Tuesday, March 21, 2023

សមាគមនិយោជក និងសហជីព.


 នីតិការងារ

សមាគមនិយោជក

១. សេចក្ដីផ្ដើម

សមាគមនិយោជក ស្ថិតនៅក្នុងច្បាប់ស្តីពីសហជីព និងច្បាប់ការងារ​ ដែលជាច្បាប់មានសារៈសំខាន់ក្នុងការធានាអង្គការវិជ្ជាជីវៈ ដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអនុសញ្ញាអន្តរជាតិផ្សេងៗទៀត ដែលព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័ន។

ជានិជ្ជកាលរាជរដ្ឋាភិបាលបានសហការបណ្តាសហជីព សមាគមនិយោជកជាដៃគូសង្គម ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់កម្មករ និយោយជិត និងនិយោជក ដែលលើកកម្ពស់ដល់ការអភិវឌ្ឍជាតិ។

ថ្ងៃនេះក្រុមយើងខ្ញុំបានលើកយកប្រធានបទមួយក្នុងចំណោមនីតិការងារមកសិក្សាស្រាវជ្រាវ ដែលក្នុងនោះយើងខ្ញុំបានដក់ស្រង់ចំណុចមួយនៅក្នុងច្បាប់ការងារ សហជីព និងសមាគមនិយោជក ដែលនិយាយបកស្រាយអំពីសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ម នៅព្រះរាជណាចក្រកម្ពុជា។ ​

            តើការបង្កើតសមាគមនិយោជកឡើងក្នុងគោលបំណងអ្វីខ្លះ?​មានវិសាលភាពត្រឹមណា? តើមានលក្ខខណ្ឌដូចម្តេចខ្លះ? តើសមាគមន៍ណាខ្លះកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា?

      ក. គោលបំណងនៃការបង្កើតសមាគមនិយោជក

ច្បាប់ស្តីពីសមាគមនិយោជក មានគោលបំណងដូចជា៖

-        ផ្តល់សិទ្ធិសេរីភាពដល់សហគ្រាស ឬគ្រឹះស្ថាន និងជនទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញាត្តិនៃច្បាប់ការងារ។

-        ធានានូវសិទ្ធិសេរីភាពក្នុងការចរចារជាសមូហភាពរវាងនិយោជិត និងកម្មករ និងរួមចំណែកក្នុងអភិវឌ្ឍការងារសមរម្យ ដើម្បីបង្កើនផលិតភាព និងការវិនិយោគ។

      ខ. វិសាលភាព

           ច្បាប់នេះ មានវិសាលភាពគ្របដណ្តប់លើសហគ្រាសកម្មករ និយោជក ក្រោមបញ្ញត្តិនៃច្បាប់ការងារ។ ច្បាប់នេះ គ្របដណ្តប់លើដែនដី ដែនទឹក និងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា។

២. សិទ្ធិជាមូលដ្ឋានចំពោះការចូលជាសមាជិកសមាគមនិយោជក

      ក. ការបង្កើត និងការចូលរួម (មាត្រា៥ នៃច្បាប់ស្តីសហជីព)

            ដោយគ្មានការប្រកាន់គ្រប់កម្មករ និយោជិត និងនិយោជកគ្រប់រូបមានសិទ្ធិបង្កើតសហជីព និងសមាគមនិយោជកតាមការជ្រើសរើសរបស់ខ្លួន ក្នុងគោលបំណងសម្រាប់ការសិក្សាស្រាវជ្រាវ និងការបណ្តុះ    បណ្តាល ការលើកតម្កើងផលប្រយោជន៍ និងការពារសិទ្ធិ ក៏ដូចជាផលប្រយោជន៍ផ្នែកស្មារតី និងសម្ភារះជាសមូហភាព និងជាឯកត្តជនចំពោះបុគ្គលដែលលក្ខន្តិកៈរបស់សហជីព និងសមាគមនិយោជកបានកំណត់។

