ការធ្វើទារុណកម្ម និងអំពើឃោឃៅ #Torture and cruelty # international Human right # UNHCR.
ការធ្វើទារុណកម្ម
និងអំពើឃោឃៅ (Torture and cruelty)
ការគាំពារសិទ្ធិមនុស្សជារឿងសំខាន់
ដែលប្រជាជាតិនីមួយៗ បានយកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងមុតមាំ។ នៅក្នុងនោះផងដែរ
ការរំលោភលើសិទ្ធិបុគ្គលដោយការធ្វើទារុណកម្ម និងអំពើឃោរឃៅ
ជាទង្វើអមនុស្សធម៌ដែលមិនគួរគប្បី កើតឡើងលើជនណាម្នាក់ឡើយទោះស្ថិតក្នុងកាលទេសៈបែបណាក៏ដោយ។
តើអំពើណាខ្លះ
ដែលត្រូវបានចាត់ទុកថា ជាការធ្វើទារុណកម្ម និងអំពើឃោរឃៅ? ហើយជនដែលប្រព្រឹត្តអំពើបែបនោះ នឹងត្រូវប្រឈមមុខជាមួយនឹងការផ្ដន្ទាទោសបែបណា?
មហាសន្និបាតអង្គការសហប្រជាជាតិបាន
អនុម័តនូវអនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម និងការប្រព្រឹត្តិមកលើខ្លួន
ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក ដោយមានប្រទេសមួយចំនួននៅលើសកលលោក
រួមទាំងប្រទេសកម្ពុជាបានទទួលស្គាល់ និងបានចូលជាភាគីមួយនៃអនុសញ្ញាខាងលើនេះ មានបញ្ញត្ត
នៅក្នុងមាត្រា៣៨ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
ហាមឃាត់ជាពិសេសចំពោះការធ្វើទារុណកម្មណាមួយ
ហើយប្រកាសថាចម្លើយសារភាពដែលកើតទ្បើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្តី
តាមផ្លូវចិត្តក្តី មិនត្រូវបានទុកជាភស្តុតាងបញ្ជាក់អំពីពិរុទ្ធភាពទេ។
យោងតាមអនុសញ្ញាប្រឆាំងទារុណកម្ម
ពាក្យ «ទារុណកម្ម» មានន័យថា
អំពើទាំងទ្បាយណាដែលនាំឱ្យមានការឈឺចាប់ ឬរងទុក្ខយ៉ាងខ្លាំង ទោះផ្លូវកាយ
ឬផ្លូវចិត្តក្តី
ដែលត្រូវបានបង្កឡើងដោយចេតនាទៅលើជនណាម្នាក់ក្នុងគោលបំណងទាំងទ្បាយដូចជា
ទាញយកព័ត៌មានពីជននោះ ឬតតិយជនណាម្នាក់
ដាក់ទណ្ឌកម្មជននោះចំពោះអំពើណាមួយដែលជននោះ ឬតតិយជនណាម្នាក់បានប្រព្រឹត្ត
ឬសង្ស័យថាបានប្រព្រឹត្ត បំភិតបំភ័យ ឬបង្ខិតបង្ខំជននោះ ឬតតិយជនណាម្នាក់
ឬដើម្បីមូលហេតុណាមួយផ្សេងទៀត ដែលផ្អែកលើការរើសអើងណាមួយ ហើយការឈឺចាប់
ឬការរងទុក្ខ អាចបង្កដោយមន្រ្តីសាធារណៈ ឬជនផ្សេងទៀត។
ពាក្យថាទារុណកម្មមិនរាប់បញ្ចូលនូវការឈឺចាប់ ឬការរងទុក្ខដែលកើតជាប់ ឬម្តងម្កាល
ពីទណ្ឌកម្មត្រឹមត្រូវតាមច្បាប់ទ្បើយ។
ទន្ទឹមនឹងនេះ
តាមរយៈព្រះរាជក្រឹត្យនស/រកត/០៨១៧/៦៩១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧
កម្ពុជាបានបង្កើត គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្នុងគោលដៅបង្ការ
និងប្រឆាំងរាល់ការធ្វើទារុណកម្ម អំពើឃោរឃៅ អំពើអមស្សធម៌
អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម ដើម្បីពង្រឹងកិច្ចការពារដល់ជនទាំងទ្បាយ
ដែលត្រូវបានដកហូត សេរីភាពឲ្យរួចផុតពីការធ្វើទារុណកម្ម របស់មន្ត្រីសាធារណៈ ។
ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងមាត្រា ២១០ ថា “ ទារុណកម្ម
ឬអំពើឃោរឃៅ ដែលប្រព្រឹត្តទៅលើបុគ្គលណាមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧
(ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ “ ។
ស្ថានទម្ងន់ទោសចំពោះបទទារុណកម្ម
ឬអំពើឃោរឃៅ (មាត្រា ២១១ - មាត្រា ២១៥) ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១០ (ដប់)
ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ កាលបើអំពើនេះ ត្រូវបានប្រព្រឹត្តទៅលើ៖
១. បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុ នៃអាយុបុគ្គលនោះ។
២.
នារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្ដែង ឬ កាលបើជនល្មើសបានដឹង។
៣.
បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជំងឺ ឬ ពិការភាព
កាលបើស្ថានភាពបុគ្គលនេះត្រូវបានគេឃើញជាក់ស្ដែង ឬ កាលបើជនល្មើសបានដឹង។
៤.
ជនរងគ្រោះ ឬដើមបណ្ដឹងរដ្ឋប្បវេណី ដើម្បីរារាំងជននេះ កុំឱ្យប្ដឹងបរិហារពីបទល្មើស
ឬសុំឱ្យធ្វើការជួសជុលព្យសនកម្ម។
៥.
សាក្សី ដើម្បីរារាំងកុំឱ្យឆ្លើយផ្ដល់ភស្ដុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬ
នៅក្នុងនីតិវិធីនៃបណ្ដឹងផ្សេងទៀត។
៦.
ជនរងគ្រោះ ឬ ដើមបណ្ដឹងរដ្ឋប្បវេណី ពីព្រោះជននេះបានបរិហារពីបទល្មើស ឬសុំឱ្យធ្វើការជួសជុលព្យសនកម្ម។
៧.
សាក្សី ដោយមូលហេតុសាក្សីនេះបានផ្ដល់ភស្ដុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬ
នៅក្នុងនីតិវិធីនៃបណ្ដឹងផ្សេងទៀត។
៨.
កាលបើបទឧក្រិដ្ឋនេះ ត្រូវបានប្រព្រឹត្តដោយអ្នករាជការសាធារណៈ
នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ នៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន។
៩.
កាលបើបទឧក្រិដ្ឋនេះនាំឱ្យមានការកាត់អវ:យវ: ឬឱ្យមានពិការភាពជាអចិន្រៃយ៍ដល់ជនរងគ្រោះ។
បទធ្វើទារុណកម្ម និងអំពើឃោរឃៅ ត្រូវផ្តន្ទាទោសដាក់ពន្ធាគារពី ១៥
(ដប់ប្រាំ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំកាល បើបទឧក្រិដ្ឋនេះ
បណ្ដាលឱ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់ ឬនាំឱ្យមានអត្ថឃាតរបស់ជននោះ។
QUOTE FROM FRESH
NEWS.
Labels: Business and Law, Document
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home