈសុខា ភិបាលពេទ្យ និង ការគ្រប់គ្រងជាដើម ។
២.ជួយលើកស្ទយ្ទួសង្គមឱ្យមានភាពរឹងមាំជួយបន្ថយនិងកំចាត់បញ្ហាសង្គម។
៣.ជួយឱ្យការគ្រប់គ្រងមានភាពងាយស្រួលដោយសារតែពលរដ្ឋបដិបត្តិតាមគោលធម៌របស់
សាសនា។
ឃ. តួនាទីសាសនាទូទៅ
១. ជួយសាងឧបនិស្ស័យចិត្តគំនិតមនុស្ស
២. ជួយសាងវត្ថុនិមិត្តសញ្ញា
៣. ជួយផ្តល់ចម្លើយដល់ជីវិតនិងគោលការណ៍ដំណើរជីវិត
៤. ឃុំគ្រងព្រឹត្តិកម្មរបស់មនុស្ស
៥. ជួយអភិវឌ្ឍមនុស្ស និងសង្គម។
Labels: Social and Culture
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home