            និយោជកគ្រប់រូបមានសិទ្ធិដូចខាងក្រោម៖

-  ចូលរួមបង្កើតសមាគមនិយោជក

-  អាចជាសមាជិករបស់សមាគមនេះ ដោយអនុឡោមតាមវិធានរបស់សមាគម

-  អាចចូលរួមនៅក្នុងសកម្មភាពស្របច្បាប់របស់សមាគមដែលខ្លួនជាសមាជិក

-  អាចមានមុខងារនៅក្នុងសមាគមដែលខ្លួនជាសមាជិក ដោយអនុលោមតាមវិធានរបស់សមាគមនោះ

-  អនុវត្តសិទ្ធិដទៃទៀតដែលផ្តល់ដោយច្បាប់ស្តីពីសហជីព និងសមាគមនិយោជក។

ត្រូវបានហាមឃាត់មិនឱ្យបង្កើតសមាគមនិយោជក ទាំងឡាយណាដែលរួមបញ្ចូលនិយោជក និង    កម្មករ និយោជិតទៅក្នុងសហជីព ឬសមាគមនិយោជកតែមួយ ។

      ខ. សិទ្ធិរបស់សមាគមនិយោជក

            ក្រុមប្រឹក្សាសមាគមនិយោជកមានសិទ្ធិដូចតទៅ៖

-  តាក់តែងលក្ខន្តិកៈ បទបញ្ជាផ្នែករដ្ឋបាល រៀបចំប្រព្រឹត្តទៅ និងកម្មវិធីការងាររដ្ឋបាលរបស់សមាគមនិយោជក ដោយមិនឱ្យផ្ទុយនិងសណ្តាប់ធ្នាប់សាធារណៈ បទបញ្ញាតិ្ត និងច្បាប់ជាធរមាន។

-  បោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនដោយសេរី។(មាត្រា៩ នៃច្បាប់ស្តីសហជីព)

      គ. រចនាសម្ព័ន្ធសមាគមនិយោជក និងសម្ព័ន្ធភាពជាមួយសហជីព

            សមាគមនិយោជកមានរចនាសម្ព័ន្ធ ២ថ្នាក់ ដូចតទៅ៖

១.សមាគមនិយោជកមួយ ត្រូវបានបង្កើតឡើងដោយសហគ្រាស ឬគ្រឹះស្ថានចំនួនយ៉ាងតិច ៩(ប្រាំបួន)

២.សហព័ន្ធនិយោជក ត្រូវបានបង្កើតឡើងដោយសមាគមនិយោជកដែលមានបញ្ជិកាចំនួនយ៉ាងតិច ៦(ប្រាំមួយ) ។

សមាគមនិយោជក អាចពិគ្រោះយោបល់គ្នាបានដោយសេរី អំពីការសិក្សាស្រាវជ្រាវ ការបណ្តុះ បណ្តាល ការលើកតម្កើងវិជ្ជាជីវៈ និងការការពារប្រយោជន៍ផ្នែកស្មារតី និងសម្ភារៈ។(មាត្រា១០ នៃច្បាប់ស្តីសហជីព)

៣. ការចុះបញ្ជីសមាគមនិយោជក

      ក. អត្តប្រយោជន៍នៃការចុះបញ្ជី                      

            ដើម្បីឱ្យសមាគមនិយោជកទទួលបាននូវសិទ្ធិ និងផលប្រយោជន៍ ដែលមានចែងនៅក្នុងច្បាប់នេះ ស្ថាបនិករបស់សមាគមនិយោជក ត្រូវចុះបញ្ជីនៅក្រសួងទទួលបន្ទុកវិស័យការងារ ។ ដោយក្រសួងត្រូវរក្សានូវកំណត់ត្រានៃការចុះបញ្ជី ហើយអាចសហការបោះពុម្ភផ្សាយឱ្យបានទៀងទាត់អំពីបញ្ជិកា (មាត្រា១១ នៃច្បាប់ស្តីសហជីព)។

 

