Wednesday, April 12, 2023

ច្បាប់ស្តីពីអស្សាមិករណ៍ #Expropriation Law of Cambodia#Special Civil code#

អស្សាមិករណ៍៖ សំដៅដល់ការដកហូតកម្មសិទ្ធិលើអចលនវត្ថុ ឬ សិទ្ធិប្រត្យក្សលើអចលនវត្ថុរបស់រូបវន្តបុគ្គល នីតិបុគ្គលឯកជន និង នីតិបុគ្គលសាធារណះ រួមមាន ដី សំណង់ និង ដំណាំដាំដុះសម្រាប់បម្រើការស្ថាបនា ស្តារ និង ពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណះដែលបម្រើប្រយោជន៍សាធារណះ និងផលប្រយោជន៍ជាតិ ព្រមទាំងផ្តល់នូវសំណងជាមុនដោយសមរម្យ និងយុត្តិធម៌។


ការវិវត្តន៍ប្រែប្រួលស្របទៅតាមការរីកចំរើននៃសេដ្ឋកិច្ច និងគោលនយោបាយដឹកនាំរបស់រដ្ឋាភិបាល។ រដ្ឋសភានីតិកាលទី៤ បានអនុម័ត ច្បាប់អស្សាមិករណ៍នេះឡើង ហើយច្បាប់នេះត្រូវបានប្រសូត្រក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងមាន តំរូវការសំរាប់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យនិងគ្រប់ទឹកនែ្លង ជាពិសេស ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នរូបវ័ន្ត ដូចជាផ្លូវថ្នល់ជាដើម។ បច្ចុប្បន្នការជួសជុល និងស្ថាបនាផ្លូវថ្នល់នៅទូទាំងប្រទេស ទាំងផ្លូវជាតិ ផ្លូវខេត្ត ស្រុក ខណ្ឌ រួមទាំងផ្លូវលំជនបទ បាននិងកំពុងមានសន្ទុះរីកចំរើនគួរអោយកត់សំគាល់ ហើយការដ្ឋានស្ថាបនាផ្លូវ នីមួយៗតែងតែមានការពង្រីកទទឹងផ្លូវអោយបានធំជាងមុន ដើម្បីសំរួលដល់ការធ្វើចរាចរ ។ ហេតុដូច្នេះ ហើយបានជាផលប៉ះពាល់ពីការពង្រីកផ្លូវនេះតែងតែកើតមាន ដែលតំរូវឲ្យរដ្ឋាភិបាល (រដ្ឋ) ត្រូវតែដោះ ស្រាយនូវសំណងជូនដល់ម្ចាស់អចលនវត្ថុ ដែលរងនូវផលប៉ះពាល់ឲ្យបានត្រឹមត្រូវសមរម្យនិងយុត្តិធម៌។ ការដោះស្រាយជាមួយម្ចាស់អចលនវត្ថុទាំងអស់នោះ គឺប្រើច្បាប់ស្ដីពីអស្សាមិករណ៍ បានចែងយ៉ាងលំអិត អំពីដំណើរការនៃការធ្វើអស្សាមិករណ៍ជាបន្ត បន្ទាប់ដូចខាងក្រោម ៖

I.   និយមន័យ និងគោលបំណងនៃអស្សាមិករណ៍

១ .និយមន័យ

អស្សាមិករណ៍សំគាល់ដល់ការដកហូតកម្មសិទ្ធិលើអចលនវត្ថុ ឬសិទ្ធិប្រត្យក្សលើអចលនវត្ថុរបស់ រូបវន្តបុគ្គល នីតិបុគ្គលឯកជន និងនីតិបុគ្គលសាធារណៈរួមមាន ដី សំណង់ និងដំណាំដាំដុះ សំរាប់ ដំណើរការស្ថាបនា ស្តារនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈដែលបំរើផលប្រយោជន៍សាធាណៈ និងផលប្រយោជន៍ជាតិ ព្រមទាំងផ្តល់នូវសំណងជាមុនដោយសមរម្យ និងយុត្តិធម៌។

២ .គោលបំណងនិងគោលការណ៍ទូទៅ នៃអស្សាមិករណ៍

 ច្បាប់ស្តីពីអស្សាមិករណ៍ មានគោលដៅកំណត់ពីអស្សាមិករណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់ពីគោលការណ៍ យន្តការ នីតិវិធីនៃអស្សាមិករណ៍ និងសំណងអោយសមរម្យនិងយុត្តិធម៌ សម្រាប់គំរោងស្ថាបនាស្តារនិងគំរោងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសាធារណៈបំរើអោយផលប្រយោជន៍ជាតិ ផលប្រយោជន៍សាធារណៈ និងការអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះមានគោលបំណងសំខាន់ៗជាអាទិ៍ដូចជាៈ

Ø  ធានាការទូទាត់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌

Ø  បំរើផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ជាតិ

Ø  ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ ។

មានវិសាលភាពអនុវត្តន៍ចំពោះការធ្វើអស្សាមិករណ៍ ដែលមានពាក់ព័ន្ធទៅនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ មិនគ្រប់ដណ្តប់លើកិច្ចព្រមព្រៀង ឬអនុស្សារណៈស្តីពីការគាំពារវិនិយោគ រវាងរដ្ឋាភិបាលនិងប្រទេសជាដៃគូរដែលមានចែងពីអស្សាមិករណ៍ទេ។ ម្ចាស់អចនវត្ថុ គឺជារូបវន្តបុគ្គល នីតិបុគ្គល ឯកជន និងនីតិបុគ្គលសាធារណៈ រួមមានកម្មសិទ្ធិករ ភោគី និងអ្នកមានសិទ្ធិទាំងឡាយនៅលើទីតាំងដី ដែលជាអ្នកទទួលរងនូវផលប៉ះពាល់ដោយសារគម្រោងអស្សាមិករណ៍។ ផលប្រយោជន៍សាធារណៈទូទៅ សំដៅដល់ការប្រើបា្រស់ដី ឬទ្រព្យសម្បត្តិដោយសាធារណៈជនទូទៅ ឬដោយទីភ្នាក់ងារ ឬស្ថាប័នរដ្ឋ ឬសាធារណៈ ឬសកម្មភាពគម្រោងមានជាអាទិ៍ះ ការសាង សង់ ស្តារ ថែទាំ ឬពង្រីកសំណង់ចាំបាច់ដល់កិច្ចការពារជាតិ ឬការពារសន្តិសុខ ។ ការកាន់កាប់ដី ឬទ្រព្យសម្បត្តិដើម្បីអនុវត្តជាក់ស្តែងនយោបាយការពារបូរណភាពទឹកដី ។

