Tuesday, March 21, 2023

ពន្ធប្រថាប់ត្រា

 ពន្ធប្រថាប់ត្រា#stamp Tax#

១. គោលបំណង

          ពន្ធប្រថាប់ត្រាត្រូវបានបង្កើតឡើង ក្នុងគោលបំណង៖ គ្រប់គ្រងប្រមូលពន្ធ សម្រាប់ជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ ក្នុងការអភិវឌ្ឈន៍មូលដ្ឋាន។

២. កម្មវត្ថុនៃពន្ធប្រថាប់ត្រា

          ពន្ធប្រថាប់ត្រាត្រូវបានប្រមូលចំពោះ៖

- ការផ្ទេរកម្មសិទ្ធ ឬសិទ្ធកាន់កាប់អចលនទ្រព្យ ឬការដាក់ភាគហ៊ុន ជាអចលនទ្រព្យក្នុងក្រុមហ៊ុន និងការផ្ទេរកម្មសិទ្ធ ឬសិទ្ធកាន់កាប់មធ្យោបាយដឹកជញ្ជូន ឬយានយន្តគ្រប់ប្រភេទ

- ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន

- កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ

- លិខិតមានលក្ខណៈគតិយុត្ត ជាអាទិ៍ លិខិតស្តីពីការបង្កើតក្រុមហ៊ុន លិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន។

៣. ពាក្យគន្លឹះ

សម្រាប់គោលដៅនៃពន្ធប្រភេទនេះ៖

-        ញាតិៈ សំដៅដល់ រវាងឪពុកម្តាយបង្កើតនិងកូនបង្កើត រវាងប្តីនិងប្រពន្ធ រវាងយាយតាបង្កើតនិងចៅបង្កើត រវាងបងប្អូនបង្កើតនិងបងប្អូនបង្កើត រវាយឪពុកម្តាយក្មេកនិងកូនប្រសារ។

-        តម្លៃចុះកិច្ចសន្យាៈ សំដៅដល់តម្លៃលើកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ។

-        តម្លៃភាគហ៊ុនៈ សំដៅដល់តម្លៃនៃការផ្ទេរភាគហ៊ុន ផ្អែកតាមតម្លៃទីផ្សារ។

-        ថវិការដ្ឋៈ សំដៅដល់ថវិការជាតិ ឬថវិការថ្នាក់ក្រោមជាតិ ដែលមានចែងនៅក្នុងមាតិកាថវិការប្រចាំឆ្នាំនីមួយៗ

-        ទំនិញ ឬសេវាៈ សំដៅដល់ទំនិញ សំណង់ ឬសេវា

-        ប្រទានកម្មៈ សំដៅដល់ការផ្ទេរអចលនទ្រព្យពីមនុស្សរស់ទៅឲ្យញាតិដោយមិនយកថ្លៃ។

-        ប្រធានសក្តិៈ សំដៅដល់បាតុភូត ឬជាព្រឹត្តិការណ៍កើតឡើងដោយមិនដឹងជាមុន មិនអាចប៉ាន់ស្មានជាមុនបាន និងមិនអាចជំនះបាន ដូចជា គ្រោះធម្មជាតិ (ទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី) សង្គ្រាម កុប្បកម្ម អគ្គីភ័យ ឬគ្រោះមហន្តរាយជាយថាហេតុ។

-        ភាគហ៊ុនៈ សំដៅដល់ចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុន ឬផលប្រយោជន៍ ឬលក់អាជីវកម្មរបស់ក្រុមហ៊ុននីតិបុគ្គល ក្រុមអាជីវកម្ម និងសហគ្រាសឯកបុគ្គល ដែលបានចុះបញ្ជី ឬមិនបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម

-        មធ្យោបាយដឹកជញ្ជូនឬយានយន្តៈ សំដៅដល់មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ដូចជា រថយន្ត ទូក កាណូត កប៉ាល់ សាឡាង ។ល។

-        លិខិតមានលក្ខណៈគតិយុត្តៈ សំដៅដល់លិខិតមានលក្ខណៈគតិយុត្តស្តីពីការបង្កើតក្រុមហ៊ុន លិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។

-        សន្តតិកម្មៈ សំដៅដល់ការផ្ទេរអចលនទ្រព្យពីមនុស្សស្លាប់ទៅឲ្យញាតិ តាមរយៈបណ្តាំជាលាយលក្ខណ៍អក្សរ ករណីគ្មានទំនាស់ ឬបញ្ជាក់លើលិខិតយថាភូត ករណីគ្មានទំនាស់ ឬសាលក្រម ឬសាលដីការតុលាការ ករណីមានទំនាស់។

