Tuesday, March 28, 2023

កូនស្មុំ (Adopted Child)

 


ញាតិ អាចកើតឡើងតាមរយៈខ្សែលោហិត ឬចំណងអាពាហ៍ពិពាហ៍ ប៉ុន្តែករណីខ្លះ ញាតិភាព អាចកើតឡើងតាមរយៈការស្មុំកូន (មាត្រា ៩៤០ នៃក្រមរដ្ឋប្បវេណី) ។

v 


នីតិវិធីសុំកូន គឺប្តីប្រពន្ធ ត្រូវដាក់ពាក្យសុំកូនទៅតុលាការ ។

v  ការស្មុំកូនត្រូវធ្វើឡើងតាមបញ្ញត្តិច្បាប់ គឺជាការបង្កើតទំនាក់ទំនងញាតិភាពរវាងឪពុកម្តាយចិញ្ចឹម និងកូនសុំ រួមទាំងញាតិលោហិតរបស់ឪពុកម្តាយចិញ្ចឹម ។ ស្មុំកូនមានពីរបែបគឺ ៖

o    ស្មុំកូនធម្មតា គឺជាការបង្កើតទំនាក់ទំនងញាតិរវាងឪពុកម្តាយចិញ្ចឹម និងកូនស្មុំ រួមទាំងញាតិលោហិតរបស់ឪពុកម្តាយចិញ្ចឹម ប៉ុន្តែទំនាក់ទំនងនេះពុំបានកាត់ផ្តាច់ទាំងស្រុងរវាងកូនស្មុំ និងឪពុកម្តាយបង្កើត ឬញាតិលោហិត ឡើយ។

 

 

 

o    ស្មុំកូនពេញលេញ គឺជាការបង្កើតទំនាក់ទំនងញាតិរវាងឪពុកម្តាយចិញ្ចឹម និងកូនស្មុំ រួមទាំងញាតិលោហិតរបស់ម្តាយចិញ្ចឹម ដោយកាត់ផ្តាច់ទាំងស្រុងជាមួយឪពុកម្តាយបង្កើត ញាតិលោហិត និងទ្រព្យសម្បត្តិ ។

Labels:

Sunday, March 26, 2023

ទំនាក់ទំនងញាតិភាព (មាត្រា៩៥១ ៩៥២ នៃក្រមរដ្ឋប្បវេណី ) , Family relation (Civil code d951, d952)








 

Labels:

Friday, March 24, 2023

សន្តតិកម្ម#Succession # Law of Cambodia#

                                                 ការទទួលមរតក (សន្តតិកម្ម)

ពន្យល់ពាក្យ៖

Ø  សន្តតិកម្ម គឺជាការទទួលមរតកនៃទាយាទរបស់មតកជន (អ្នកស្លាប់) ។ វាកើតឡើងដោយសារមរណភាពរបស់មតកជន ហើយសន្តតិជន ត្រូវទទួលបន្តនូវសិទ្ធិ និងកាតព្វកិច្ច ។

Ø  សន្តតិកម្ម ធ្វើឡើងពីរយ៉ាង គឺតាមបញ្ញត្តិច្បាប់ និងតាមរយៈមរតកសាសន៍ (តាមឆន្ទៈរបស់មតកជន) ។

Ø  មតកជន គឺជាម្ចាស់ទ្រព្យដែលទទួលមរណភាព

Ø  សន្តតិជន គឺជាអ្នកទទួលមរតកបន្សល់ពីមតកជន (អ្នកស្លាប់)

 

v សន្តតិជន

o  លក្ខណៈសម្បត្តិរបស់ សន្តតិជនតាមច្បាប់ មានដូចខាងក្រោម ៖

§  សន្តតិជនលំដាប់ទី១ ជាបច្ឆាញាតិ របស់មតកជន (កូនបង្កើត និងកូនស្មុំតាមច្បាប់) ក្រមរដ្ឋប្បវេណី មាត្រា ១១៥៦។

§  សន្តតិជនលំដាប់ទី២ ជាបុព្វញាតិរបស់មតកជន (ឪពុក និងម្តាយ ឬជីដូន ជីតា) ក្រមរដ្ឋប្បវេណី មាត្រា ១១៥៩ ។

§  សន្តតិជនលំដាប់ទី៣ ជាញាតិផ្ទាល់របស់មតកជន (បងប្អូនបង្កើត)  ក្រមរដ្ឋប្បវេណី មាត្រា ១១៦០ ។

§  សន្តតិជនជានិច្ច ជាសហព័ទ្ធរបស់មតកជន ដែលសិទ្ធិទទួលបានមរតក ពីមតកជន ។ ក្រមរដ្ឋប្បវេណី មាត្រា ១១៦១ ។

§  សន្តតិជនជំនួស ជាកូនរបស់បច្ឆាញាតិ (ចៅរបស់មតកជន) ករណីដែលសន្តតិជនលំដាប់   ទី១ និង ទី២ គ្មាន ក្រមរដ្ឋប្បវេណី មាត្រា ១១៥៧ និង១១៥៨ ។

v  អភ័ព្វបុគ្គល នៃសន្តតិជន

អភ័ព្វបុគ្គល គឺជាជនគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបាននូវសន្តតិកម្ម ដោយមានមូលហេតុ

-     បុគ្គលបានទទួលទោស ដោយមានចេតនាប៉ុនប៉ងធ្វើឃាតមតកជន និងសន្តតិជនលំដាប់មុន

-     បុគ្គលមានស្មារតីល្អ បានដឹងពីការស្លាប់របស់មតកជន ប៉ុន្តែមិនរាយការណ៍

-     បុគ្គលដែលបានឆបោក​ ឬបន្លំ ឱ្យមតកជនកែប្រែមតកសាសន៍

-     បុគ្គលដែលរារាំងមតកជនមិនឱ្យកែប្រែមតកសាសន៍ ។

 

Labels:

Tuesday, March 21, 2023

សមាគមនិយោជក និងសហជីព.


 នីតិការងារ

សមាគមនិយោជក

១. សេចក្ដីផ្ដើម

សមាគមនិយោជក ស្ថិតនៅក្នុងច្បាប់ស្តីពីសហជីព និងច្បាប់ការងារ​ ដែលជាច្បាប់មានសារៈសំខាន់ក្នុងការធានាអង្គការវិជ្ជាជីវៈ ដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអនុសញ្ញាអន្តរជាតិផ្សេងៗទៀត ដែលព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័ន។

ជានិជ្ជកាលរាជរដ្ឋាភិបាលបានសហការបណ្តាសហជីព សមាគមនិយោជកជាដៃគូសង្គម ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់កម្មករ និយោយជិត និងនិយោជក ដែលលើកកម្ពស់ដល់ការអភិវឌ្ឍជាតិ។

ថ្ងៃនេះក្រុមយើងខ្ញុំបានលើកយកប្រធានបទមួយក្នុងចំណោមនីតិការងារមកសិក្សាស្រាវជ្រាវ ដែលក្នុងនោះយើងខ្ញុំបានដក់ស្រង់ចំណុចមួយនៅក្នុងច្បាប់ការងារ សហជីព និងសមាគមនិយោជក ដែលនិយាយបកស្រាយអំពីសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ម នៅព្រះរាជណាចក្រកម្ពុជា។ ​

            តើការបង្កើតសមាគមនិយោជកឡើងក្នុងគោលបំណងអ្វីខ្លះ?​មានវិសាលភាពត្រឹមណា? តើមានលក្ខខណ្ឌដូចម្តេចខ្លះ? តើសមាគមន៍ណាខ្លះកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា?