បុគ្គលដែលធ្វើការរារាំង សំដៅដល់រូបវន្ត ឬនីតិបុគ្គលឯកជនទាំងឡាយដែលជាមេក្លោង អ្នកសមគំនិត អ្នកញុះញង់ ដែលធ្វើសកម្មភាពដោយផ្ទាល់ ឬដោយប្រយោល ដោយគំនិតទុច្ចរិតក្នុងគោលដៅធ្វើឱ្យរាំងស្ទះដល់ ដំណើរការនៃការអនុវត្តសេចក្តីសម្រេចអស្សាមិករណ៍។ គម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមានជាអាទិ៍ ការសាងសង់ ឬពង្រីកផ្លូវអយស្ម័យយាន ផ្លូវថ្លល់ ស្ពាន អាកាសយានដ្ឋាន កំពង់ផែដោយរួមទាំងរចនាសម្ព័ន្ធ និងឧបករណ៍ ឬពង្រីកស្ថានីថាមពល រចនាសម្ព័ន្ធ ឧបករណ៍ និងខ្សែសម្រាប់ការបញ្ជូន និងចែកចាយថាមពលអគ្គិសនី ពង្រីកអគារ និងឧបករណ៍សម្រាប់ប្រៃសណីយ៏ និងទូរគមនាគមន៏ និងប្រព័ន្ធព័ត៌មានវិទ្យា ឬពង្រីកផ្លូវ ធ្លាក្រុង ចំណត់យានយន្ត ទីផ្សារ សួនច្បា និងទីលានសាធារណៈ ឬពង្រីកប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធផ្គត់ផ្គង់ទឹក ស្អាត ប្រព័ន្ធលូកខ្វក់ និងកន្លែងបំរើសេវាសាធារណៈផ្សេងទៀត ។ ការសាងសង់ ឬពង្រីក សម្រាប់ អប់រំបណ្តុះបណ្តាលវិទ្យាសាស្ត្រ វប្បធម៌ ថែរក្សាសុខភាព សន្តិសុខសង្គម និងកីឡាដ្ឋានសម្រាប់សំដែល ជូនជាសាធារណៈ ពង្រីកន្លែងចម្រាញ់ និងកន្លែងប្រព្រឹត្តកម្ម សំណង់ឧបករណ៍ សម្រាប់ការការពារ ធម្មជាតិ បរិស្ថាន ឬពង្រីកឧបករណ៍សម្រាប់ស្រាវជ្រាវ និងសម្រាប់ការធ្វើអាជីវកម្មរ៉ែ និងធនធាន ធម្មជាតិផ្សេងទៀត ឬពង្រីកបណ្តាញឧស្ម័ន បណ្តាញបំពង់ប្រេងឥន្ធនៈ រោងចក្រចម្រាញ់ ប្រេង រោងចក្រ បូមប្រេង និងបណ្តាញដទៃទៀត ។

មានតែរដ្ឋទេ ដែលជាអ្នកធ្វើអស្សាមិករណ៍ ដើម្បីប្រើប្រាស់ក្នុងគោលដៅជាផលប្រយោជន៍ សាធារណៈឮនិងផលប្រយោជន៍ជាតិ ។ អស្សាមិករណ៍អាចអនុវត្តទៅបាន លុះត្រាតែយកទៅអនុវត្តគម្រោង និងរដ្ឋត្រូវតែទទួលទិញយកនូវចំណែកនៃអចនវត្ថុដែលនៅសេសសល់ពីអស្សាមិករណ៍ ដោយថ្លៃសមរម្យ និងយុត្តិធម៌តាមសំណើររបស់ម្ចាស់អចលនវត្ថុ ឬម្ចាស់កម្មសិទ្ធិដែលពុំអាចរស់នៅក្បែគម្រោងបានឬពុំ អាចសាងសង់លំនៅស្ថានបាន ឬពុំអាចប្រកបអាជីវកម្មផ្សេងទៀតបាន។ អចលវត្ថុដែលបានដក់ហូតនេះ ត្រូវប្រើប្រាស់សម្រាប់តែក្នុងតែគោលដៅ ដែលបានគ្រោងទុកនៅក្នុងប្រកាសស្តីពីគម្រោងអស្សាមិករណ៍ ដើម្បីប្រយោជន៍សាធារណៈ ឬតម្រូវការនៃផលប្រយោជន៍ជាតិប៉ុណ្ណោះ។ ក្នុងករណីដែលម្ចាស់អចលនវត្ថុឬម្ចាស់សិទ្ធិមិនព្រមទទួលយកអចលនវត្ថុដែលសល់ពីតម្រូវការប្រើប្រាស់វិញទេ ត្រូវរក្សាទុកអចនវត្ថុនោះជាព្រទ្យរបស់រដ្ឋ ។ ក្នុងករណីពិសេស និងបន្ទាន់ដែលសុវត្ថិភាពសាធារណៈតម្រូវដូចជាប្រយុទ្ធប្រឆាំងគ្រោះអគ្គីភ័យ ទឹកជំនន់ ភ្លើងឆេះព្រៃ រញ្ជួយដី សង្គ្រាមដែលប្រុងនឹងកើតឡើង ឬវាយប្រហារដោយភេវរកម្ម និងស្ថាន ភាពផ្សេងទៀតដែលកំណត់ដោយរាជរដ្ឋាភិបាល រាជរដ្ឋាភិបាលអាចធ្វើការដក់ហូត អចនវត្ថុ ឬសិទ្ធិប្រត្យក្សលើអចនវត្ថុជាបណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើការពិគ្រោះយោបល់ឡើយ ហើយត្រូវប្រគល់ ជូនម្ចាស់អចនវត្ថុឬម្ចាស់សិទ្ធិវិញនៅពេលចប់ការដក់ហូតនេះ ។ ក្នុងករណីបន្ទាន់ និងចាំបាច់ដែលផលប្រយោជន៍ជាតិតម្រូវ រាជរដ្ឋាភិបាលមានអំណាចឆន្ទានុ សិទ្ធិក្នុងការធ្វើអស្សាមិករណ៍ ដោយមិនចាំរៀបចំធ្វើការពិគ្រោះយោបស់តាមនីតិវិធីនៃច្បាប់ ។ ដើម្បីសម្រេចបាននូវគោលបំណងនៃអស្សាមិករណ៍ ច្បាប់នេះក៏បានចែងអំពីនីតិវិធី នៃការធ្វើ អស្សាមិករណ៍ ដែលនីតិវិធីនេះត្រូវឆ្លងកាត់២ដំណាក់កាលជាចំបង គឺដំណាក់កាលមុនធ្វើអស្សាមិករណ៍ និងដំណាក់កាលធ្វើអស្សាមិករណ៍ ។

II.  នីតិវិធី នៃអស្សាមិករណ៍

១. មុនការធ្វើអស្សាមិករណ៍

អស្សាមិករណ៍ត្រូងធ្វើឡើងដោយផ្អែកលើគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈនិងមានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល តាមសំណើររបស់ក្រសួងស្ថាប័នសាមី ។ គណៈកម្មាធិការ អស្សាមិករណ៍ត្រូវរៀបវំសំណើស្តីពីអស្សាមិករណ៍ ដាក់ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេច ។ មុននឹងធ្វើសំណើស្តីពីគម្រោងអស្សាមិករណ៍ គណៈកម្មាធិការអស្សាមិករណ៍ ត្រូវធ្វើការអង្កេតជាសាធារណៈ ដោយត្រូវកត់ត្រាភិនភាគឱ្យបានលំអិត ចំពោះរាល់សិទ្ធិម្ចាស់អចនវត្ថុ និងម្ចាស់សិទ្ធិលើ អចនវត្ថុ និងព្រទ្យសម្បត្តិផ្សេង ៗ ទៀតដែលមានពាក់ព័ន្ធនឹងផ្តល់សំណង់ព្រមទាំងកត់ត្រានូវបញ្ហាពាក់ព័ន្ធ ។