-        អចលនទ្រព្យៈ សំដៅដល់ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ទោះបីបានចុះបញ្ជី ឬមិនបានចុះបញ្ជី ដោយរដ្ឋបាលសុរិយោដី។

៤. ការលើកលែងពន្ធប្រថាប់ត្រា

ពន្ធប្រថាប់ត្រា ត្រូវបានលើកលែងដូចខាងក្រោម៖

-        ការទទួលកម្មសិទ្ធ ឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទានពីរាជរដ្ឋាភិបាល សម្រាប់ជាប្រយោជន៍សេដ្ឋកិច្ច ឬសង្គមកិច្ច ពីដីឯកជនរបស់រដ្ឋដល់ជនក្រីក្រដែលខ្វះខាតដីសម្រាប់សង់លំនៅដ្ឋាន ឬ/និងធ្វើកសិ-ឧស្សាហកម្ម ឬកលិកម្មជាលក្ខណៈគ្រួសារ។


-        ការទទួលកម្មសិទ្ធ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ក្នុងរង្វង់ញាតិ ដូចជា ការធ្វើសន្តតិកម្ម រវាងឪពុកម្តាយបង្កើតនិងកូនបង្កើត រវាងប្តីនិងប្រពន្ធ និងរវាងយាយតាបង្កើតនិងចៅបង្កើត សម្រាប់តែការផ្ទេរលើកទី១ប៉ុណ្ណោះ។

-        ការផ្ទេរកម្មសិទ្ធទោចក្រយានយន្ត ត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងជលយានយន្តគ្រប់ប្រភេទដែលមានកម្លាំងដល់ ១៥០សេះ។

-        ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងមធ្យោបាយដឹកជញ្ជូនឬយានយន្ត ដែលត្រូវកត់ត្រាចុះក្នុងបញ្ជីសារពើភ័ណ្ឌរបស់ស្ថាប័ននានា នៃព្រះរាជាណាចក្រកម្ពុជា។

-        ការទទួលកម្មសិទ្ធ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងមធ្យោបាយដឹកជញ្ជូន ឬយានយន្តរបស់បេសកម្មការទូត ឬកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។

-        ការទិញមធ្យោបាយដឹកជញ្ជូនឬយានយន្ត ធ្វើជាទំនិញដើម្បីលក់វិញរបស់សហគ្រាសនានា ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ និងបានបង់ពន្ធ-អាករប្រចាំខែ និងប្រចាំឆ្នាំ។ ដោយឡែកការទិញមធ្យោបាយដឹកជញ្ជូន ឬយាន្តដែលបានចុះបញ្ជីនៅស្ថាប័នសាធារណការ និងដឹកជញ្ជូន មិនត្រូវបានលើកលែងពន្ធប្រថាប់ត្រានោះទេ។

-        អ្នកវិនិយោគមូលបត្រដែលទទួលសិទ្ធិកាន់កាប់ភាគហ៊ុនតាមរយៈ ការជួញដូរមូលបត្រក្នុងទីផ្សារដំបូង ឬក្នុងទីផ្សារបន្ទាប់។


៥. ការអនុគ្រោះពន្ធប្រថាប់ត្រា

ពន្ធប្រថាបត្រាត្រូវបានអនុគ្រោះ ដូចខាងក្រោម៖

-        ការផ្ទេរកម្មសិទ្ធ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់ញាតិ រវាងបងប្អូនបង្កើតនិងបងប្អូនបង្កើត និងរវាងឪពុកម្តាយក្មេកនិងកូនប្រសារ ត្រូវបានអនុញ្ញាតឲ្យដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រា ២០០ ០០០​ ០០០ (ពីររយលាន) រៀល ចំពោះការធ្វើសន្តតិកម្ម និង ១០០ ០០០ ០០០ (មួយរយលាន) រៀលចំពោះការធ្វើប្រទានកម្ម

-        ការផ្ទេរកម្មសិទ្ធ ឬសិទ្ធិកាន់កាប់អចនទ្រព្យដដែល ជាប្រទានកម្មក្នុងរង្វង់ញាតិ រវាងឪពុកម្តាយបង្កើត និងកូនបង្កើត រវាងប្តីនិងប្រពន្ធ និងរវាងយាយតាបង្កើតនិងចៅបង្កើត ចាប់ពីលើកទី២តទៅ ត្រូវបានអនុញ្ញាតឲ្យដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រា ១០០ ០០០ ០០០ (មួយរយលាន) រៀល។