      ក. គោលបំណងនៃការបង្កើតសមាគមនិយោជក

ច្បាប់ស្តីពីសមាគមនិយោជក មានគោលបំណងដូចជា៖

-        ផ្តល់សិទ្ធិសេរីភាពដល់សហគ្រាស ឬគ្រឹះស្ថាន និងជនទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញាត្តិនៃច្បាប់ការងារ។

-        ធានានូវសិទ្ធិសេរីភាពក្នុងការចរចារជាសមូហភាពរវាងនិយោជិត និងកម្មករ និងរួមចំណែកក្នុងអភិវឌ្ឍការងារសមរម្យ ដើម្បីបង្កើនផលិតភាព និងការវិនិយោគ។

      ខ. វិសាលភាព

           ច្បាប់នេះ មានវិសាលភាពគ្របដណ្តប់លើសហគ្រាសកម្មករ និយោជក ក្រោមបញ្ញត្តិនៃច្បាប់ការងារ។ ច្បាប់នេះ គ្របដណ្តប់លើដែនដី ដែនទឹក និងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា។

២. សិទ្ធិជាមូលដ្ឋានចំពោះការចូលជាសមាជិកសមាគមនិយោជក

      ក. ការបង្កើត និងការចូលរួម (មាត្រា៥ នៃច្បាប់ស្តីសហជីព)

            ដោយគ្មានការប្រកាន់គ្រប់កម្មករ និយោជិត និងនិយោជកគ្រប់រូបមានសិទ្ធិបង្កើតសហជីព និងសមាគមនិយោជកតាមការជ្រើសរើសរបស់ខ្លួន ក្នុងគោលបំណងសម្រាប់ការសិក្សាស្រាវជ្រាវ និងការបណ្តុះ    បណ្តាល ការលើកតម្កើងផលប្រយោជន៍ និងការពារសិទ្ធិ ក៏ដូចជាផលប្រយោជន៍ផ្នែកស្មារតី និងសម្ភារះជាសមូហភាព និងជាឯកត្តជនចំពោះបុគ្គលដែលលក្ខន្តិកៈរបស់សហជីព និងសមាគមនិយោជកបានកំណត់។

            និយោជកគ្រប់រូបមានសិទ្ធិដូចខាងក្រោម៖

-  ចូលរួមបង្កើតសមាគមនិយោជក

-  អាចជាសមាជិករបស់សមាគមនេះ ដោយអនុឡោមតាមវិធានរបស់សមាគម

-  អាចចូលរួមនៅក្នុងសកម្មភាពស្របច្បាប់របស់សមាគមដែលខ្លួនជាសមាជិក

-  អាចមានមុខងារនៅក្នុងសមាគមដែលខ្លួនជាសមាជិក ដោយអនុលោមតាមវិធានរបស់សមាគមនោះ

-  អនុវត្តសិទ្ធិដទៃទៀតដែលផ្តល់ដោយច្បាប់ស្តីពីសហជីព និងសមាគមនិយោជក។

ត្រូវបានហាមឃាត់មិនឱ្យបង្កើតសមាគមនិយោជក ទាំងឡាយណាដែលរួមបញ្ចូលនិយោជក និង    កម្មករ និយោជិតទៅក្នុងសហជីព ឬសមាគមនិយោជកតែមួយ ។

      ខ. សិទ្ធិរបស់សមាគមនិយោជក

            ក្រុមប្រឹក្សាសមាគមនិយោជកមានសិទ្ធិដូចតទៅ៖

-  តាក់តែងលក្ខន្តិកៈ បទបញ្ជាផ្នែករដ្ឋបាល រៀបចំប្រព្រឹត្តទៅ និងកម្មវិធីការងាររដ្ឋបាលរបស់សមាគមនិយោជក ដោយមិនឱ្យផ្ទុយនិងសណ្តាប់ធ្នាប់សាធារណៈ បទបញ្ញាតិ្ត និងច្បាប់ជាធរមាន។

-  បោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនដោយសេរី។(មាត្រា៩ នៃច្បាប់ស្តីសហជីព)

      គ. រចនាសម្ព័ន្ធសមាគមនិយោជក និងសម្ព័ន្ធភាពជាមួយសហជីព

            សមាគមនិយោជកមានរចនាសម្ព័ន្ធ ២ថ្នាក់ ដូចតទៅ៖

១.សមាគមនិយោជកមួយ ត្រូវបានបង្កើតឡើងដោយសហគ្រាស ឬគ្រឹះស្ថានចំនួនយ៉ាងតិច ៩(ប្រាំបួន)

២.សហព័ន្ធនិយោជក ត្រូវបានបង្កើតឡើងដោយសមាគមនិយោជកដែលមានបញ្ជិកាចំនួនយ៉ាងតិច ៦(ប្រាំមួយ) ។

សមាគមនិយោជក អាចពិគ្រោះយោបល់គ្នាបានដោយសេរី អំពីការសិក្សាស្រាវជ្រាវ ការបណ្តុះ បណ្តាល ការលើកតម្កើងវិជ្ជាជីវៈ និងការការពារប្រយោជន៍ផ្នែកស្មារតី និងសម្ភារៈ។(មាត្រា១០ នៃច្បាប់ស្តីសហជីព)

៣. ការចុះបញ្ជីសមាគមនិយោជក

      ក. អត្តប្រយោជន៍នៃការចុះបញ្ជី                      

            ដើម្បីឱ្យសមាគមនិយោជកទទួលបាននូវសិទ្ធិ និងផលប្រយោជន៍ ដែលមានចែងនៅក្នុងច្បាប់នេះ ស្ថាបនិករបស់សមាគមនិយោជក ត្រូវចុះបញ្ជីនៅក្រសួងទទួលបន្ទុកវិស័យការងារ ។ ដោយក្រសួងត្រូវរក្សានូវកំណត់ត្រានៃការចុះបញ្ជី ហើយអាចសហការបោះពុម្ភផ្សាយឱ្យបានទៀងទាត់អំពីបញ្ជិកា (មាត្រា១១ នៃច្បាប់ស្តីសហជីព)។