 ដើម្បីកំណត់ពេលវេលាដក់ហូត ឬទឹកន្លែងដែលផ្តល់ថ្មី ឬសំណង គណៈកម្មាធិការអស្សាមិករណ៍ត្រូវ សាកសួរគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបានគ្រប់ជ្រុងជ្រោយ អំពីបញ្ហាអចនវត្ថុ ដែលពាក់ព័ន្ធនឹងគម្រោង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ។ បន្ទាប់ពីបានធ្វើការអង្កេតចប់ជាស្ថាពរក្នុងរយៈពេល ៣០ ថ្ងៃនៃថ្ងៃ ធ្វើការដាក់ជូន និងសុំការសម្រេចពីរាជរដ្ឋាភិបាល។ ផ្អែកលើការសម្រេចរបស់រាជរដ្ឋាភិបាល គណៈកម្មា ធិការអស្សាមិករណ៍ត្រូវចេញសេចក្តីប្រកាសស្តីពីគម្រោងអស្សាមិករណ៍ ដែលក្នុងនោះត្រូវជម្រាប់ដល់ម្ចាស់អចនវត្ថុឱ្យបានដឹងអំពីកម្មវត្ថុនៃដក់ហូតនោះ និងចែងអំពីគោលបំណង់នៃការដក់ហូតកម្មសិទ្ធិលើអចលនវត្ថុឱ្យបានច្បាស់លាស់ដោយអនុវត្តនីតិវិធីដូចខាងក្រោម៖

Ø  កំណត់អំពីកម្មវត្ថុនៃគម្រោងហេដ្ឋារចនសម្ព័ន្ធរូបវន្តសាធារណៈ ទីតាំងគម្រោង និងរយៈពេល សម្រាប់អនុវត្តគម្រោង និងអាជ្ញាធរមានសមត្ថកិច្ច ដែលមានសិទ្ធិរៀបចំធ្វើការដកហូតកម្មសិទ្ធិទ្រព្យ សម្បត្តិឯកជន ។

Ø  កំណត់អំពីសំណងសមរម្យ និងយុត្តិធម៌ -កំណត់រយៈពេលនៃបណ្តឹងវ៉ា -ធ្វើសេចក្តីប្រកាសទៅដល់គ្រប់ម្ចាស់អចនវត្ថុ ម្ចាស់សិទ្ធិដោយភ្ជាប់លិខិតថតចម្លងនៃច្បាប់នេះ

Ø  ដាក់ស្លាកសម្គាល់ថា អចនវត្ថុនេះជាកម្មវត្ថុដក់ហូតសម្រាប់បម្រើគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សាធារណៈ

Ø  ផ្សព្វផ្សាយសេចក្តីប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយ

Ø  បិទផ្សាយសេចក្តីប្រកាសនៅសាលាឃុំ-សង្កាត់ពាក់ព័ន្ធនឹងទីតាំងគម្រោងហេដ្ឋារចនា សម្ព័ន្ធរូប វន្តសាធារណៈ ហើយសេចក្តីប្រកាសនេះត្រូវផ្សព្វផ្សាយជូនដល់ប្រជាជនដែលមានអចនវត្ថុពាក់ព័ន្ធដោយមេភូមិ ។

បន្ទាប់ពីទទួលបាននូវសេចក្តីប្រកាសស្តីពីគម្រោងអស្សាមិករណ៍ ម្ចាស់អចនវត្ថុ ម្ចាស់សិទ្ធិអាចធ្វើ បណ្តឹងសុំឱ្យមានការអង្កេត ដើម្បីឱ្យដឹងថាតម្រូវការមួយចាំបាច់ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ឬផលប្រយោជន៍ជាតិពិតប្រាកដមែន ឬក៏ទីតាំងគម្រោងទៅក្លែងណាផ្សេងវិញបាន។ បណឹ្តងនេះអាចធ្វើ ឡើងតាមរយៈមេធាវី ឬតំណាងរបស់ខ្លួន ។ បណ្តឹងត្រូវធ្វើឡើងជាលាយលក្ខណ៏អក្សរក្នុងរយៈ ៣០ ថ្ងៃនៃថ្ងៃធ្វើការ ក្រោយពីបានទទួលសេចក្តីប្រកាសគម្រោងអស្សាមិករណ៍ ជូនគណៈកម្មាធិការដោះ ស្រាយបណ្តឹងតវ៉ា ដូចមានចែងក្នុងច្បាប់ ខ្លឹមសារសំខាន់ៗនៃបណ្តឹងមានជាអាទិ៍ ៖ -ឈ្មោះម្ចាស់អចនវត្ថុ ឬម្ចាស់សិទ្ធិ អាសយដ្ឋាន និងលេខទូរស័ព្ទ -មូលហេតុនៃការបណ្តឹង -ការរៀបរាប់អំពីលក្ខណៈស្របច្បាប់នៃដីនោះ -ផ្តល់ផលប្រយោជន៍របស់ម្ចាស់អចនវត្ថុ ឬម្ចាស់សិទ្ធិនៅលើដីដែលត្រូវដក់ហូតនោះ។ ប៉ុន្តែម្ចាស់អចនវត្ថុ ឬម្ចាស់សិទ្ធិមិនអាចធ្វើពាក្យបណ្តឹងតវ៉ាសុំឱ្យមានធ្វើការអង្កេតបានទេ ចំពោះ តម្រូវការសម្រាប់កិច្ចអភិវឌ្ឍន៏ផ្លូវជាតិធំៗ ស្ពាន ផ្លូវរទេះភ្លើង ការភ្ជាប់ ការចែកចាយបណ្តាញទឹក ភ្លើង បំពង់បង្ហូរប្រេងកាត បំពង់បង្ហូរទឹកកខ្វក់ ខ្សែបណ្តាញ ឬលូមេបង្ហូរទឹកប្រព័ន្ធធារាសាស្ត្រ ។ បន្ទាប់ពីបាន ធ្វើការអង្កេតចប់ជាស្ថាពរក្នុងរយៈពេល ៣០ ថ្ងៃនៃថ្ងៃធ្វើការ គណៈកម្មាធិការដោះស្រាយបណ្តឹងតវ៉ាត្រូវ ធ្វើរបាយការណ៍ដែលក្នុងនោះ ត្រូវលើកឡើងនូវអនុសាសន៏នានា និងសុំការសម្រេចពីរាជរដ្ឋាភិបាល ។

ដំណាក់កាលនេះជាដំណាក់កាលវិធានរដ្ឋបាល គឺជាដំណាក់កាលមួយដែលបង្ហាញអំពីឆន្ទៈនិង គោលការណ៍របស់រាជរដ្ឋាភិបាល មុនឈានដល់ការធ្វើអនស្សាមិករណ៍ និងជាគោលការណ៍សម្រាប់អ្នករាជការយកទៅអនុវត្ត ហើយក៏ជាដំណាក់កាលសំខាន់ក្នុងការធ្វើអស្សាមិករណ៍។ ការធ្វើអស្សាមិករណ៍អាចសម្រេច ទៅបាន លុះត្រាតែរាជរដ្ឋាភិបាលបាន ប្រកាសសេចក្តីជូនដំណឹងទៅអោយម្ចាស់អចលនវត្ថុអោយបាន ដឹងជាមុនសិន ។ ការជូនដំណឹងនេះត្រូវ ប្រើប្រាស់ពេលវេលាមួយដែលសមស្របនិងអាចទទួលយកបាន ។ រីឯគោលការណ៍របស់រាជរដ្ឋាភិបាល អាចដាក់ចេញទៅបាន លុះត្រាតែមានការសិក្សាអំពីគំរោងផែន ការច្បាស់លាស់ និងមានថវិការគ្រប់គ្រាន់ ជាមុនសិន ។ ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ឬអាជ្ញាធរ រដ្ឋបាល ដែលជាអ្នកដើរតួនាទីក្នុងនាមរដ្ឋ ត្រូវតែរួមគ្នាធ្វើយ៉ាងណាអោយសកម្មបំផុតក្នុងដំណើរការនេះ ។