      ខ.លក្ខខណ្ឌតម្រូវនៃការចុះបញ្ជី

      សំណើសុំ ចុះបញ្ជីត្រូវបានយល់ព្រមដោយការផ្តល់ជូននូវវិញ្ញាបនបត្រចុះបញ្ជី ប្រសិនបើសំណើនោះបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ទៅនិងបទបញ្ញាត្តិទាំងឡាយនៃច្បាប់នេះ។ សំណើនេះត្រូវមាន៖

        ក. ច្បាប់ដើម នៃលក្ខន្តិកៈរបស់សមាគមនិយោជក រាប់ទាំងសេចក្តីថ្លែងការណ៍ស្តីពីគោលបំណងខ្លួន

        ខ. ច្បាប់ដើមនៃបទបញ្ជាផ្នែករដ្ឋបាល ដែលគ្រប់គ្រងទៅលើការដឹកនាំ និងកិច្ចការរដ្ឋបាល

        គ. បញ្ជីរាយនាម នៃអ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលរបស់សមាគមនិយោជក

        ឃ. អាសយដ្ឋានសម្រាប់រក្សាទុកនូវសៀវភៅហិរញ្ញវត្ថុ និងកំណត់ត្រាហិរញ្ញវត្ថុ

        ង. កិច្ចសន្យាធានាថានិងផ្តល់រាល់ព័ត៌មានគណនីធនាគាររបស់ខ្លួនរយៈពេល៤៥(សែសិបប្រាំ) ថ្ងៃ គិតត្រឹមថ្ងៃទទួលបានការចុះបញ្ជី

        ច. ភ្ជាប់មកជាមួយកំណត់ហេតុច្បាប់ដើម នៃការបង្កើតអង្គការវិជ្ជាជីវៈ និងបញ្ជីរាយនាមដូចជា៖

១. សមាគមនិយោជកមួយ ត្រូវមានបញ្ជីរាយនាមសមាជិករបស់ខ្លួន ដែលជានិយោជកចំនួនយ៉ាងតិច ៩(ប្រាំបួន) ។

២. សហព័ន្ធនិយោជក ត្រូវមានបញ្ជីរាយនាមសមាជិករបស់ខ្លួន ដែលមានបញ្ជិកាចំនួនយ៉ាងតិច ៦(ប្រាំមួយ) ។

រយៈពេល ៣០(សាមសិប) ថ្ងៃ នៃថ្ងៃធ្វើការ ក្រោយពីបានទទួលសំណុំបែបបទ សុំចុះបញ្ជី បើក្រសួងទទួលបន្ទុកវិស័យការងារមិនបានឆ្លើយតប ត្រូវចាត់ទុកថាសមាគនិយោជកនោះ បានចុះបញ្ជីហើយ។   

លក្ខនិ្តកៈ និងបញ្ជីរាយនាមអ្នកដឹកនាំគ្រប់គ្រងអ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាល ត្រូវចម្លងជូនទៅមន្ទីរទទួលបន្ទុកវិស័យការងារ ដែលសមាគមនិយោជកបានបង្កើតឡើង និងចម្លងជូនទីស្តីការ     គណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌។ ការតម្កល់ទុកនេះ និងត្រូវកែប្រែជាថ្មី នៅពេលផ្លាស់ប្តូរលក្ខន្តិកៈ និងអ្នកទទួលខុសត្រូវ។(មាត្រា១២ នៃច្បាប់ស្តីសហជីព)។

      គ. លក្ខខណ្ឌតម្រូវសម្រាប់លក្ខន្តិកៈ

            លក្ខន្តិកៈរបស់សមាគមនិយោជកដែលស្នើសុំចុះបញ្ជី ត្រូវរួមបញ្ជូលនូវ៖

-        ឈ្មោះ គំរូសញ្ញា អាសយដ្ឋាន និងគម្រូត្រា នៃសមាគមនិយោជក

-        សេចក្តីពិពណ៌នា អំពីដែនអនុវត្តតាមវិជ្ជាជីវះ ឬតាមវិស័យនៃសមាគមនិយោជក

-        ត្រូវកំណត់ការថែររក្សាកំណត់ត្រាហិរញ្ញវត្ថុជាធម្មតា និងការបោះពុម្ភផ្សាយជាប្រចាំរបាយការណ៍ប្រចាំឆ្នាំអំពីស្ថានភាពហិរញ្ញវត្ថុរបស់សមាគមនិយោជក ។