 

      ខ.លក្ខខណ្ឌតម្រូវនៃការចុះបញ្ជី

      សំណើសុំ ចុះបញ្ជីត្រូវបានយល់ព្រមដោយការផ្តល់ជូននូវវិញ្ញាបនបត្រចុះបញ្ជី ប្រសិនបើសំណើនោះបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ទៅនិងបទបញ្ញាត្តិទាំងឡាយនៃច្បាប់នេះ។ សំណើនេះត្រូវមាន៖

        ក. ច្បាប់ដើម នៃលក្ខន្តិកៈរបស់សមាគមនិយោជក រាប់ទាំងសេចក្តីថ្លែងការណ៍ស្តីពីគោលបំណងខ្លួន

        ខ. ច្បាប់ដើមនៃបទបញ្ជាផ្នែករដ្ឋបាល ដែលគ្រប់គ្រងទៅលើការដឹកនាំ និងកិច្ចការរដ្ឋបាល

        គ. បញ្ជីរាយនាម នៃអ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលរបស់សមាគមនិយោជក

        ឃ. អាសយដ្ឋានសម្រាប់រក្សាទុកនូវសៀវភៅហិរញ្ញវត្ថុ និងកំណត់ត្រាហិរញ្ញវត្ថុ

        ង. កិច្ចសន្យាធានាថានិងផ្តល់រាល់ព័ត៌មានគណនីធនាគាររបស់ខ្លួនរយៈពេល៤៥(សែសិបប្រាំ) ថ្ងៃ គិតត្រឹមថ្ងៃទទួលបានការចុះបញ្ជី

        ច. ភ្ជាប់មកជាមួយកំណត់ហេតុច្បាប់ដើម នៃការបង្កើតអង្គការវិជ្ជាជីវៈ និងបញ្ជីរាយនាមដូចជា៖

១. សមាគមនិយោជកមួយ ត្រូវមានបញ្ជីរាយនាមសមាជិករបស់ខ្លួន ដែលជានិយោជកចំនួនយ៉ាងតិច ៩(ប្រាំបួន) ។

២. សហព័ន្ធនិយោជក ត្រូវមានបញ្ជីរាយនាមសមាជិករបស់ខ្លួន ដែលមានបញ្ជិកាចំនួនយ៉ាងតិច ៦(ប្រាំមួយ) ។

រយៈពេល ៣០(សាមសិប) ថ្ងៃ នៃថ្ងៃធ្វើការ ក្រោយពីបានទទួលសំណុំបែបបទ សុំចុះបញ្ជី បើក្រសួងទទួលបន្ទុកវិស័យការងារមិនបានឆ្លើយតប ត្រូវចាត់ទុកថាសមាគនិយោជកនោះ បានចុះបញ្ជីហើយ។   

លក្ខនិ្តកៈ និងបញ្ជីរាយនាមអ្នកដឹកនាំគ្រប់គ្រងអ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាល ត្រូវចម្លងជូនទៅមន្ទីរទទួលបន្ទុកវិស័យការងារ ដែលសមាគមនិយោជកបានបង្កើតឡើង និងចម្លងជូនទីស្តីការ     គណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌។ ការតម្កល់ទុកនេះ និងត្រូវកែប្រែជាថ្មី នៅពេលផ្លាស់ប្តូរលក្ខន្តិកៈ និងអ្នកទទួលខុសត្រូវ។(មាត្រា១២ នៃច្បាប់ស្តីសហជីព)។

      គ. លក្ខខណ្ឌតម្រូវសម្រាប់លក្ខន្តិកៈ

            លក្ខន្តិកៈរបស់សមាគមនិយោជកដែលស្នើសុំចុះបញ្ជី ត្រូវរួមបញ្ជូលនូវ៖

-        ឈ្មោះ គំរូសញ្ញា អាសយដ្ឋាន និងគម្រូត្រា នៃសមាគមនិយោជក

-        សេចក្តីពិពណ៌នា អំពីដែនអនុវត្តតាមវិជ្ជាជីវះ ឬតាមវិស័យនៃសមាគមនិយោជក

-        ត្រូវកំណត់ការថែររក្សាកំណត់ត្រាហិរញ្ញវត្ថុជាធម្មតា និងការបោះពុម្ភផ្សាយជាប្រចាំរបាយការណ៍ប្រចាំឆ្នាំអំពីស្ថានភាពហិរញ្ញវត្ថុរបស់សមាគមនិយោជក ។

-        ត្រូវកំណត់ចំនួនកូរ៉ុមប្រជុំចំនួនភាគច្រើនដាច់ខាត(ចំនួនយ៉ាងតិច ៥០%+១) នៃសមាជិកសរុប

-        លក្ខខណ្ឌតម្រូវឱ្យមានការបោះឆ្នោតជាសម្ងាត់ដោយសម្លេង(ចំនួនយ៉ាងតិច៥០%+១)

-        នីតិវិធីសម្រាប់ជ្រើសរើសថ្នាក់ដឹកនាំតាមរយៈការបោះឆ្នោតជាសង្ងាត់

-        ការកំណត់អាណត្តិសម្រាប់មុខតំណែងអ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាល ជាមួយនិងលទ្ធភាព នៃការជាប់ឆ្នោតសារជាថ្មី។

-        លក្ខណៈសម្បត្តិសម្រាប់អ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលយ៉ាងហោចណាស់ឱ្យស្របតាមមាត្រា ២១ (លក្ខខណ្ឌសម្រាប់អ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលរបស់សមាគមនិយោជក) នៃច្បាប់ សហជីព (មាត្រា១៣ នៃច្បាប់ស្តីសហជីព)។

ឃ. លក្ខខណ្ឌសម្រាប់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាល

អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលរបស់សមាគមនិយោជ ដែលជាពលរដ្ឋខ្មែរ ត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖

ក. មានអាយុយ៉ាងតិច ១៨ (ដប់ប្រាំបី) ឆ្នាំ

ខ. ធ្វើសេចក្តីប្រកាសផ្ទាល់ខ្លួនអំពីអាសយដ្ឋានរស់នៅច្បាស់លាស់

គ. ធ្វើសេចក្តីប្រកាសផ្ទាល់ខ្លួនថាមិនធ្លាប់ទទួលការផ្តន្ទាទោសពីបទមជ្ឈឹម ឬបទឧក្រិដ្ឋ ។

-  ចំពោះនិយោជកជាជនបរទេស៖

            ក. មានអាយុយ៉ាងតិច ១៨ (ដប់ប្រាំបី) ឆ្នាំ

ខ. ធ្វើសេចក្តីប្រកាសផ្ទាល់ខ្លួនអំពីអាសយដ្ឋានរស់នៅច្បាស់លាស់នៅក្នុងព្រះរាជណាចក្រកម្ពុជា ត្រឹមត្រូវតាមច្បាប់ស្តីពី អន្តោប្រវេសន៍ ។