គោលការណ៍ពីរាជរដ្ឋាភិបាល ជាលក្ខខ័ណ្ឌដ៏ចាំបាច់សម្រាប់ កិច្ចដំណើរការធ្វើអស្សាមិករណ៍។ បើគ្មានការយល់ព្រមពីនាយករដ្ឋមន្រី្តទេ ការធ្វើអស្សាមិករណ៍មិនអាច ប្រព្រឹត្តទៅបានឡើយ ។ ក្រោយពីទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការប្រកាសគំរោងរួច ហើយគណៈកម្មាធិការអស្សាមិករណ៍ គឺក្រសួងដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើការសិក្សាទៅលើ គំរោង ដែលបានផ្តល់ដោយរាជរដ្ឋាភិបាល ថាតើក្រសួងមានសមត្ថកិច្ចត្រូវធ្វើអ្វីខ្លះ។

ការអង្កេតជាសាធារណៈ បែបនេះ គណៈកម្មាធិការអស្សាមិករណ៍ត្រូវធ្វើការរៀបចំ ចាត់ចែង ធ្វើការពិគ្រោះយោបល់ជាសាធារណៈ នៅក្នុងកំរិតអាជ្ញាធរ រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ជាមួយក្រុមប្រឹក្សា ឃុំ-សង្កាត់ និង តំណាងភូមិ សហគមន៍ ដែលរងនូវអស្សាមិករណ៍។ ការអង្កេតជាសាធារណៈ គឺដើម្បីទទួលបាននូវពត៌មានដែល បានផ្តល់ពីអ្នកទាំងអស់នោះអោយបានច្បាស់លាស់ និងទទួលបាននូវមតិយោបល់ពីគ្រប់ភាគីដែលពាក់ ព័ន្ធ អំពីសំណើនៃគំរោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ ។ ការធ្វើអង្កេតជាសាធារណៈនេះ គឺជាការ ផ្តល់សិទិ្ធមួយទៅអោយប្រជាពលរដ្ឋអាចចូលរួមនិងដឹងឮអំពីការដកហូតនេះ សំរាប់ប្រើប្រាស់ក្នុងគោលដៅអ្វីមួយ ។ ការអង្កេតជាសាធារណៈ ធ្វើឡើងដោយមានក្រុមការងារចុះធ្វើការវាស់វែង ដែលទទួលភារកិច្ចពីអនុគណៈកម្មការ និងគណៈកម្មការអន្តរក្រសួងដែលជាអ្នកពិនិត្យ និងសម្រេចលើលទ្ធផលដែល ក្រុមការងារបានធ្វើរួចរាល់។ ក្រោយពីការអង្កេតជាសាធារណៈបានចប់សព្វគ្រប់ គណៈកម្មការអន្តរ ក្រសួង និងអនុគណៈកម្មការ នឹងធ្វើការប្រជុំបូកសរុបលទ្ធផលដើម្បីធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល ។ បន្ទាប់ពីធ្វើការអង្កេតជាសាធារណៈ និងសុំគោលការណ៍ពីរាជរដ្ឋាភិបាលរួចរាល់ហើយ គណៈ កម្មាធិការអស្សាមិករណ៍ ត្រូវធ្វើរបាយការណ៍បូកសរុបលទ្ធផល ដែលក្នុងនោះត្រូវលើកឡើងនូវអនុ សាសន៍នានាដើម្បីដាក់ជូន និងសុំការសម្រេចពីរាជរដ្ឋាភិបាលក្នុងរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ។ រាជរដ្ឋាភិបាលអាចសម្រេចយកតាមរបាយការណ៍ដែលបានដាក់មក ឬក៏ធ្វើការកែសម្រួលផងដែរ មុននឹងសម្រេចចេញសេចក្តីប្រកាសអំពីដំណើរការនៃការធ្វើអស្សាមិករណ៍។ នៅពេលដែលរាជរដ្ឋាភិបាលបានសម្រេចយល់ព្រម គណៈកម្មាធិការអស្សាមិករណ៍ត្រូវចេញ សេចក្តីប្រកាសស្តីពីគម្រោងអស្សាមិករណ៍ ទៅដល់ម្ចាស់អចលនវត្ថុអោយបានដឹង តាមរយៈសេចក្តីជូន ដំណឹងពីគម្រោងអស្សាមិករណ៍ នៅទឹកន្លែងនៃការធ្វើអស្សាមិករណ៍ ។

ការបិទផ្សាយនេះត្រូវដាក់នៅ កន្លែងដែលងាយនឹងមើលឃើញ ដើម្បីអោយអ្នកទទួលពត៌មានដឹងពីគម្រោងអស្សាមិករណ៍នេះ។ នៅក្នុងសេចក្តីប្រកាសនេះ គឺត្រូវកំណត់កាលបរិច្ឆេទអោយបានត្រឹមត្រូវថា តើគម្រោងនេះ នឹងអនុវត្តនៅ ពេលណា កាលបរិច្ឆេទនៃការរុះរើលំនៅឋាន ឬអចលនវត្ថុដែលជាដីទំនេរ និងកាលបរិច្ឆេទបណ្តឹងតវ៉ា ទាក់ទងនឹងគំរោងសាងសង់។ ម្ចាស់សិទ្ធិកម្មសិទ្ធិលើអចលនវត្ថុ ឬសិទ្ធិប្រត្យក្សដែលរងផលប៉ះពាល់ នៃគម្រោងអស្សាមិករណ៍ ដែលមាននៅក្នុងសេចក្តីប្រកាសនោះ ត្រូវពិនិត្យនិងតាមដានរាល់ការអនុវត្តន៍ និងចូលរួមរាល់សកម្មភាពនៃនីតិវិធីអោយបានគ្រប់ជំហាន។ ការធ្វើបែបនេះ គឺដើម្បី កុំអោយមានរឿងប្តឹងផ្តល់កើតឡើង រវាងអាជ្ញាធរនិងមា្ចស់សិទ្ធិកម្មសិទ្ធិលើអចលនវត្ថុ ឬ ម្ចាស់សិទ្ធិប្រត្យក្ស។ ប្លង់នៃគម្រោងនេះទៀតសោត គឺដាក់បង្ហាញជាសាធារណៈ ដើម្បីអោយសាធារណជនបាន ដឹង និងបានឃើញថា តើគម្រោងនេះមានសារៈប្រយោជន៍ និងសារៈសំខាន់ត្រឹមកំរិតណាដល់ប្រជារាស្រ្តទូទៅ និងដល់ជាតិទាំងមូល ។