-        ត្រូវកំណត់ចំនួនកូរ៉ុមប្រជុំចំនួនភាគច្រើនដាច់ខាត(ចំនួនយ៉ាងតិច ៥០%+១) នៃសមាជិកសរុប

-        លក្ខខណ្ឌតម្រូវឱ្យមានការបោះឆ្នោតជាសម្ងាត់ដោយសម្លេង(ចំនួនយ៉ាងតិច៥០%+១)

-        នីតិវិធីសម្រាប់ជ្រើសរើសថ្នាក់ដឹកនាំតាមរយៈការបោះឆ្នោតជាសង្ងាត់

-        ការកំណត់អាណត្តិសម្រាប់មុខតំណែងអ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាល ជាមួយនិងលទ្ធភាព នៃការជាប់ឆ្នោតសារជាថ្មី។

-        លក្ខណៈសម្បត្តិសម្រាប់អ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលយ៉ាងហោចណាស់ឱ្យស្របតាមមាត្រា ២១ (លក្ខខណ្ឌសម្រាប់អ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលរបស់សមាគមនិយោជក) នៃច្បាប់ សហជីព (មាត្រា១៣ នៃច្បាប់ស្តីសហជីព)។

ឃ. លក្ខខណ្ឌសម្រាប់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាល

អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលរបស់សមាគមនិយោជ ដែលជាពលរដ្ឋខ្មែរ ត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖

ក. មានអាយុយ៉ាងតិច ១៨ (ដប់ប្រាំបី) ឆ្នាំ

ខ. ធ្វើសេចក្តីប្រកាសផ្ទាល់ខ្លួនអំពីអាសយដ្ឋានរស់នៅច្បាស់លាស់

គ. ធ្វើសេចក្តីប្រកាសផ្ទាល់ខ្លួនថាមិនធ្លាប់ទទួលការផ្តន្ទាទោសពីបទមជ្ឈឹម ឬបទឧក្រិដ្ឋ ។

-  ចំពោះនិយោជកជាជនបរទេស៖

            ក. មានអាយុយ៉ាងតិច ១៨ (ដប់ប្រាំបី) ឆ្នាំ

ខ. ធ្វើសេចក្តីប្រកាសផ្ទាល់ខ្លួនអំពីអាសយដ្ឋានរស់នៅច្បាស់លាស់នៅក្នុងព្រះរាជណាចក្រកម្ពុជា ត្រឹមត្រូវតាមច្បាប់ស្តីពី អន្តោប្រវេសន៍ ។

            គ. បានវិនិយោគ ឬធ្វើការយ៉ាងតិច ២ឆ្នាំជាប់គ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា

            ឃ. ធ្វើសេចក្តីប្រកាសផ្ទាល់ខ្លួនថាមិនធ្លាប់ទទួលការផ្តន្ទាទោសពីបទមជ្ឈឹម ឬបទឧក្រិដ្ឋ ។

៤. ការដោះស្រាយវិវាទរបស់សមាគមនិយោជក

  ក. ការដោះស្រាយវិវាទរបស់សមាគមនិយោជក

            វិវាទដែលកើតឡើងរវាងសមាគមនិយោជកមួយ និងសមាគមនិយោជកមួយទៀត ព្រមទាំងវិវាទរវាងសជីព ឬក្រុមប្រឹក្សាជាតិសហជីព និងសមាគមនិយោជក ឬសហព័ន្ធនិយោជក ត្រូវដោះស្រាយតាមរយៈការសម្របសម្រួល និងពិភាក្សាអោយអស់ពីលទ្ធភាពដោយរក្សាអោយបាននូវសេវាអប្បបរមា សេវាជាសារវន្ត និងសណ្តាប់ធ្នាប់សាធារណៈ (មាត្រា៧៥ នៃច្បាប់ស្តីពីសហជីព)។