            គ. បានវិនិយោគ ឬធ្វើការយ៉ាងតិច ២ឆ្នាំជាប់គ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា

            ឃ. ធ្វើសេចក្តីប្រកាសផ្ទាល់ខ្លួនថាមិនធ្លាប់ទទួលការផ្តន្ទាទោសពីបទមជ្ឈឹម ឬបទឧក្រិដ្ឋ ។

៤. ការដោះស្រាយវិវាទរបស់សមាគមនិយោជក

  ក. ការដោះស្រាយវិវាទរបស់សមាគមនិយោជក

            វិវាទដែលកើតឡើងរវាងសមាគមនិយោជកមួយ និងសមាគមនិយោជកមួយទៀត ព្រមទាំងវិវាទរវាងសជីព ឬក្រុមប្រឹក្សាជាតិសហជីព និងសមាគមនិយោជក ឬសហព័ន្ធនិយោជក ត្រូវដោះស្រាយតាមរយៈការសម្របសម្រួល និងពិភាក្សាអោយអស់ពីលទ្ធភាពដោយរក្សាអោយបាននូវសេវាអប្បបរមា សេវាជាសារវន្ត និងសណ្តាប់ធ្នាប់សាធារណៈ (មាត្រា៧៥ នៃច្បាប់ស្តីពីសហជីព)។

      ខ.ការទទួលខុសត្រូវរបស់សមាគមនិយោជក

            ត្រូវពិន័យអន្តរការណ៍ ជាប្រាក់មិនលើសពី ១០,០០០,០០០ (ដប់លាន) រៀល ចំពោះសមាគមនិយោជក ដែលបានឡុកអៅដោយខុសច្បាប់ បន្ទាប់ពីបានទទួលរងការប្រមានជាលាយលក្ខណ៍អក្ស (មាត្រា៩៤ នៃច្បាប់ស្តីពីសហជីព) ។

៥. សមាគមនិយោជកកំពុងប្រតិបត្តិការណ៍នៅកម្ពុជា

      ក.សមាគមរោងចក្រកាត់ដេរ នៃកម្ពុជា ​(GMAC)

សមាគមរោងចក្រកាត់ដេរ នៃកម្ពុជា តំណាងអោយរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ ។ ជីម៉ាក់ ​(GMAC) ត្រូវបានទទួលស្គាល់នៅទូទាំងប្រទេស ចំពោះការបំពេញសន្តិសុខ សុវត្ថិភាពការងារ ដោយបានផ្តល់ឱកាសការផ្ទាល់ ៥០០,០០០ កន្លែង និងការងារដោយប្រយោលចំនួន ២,០០០,០០០ កន្លែង ។ ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​​ក្នុង​សន្និសីទ ស្តី​ពី​ក្របខ័ណ្ឌ​គតិ​យុ​ត្ត​សម្រាប់​ទំនាក់ទំនង​វិជ្ជាជីវៈ​ល្អ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ ធ្នូ នៅ​សណ្ឋាគារ​សាន់​វ៉េ បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​បណ្តា​សហជីព និង​សមាគម​និយោជក​ទាំងអស់​គឺជា​ដៃគូ​សង្គម ហើយ​អង្គការ​វិជ្ជាជីវៈ​ក៏​បាន​ចូលរួម​ចំណែក​ការពារ​សិទ្ធិ ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករ​​និយោ​ជិត និង​លើកកម្ពស់​ការ​អភិវឌ្ឍ​ជាតិ ។ ស្រប​ពេល​ចំនួន​នៃ​អង្គការ​វិជ្ជាជីវៈ (​សហជីព​-​សមាគម​និយោជក​) បាន​ចុះបញ្ជី​កើន​ជិត​ដល់​៤.០០០​អង្គភាព។ បច្ចុប្បន្ន​នេះ ក្រសួង​ការងារ និង​បណ្តុះ       បណ្តាល​វិជ្ជាជីវៈ បាន​ចុះបញ្ជី​អង្គការ​វិជ្ជាជីវៈ​សរុប​ចំនួន​​សមាគម​និយោជក​ ៨(ប្រាំបី) ​អង្គភាព ។

ដោយសារ​ការ​ចុះបញ្ជី​របស់​អង្គការ​វិជ្ជាជីវៈ​នៅ​កម្ពុជា​មាន​កំណើន​ឆាប់រហ័ស រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បន្ថែម​ថា តម្រូវការ​ចាំ​បាច់​​ឱ្យ​មាន​បទ​ប្បញ្ញត្តិ និង​វិធានការ​នៃ​ការ​ចុះបញ្ជី​កាន់តែ​ច្បាស់លាស់ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ចុះបញ្ជី​ប្រកបដោយ​ភាព​ត្រឹមត្រូវ និង​ការ​គ្រប់គ្រង​ទិន្នន័យ​អង្គការ​វិជ្ជាជីវៈ​មួយ​ដែល​មាន​សុក្រឹតភាព​។ ក្រសួង​បាន​ចេញ​ប្រកាស​ចំនួន​៤ ពាក់ព័ន្ធ​នឹង​ការ​ចុះបញ្ជី​សហជីព​នេះ ដោយ​ផ្តោត​សំខាន់​លើ​នីតិវិធី និង​ចំណាត់ការ​ចុះបញ្ជី​សហជីព និង​សមា​គម​​និយោជក ។ មន្ត្រី​ទទួល​បន្ទុក​ចុះបញ្ជី​ចាំបាច់​ត្រូវ​យល់​ដឹង​ឱ្យ​ច្បាស់​ដើម្បី​អនុវត្ត​តួនាទី​ភារកិច្ច​ក្នុង​ការ​ចុះបញ្ជី​សហជីព និង​សមាគម​ឱ្យ​កាន់តែ​ច្បាស់លាស់ និង​ល្អ​ប្រសើរ​ជាង​មុន ។ ចំពោះវិវាទរវាងសហជីព និងសមាគមនិយោជក​ ទទួលបានលទ្ធផល​ដែល​បាន​មក​ពី​ការ​ជួយ​សម្របសម្រួល​ដំឡើង​ប្រាក់​បៀវត្ស​កម្មករ​អប្បបរមា គឺជា​សញ្ញា​វិជ្ជមាន​មួយ ។ ទោះជា​យ៉ាងណា វា​នៅ​មាន​ចំណុច​មួយ​ចំនួន​ទៀត​ដែល​ត្រូវការ​សហការ​គ្នា​រវាង​ក្រសួង​ពាក់ព័ន្ធ និង​សហជីព ដើម្បី​ឱ្យ​វិស័យ​កាត់​ដេរ​កាន់តែ​ល្អ​ប្រសើរ ។ ការ​ធ្វើការ​រវាង​ភាគី​សហជីព និង​តំណាង​រដ្ឋាភិបាល​មើលឃើញ​ល្អ​ជាង​មុន តែ​នៅ​មានការ​ទាត់​ចោល​នូវ​សហជីព​មួយ​ចំនួន មាន​ន័យ​ថា មិន​បាន​ទទួល​សំណើ​របស់​គាត់​យក​ទៅ​ពិចារណា​ជាដើម​។ បើសិនជា​អាច​ធ្វើការ​កែ​លម្អ​បន្ថែម​ទៀត ដោយ​ព្យាយាម​ទទួលយក​សំណូមពរ ឬ​សំណើ​របស់​សហជីព​ទៅ​ដោះស្រាយ​ឱ្យ​បាន​ទូលំទូលាយ ចំពោះ វិស័យ​កាត់ដេរ​កម្ពុជា​នឹង​កាន់តែ​ប្រសើរ​ឡើង ៕