ដំណាក់កាលធ្វើអស្សាមិករណ៍ គឺជាដំណាក់កាលមួយដ៏លំបាកក្នុងការអនុវត្តន៍របស់អាជា្ញធរ ពីព្រោះជាដំណាក់កាល ដែលផ្ដាច់សិទ្ធិកម្មសិទ្ធិលើអចលនវត្ថុដោយមានការរុះរើសំណង់ ពីទឹកន្លែងដែល ត្រូវដំណើរការនេះ។ ជាការពិបាកមួយដែលម្ចាស់សិទ្ធិកម្មសិទ្ធិលើអចលនវត្ថុធ្វើ ការចាកចេញដោយ គិតថាមិនដឹងទៅរស់នៅទីណា ឬក៏សំណងមិនគ្រប់គ្រាន់សម្រាប់ធ្វើការចាកចេញទៅរកទឹកន្លែងថ្មី ។ កិច្ចដំណើរការអស្សាមិករណ៍ អាចចាប់ផ្ដើមបានបន្ទាប់ពីមានការប្រកាសអោយដំណើរការដោយរាជរដ្ឋាភិបាល ក្នុងការដកហូតសិទ្ធិកម្មសិទ្ធិ។ កិច្ចដំណើរការនេះគឺជាកិច្ចដំណើរការដកហូតអចលនវត្ថុពីរាស្ត្រ ដែលធ្វើការអនុវត្តតាមនីតិវិធីដែលបានកំណត់ដោយច្បាប់។

ក ដំណើរការដកហូត

ដំណើរការដកហូត គឺជាដំណាក់កាលមួយឈានដល់ការផ្ដាច់សិទ្ធិកម្មសិទ្ធិពីម្ចាស់អចលនវត្ថុទៅ លើផ្ទះសំបែង ចំការ ដំណាំផ្សេងៗទៀត ។ ការដកហូតនេះ ធ្វើឡើងដោយគណៈកម្មាធិការអស្សាមិករណ៍ ជាមួយនឹងម្ចាស់អចលនវត្ថុ ដែលទាមទារអោយម្ចាស់អចលនវត្ថុធ្វើការចាកចេញ និងរុះរើនូវអ្វីដែលខ្លួន ចង់យកទៅ ដោយគ្មានការហាមឃាត់ពីអាជ្ញាធរចំពោះរបស់របរនេះទេ ។

ក.១ ការដកហូតទាំងស្រុង

ការដកហូតទាំងស្រុង គឺជាការដកហូតលើអចលនវត្ថុទាំងមូលដែលមាននៅលើដីទាំងអស់ដោយ គ្មានសល់ត្រង់កន្លែងណាមួយ ឬផ្នែកណាមួយ ដែលទុកអោយទំនេរសំរាប់ម្ចាស់អចលនវត្ថុវិញទេ ពោល គឺទំហំនៃដីសំរាប់សាងសង់គំរោងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដសាធារណៈបានប៉ះចំដីនេះទាំងអស់ ។ ដូចនេះ រដ្ឋនឹងធ្វើការដកហូត ទំហំអចលនវត្ថុនេះទាំងអស់ដោយផ្អែកតាមគំរោងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដសាធារណៈ របស់រដ្ឋ ។ ករណីដីដែលរងផលប៉ះពាល់ដោយសារគម្រោងនេះ ប៉ះចំតែផ្នែកណាមួយដោយមិនចំ ទាំងអស់ទេនោះ គឺរដ្ឋមិនអាចធ្វើការដកហូតដីនេះទាំងអស់បានទេ ទោះស្ថិតក្នុងហេតុផលណាក៏ដោយ លុះត្រាតែមានការយល់ព្រមពីម្ចាស់អចលនវត្ថុ ។

ក.២ ការដកហូតដោយផ្នែក

ការដកហូតដោយផ្នែក គឺការដកហូតត្រង់ផ្នែកណាមួយនៃអចលនវត្ថុទាំងមូល ។ ការដកហូត ដោយផ្នែកនេះដោយហេតុថាអចលនវត្ថុ ដែលរងផលប៉ះពាល់ដោយសារគំរោងរបស់រដ្ឋបានប៉ះចំផ្នែក ណាមួយនៃអចលនវត្ថុនោះ ។ ជាទូទៅ ការដកហូតលើអចលនវត្ថុតែងតែផ្ដល់ផលប៉ះពាល់ដល់ម្ចាស់ អចលនវត្ថុ ដែលជាហេតុធ្វើអោយមានទុក្ខលំបាកដល់អ្នករងផលប៉ះពាល់ ។ ផ្ទុយទៅវិញ ការដកហូត ដោយគម្រោងនេះក៏ផ្តល់ផលវិជ្ជមាន ដល់អ្នកដែលរងផលប៉ះពាល់វិញផងដែរ ដូចជាករណីពេលដែល គំរោងនេះប៉ះចំដីគាត់ ហើយដីគាត់មានទំហំធំ នៅពេលនោះធ្វើឱ្យដីគាត់ឡើងថ្លៃដោយសាររដ្ឋបានដក ហូតដីគាត់តែមួយផ្នែកប៉ុណ្ណោះ ។ ជាក់ស្ដែង សម្រាប់គំរោងសាងសង់ផ្លូវជាតិមួយខ្សែដែលគម្រោងនេះ បានប៉ះចំដីគាត់និងពុះដីគាត់ជាពីរ ដូចនេះដីរបស់គាត់នៅជាប់នឹងថ្នល់ត្រូវបានឡើងថ្លៃដែលជាការទទួល បានផលពីគម្រោងនេះផងដែរ ។ នៅត្រង់ចំណុចនេះគេមិនសូវឃើញមានការតវ៉ាពីសំណាក់អ្នករងផល ប៉ះពាល់ទេ ដោយហេតុថាពួកគាត់បានទទួលផលចំណេញពីគម្រោងនៃការធ្វើអស្សាមិករណ៍នេះ ។

ខ.កាតព្វកិច្ចម្ចាស់អចលនវត្ថុ

ស្របពេលជាមួយនឹងការដកហូតសិទ្ធិលើអចលនវត្ថុ ក៏តម្រូវអោយម្ចាស់អចលនវត្ថុមានកាតព្វកិច្ចមួយចំនួនផងដែរ ដែលត្រូវបំពេញក្រោយការដកហូតនេះដូចជា កាតព្វកិច្ចក្នុងការរុះរើសំណង់ចេញ ការផ្ដាច់សិទិ្ធកម្មសិទិ្ធពីមា្ចស់កម្មសិទិ្ធករនៃអចលនវត្ថុ និងការហាមសាងសង់បន្ថែមជាដើម។ ដំណាក់ កាលបរិច្ឆេទនៃបណ្ដឹងតវ៉ាមិនសុខចិត្តលើគំរោងនៃការធ្វើអស្សាមិករណ៍ ឬក៏គ្មានការប្ដឹងទាក់ទងនឹងនីតិវិធីទេ ច្បាប់បានដាក់កាតព្វកិច្ចទៅលើម្ចាស់សិទិ្ធកម្មសិទិ្ធអោយអនុវត្តកាតព្វកិច្ចទាំងអស់នេះ ។ កាតព្វកិច្ច ទាំងអស់នេះចាប់ធ្វើឡើងក្រោយការចេញសេចក្តីសម្រេចប្រកាសដំណើរការគំរោងអស្សាមិករណ៍។