      ខ.ការទទួលខុសត្រូវរបស់សមាគមនិយោជក

            ត្រូវពិន័យអន្តរការណ៍ ជាប្រាក់មិនលើសពី ១០,០០០,០០០ (ដប់លាន) រៀល ចំពោះសមាគមនិយោជក ដែលបានឡុកអៅដោយខុសច្បាប់ បន្ទាប់ពីបានទទួលរងការប្រមានជាលាយលក្ខណ៍អក្ស (មាត្រា៩៤ នៃច្បាប់ស្តីពីសហជីព) ។

៥. សមាគមនិយោជកកំពុងប្រតិបត្តិការណ៍នៅកម្ពុជា

      ក.សមាគមរោងចក្រកាត់ដេរ នៃកម្ពុជា ​(GMAC)

សមាគមរោងចក្រកាត់ដេរ នៃកម្ពុជា តំណាងអោយរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ ។ ជីម៉ាក់ ​(GMAC) ត្រូវបានទទួលស្គាល់នៅទូទាំងប្រទេស ចំពោះការបំពេញសន្តិសុខ សុវត្ថិភាពការងារ ដោយបានផ្តល់ឱកាសការផ្ទាល់ ៥០០,០០០ កន្លែង និងការងារដោយប្រយោលចំនួន ២,០០០,០០០ កន្លែង ។ ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​​ក្នុង​សន្និសីទ ស្តី​ពី​ក្របខ័ណ្ឌ​គតិ​យុ​ត្ត​សម្រាប់​ទំនាក់ទំនង​វិជ្ជាជីវៈ​ល្អ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ ធ្នូ នៅ​សណ្ឋាគារ​សាន់​វ៉េ បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​បណ្តា​សហជីព និង​សមាគម​និយោជក​ទាំងអស់​គឺជា​ដៃគូ​សង្គម ហើយ​អង្គការ​វិជ្ជាជីវៈ​ក៏​បាន​ចូលរួម​ចំណែក​ការពារ​សិទ្ធិ ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករ​​និយោ​ជិត និង​លើកកម្ពស់​ការ​អភិវឌ្ឍ​ជាតិ ។ ស្រប​ពេល​ចំនួន​នៃ​អង្គការ​វិជ្ជាជីវៈ (​សហជីព​-​សមាគម​និយោជក​) បាន​ចុះបញ្ជី​កើន​ជិត​ដល់​៤.០០០​អង្គភាព។ បច្ចុប្បន្ន​នេះ ក្រសួង​ការងារ និង​បណ្តុះ       បណ្តាល​វិជ្ជាជីវៈ បាន​ចុះបញ្ជី​អង្គការ​វិជ្ជាជីវៈ​សរុប​ចំនួន​​សមាគម​និយោជក​ ៨(ប្រាំបី) ​អង្គភាព ។

