Sunday, June 18, 2023

ការលួចស្តាប់សំដី និងថតរូបនៅកន្លែងឯកជន #Eavesdropping speech and photography in private


 ការលួចស្តាប់សំដី និងថតរូបនៅកន្លែងឯកជន #Eavesdropping speech and photography in private

អំពើថតរូបភាព នៃបុគ្គលនៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គល ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ រៀល ទៅ២.០០០.០០០រៀល លើកលែងតែករណី ដែលច្បាប់អនុញ្ញាត ។

សិទ្ធិឯកជនភាព និងកិច្ចគាំពារព័ត៌មាន ឬទិន្នន័យឯកជនមានសភាពរិតត្បិត និងតឹងរ៉ឹងខ្លាំង ព្រមទាំងមានការដាក់ទោស ទណ្ឌយ៉ាងធ្ងន់ធ្ងរ ក្នុងករណីមានការរំលោភបំពានសិទ្ធិដូចជា ៖

ទី១-រដ្ឋធម្មនុញ្ញកម្ពុជា ក្នុងមាត្រា៤០ ស្តីពីសេរីភាពក្នុងការដើរឆ្ងាយ ជិត និងតាំងទីលំនៅក្នុងស្ថានភាពស្របច្បាប់ របស់ប្រជាពលរដ្ឋ ត្រូវបានគោរព។ ប្រជា៊ពលរដ្ឋខ្មែរ អាចចេញទៅតាំងទីលំនៅប្រទេសក្រៅ ឬវិលត្រឡប់មកវិញបាន។ ការរក្សាសិទ្ធិមិនឲ្យ រំលោភលើលំនៅឋាន និងអាថ៌កំបាំង នៃការឆ្លើយឆ្លងតាមលិខិត តាមសារទូរលេខ ទូរពុម្ព ទូរគមនាគមន៍ និងតាមទូរស័ព្ទ ត្រូវបានធានា។ ការឆែកឆេរលំនៅឋាន សម្ភារ: វត្ថុ និងលើរូបបុគ្គល ត្រូវធ្វើឲ្យស្របនឹងបញ្ញត្តិច្បាប់។

ទី២-ក្រមរដ្ឋប្បវេណីកម្ពុជា ក្នុងមាត្រា១០ ស្តីពីសិទ្ធិបុគ្គល សំដៅទៅលើសិទ្ធិដែលមានអត្ថន័យពាក់ព័ន្ធនឹងជីវិត រូបកាយ សុខភាព សេរីភាព នាម កិត្តិយស ភាពឯកជន ឬសិទ្ធិផ្សេងទៀត ដែលជាផលប្រយោជន៍ទាក់ទងនឹងលក្ខណបុគ្គល។

ទី៣-ក្រមព្រហ្មទណ្ឌ ក្នុងមាត្រា៣០១ អំពើស្តាប់ ឬថតសំដីដែលនិយាយជាឯកជន ឬជាការសម្ងាត់ ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ រៀល ទៅ ២.០០០.០០០ រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ត្រូវបានសន្មត់ជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះ បានទទួលដំណឹងអំពីការស្តាប់ ឬថត ហើយបុគ្គលនោះមិនបានជំទាស់ទេនោះ។

ដោយឡែក មាត្រា៣០២ អំពើថតរូបភាព នៃបុគ្គលនៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ រៀល ទៅ ២.០០០.០០០ រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ត្រូវសន្មត់ជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះបានទទួល ដំណឹងអំពីការថតហើយបុគ្គលនេះមិនបានជំទាស់ទេនោះ។

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home