ខ.១ ការរុះរើសំណង់

ការរុះរើសំណង់ គឺជាកាតព្វកិច្ចមួយនៃជំហានដំបូងរបស់ម្ចាស់អចលនវត្ថុ ដើម្បីចាកចេញពីកន្លែងចាស់ទៅរស់នៅកន្លែងថ្មី ។ ការរុះរើនេះ ធ្វើឡើងក្រោយការប្រកាសសេចក្តីជូនដំណឹងពីគណៈកម្មាធិការ អស្សាមិករណ៍អំពីការរុះរើលំនៅឋានទៅទីតាំងមួយផ្សេងទៀត ។ ពេលដែលកាលបរិច្ឆេទកំណត់បានមក ដល់ បើម្ចាស់អចលនវត្ថុពុំព្រមរុះរើ និងធ្វើការចាកចេញពីអចលនវត្ថុដែលជាកម្មវត្ថុនៃការដកហូតនេះទេ អាជ្ញាធរនឹងធ្វើការដោយបង្ខំក្នុងការរុះរើសំណង់នេះ ហើយតម្លៃឈ្នួលនៃការរុះរើនេះ ម្ចាស់អចលនវត្ថុជា អ្នកចេញជំនួសរដ្ឋផងដែរ ។ ស្របពេលជាមួយគ្នានោះដែរ ការចុះទៅដកហូតដោយបង្ខំ គឺត្រូវមានការចូលរួមពីស្ថាប័នអយ្យការ និងកងរក្សាសណ្ដាប់ធ្នាប់ផងដែរ ដើម្បីបញ្ជៀសកុំអោយមានការបង្កភាពអសន្តិសុខពីម្ចាស់អចលនវត្ថុ ដែលប្រឆាំងតវ៉ាមិនព្រមចាកចេញពីទឹកន្លែងនៃអចលនវត្ថុដែលរដ្ឋ ត្រូវធ្វើការដកហូត ។

ខ.២ ការផ្ដាច់សិទិ្ធលើអចលនវត្ថុ

បន្ទាប់ពីបានធ្វើអស្សាមិករណ៍រួចហើយ ម្ចាស់អចលនវត្ថុ ឬម្ចាស់សិទិ្ធប្រត្យក្សពិតជាបាត់បង់នូវ សិទិ្ធទៅលើអចលនវត្ថុនោះ ត្រូវរុះរើសំណង់ចេញពីកន្លែងដែលធ្វើអស្សាមិករណ៍ម្ចាស់អចលនវត្ថុត្រូវបាត់បង់សិទ្ធិរបស់ខ្លួន ដែលអចលនវត្ថុនៃកម្មសិទិ្ធឯកជន ត្រូវបានប្រែក្លាយទៅជាសម្បត្តិរដ្ឋ ។ អចលនវត្ថុដែលដកហូតបាន នឹងយកទៅបំរើផលប្រយោជន៍សាធារណៈឬផលប្រយោជន៍ជាតិ ។ ការផ្ដាច់សិទិ្ធកម្មសិទ្ធិលើអចលនវត្ថុ ឬសិទិ្ធប្រត្យក្សនេះ ត្រូវបានផ្ដាច់នៅពេលដែលភាគីដែលរងផលប៉ះពាល់នៃ ការធ្វើអស្សាមិករណ៍បានទទួលសំណងពីគណៈកម្មាធិការអស្សាមិករណ៍រួចរាល់សិន ។

ខ.៣ ការហាមសាងសង់បន្ថែម

 ការសាងសង់បន្ថែមត្រូវបានហាមឃាត់ជាដាច់ខាត ។ ប្រសិនបើមានការសាងសង់បន្ថែមនោះ នឹង នាំអោយមានការខូចខាតកាន់តែច្រើននិងមានទំហំកាន់តែធំ ព្រោះរដ្ឋត្រូវចំណាយនូវសំណងកាន់តែច្រើន និងខាតពេលក្នុងពេលរុះរើ ឬអាចជាចេតនាក្នុងគោលបំណងចង់ទទួលបាននូវសំណងបន្ថែមពីរដ្ឋ។ ម្ចាស់អចលនវត្ថុ ឬម្ចាស់សិទិ្ធប្រត្យក្ស អាចធើ្វការកាន់កាប់អចលនវត្ថុនេះបានរយៈពេល ១ខែ ដែលបានកំណត់ក្នុងសេចក្តីប្រកាសសំរាប់ធើ្វការរុះរើសំណង់ផ្លាស់ប្តូរទៅទីតាំងថ្មី ។ ក្នុងរយៈពេល ១ខែនេះ គឺផ្តល់ លទ្ធភាពអោយម្ចាស់កម្មសិទិ្ធអាចរស់នៅបន្ត ឬ ធើ្វការទទួលផលពីដំណាំនៅលើអចលនវត្ថុនោះបន្ត ទៀត ។

ជនណាមានគំនិតទុច្ចរិតបង្កអោយមានការរាំងស្ទះដល់ដំណើរការគំរោងអស្សាមិករណ៍ នឹងត្រូវទទួលទោសតាមច្បាប់ដែលមានចែងក្នុងច្បាប់ស្តីពីអស្សាមិករណ៍ ។

គ កិច្ចដំណើរការគម្រោង

ក្រោយពីការអនុវត្ដន៍តាមនីតិវិធីនៃការធ្វើអស្សាមិករណ៍រួច ម្ចាស់គម្រោងត្រូវចាប់ផ្ដើមដំណើរការ គំរោងដែលបានគ្រោងទុកដោយមិនអាចធ្វើការពន្យា ឬ ក៏ទុកអោយនៅទំនេរ ឬក៏ប្រើប្រាស់អចលនវត្ថុ ដែលបានមកពីការដកហូតយកទៅប្រើប្រាស់ខុសគោលបំណងដែលបានគ្រោងទុកឡើយ។ ចំណុចទាំងអស់នេះ គឺជាការព្រួយបារម្ភរបស់រដ្ឋ និងមា្ចស់អចលនវត្ថុ នៅពេលមានការដកហូតនេះ ហើយ ដំណើរការគំរោងមិនបានប្រព្រឹត្តទៅ ឬទុកដីអោយនៅទំនេរសិន រង់ចាំពេលវេលាអភិវឌ្ឍន៍នៅ ពេលក្រោយ ឬក៏ផ្ទេរទៅអោយតតីយជនផៀងទៀត ដើម្បីទាញផលចំណេញពីការដកហូតនេះ ។ គណៈ កម្មាធិការអស្សាមិករណ៍ ត្រូវអនុវត្តគំរោងនេះអោយចំគោលបំណងដូចដែលរាជរដ្ឋាភិបាលបានដាក់អោយ ក្នុងករណីដែលគណៈកម្មាធិការអស្សាមិករណ៍បានអនុវត្តខុសគោលបំណង ឬក៏ខុសទឹកនែ្លងដែលបាន គ្រោងទុកនោះ នឹងអាចធើ្វអោយមានផលប៉ះពាល់ទៅដល់សង្គមជាតិ ហើយប្រជាជនបាត់បង់ជំនឿទុក ចិត្តលើរដ្ឋាភិបាល។ ដូចនេះ ម្ចាស់អចលនវត្ថុអាចប្តឹងទាមទារយកដីរបស់ខ្លូនយកមកកាន់កាប់វិញបាន ។