 

      ខ. សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ម (CAMFEBA)

            Cambodian Federation of Employers and Business Associations  (CAMFEBA) មានសមាជិក នៅក្នុងតំបន់ចំនួន ៣០០ សមាជិក។ សហព័ន្ធមានសមាជិកកំពុងបម្រើការចំនួន ១២ នៅក្នុងប្រទេសកម្ពុជា។ សហព័ន្ធបានដំណើរការតាំងពីឆ្នាំ២០១៥ ដោយបានជាប់ចំណាត់ថ្នាក់កំពូលផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។

            អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាបណ្ឌិត ណាង សុធី បានដឹកនាំតំណាងនិយោជកចូលរួមនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិលើកទី២លើ “សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហជីព” នាថ្ងៃ សុក្រ ទី ០២ ខែសីហា ឆ្នាំ ២០១៩ នៅសណ្ឋាគារ សាន់វ៉េ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងមានការចូលរួមពីភាគីតំណាងនិយោជក តំណាងអង្គការអន្តរជាតិខាងការងារ (ILO) ភាគីតំណាងកម្មករនិយោជិត (សហជីព) និងមន្ត្រីបច្ចេកទេសក្រសួងជាច្រើនរូប ។ សិក្ខាសាលានេះ រៀបចំឡើងដើម្បីបើកការពិភាក្សា និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធជាថ្មីម្តងទៀតបន្ទាប់ពីកិច្ចពិភាក្សាលើកទី១ដែលបានប្រារព្ធឡើងក្នុងកំឡុងខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ។ វិសោធនកម្មថ្មីនេះនឹងជួយសម្រួលដល់នីតិវិធី និងបែបបទនៃការចុះបញ្ជីសមាគមនិយោជក និង សហជីព ក៏ដូចជាលើកកម្ពស់សិទ្ធិជាតំណាង និងតួនាទីរបស់សមាគមនិយោជក និងសហជីពនៅក្នុងភាពជាតំណាងក្នុងការពិភាក្សាលិខិតគតិយុត្តិផ្សេងៗ និងដើម្បីលើកកម្ពស់សិទ្ធិការងារឲ្យកាន់តែល្អប្រសើ ជាពិសេសលើកកម្ពស់សិទ្ធិរបស់អ្នកធ្វើការតាមផ្ទះផងដែរ។  លោកឧកញ៉ាបណ្ឌិត ណាង សុធី បានមានប្រសាសន៍ថា៖ ការរីកចម្រើននៃវិស័យការងារ និងបរិបទសង្គមរបស់កម្ពុជា ព្រមទាំងដោះស្រាយបញ្ហាប្រឈមមួយចំនួនក្នុងការអនុវត្តច្បាប់សហជីពឲ្យកាន់តែប្រសើរ និយោជកសូមស្វាគមចំពោះការ   តម្រូវឲ្យមានការធ្វើវិសោធនកម្មមាត្រាទាំង១០ នៃច្បាប់សហជីពនេះ។ និយោជកសង្ឃឹមយ៉ាងមុតមាំថាភាគីសហជីពដែលជាដៃសំខាន់របស់យើងនៅក្នុងការចរចារ និងពិភាក្សាទៅលើអនុសញ្ញារួម ឬកិច្ចចរចារផ្សេងៗ នឹងអនុវត្តតួនាទីរបស់ខ្លួនក្នុងនាមជាតំនាងឲ្យសមាជិកប្រកបដោយប្រសិទ្ធភាព និងគោរពទៅតាមនិតីវិធីរបស់ច្បាប់។  និយោជក   សំលឹងឃើញថាពង្រាងនេះបានផ្តល់នូវភាពបត់បែន ដែលមានលក្ខណះប្រសើរច្រើនចំពោះលក្ខណះសម្បត្តិរបស់ថ្នាក់ដឹងនាំរបស់អង្គការវិជ្ជាជីវះដែលជាកតព្វកិច្ចតម្រូវដោយច្បាប់ ។ ពង្រាងក៏បានផ្តល់លទ្ធភាព និងឯករាជ្យភាពយ៉ាងប្រសើរសម្រាប់សហជីព ក៏ដូចជាសមាគមនិយោជកក្នុងការគ្រប់គ្រងផែនការហិរញ្ញវត្ថុ និងសកម្មភាពរបស់ខ្លួនបើធៀបទៅនឹងកាតព្វកិច្ចក្រោមច្បាប់បច្ចុប្បន្ន។ និយោជកក៏ស្នើសុំផងដែរដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តការអនុវត្តច្បាប់សហជីព និងច្បាប់ដែលពាក់ព័ន្ធប្រកបដោយភាពម៉ឺងម៉ាត់ និងសុក្រិត ដើម្បីលើកម្ពស់ និងធានាបានការអនុវត្តសិទ្ធសេរីភាព របស់និយោជក និងកម្មករនិយោជិត ប្រកបដោយសង្គិតភាព និងដើម្បីបន្ត ជម្រុញបង្កើតឱកាសការងារបន្ថែមជូនដល់បងប្អូនកម្មករនិយោជិត ព្រមទាំងលើកកម្ពស់ផលិតភាពការងារ ដើម្បីធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យ ក៏ដូចជាប្រទេសយើងផងដែរ ។

Labels:

ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល#Criminal Code Responsibility#

ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល

I.សេចក្ដីផ្ដើម

     យើងដឹងហើយថាកាលណាប្រសិនបើមនុស្សយើងរស់នៅតែឯង ​នោះនីតិពុំមានសារៈសំខាន់អ្វីនោះទេ។ ព្រោះថាយើងនៅម្នាក់ឯងពុំបាច់មាននីតិ ឬគោរពវិន័យរបស់សង្គមឡើយហើយអំពើនោះមិនបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃដែលរស់នៅក្នុងសង្គមឡើយ។ នីតិក៏គ្មានសារៈប្រយោជន៍ឡើយ បើមនុស្សតែម្នាក់ ព្រោះនីតិមានឧបនិស្ស័យគ្រប់គ្រងបណ្ដាទំនាក់ទំនងរបស់មនុស្សក្នុងសង្គម។ ក៏ប៉ុន្តែបើមនុស្សរស់នៅក្នុងសង្គម នីតិក្លាយជាការចាំបាច់សម្រាប់មនុស្សដែលរស់នៅក្នុងសង្គម ដោយមនុស្សត្រូវតែសម្របខ្លួនទៅ នឹងវិធានផ្សេងៗដែលយកមក គ្រប់គ្រងសង្គម។ ការគោរពវិធានសង្គមនាំឱ្យចៀសវាងបាននូវអំពើហិង្សា និងភាពផ្ដាច់ការព្រមទាំងធានាឱ្យបាននូវសណ្ដាប់ធ្នាប់សង្គមផងដែរ។

     នីតិត្រូវបានគេប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ប៉ុន្តែ ជួនកាលមនុស្សជួបប្រទះ នឹងនីតិដោយពុំដឹងថាខ្លួនកំពុងប្រើប្រាស់នីតិទេ។នីតិ គឺជាបណ្ដុំវិធានដែលបង្កើតឡើងដើម្បីគ្រប់គ្រងសង្គមឱ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយ។ ហើយវិធានទាំងនោះមានដូចជា ច្បាប់ យុត្តិសាស្រ្ត លទ្ធិឬទ្រឹស្ដី សីលធម៌ ទំនៀមទំលាប់ វិធាននៃការអនុវត្ត ។

     ថ្ងៃនេះក្រុមយើងខ្ញុំបានលើកយកវិធានមួយក្នុងចំណោមវិធានទាំងឡាយរបស់នីតិមកសិក្សាស្រាវជ្រាវ ដែលក្នុងនោះយើងខ្ញុំបានដក់ស្រង់ចំណុចមួយនៅក្នុងក្រមព្រហ្មទណ្ឌ ដែលនិយាយអំពីការទទួលខុសត្រូវព្រហ្មទណ្ឌរបស់ នីតិបុគ្គល។​

     តើការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលមានអត្ថន័យយ៉ាងណាខ្លះ?

     នីតិព្រហ្មទណ្ឌ គឺជាមុខវិជ្ជាមួយដែលសិក្សាពីការកំណត់បទល្មើស ការស្វែងរកពិរុទ្ធភាព ឬភាពស្លូតត្រង់របស់ជនល្មើស ការចោទប្រកាន់ ការជំនុំជម្រះ ការប្រកាសទោស និងការអនុវត្តទោសជាដើម។

១.គោលការណ៍ទូទៅនៃក្រមព្រហ្មទណ្ឌ

ជាគោលការណ៍បទល្មើសព្រហ្មទណ្ឌមួយកើតឡើង លុះត្រាតែមានធាតុផ្សំដែលច្បាប់កំណត់។ ដែលធាតុផ្សំបទល្មើសព្រហ្មទណ្ឌ មាន៣ ដូចជា៖

– ធាតុនីត្យានុកូល គឺមានតែអំពើដែលបង្កើតជាបទល្មើសនៅពេលដែលអំពើនោះមានចែងក្នុងបញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវផ្តន្ទាទោសព្រហ្មទណ្ឌបាន។ (មាត្រា ៣ នៃក្រមព្រហ្មទណ្ឌ)

– ធាតុសត្យានុម័ត គឺ ច្បាប់បញ្ញត្តិថា អំពើខ្លះរបស់រូបវន្តបុគ្គលឬ នីតិបុគ្គលដែលបង្កចលាចលដល់សង្គមជាបទល្មើស។ បទល្មើសត្រូវបានចាត់ថ្នាក់ជាបទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុ ទៅតាម ទម្ងន់នៃបទល្មើសនោះ។ (មាត្រា ២ នៃក្រមព្រហ្មទណ្ឌ)

– ធាតុអត្តនោម័ត ពុំមានបទល្មើសទេប្រសិនបើគ្មានចេតនាប្រព្រឹត្ត។ ប៉ុន្តែក្នុងករណីដែលច្បាប់បានចែងទុកមុន បទល្មើសមួយអាចកើតចេញពីការមិនប្រយ័ត្នការខ្ជីខ្ជា ការធ្វេសប្រហែស ឬការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយ។ (មាត្រា ៤ នៃក្រមព្រហ្មទណ្ឌ)

២.ការទទួលខុសត្រូវព្រហ្មទណ្ឌ

            ការទទួលខុសត្រូវព្រហ្មទណ្ឌ គឺជាការទទួលខុសត្រូវផ្ទាល់ខ្លួនដូចដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌក្នុងមាត្រា ២៤ បានចែងថា៖ «បុគ្គលម្នាក់ៗទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួន ប៉ុណ្ណោះ»។ ក្នុងករណីនេះបុគ្គល អាចជារូបវន្តបុគ្គល និងនីតិបុគ្គល ហេតុនេះការទទួលខុសត្រូវព្រហ្មទណ្ឌត្រូវបែងចែកជាពីរគឺ ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់រូបវន្តបុគ្គល និងការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល។

       ក.ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់រូបវន្តបុគ្គល និងនីតិបុគ្គល៖

–      ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់រូបវន្តបុគ្គល

          ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិជន៖ នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ       ត្រូវបានកំណត់

