ការបោះឆ្នោតនៅកម្ពុជា# Cambodia National election. ការបោះឆ្នោតតំណាងរាស្ត្រ និងបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់
ការបោះឆ្នោតនៅកម្ពុជា# Cambodia National election .
ដើម្បីអនុវត្តន៍របបនយោបាយប្រជាធិបតេយ្យ
សេរីពហុបក្សអោយបានជោគជ័យនោះ ការរៀបចំដំណើរការបោះឆ្នោត ត្រូវតែប្រព្រឹត្តទៅដោយសេរី
ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព គា្មនការបំភិតបំភ័យ គ្មានការគំរាមគំហេង
គ្មានការទិញទឹកចិត្ត និងប្រព្រឹត្តទៅដោយទៀតទាត់ពេលវេលា។
ដើម្បីធានាដល់ការដំណើរការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានសមត្ថកិច្ចគ្រប់គ្រងរាល់ការបោះឆ្នោត
បានអនុម័តគោលការណ៍មួយចំនួនដែលស្របតាមច្បាប់ស្តីពីការបោះឆ្នោត
សម្រាប់ណែនាំដល់គណបក្សនយោបាយ បេក្ខជនឈរឈ្មោះអោយគេបោះឆ្នោត និងអ្នកបោះឆ្នោតអោយប្រតិបត្តិតាម
និងគួរចៀសវាងអ្វីខ្លះដែលផ្ទុយនឹងច្បាប់បានកំណត់។
១. ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា
ប្រទេសកម្ពុជាបានជ្រើសរើសយកប្រព័ន្ធបោះឆ្នោតតាមបែបសមាមាត្រ
គឺដើម្បីឆ្លុះបញ្ចាំងពីឆន្ទះរបស់ប្រជាពលរដ្ឋត្រឹមត្រូវជាងការបោះឆ្នោតឯកត្តនាម ពីព្រោះសម្លេងគាំទ្រត្រូវបានបំលែងទៅជាចំនួនអសនៈ
នៅក្នុងរដ្ឋសភា ។ ប្រព័ន្ធនេះ បានជួយដល់ក្រុមដែលមានសម្លេងភាគតិច
និងស្ត្រីឱ្យមានតំណាងរបស់ខ្លួននៅក្នុងរដ្ឋសភា ។
តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១
បានតម្រូវឱ្យព្រះរាជាណាចក្រកម្ពុជា រៀបចំការបោះឆ្នោតជាសកលដោយសេរី និងយុត្តិធម៌
ដើម្បីបញ្ចប់ជម្លោះ និងបង្កើតស្ថាប័នគ្រប់គ្រងប្រទេស និងកសាងនីតិរដ្ឋឡើងវិញ។
ក្រោមកិច្ចរៀបចំរបស់អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាហៅកាត់អ៊ុនតាក់
(UNTAC) ការបោះឆ្នោតជាសកលលើកដំបូង បានប្រព្រឹត្តិឡើងកាលពី
ថ្ងៃទី២៣ ដល់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ហើយសភាធម្មនុញ្ញមួយ បានបង្កើតឡើងនៅថ្ងៃទី ១៤
ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
និងបញ្ចប់ទៅវិញក្រោយបង្កើតរដ្ឋធម្មនុញ្ញចប់។
នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញដែលត្រូវបានសភាអនុម័ត នៅថ្ងៃទី ២១ ខែកញ្ញា
ឆ្នាំ១៩៩៣ បានផ្តួចផ្តើមឱ្យមានការបោះឆ្នោត ៤ ប្រភេទ ៖
v ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត (សកល)
v
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ
សង្កាត់ (សកល)
v
ការបោះឆ្នោត
ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ(អសកល)
v
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា
(អសកល) ។
២. ការគ្រប់គ្រងការបោះឆ្នោតនៅកម្ពុជា
គេបែងចែកការបោះឆ្នោតជាពីរ
គឺ ការបោះឆ្នោតជាសកល និងការបោះឆ្នោតអសកល។
ក. ការបោះឆ្នោតជាសកល
ការបោះឆ្នោតជាសកល
គឺជាដំណើរការ នៃការបោះឆ្នោតមួយដែលប្រជាពលរដ្ឋខ្មែរទាំងពីរភេទ និងអ្នកមានសិទ្ធិបោះឆ្នោត ដែលមានអាយុចាប់ពី ១៨
ឆ្នាំ ឡើង និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដោយមិនប្រកាន់មុខងារ តួនាទី ឋានៈអ្វីឡើយ
នឹងលើកលែងតែមានហេតុផលមួយចំនួនដែលច្បាប់បានកំណត់ដូចជា ករណីជនវិកលចរិតជាដើម។ ផ្អែកតាមច្បាប់បោះឆ្នោត
ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ
សង្កាត់ គឺជាការបោះឆ្នោតជាសកល ដោយមានការចូលរួចផ្ទាល់ពីប្រជាពលរដ្ឋទូទៅ។
ក.១. ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត
នឹងប្រារព្វឡើងនៅថ្ងៃអាទិត្យ រៀងរាល់ ៥ ឆ្នាំម្តង
(កាលបរិច្ឆេទផ្លូវការនឹងផ្សព្វផ្សាយ ១ ឆ្នាំ មុនថ្ងៃបោះឆ្នោត ដោយនាយករដ្ឋមន្ត្រី )។
តាមប្បញ្ញត្តិណែនាំ ការបោះឆ្នោតនឹងប្រព្រឹត្តិទៅដោយសកល សម្ងាត់ និងសេរីពហុបក្ស។
ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនឹងត្រូវរៀបចំនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧ ព្រឹក
រហូតដល់ម៉ោង ៣ ល្ងាច។ អ្នកបោះឆ្នោតដែលស្ថិតក្នុងការិយាល័យបោះឆ្នោត
ឬក្នុងបរិវេណខាងក្នុង អាចបោះឆ្នោតបន្តបានទោះបីជាហួសម៉ោង ៣ ល្ងាច។
នៅក្នុងសភាមានចំនួនអាសនៈ
១២៥ នឹងត្រូវធ្វើការបែងចែកទៅតាមប្រព័ន្ធសមាមាត្រ ដោយយករាជធានី និងខេត្តជាមណ្ឌល ហើយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត
ដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលនីមួយៗ ។
ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមានរយៈពេល
៣០ ថ្ងៃ ហើយគ្រប់សកម្មភាព នៃការឃោសនាបោះឆ្នោតត្រូវបញ្ចប់ ២៤ ម៉ោងមុនថ្ងៃបោះឆ្នោត។
គណបក្សនយោបាយមិនបានតម្រូវឱ្យប្រកាសហិរញ្ញវត្ថុពេលឃោសនាបោះឆ្នោតជាសាធារណៈទេ។
ការបោះឆ្នោតសភាតំណាងរាស្ត្រ
បានធ្វើឡើងចំនួន ៦លើក
- លើកទី១
នៅថ្ងៃទី២៣ ដល់២៨ ខែឧសភា ឆ្នាំ១៩៩៣ ក្រោមការសម្របសម្រួលដោយ អ៊ុនតាក់
- លើកទី២
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨(នីតិកាលទី ២)
- លើកទី៣
នៅថ្ងៃទី០៧ ខែ ឆ្នាំ២០០៣ (នីតិកាលទី ៣)
- លើកទី៤
នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០០៨ (នីតិកាលទី ៤)
- លើកទី៥
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ (នីតិកាលទី ៥)
- លើកទី៦
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ (នីតិកាលទី ៦)
ក.២ . ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ
សង្កាត់ ត្រូវរៀបចំឡើងនៅថ្ងៃអាទិត្យរៀងរាល់ ៥ឆ្នាំម្តង (កាលបរិច្ឆេទផ្លូវការ ត្រូវប្រកាសដោយនាយករដ្ឋមន្ត្រី
តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយត្រូវប្រកាសយ៉ាងតិច ៩ ខែ មុនថ្ងៃបោះឆ្នោត
)។ ការបោះឆ្នោត ប្រកាន់យកយន្តការបោះឆ្នោតជាសកល និងសម្ងាត់
ហើយបែងចែកអាសនៈតាមប្រព័ន្ធសមាមាត្រ
ដោយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផល
នៃការបោះឆ្នោតតាមមណ្ឌល ឬឃុំ សង្កាត់នោះ (មណ្ឌលបែងចែកអាសនៈមាន ១.៦២១ ឃុំ សង្កាត់) ។
ចំនួនអាសនៈ នៃក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងមណ្ឌលនីមួយៗមានចាប់ពី៥ ទៅ ១១ អាសនៈ
ផ្អែកតាមចំនួនប្រជារាស្ត្រ និងភូមិសាស្រ្តរបស់ខ្លួន។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ បានធ្វើឡើងចំនួន ៥លើក
មានដូចជា ៖
- លើកទី១
នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០០២ (អាណត្តិទី១)
- លើកទី២
នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧ (អាណត្តិទី២)
- លើកទី៣
នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ (អាណត្តិទី៣)
- លើកទី៤
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ (អាណត្តិទី៤)
- លើកទី៥
នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ (អាណត្តិទី៥)
ខ. ការបោះឆ្នោតជាអសកល
ការបោះឆ្នោតអសកល
គឺធ្វើឡើងដោយគ្មានការចូលរួមដោយផ្ទាល់ពីប្រជាពលរដ្ឋឡើយ។ ពោលគឺអ្នកមានសិទ្ធិបោះឆ្នោត
គឺជាតំណាងឆន្ទៈរបស់ប្រជាពលរដ្ឋ និងសមាជិកក្រុមបឹ្រក្សាឃុំ
សង្កាត់ទាំងអស់ក្នុងតំណែង។ ការបោះឆ្នោតទាំងអស់ សុទ្ធតែអនុញ្ញាតឱ្យ គណបក្សនយោបាយ
អង្គការជាតិ និងអន្តរជាតិចូលរួមសង្កេតការណ៍។ ទោះបីជាយ៉ាងណា តាមច្បាប់ដែលមានស្រាប់បច្ចុប្បន្នគ្រប់មន្រ្តីជាប់ឆ្នោតទាំងអស់នឹងបាត់បង់មុខតំណែង
ប្រសិនបើសាមីខ្លួនបាត់បង់សមាជិកភាពពីគណបក្សនយោបាយរបស់ខ្លួន។ ដំណើរការនៃការបោះឆ្នោតនេះ
អាចចូលរួមបានតែតំណាងរបស់ប្រជាពលរដ្ឋមួយចំនួន ដែលគេបានកំណត់ទុលជាស្រេចដូចមានចែងនៅក្នុងគ្រប់ច្បាប់បោះឆ្នោត។
ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាគឺជាការបោះឆ្នោតអសកល។ អ្នកមានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា
គឺមានតំណាងរាស្រ្តចំនួន ១២៣ រូបក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ
សង្កាត់ទាំងអស់ក្នុងតំណែង រីឯអ្នកមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី
ខេត្ត ក្រុង ស្រុក ខណ្ឌ គឺមានតែសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងតំណែងតែប៉ុណ្ណោះ។
ខ.១.
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី
ខេត្ត ក្រុង ស្រុក ខណ្ឌ ខុសពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/ សង្កាត់ ដែលប្រកាន់យកលក្ខណៈសកល ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមួយនេះ
ធ្វើឡើងដោយការបោះឆ្នោតអសកល សម្ងាត់ និងមិនចំពោះ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
ធ្វើឡើងនៅថ្ងៃអាទិត្យ រាល់ ៥ឆ្នាំ ម្តង (កាលបរិច្ឆេទជាក់ស្តែង
កំណត់ដោយនាយករដ្ឋមន្រ្តី តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ)។ ការបែងចែកអាសនៈតម្រូវតាមប្រព័ន្ធសមាមាត្រ
ដោយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដែលផ្អែកតាមចំនួនអាសនៈ
និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល។ អាសនៈនៃក្រុមប្រឹក្សាមានចាប់ពី ៧ ដល់ ២១ អាសនៈ
ចំនួនជាក់ស្តែងនៃសមាជិកក្រុមប្រឹក្សានីមួយនីមួយ កំណត់ដោយអនុក្រឹត្យ
ដែលនឹងផ្សព្វផ្សាយយ៉ាងតិច ១២០ ថ្ងៃ មុនពេលផុតអាណត្តិរបស់ក្រុមប្រឹក្សា ។
ខ.២.
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា
ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី
ខេត្ត ក្រុង ស្រុក ខណ្ឌ ដែរ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាត្រូវបោះឆ្នោតតាមបែបអសកល
មិនចំពោះ សម្ងាត់ (បោះឆ្នោតនៅថ្ងៃអាទិត្យ សប្តាហ៍ទី ៨ មុនចប់នីតិកាល
លើកលែងករណីសង្រ្គាម ឬកាលៈទេសៈពិសេស ដែលមិនអាចបោះឆ្នោតបាន)។ ព្រឹទ្ធសភាមានអាណត្តិ ៦
ឆ្នាំ (ចប់នីតិកាលនៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង)។ អាសនៈត្រូវ
បែងចែកតាមប្រព័ន្ធសមាមាត្រយករូបមន្តមធ្យមភាគខ្ពស់បំផុតដែលផ្អែកតាមចំនួនអាសនៈ
និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោត ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ។
Labels: Business and Law, Document
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home