-  


៦. អ្នកទទួលបន្ទកបង់ពន្ធ

ពន្ធប្រថាប់ត្រាត្រូវប្រមូលពី៖

-        អ្នកទទួលកម្មសិទ្ធ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ

-        អ្នកទទួលសិទ្ធីកាន់កាប់មធ្យោបាយដឹកជញ្ជូន ឬយានយន្តគ្រប់ប្រភេទ

-        អ្នកទទួលសិទ្ធិកាន់កាប់ភាគហ៊ុន

-        អ្នកទទួលចុះកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ

-        អ្នកទទួលសិទ្ធីលើលិខិតមានលក្ខណៈគតិយុត្តិ។

៧. អត្រាពន្ធ និងការកំណត់ពន្ធ

អត្រាពន្ធប្រថាប់ត្រាត្រូវបានកំណត់ដូចខាងក្រោម ៖

-        ៤ % នៃតម្លៃអចលនទ្រព្យ ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យជាសំណង់ ឬ/និងដី ឬការដាក់ភាគហ៊ុន ជាអចលនទ្រព្យក្នុងក្រុមហ៊ុន។ មធ្យោបាយដឹកជញ្ជូន ឬយានយន្ត ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូន ឬយានយន្តគ្រប់ប្រភេទ ។

-        ០.១ % នៃតម្លៃភាគហ៊ុន ចំពោះការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុន ឬការរំលាយ ក្រុមហ៊ុន
បញ្ជូលគ្នា ឬកិច្ចសន្យាចំពោះការផ្គង់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការរដ្ឋ។

-        ១ ០០០ ០០០ រៀល ចំពោះលិខិតមានលក្ខណៈគតិយុត្តិ ៣ប្រភេទគឺ លិខិតស្តីពីការបង្កើតក្រុមហ៊ុន លិខិតស្តីពីការបិទក្រុមហ៊ុន និងលិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា (រូមទាំងលិខិតរំលាយក្រុមហ៊ុនបញ្ចូលគ្នា របស់ក្រុមហ៊ុនបោះផ្សាយមូលបត្រសាធារណៈ)។

៨. តម្លៃជាមូលដ្ឋានសម្រាប់គិតពន្ធ

តម្លៃជាមូលដ្ឋានសម្រាប់គិតពន្ធប្រថាប់ត្រា ត្រូវកំណត់ដូចខាងក្រោម៖

១- អចលនទ្រព្យ និងមធ្យោបាយដឹកជញ្ជូនឬយានយន្ត ត្រូវគិតតាមតម្លៃទីផ្សារ នៅពេលផ្ទេរកម្មសិទ្ទិ ឬសិទ្ធិកាន់កាប់  (ក.ស.ហ.វ ត្រូវកំណត់តម្លៃអចលនទ្រព្យ និងមធ្យោបាយដឹកជញ្ជូន ឬយានយន្តសម្រាប់ធ្វើជាមូលដ្ឋានគិតពន្ធ)។

២- តម្លៃទីផ្សារ នៅពេលប្រតិបត្តិការផ្ទេរភាគហ៊ុននោះកើតឡើង។

៣- តម្លៃក្នុងកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវា។

៤- តម្លៃ ១ ០០០ ០០០ រៀល ចំពោះលិខិតមានលក្ខណៈគតិយុត្តនីមួយៗ

៩. កាតព្វកិច្ចអ្នកជាប់ពន្ធ

អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធប្រថាប់ត្រា ឲ្យបានចប់សព្វគ្រប់ក្នុងរយៈពេល ៣ខែចំពោះ ៖

-      អចលនទ្រព្យបន្ទាប់ពីការសម្រេចរបស់ប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីខេត្ត

-      មធ្យោបាយដឹកជញ្ជូន ឬយានយន្ត បន្ទាប់ពីថ្ងៃចុះហត្ថលេខារបស់អ្នកទទូលសិទ្ធិ លើសំណុំឯកសារ ពាក្យសុំផ្ទេរកម្មសិទ្ធិយានយន្តរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត

-      ភាគហ៊ុនបន្ទាប់ពីប្រតិបត្តិការផ្ទេរភាគហ៊ុនកើតឡើង ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ

-      កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវា បន្ទាប់ពីកាលបរិច្ឆេទនៃការចុះកិច្ចសន្យា

-        លិខិតមានលក្ខណៈគតិយុត្តិ បន្ទាប់ពីការសម្រេចរបស់ស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ច។

១០. ទោសប្បញ្ញត្តិ

-        ចំពោះទោសប្បញ្ញត្តិលើពន្ធប្រថាប់ត្រា មានដូចខាងក្រោម ៖

-        រងកាផាកពិន័យស្មើនឹងចំនួនប្រាក់ពន្ធប្រថាប់ត្រាដែលត្រូវបង់

-        ហាមរដ្ឋបាលសុរិយោដី ផ្តល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធ ឬសិទ្ធីកាន់កាប់អចលនទ្រព្យថ្មីនោះ