បែបបទ និងនីតិវិធីនៃទូទាត់សំណង ត្រូវកំណត់អនុក្រឹត្យតាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ប្រាក់សំណងត្រូវគិតតាមតម្លៃសំណងសរុប ដកចំនួនទឹកប្រាក់បន្ទុកពន្ធប្រថាប់ត្រា និងពន្ធលើដីធ្លីមិន ប្រើប្រាស់ដែលកន្លងមកមិនទាន់បានបង់ជូនរដ្ឋ ហើយគណៈកម្មាធិការអស្សាមិករណ៍ ត្រូវបង់ប្រាក់ពន្ធ កាត់ទុកទាំងនោះ ចូលថវិកាជាតិ តាមនីតិវិធីជាធរមាន។ បា្រក់សំណងចំពោះកម្មសិទ្ធិលើអចលវត្ថុ និងសិទ្ធិប្រត្យក្សលើអចនវត្ថុ មិនត្រូវបានគិតដល់ការប្រែប្រួលនៃតម្លៃដែលកើតមានឡើង ចាប់ពីថ្ងៃចេញ ប្រកាសស្តីពីគម្រោងអស្សាមិករណ៍នោះឡើយ ដោយការប្រែប្រួលទាំងនោះ អាចពាក់ព័ន្ធដល់ការប្រាស់ ប្តូរវិធានការបម្រុងផ្ទៃដីទុកដែលមានក្នុងផែនការនគរូបនីយកម្ម ដែលកំណត់តំបន់ប្រើប្រាស់ដីធ្លី ឬផែនការប្រើប្រាស់ដីធ្លីដែលបានអនុម័តត្រឹមត្រូវ ឬដោយការប្រែប្រួលនោះ បណ្តាលមកពីសេចក្តីប្រកាសស្តីពី គម្រោងអស្សាមិករណ៍ ។

គណៈកម្មាធិការនេះអាចទទួលយកអចលនវត្ថុនោះក្រោយពី៖ បានអនុវត្ថនីតិវិធី និងល័ក្ខខ័ណ្ឌដូចមានចែងក្នុងផ្នែកទី១ និងផ្នែកទី២ ជំពូកទី៤នៃច្បាប់ អស្សាមិករណ៍ ។ ការផ្តល់ប្រាក់សំណងត្រូវបានអនុវត្តតាមគោលការណ៍ និងនីតិវិធីច្បាប់។ ភតិកៈអចលនវត្ថុដែលមានកិច្ចសន្យាត្រឹមត្រូវ ត្រូវទទួលបាននូវសំណងសម្រាប់ការរំខាន់នានា ពាក់ព័ន្ធនឹងការដកហូតជាអាទិ៍ ការរុះរើសំណង់ សម្ភារៈ ការដឹកជញ្ជូនទៅកាន់ទីតាំងថ្មី។ ចំពោះភតិកៈ អចលនវត្ថុដែលកំពង់ប្រកបអាជីវកម្ម ត្រូវមានសិទ្ធិទទួល បាននូវសំណងលើផលប៉ះពាល់ដល់អាជីវកម្ម និងឧបត្ថម្ភបន្ថែមដោយអត្រាសមរម្យ និងយុត្តិធម៌លើ តម្លៃដើមទុនដែលបានចំណាយជាក់ស្តែង សម្រាប់ សកម្មភាពនៃការប្រកបរបរអាជីវកម្មនោះ ដោយគិតត្រឹមថ្ងៃចេញសេចក្តីប្រកាសស្តីពីគម្រោងអស្សាមិករណ៍។ ម្ចាស់អចលនវត្ថុ អាចកាន់កាប់អចលនវត្ថុទាំងនោះបានត្រឹមរយៈ ពេលមួយខែ បន្ទាប់ពីគណៈកម្មាធិការអស្សាមិករណ៍ បានទូទាត់សំណងគ្រប់ចំនួន ស្របតាមនីតិវិធីច្បាប់ លើកលែងតែមានការព្រមព្រៀង ឬមានការអនុញ្ញាតផ្ទុយពីនេះ ។ ក្នុងករណីម្ចាស់អចលនវត្ថុ ពុំព្រមចាក់ ចេញពីកន្លែងនោះ គណៈកម្មាធិការអស្សាមិករណ៍អាចស្នើសុំទៅស្ថាប័នមានសមត្ថកិច្ច ឬអាជ្ញាធរសាធារណៈ ដើម្បីចាត់វិធានការតម្រូវឱ្យជននោះចាក់ចេញពីទឹកន្លែងដែលបានធ្វើអស្សាមិករណ៍រួចហើយ ។

III. ការដោះស្រាយទំនាស់

១ គណៈកម្មាធិការដោះស្រាយបណ្ដឹងតវ៉ា គឺជាគណៈកម្មាធិការមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ច ដំណើរការនៃការដោះស្រាយបណ្តឹងដែលប្ដឹងដោយអ្នករងផលប៉ះពាល់ ដែលមិនសុខចិត្តនឹងនីតិវិធី និង គម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈរបស់រដ្ឋ។ រាល់ការធើ្វអោយប៉ះពាល់ដល់ផលប្រយោជន៍ឯកជន គឺឯកជនមានសិទិ្ធប្តឹងទៅតុលាការដើម្បីធ្វើការដោះស្រាយ ។ ការបង្កើតគណៈកម្មាធិការដោះស្រាយបណ្តឹងតវ៉ានេះ គឺជាដំណោះស្រាយ ឬក៏ជាយន្តការ មួយដ៏ទន់ភ្លន់ ដើម្បីជួយកាត់បន្ថយការរាំងស្ទះដល់ការដោះស្រាយបណ្តឹងនៅតុលាការ ។ រដ្ឋមានការ ព្រួយបារម្មណ៍យ៉ាងខ្លាំង ចំពោះប្រជាជនក្នុងកិច្ចដំណើរការអស្សាមិករណ៍ ដូច្នេះបានជារដ្ឋបង្កើតនូវ គណៈកមា្មធិការមួយទៀត ដើម្បីដោះស្រាយបណ្តឹងតវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការ អស្សាមិករណ៍ ។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអស្សាមិករណ៍ ត្រូវបានកំណត់ដោយ អនុក្រឹត្យចំពោះបណ្តឹងមិនយល់ព្រមនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការអស្សាមិករណ៍ ត្រូវតែធ្វើ ឡើងជាលាយលក្ខ័អក្សរក្នុងរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ ហើយដាក់ជូនគណៈកម្មាធិការដោះស្រាយ បណ្តឹងតវ៉ា ដើម្បីធើ្វការដោះស្រាយ។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការដោះស្រាយ បណ្តឹងតវ៉ា ត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក ដែលស្របពេលជាមួយនឹងការបង្កើតគណៈកម្មាធិការ អស្សាមិករណ៍ដែរ។ គណៈកម្មាធិការដោះស្រាយបណ្តឹងតវ៉ា មានភារកិច្ចដោះស្រាយបណ្តឹងតវ៉ា ដែលទាក់ទងនឹងនីតិវិធីដូចជាការអង្កេតជាសាធារណៈ។ គណៈកម្មាធិការនេះនឹងធ្វើការដោះស្រាយបណ្តឹងតវ៉ា ដោយធើ្វការត្រួតពិនិត្យចំពោះនីតិវិធី ដែលបាន កំណត់ដោយច្បាប់អស្សាមិករណ៍ ។ ខ តុលាការ ករណីមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការដោះស្រាយបណ្តឹងតវ៉ា ម្ចាស់អចលន វត្ថុឬម្ចាស់សិទិ្ធប្រត្យក្សអាចប្តឹងទៅតុលាការដែលមានសមត្ថកិច្ច ចំពោះសេចក្តីសម្រេចដែលចេញដោយ គណៈកម្មាធិការដោះស្រាយបណ្តឹងតវ៉ាបាន។ ចំពោះនីតិវិធីនៃការធើ្វអស្សាមិករណ៍ ដែលធ្វើឡើង មិនបានត្រឹមត្រូវ ឬការដកហូត ដែលមិនយកទៅបម្រើផលប្រយោជន៍សាធារណៈ ឬផលប្រយោជន៍ជាតិ ដោយមានការបន្លំ គឺបានបើកសិទិ្ធអោយមានការប្តឹងជំទាស់ចំពោះបញ្ហាទាំងអស់នេះបាន ។ យើងអាចនិយាយបានថា រដ្ឋបានបើកសិទិ្ធយ៉ាងទូលាយបំផុតដល់ប្រជាពលរដ្ឋណា ដែលមិនសុខចិត្តនឹងសេចក្តី សម្រេចរបស់គណៈកម្មាធិការដោះស្រាយបណ្តឹងតវ៉ា គឺពួកគាត់មានសិទិ្ធប្តឹងទៅតុលាការដែលជាស្ថាប័ន មួយឯករាជ្យក្នុងការប្ដឹងតវ៉ា ។ នីតិវិធីនៃបណ្តឹង អាចប្តឹងបានចំពោះតែអស្សាមិករណ៍ដែលបានធ្វើឡើងមិន បានត្រឹមត្រូវតាមនីតិវិធីដែលបានកំណត់ដោយច្បាប់អស្សាមិករណ៍ ឬ មិនមានផលប្រយោជន៍ដល់ សាធារណជន ឬផលប្រយោជន៍ជនជាតិ ។