ដោយសារ​ការ​ចុះបញ្ជី​របស់​អង្គការ​វិជ្ជាជីវៈ​នៅ​កម្ពុជា​មាន​កំណើន​ឆាប់រហ័ស រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បន្ថែម​ថា តម្រូវការ​ចាំ​បាច់​​ឱ្យ​មាន​បទ​ប្បញ្ញត្តិ និង​វិធានការ​នៃ​ការ​ចុះបញ្ជី​កាន់តែ​ច្បាស់លាស់ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ចុះបញ្ជី​ប្រកបដោយ​ភាព​ត្រឹមត្រូវ និង​ការ​គ្រប់គ្រង​ទិន្នន័យ​អង្គការ​វិជ្ជាជីវៈ​មួយ​ដែល​មាន​សុក្រឹតភាព​។ ក្រសួង​បាន​ចេញ​ប្រកាស​ចំនួន​៤ ពាក់ព័ន្ធ​នឹង​ការ​ចុះបញ្ជី​សហជីព​នេះ ដោយ​ផ្តោត​សំខាន់​លើ​នីតិវិធី និង​ចំណាត់ការ​ចុះបញ្ជី​សហជីព និង​សមា​គម​​និយោជក ។ មន្ត្រី​ទទួល​បន្ទុក​ចុះបញ្ជី​ចាំបាច់​ត្រូវ​យល់​ដឹង​ឱ្យ​ច្បាស់​ដើម្បី​អនុវត្ត​តួនាទី​ភារកិច្ច​ក្នុង​ការ​ចុះបញ្ជី​សហជីព និង​សមាគម​ឱ្យ​កាន់តែ​ច្បាស់លាស់ និង​ល្អ​ប្រសើរ​ជាង​មុន ។ ចំពោះវិវាទរវាងសហជីព និងសមាគមនិយោជក​ ទទួលបានលទ្ធផល​ដែល​បាន​មក​ពី​ការ​ជួយ​សម្របសម្រួល​ដំឡើង​ប្រាក់​បៀវត្ស​កម្មករ​អប្បបរមា គឺជា​សញ្ញា​វិជ្ជមាន​មួយ ។ ទោះជា​យ៉ាងណា វា​នៅ​មាន​ចំណុច​មួយ​ចំនួន​ទៀត​ដែល​ត្រូវការ​សហការ​គ្នា​រវាង​ក្រសួង​ពាក់ព័ន្ធ និង​សហជីព ដើម្បី​ឱ្យ​វិស័យ​កាត់​ដេរ​កាន់តែ​ល្អ​ប្រសើរ ។ ការ​ធ្វើការ​រវាង​ភាគី​សហជីព និង​តំណាង​រដ្ឋាភិបាល​មើលឃើញ​ល្អ​ជាង​មុន តែ​នៅ​មានការ​ទាត់​ចោល​នូវ​សហជីព​មួយ​ចំនួន មាន​ន័យ​ថា មិន​បាន​ទទួល​សំណើ​របស់​គាត់​យក​ទៅ​ពិចារណា​ជាដើម​។ បើសិនជា​អាច​ធ្វើការ​កែ​លម្អ​បន្ថែម​ទៀត ដោយ​ព្យាយាម​ទទួលយក​សំណូមពរ ឬ​សំណើ​របស់​សហជីព​ទៅ​ដោះស្រាយ​ឱ្យ​បាន​ទូលំទូលាយ ចំពោះ វិស័យ​កាត់ដេរ​កម្ពុជា​នឹង​កាន់តែ​ប្រសើរ​ឡើង ៕

 

      ខ. សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ម (CAMFEBA)

            Cambodian Federation of Employers and Business Associations  (CAMFEBA) មានសមាជិក នៅក្នុងតំបន់ចំនួន ៣០០ សមាជិក។ សហព័ន្ធមានសមាជិកកំពុងបម្រើការចំនួន ១២ នៅក្នុងប្រទេសកម្ពុជា។ សហព័ន្ធបានដំណើរការតាំងពីឆ្នាំ២០១៥ ដោយបានជាប់ចំណាត់ថ្នាក់កំពូលផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។

            អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាបណ្ឌិត ណាង សុធី បានដឹកនាំតំណាងនិយោជកចូលរួមនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិលើកទី២លើ “សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហជីព” នាថ្ងៃ សុក្រ ទី ០២ ខែសីហា ឆ្នាំ ២០១៩ នៅសណ្ឋាគារ សាន់វ៉េ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងមានការចូលរួមពីភាគីតំណាងនិយោជក តំណាងអង្គការអន្តរជាតិខាងការងារ (ILO) ភាគីតំណាងកម្មករនិយោជិត (សហជីព) និងមន្ត្រីបច្ចេកទេសក្រសួងជាច្រើនរូប ។ សិក្ខាសាលានេះ រៀបចំឡើងដើម្បីបើកការពិភាក្សា និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធជាថ្មីម្តងទៀតបន្ទាប់ពីកិច្ចពិភាក្សាលើកទី១ដែលបានប្រារព្ធឡើងក្នុងកំឡុងខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ។ វិសោធនកម្មថ្មីនេះនឹងជួយសម្រួលដល់នីតិវិធី និងបែបបទនៃការចុះបញ្ជីសមាគមនិយោជក និង សហជីព ក៏ដូចជាលើកកម្ពស់សិទ្ធិជាតំណាង និងតួនាទីរបស់សមាគមនិយោជក និងសហជីពនៅក្នុងភាពជាតំណាងក្នុងការពិភាក្សាលិខិតគតិយុត្តិផ្សេងៗ និងដើម្បីលើកកម្ពស់សិទ្ធិការងារឲ្យកាន់តែល្អប្រសើ ជាពិសេសលើកកម្ពស់សិទ្ធិរបស់អ្នកធ្វើការតាមផ្ទះផងដែរ។  លោកឧកញ៉ាបណ្ឌិត ណាង សុធី បានមានប្រសាសន៍ថា៖ ការរីកចម្រើននៃវិស័យការងារ និងបរិបទសង្គមរបស់កម្ពុជា ព្រមទាំងដោះស្រាយបញ្ហាប្រឈមមួយចំនួនក្នុងការអនុវត្តច្បាប់សហជីពឲ្យកាន់តែប្រសើរ និយោជកសូមស្វាគមចំពោះការ   តម្រូវឲ្យមានការធ្វើវិសោធនកម្មមាត្រាទាំង១០ នៃច្បាប់សហជីពនេះ។ និយោជកសង្ឃឹមយ៉ាងមុតមាំថាភាគីសហជីពដែលជាដៃសំខាន់របស់យើងនៅក្នុងការចរចារ និងពិភាក្សាទៅលើអនុសញ្ញារួម ឬកិច្ចចរចារផ្សេងៗ នឹងអនុវត្តតួនាទីរបស់ខ្លួនក្នុងនាមជាតំនាងឲ្យសមាជិកប្រកបដោយប្រសិទ្ធភាព និងគោរពទៅតាមនិតីវិធីរបស់ច្បាប់។  និយោជក   សំលឹងឃើញថាពង្រាងនេះបានផ្តល់នូវភាពបត់បែន ដែលមានលក្ខណះប្រសើរច្រើនចំពោះលក្ខណះសម្បត្តិរបស់ថ្នាក់ដឹងនាំរបស់អង្គការវិជ្ជាជីវះដែលជាកតព្វកិច្ចតម្រូវដោយច្បាប់ ។ ពង្រាងក៏បានផ្តល់លទ្ធភាព និងឯករាជ្យភាពយ៉ាងប្រសើរសម្រាប់សហជីព ក៏ដូចជាសមាគមនិយោជកក្នុងការគ្រប់គ្រងផែនការហិរញ្ញវត្ថុ និងសកម្មភាពរបស់ខ្លួនបើធៀបទៅនឹងកាតព្វកិច្ចក្រោមច្បាប់បច្ចុប្បន្ន។ និយោជកក៏ស្នើសុំផងដែរដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តការអនុវត្តច្បាប់សហជីព និងច្បាប់ដែលពាក់ព័ន្ធប្រកបដោយភាពម៉ឺងម៉ាត់ និងសុក្រិត ដើម្បីលើកម្ពស់ និងធានាបានការអនុវត្តសិទ្ធសេរីភាព របស់និយោជក និងកម្មករនិយោជិត ប្រកបដោយសង្គិតភាព និងដើម្បីបន្ត ជម្រុញបង្កើតឱកាសការងារបន្ថែមជូនដល់បងប្អូនកម្មករនិយោជិត ព្រមទាំងលើកកម្ពស់ផលិតភាពការងារ ដើម្បីធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យ ក៏ដូចជាប្រទេសយើងផងដែរ ។

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home