-        ហាមស្ថាប័នសាធារណៈការ និងដឹកជញ្ជូន ផ្តល់ប័ណ្ណសម្គាល់មធ្យោបាយដឹកជញ្ជូន ឬយានយន្តថ្មីនោះ ។

-         


-         

ចូរសរសេរអក្សរ នៅមុខចម្លើយត្រឹមត្រូវ និងសរសេរអក្សរនៅមុខចម្លើយមិនត្រឹមត្រូវ

o ១.ពន្ធប្រថាប់ត្រាត្រូវបានបង្កើតឡើង ក្នុងគោលបំណងគ្រប់គ្រងប្រមូលពន្ធ សម្រាប់ជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ ក្នុងការអភិវឌ្ឈន៍មូលដ្ឋាន។ ((ត្រូវ)

o ២.ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុនត្រូវមានកាតព្វកិច្ចបង់ពន្ធប្រថាប់ត្រា។ (ត្រូវ)

o ៣.ពាក្យ ញាតិ សំដៅដល់ សមាជិកគ្រួសារដែលមានក្នុងបញ្ជីឈ្មោះសៀវភៅគ្រួសារ។ (ខុស)

o ៤.ពាក្យ លិខិតមានលក្ខណៈគតិយុត្ត សំដៅលិខិតរដ្ឋបាលគ្រប់ប្រភេទដែលមានហត្ថលេខា និងត្រារបស់អង្គភាព (ត)

o ៥. ពាក្យ ប្រទានកម្ម សំដៅដល់ការផ្ទេរអចលនទ្រព្យពីមនុស្សរស់ទៅឲ្យញាតិដោយមិនយកថ្លៃ។ (ត)

o ៦. ពាក្យ សន្តតិកម្ម សំដៅដល់ការផ្ទេរអចលនទ្រព្យពីមនុស្សស្លាប់ទៅឲ្យញាតិតាមរយៈ បណ្តាំជាលាយលក្ខណ៍អក្សរ ករណីគ្មានទំនាស់ ឬបញ្ជាក់លើលិខិតយថាភូត ករណីគ្មានទំនាស់ ឬសាលក្រម ឬសាលដីការតុលាការ ករណីមានទំនាស់។ (ត)

o ៧.អត្រាពន្ធប្រថាប់ត្រាត្រូវបានកំណត់ ៤ % នៃតម្លៃភាគហ៊ុន ចំពោះការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុន ឬការរំលាយ ក្រុមហ៊ុនបញ្ជូលគ្នា ឬកិច្ចសន្យាចំពោះការផ្គង់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការរដ្ឋ។ (ខុស)

o ៨.អត្រាពន្ធប្រថាប់ត្រាត្រូវបានកំណត់ ០.១ % នៃតម្លៃអចលនទ្រព្យ ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យជាសំណង់ ឬ/និងដី ឬការដាក់ភាគហ៊ុន ជាអចលនទ្រព្យក្នុងក្រុមហ៊ុន។ មធ្យោបាយដឹកជញ្ជូន ឬយានយន្ត ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូន ឬយានយន្តគ្រប់ប្រភេទ ។  (ខុស)

o ៩.ពន្ធប្រថាបត្រាត្រូវបានអនុគ្រោះចំពោះ ការផ្ទេរកម្មសិទ្ធ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់ញាតិ រវាងបងប្អូនបង្កើតនិងបងប្អូនបង្កើត និងរវាងឪពុកម្តាយក្មេកនិងកូនប្រសារ ត្រូវបានអនុញ្ញាតឲ្យដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រា ២០០ ០០០ ០០០ (ពីររយលាន) រៀល ចំពោះការធ្វើសន្តតិកម្ម និង ១០០ ០០០ ០០០ (មួយរយលាន) រៀលចំពោះការធ្វើប្រទានកម្ម ។ (ខុស)

o ១០.ពន្ធប្រថាប់ត្រា ត្រូវបានលើកលែងចំពោះលិខិតមានលក្ខណៈគតិយុត្តិ ៣ប្រភេទគឺ លិខិតស្តីពីការបង្កើតក្រុមហ៊ុន លិខិតស្តីពីការបិទក្រុមហ៊ុន និងលិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា (រូមទាំងលិខិតរំលាយក្រុមហ៊ុនបញ្ចូលគ្នា របស់ក្រុមហ៊ុនបោះផ្សាយមូលបត្រសាធារណៈ)។ (ត្រូវ)

 

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home