IV. ការផ្ដល់សំណង

ការផ្ដល់សំណងនេះ គឺជាថ្នូរមួយសំរាប់អោយម្ចាស់អចលនវត្ថុ ដែលទទួលរងផលប៉ះពាល់ពីការធ្វើ អស្សាមិករណ៍នៃគំរោងរបស់រដ្ឋ។ ការផ្ដល់សំណងដល់ម្ចាស់កម្មសិទិ្ធករ ដែលរងនូវការធ្វើអស្សាមិករណ៍ នេះត្រូវតែស្របនឹងច្បាប់អស្សាមិករណ៍ ដែលតំរូវអោយរដ្ឋត្រូវតែផ្ដល់សំណងជាមុន ដោយសមរម្យ និង យុត្តិធម៌

ការផ្តល់សំណងជាមុន ការផ្ដល់សំណងត្រូវតែប្រព្រឹត្តទៅតាមនីតិវិធីដែលបានបញ្ញតិទុក។ នីតិវិធីនៃការផ្ដល់សំណងនេះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ភូមិបាល ដែលអាជ្ញាធរត្រូវតែប្រតិបត្តិតាមអោយបានជាដាច់ខាត ។ ការធានានេះ គឺសំដៅទៅលើការប្រព្រឹត្តទៅនៃអាជា្ញធរ ក្នុងការផ្តល់សំណងដល់ម្ចាស់អចលនវត្ថុដោយ ផ្អែកលើមូលដ្ឋានច្បាប់ក្នុងការផ្ដល់សំណង ។ ការផ្ដល់សំណងនេះទៀតសោត ត្រូវផ្ដល់ជាមុនដោយ សមរម្យ និងយុត្តិធម៌ដល់ម្ចាស់កម្មសិទិ្ធលើអចលនវត្ថុប្រកបដោយតម្លាភាព ។ ម្ចាស់សិទិ្ធកម្មសិទិ្ធ ឬ សិទិ្ធប្រត្យក្សនៅតែធ្វើការកាន់កាប់លើដីរបស់ខ្លួន ដដែល រហូតទាល់តែមានការផ្ដល់សំណងដោយគណៈកម្មាធិការអស្សាមិករណ៍អោយបានគ្រប់ចំនួន ឬពាក់កណ្តាលនៃចំនួនទឹកប្រាក់សរុបជាមុនសិន។

យោងតាមច្បាប់ស្តីពីអស្សាមិករណ៍ ក៏ដូចជារដ្ឋធម្មនុញ្ញ សំណង ដែលសមរម្យ និងយុត្តិធម៌ត្រូវគោរពនូវគោលការណ៍ ២ គឺៈ ភាពសមរម្យ និងភាពយុត្តិធម៌នៃសំណង និង របៀបនៃការវាយតម្លៃចំពោះសំណងដែលត្រូវផ្តល់ជូន ។ សំណងដែលមានលក្ខណៈសមរម្យ និងយុត្តិធម៌ គឺមានន័យថា បន្ទាប់ពីបានឆ្លងកាត់ការវាយតម្លៃ ជាក់លាក់តាមតម្លៃទីផ្សារ ឬតម្លៃជំនួស ហើយការវាយតម្លៃនេះត្រូវបានគណៈកម្មការឬក៏ភ្នាក់ងារឯករាជ្យ ជាអ្នកវាយតម្លៃតាមរយៈការជ្រើសរើសរបស់គណៈកម្មាធិការអស្សាមិករណ៍ ។ របៀបនៃការវាយតម្លៃ គឺ គណៈកម្មការ ឬ ក៏ភ្នាក់ងារឯករាជ្យ ចុះធ្វើការការស៊ើបសួរតម្លៃអចលនវត្ថុ នៅតំបន់ដែលនៅជុំវិញនោះ រួចហើយធ្វើការពិភាក្សាដោយមានគណៈកម្មការឬភ្នាក់ងារឯករាជ្យ ជាមួយនឹងគណៈកម្មាធិការអស្សាមិករណ៍ ហើយធ្វើការសម្រេចលើតម្លៃ ដែលត្រូវសងជូនដល់អ្នកដែលរងផលប៉ះពាល់នៃការធ្វើអស្សាមិករណ៍ ។

V. សេចក្ដីសន្និដ្ឋាន សរុបសេចក្តីមក ការធ្វើអស្សាមិករណ៍ដែលបានអនុវត្តទៅតាមទំរង់និងនីតិវិធីនៃច្បាប់ស្ដីពីអស្សាមិករណ៍ គឺពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលរាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តជាជំហានៗ ទទួលបានជោគជ័យជាបន្តបន្ទាប់ស្របតាមគោលនយោបាយឈ្នះៗ មានន័យថា កិច្ចដំណើរការ អភិវឌ្ឍន៍បណ្តាញហេដ្ឋារចនាសម្ព័ន្ធ ក៏ទទួលជោគជ័យ ហើយប្រជាពលរដ្ឋក៏ពុំមានការថ្នាំងថ្នាក់ តាមរយៈការដោះស្រាយនូវសំណងមួយដ៏ សមរម្យ រួមទាំងទទួលបាននូវផ្លូវថ្នល់ល្អ សំរាប់ខ្លួននិងសំរាប់ប្រយោជន៍សង្គមជាតិទាំងមូល ។ 

រៀបចំដោយ P.Sam@Sakhada

Labels: , ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home