Saturday, May 6, 2023

ការបរិហារកេរ្តិ៍ # Defamation # Law of Cambodia

 

ការបរិហារកេរ្តិ៍

( Defamation )


ការបរិហារកេរ្តិ៍ ជាមូលដ្ឋាន គឺជាការនិយាយ ការសរសេរ ឬគំនូរ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់ កិត្តិយសអ្នកដទៃ។ ការបរិហារកេរ្តិ៍ ក្លាយទៅជាបទល្មើសព្រហ្មទណ្ឌ ដែលអាចផ្តន្ទាទោសបាន លុះត្រាណា តែការ​បរិហារ​កេរ្តិ៍នោះធ្វើឡើងជា​សាធារណៈ។​ នេះមានន័យថា ការបរិហារកេរ្តិ៍ត្រូវបានធ្វើនៅទីកន្លែង​សាធារណៈ ឬតាមមធ្យោបាយ​ណាមួយ ដែលពាក្យបរិហារកេរ្តិ៍នោះត្រូវបានឮឬឃើញ​សុះ​សាយ​ជាសាធារណៈ ដូចជា តាមកាសែត វិទ្យុ ទូរទស្សន៍ ឬបណ្តាញអ៊ីនធឺណែតជាដើម។ ពាក្យ​បរិហារកេរ្តិ៍នៅទីកន្លែងឯកជន មិនត្រូវបានផ្តន្ទាទោសទេ។ ហេតុដូច្នេះ​ហើយ​បាន​​ជា​ច្បាប់​ខ្មែរ​ មានតែបទបរិហារកេរ្តិ៍ជាសាធារណៈ តែមិនបទបរិហារកេរ្តិ៍ជាឯកជនទេ។ បើតាម​ច្បាប់​ដដែល​នេះ សកម្មភាព​ដែល អះអាង​បំ​ផ្លើស ឬ​ការទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត នាំ​ឲ្យ​ខូច​កិ​ត្តិយស​បុគ្គល ឬ​ស្ថាប័ន​ណាមួយ​នោះ លុះត្រាតែ​ធ្វើឡើង​តាមរយៈ​សកម្ម​សភាព​ចំនួន ៣ ចំណុច ទើប​ជា​ធាតុ​ផ្សំ​នៃ​បទល្មើស​បរិហារកេរ្តិ៍ ទី(១) តាមរយៈ​សំដី ទោះជា​សំដី​ប្រភេទ​ណាក៏ដោយ​ដែល​បញ្ចេញ​នៅតាម​ទីសាធារណៈ ឬ​នៅក្នុង​សាលប្រជុំ​សាធារណៈ​។ តទៅ​ចំណុច​ទី (២) ធាតុ​ផ្សំ​ដែល​អាច​ចាត់​ចូល​ជា​បទ​បរិហារកេរ្តិ៍ គឺ​ការធ្វើសកម្មភាព​តាមរយៈ​លិខិត ឬ​គំនូរ ទោះជា​ប្រភេទ​ណាក៏ដោយ​ដែល​ផ្សព្វផ្សាយ​នៅក្នុង​ចំណោម​ហា​ជន ឬ​ដាក់តាំង​ឲ្យ​សាធារណៈជន​មើល​ និងចំនុចទី (៣ ) តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍​សម្រាប់​សាធារណជន​។​

តាមក្រមព្រហ្មទណ្ឌខ្មែរ បទបរិហារកេរ្តិ៍ គឺជាបទល្មើសមជ្ឈឹមមានទោសពិន័យជាប្រាក់ តែមិនមានទោស​ពន្ធនាគារ​ទេ។​ យោងតាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ចែងថា គ្រប់ការអះអាងបំផ្លើស ឬការ​ទំលាក់​កំហុស ​ដោយ​អសុទ្ធចិត្ត ​លើ​អំពើ​ណា​មួយ​ដែល​​​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​ ឬ​កិត្តិស័ព្ទ ​នៃ​បុគ្គល ​ឬ​នៃ​ស្ថាប័ន​ គឺ​ជា​ការ​បរិហារកេរ្តិ៍។ អ្នកដែល​ជាប់ទោស​ពីបទ បរិហារកេរ្តិ៍នេះ គ្រាន់តែត្រូវពិន័យជា ប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១០.០០០.០០០ (ដប់លាន)​រៀល និង​ត្រូវ​សង​សំណង​ខូច​ខាត​ដល់​ជនដែលត្រូវ​បរិហារ​កេរ្តិ៍​ប៉ុណ្ណោះ។

តើភាគីពាក់ព័ន្ធអ្នកណាខ្លះដែលអាចដាក់ពាក្យបណ្តឹងពីបទបរិហារកេរ្តិ៍បាន?

អ្នកដែលអាចប្តឹងមនុស្សម្នាក់ទៀតពីបទបរិហារកេរ្តិ៍បាន លុះត្រាតែជននោះ យល់​ឃើញ​ថា កិតិ្តយសរបស់ខ្លួនត្រូវបានប៉ះពាល់។ ថ្វីបើបទបរិហារករ្តិ៍ ស្ថិតក្នុងចំណោមបទ​ល្មើសព្រហ្មទណ្ឌ ព្រះរាជ​អាជ្ញាមិនអាចផ្តើមបណ្តឹងនេះ ដោយឯកឯងបានទេ។ នគរបាលយុត្តិធម៌​​ក៏មិនអាចប្តឹងអ្នកណាម្នាក់​ ពីបទបរិហារកេរ្តិ៍ ជំនួសឲ្យជនរងគ្រោះពីបទ​បរិហារកេរ្តិ៍​បាន​ដែរ។ បណ្តឹងត្រូវតែចេញផ្ទាល់ពីជនរង​គ្រោះ។

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home