យកត្រឹមអាយុ ១៨ (ដប់ប្រាំបី)ឆ្នាំ (មាត្រា មាត្រា ៣៨នៃក្រមព្រហ្មទណ្ឌ) ចំពោះការចោទប្រកាន់ពីបទព្រហ្មទណ្ឌនីមួយៗចាំបាច់ត្រូវផ្ទៀងផ្ទាត់តួនាទីដ៏ត្រឹមត្រូវរបស់អ្នកចូលរួម នីមួយៗ។ អាស្រ័យទៅលើធាតុទាំងឡាយនៃសំណុំរឿងអ្នកចូលរួមទាំងនោះអាចត្រូវបានកំណត់ប្រភេទគតិយុត្តជាចារី សហចារី អ្នកផ្ដើមគំនិត អ្នកសម    គំនិត។ ម្យ៉ាងទៀតប្រសិនបើបទល្មើស បានទៅដល់គោលបំណងហើយគេនិយាយថា បទល្មើសនេះបាន         សម្រេច។ ឧទាហរណ៍ចារីម្នាក់បានកាន់កាំភ្លើងតម្រង់បាញ់លើបុគ្គលម្នាក់ហើយបុគ្គលនោះស្លាប់ អំពើមនុស្សឃាតដោយចេតនាឬ អំពើមនុស្សឃាតដោយគិតទុកមុននេះ បានសម្រេចហើយ។ ក៏ប៉ុន្តែប្រសិនបើបទល្មើសបែរ ជាបានទទួលបរាជ័យទៅវិញ ពីព្រោះថាគោលដៅពុំត្រូវបានសម្រេចតើមានការទទួលខុសត្រូវព្រហ្មទណ្ឌដែរឬទេ? តើចាប់ពីពេលណាទៅទើបគេអាចចាត់ទុកថា បទល្មើសមួយបានចាប់ផ្ដើម? ឧទាហរណ៍៖ ឃាតកម្មដោយចេតនា បានគិតទៅដល់ការប្រព្រឹត្តបទឧក្រិដ្ឋរបស់ខ្លួនអស់ រយៈពេល ៧ ថ្ងៃមុនទិញអាវុធ នៅមុនប្រព្រឹត្តបទឧក្រិដ្ឋមួយ ថ្ងៃណាត់ជួបជនរងគ្រោះនៅពេលព្រឹក ប៉ុន្តែត្រូវបាននគបាលចាប់ខ្លួនមុនពេល ជនរងគ្រោះមកដល់តើអាចចោទប្រកាន់ជននេះពីបទព្រហ្មទណ្ឌបានដែរឬទេ? ជាទូទៅបទល្មើសមួយមិនអាចត្រូវបានសម្រេចឡើងក្នុងរយៈពេលតែមួយរំពេចបានឡើយ។ បទល្មើស គឺជាលទ្ធផលដែលកើតចេញពីដំណាក់កាលជាច្រើនបន្ត បន្ទាប់គ្នាចាប់ពីការគិតធម្មតាអំពីបទឧក្រិដ្ឋរហូតដល់ការសម្រេចទាំងស្រុងនូវអំពើល្មើល។ មាត្រា ២៧ នៃក្រមព្រហ្មទណ្ឌបានចែងថា៖ ការប៉ុនប៉ងក្នុងបទឧក្រិដ្ឋ ឬក្នុងករណីដែលច្បាប់បានចែងទុកក្នុងបទមជ្ឈិមអាចត្រូវផ្តន្ទាទោស បានកាលណាលក្ខខណ្ឌខាងក្រោមនេះ ត្រូវបានបំពេញ : ចារីបាន ចាប់ផ្ដើមអនុវត្តបទល្មើសគឺមានន័យថា ចារីបានប្រព្រឹត្តអំពើដែលមាន គោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្ត បទល្មើស និងចារីមិនបានបញ្ឈប់អំពើរបស់ខ្លួនទៅវិញដោយស្ម័គ្រចិត្ត តែត្រូបានរាំងស្ទះ ឬអាក់ខាន ដោយឥទ្ធិពលនៃកាលៈទេសៈក្រៅ   ឆន្ទៈរបស់ខ្លួន។ អំពើត្រៀមបម្រុងដែលពុំមានគោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្តបទល្មើសមិនមែនជាការចាប់ផ្ដើមអនុវត្តទេ។ ការប៉ុនប៉ងក្នុងបទលហុ ពុំទទួលការផ្ដន្ទាទោសទេ។

–      ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល៖

       ជាយូរលង់មកហើយការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានបង្កើតឡើងសម្រាប់តែមនុស្សប៉ុណ្ណោះ។ ក្រមព្រហ្មទណ្ឌបានបញ្ចូល នូវការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលនៅក្នុងមាត្រា ៤២ ៖ នៅក្នុងករណីដែលមានចែងជាក់លាក់ក្នុងច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងទៀតនីតិបុគ្គល លើកលែងតែរដ្ឋចេញអាចត្រូវបានប្រកាសថាត្រូវទទួលខុសត្រូវព្រហ្មទណ្ឌពីបទល្មើសដែលប្រព្រឹត្តដោយអង្គការឬ អ្នកតំណាងរបស់ខ្លួនដើម្បីជាប្រយោជន៍របស់នីតិបុគ្គលនោះ។ ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល មិនលើកលែងនូវការទទួលខុសត្រូវព្រហ្មទណ្ឌរបស់រូបវន្តបុគ្គលក្នុងអំពើដដែលនោះទេ។

       ខ.ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់អនីតិជន

ជាទូទៅនីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានកំណត់អាយុចាប់ពី ១៨ (ដល់ប្រាំបី)ឆ្នាំឡើងទៅ។ តែចំពោះអនីតិជនដែលប្រព្រឹត្តបទល្មើសជាកម្មវត្ថុនៃវិធានការតាមដាន វិធានការអប់រំ វិធានការការពារ និងវិធានការឧបត្ថម្ភ។ ប៉ុន្តែតុលាការអាចប្រកាសទណ្ឌកម្មព្រហ្មទណ្ឌទៅលើអនីតិជនអាយុចាប់ពី ១៤ (ដប់បួន)ឆ្នាំ ឡើងទៅប្រសិនបើកាលៈទេសនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនិតិជនត្រមូវ។ វិធានការតាមដាន វិធានការអប់រំ វិធានការការការពារ និងវិធានការឧបត្ថម្ភ មានដូចតទៅ៖

–      ការប្រគល់អនិតិជនឱ្យទៅឪពុកម្ដាយ   អាណាព្យាបាល  បុគ្គលដែលថែរក្សា   អនីតិជននោះ  ឬបុគ្គល   

ណាផ្សេងទៀតប្រសិនបើបុគ្គលនោះ សក្កិសមនឹងទំនុកចិត្ត។

–      ការប្រគលអនីតិជនឱ្យទៅសេវាសាធារណៈដែលសម្រាប់ទទួលបន្ទុក អនិតិជន។

–      ការប្រគលអនីតិជនឱ្យទៅអង្គការឯកជន ដែលមាននីតិសម្បទាក្នុងការ ទទួលអនីតិជន។

–      ការប្រគលអនីតិជនឱ្យទៅបន្ទីពេទ្យ ឬស្ថាប័នឯកទេស។

–      ការដាក់អនីតិជនឱ្យស្ថិតនៅក្រោមកាការពាររបស់តុលាការ។

       ការដាក់ឱ្យស្ថិតនៅក្រោមការការពាររបស់តុលាការក្នុងករណីដាក់ឱ្យស្ថិតនៅក្រោមការការពាររបស់តុលាការនោះតុលាការ ចាត់តាំងបុគ្គលមួយរូបដែលទទួលភារៈធ្វើតាមដានអនីតិជន។ បុគ្គលនោះត្រូវផ្ញើរបាយការណ៍កិរិយាមាយាទរបស់អនីតិជនឱ្យបានទៀងទាត់ដល់ព្រះរាជអាជ្ញា។ បុគ្គលនេះផ្ដល់ព័ត៌មានដល់ព្រះរាជអាជ្ញា អំពីព្រឹត្តិការណ៍ទាំងអស់ដែលអាចនាំឱ្យមានការកែប្រែនូវវិធានការនេះ។

II.ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល

១.គោលការណ៍នៃការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល

       ជាការពិតណាស់ការទទួលខុសត្រូវព្រហ្មទណ្ឌត្រូវបានបង្កើតឡើងសំរាប់តែមនុស្សប៉ុណ្ណោះ។ សេចក្ដីព្រាងក្រមព្រហ្មទណ្ឌបានបញ្ចូលទៅក្នុងនីតិខ្មែរ នូវការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល។ នេះជានវកម្មសារវន្តមួយដែលមានគោលដៅបំពេញនូវកង្វះខាតគតិយុត្តមួយដ៏មានសារៈសំខាន់ និងបញ្ចប់និទណ្ឌភាពរបស់ នីតិបុគ្គលដែលបង្កើតបានជាតួអង្គសង្គម សេដ្ឋកិច្ចដ៏មានសារៈសំខាន់។

       មាត្រា ៤២ បានចែងថាជាគោលការណ៍ នីតិបុគ្គល លើកលែងតែរដ្ឋចេញ អាចត្រូវបានប្រកាសថាត្រូវទទួលខុសត្រូវព្រហ្មទណ្ឌពីបទល្មើសដែលប្រព្រឹត្តដោយអង្គការ ឬអ្នកតំណាងរបស់ខ្លួន ដើម្បីជាប្រយោជន៍របស់នីតិបុគ្គលនោះ។

       មាត្រាដដែលនេះបញ្ជាក់ថា ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល ពុំច្រានចោលនូវការទទួលខុសត្រូវព្រហ្មទណ្ឌរបស់ រូបវន្តបុគ្គលចំពោះអំពើដដែលនោះទេ។ អត្ថបទច្បាប់នេះ អាចយកទៅអនុវត្តចំពោះគ្រប់នីតិបុគ្គលទាំងអស់ទោះជាមានសញ្ជាតិខ្មែរ ឬបរទេសក្ដីឱ្យតែសកម្មភាពរបស់នីតិបុគ្គលនោះអាចស្ថិតនៅក្រោមច្បាប់ខ្មែរ ដោយអនុលោកតាមវិធានសមត្ថកិច្ចដែលយើងបានសិក្សាកន្លងមកនេះ។

       ម្យ៉ាងទៀតអត្ថបទច្បាប់នេះក៏ពុំបានបែងចែកទៅតាមនីតិបុគ្គលនៃនីតិឯកជន (ក្រុមហ៊ុន សមាគមន៍ សហគ្រាស ។ល។) ឬនីតិបុគ្គលសាធារណៈឡើយលើកលែងតែចំពោះរដ្ឋចេញ ដែលពុំអាចធ្វើបណ្ដឹងព្រហ្មទណ្ឌពីរដ្ឋឡើយទោះក្នុងករណីណាក៏ដោយ។ នៅក្នុងក្របខណ្ឌនៃការដាក់ឱ្យអនុវត្តនូវការទទួលខុសត្រូវព្រហ្មទណ្ឌ អត្ថបទច្បាប់កំរិតការទទួលខុសត្រូវរបស់នីតិបុគ្គល ឱ្យមកនៅត្រឹមករណីបទល្មើសសដែលប្រព្រឹត្តដើម្បីប្រយោជន៍របស់នីតិបុគ្គល ដោយស្ថាប័ន ឬកំណាងរបស់ខ្លួនប៉ុណ្ណោះ។ នេះបានសេចក្ដីថានីតិបុគ្គលទាំងឡាយពុំទទួលខុសត្រូវខាងព្រហ្មទណ្ឌ ចំពោះគ្រប់បទល្មើសទាំងអស់ដែលអាចប្រព្រឹត្តដោយ អ្នកដឹកនាំរបស់ខ្លួនឡើយ។ ចាំបាច់ត្រូវឱ្យបទល្មើសទាំងនេះត្រូវបានប្រព្រឹត្តដើម្បីប្រយោជន៍របស់ខ្លួន មានន័យថាតាមការពិតនីតិបុគ្គលបានទាញយកនូវផលប្រយោជន៍ដោយផ្ទាល់ ឬដោយប្រយោល ជាសំភារៈ ឬតាមផ្លូវចិត្ត។ ប្រសិនបើ ដោយប្រព្រឹត្តនូវបទល្មើស ចារីស្វែងរកត្រឹមតែតំរូវការបំពេញប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះនីតិបុគ្គលពុំមានការទទួលខុសត្រូវឡើយ។ ប៉ុន្តែប្រសិនបើចារីចង់បំរើប្រយោជន៍របស់នីតិបុគ្គលក្នុងករណីនេះលក្ខខណ្ឌដែលនាំឱ្យ នីតិបុគ្គលខុសត្រូវខាងព្រហ្មទណ្ឌត្រូវបានបំពេញហើយ។

       នៅក្នុងក្របខណ្ឌនៃការដាក់ឱ្យមានការទទួលខុសត្រូវខាងព្រហ្មទណ្ឌនេះ ត្រូវបញ្ជាក់បន្ថែមទៀតថា បទល្មើសពិតជាត្រូវបានប្រព្រឹត្តដោយស្ថាប័ន ឬតំណាងរបស់នីតិបុគ្គលនេះ : រាល់សមាជិករបស់នីតិបុគ្គលពុំមានជាចាំបាច់នូវគុណភាពជាស្ថាប័ន​ ឬតំណាង របស់នីតិបុគ្គលនោះឡើយ។ឧទាហរណ៍ៈ បទល្មើសអាចត្រូវបានប្រព្រឹត្តដោយប្រធានសមាគមមួយ    អ្នកដឹកនាំក្រុមហ៊ុនមួយដើម្បីជៀសវាងកុំឱ្យការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលនាំ 

ទៅរកនិទណ្ឌភាពចំពោះរូបវន្តបុគ្គលដែលជាចារីសំភារៈនៃបទល្មើសច្បាប់បញ្ញត្តថារូបវន្តបុគ្គលក៏នឹងអាចចោទប្រកាន់ពីបទព្រហ្មទណ្ឌផងដែរ។ ការចោទប្រកាន់ទាំងនេះ នឹងកើតមានឡើងប្រឆាំងចំពោះរូបវន្តបុគ្គលជួនកាល   ឋានៈជាសហចារីនៃបទល្មើស ជួនកាលក្នុងឋានៈជាអ្នកផ្ដើមគំនិត ឬជនសមគំនិត។

       ប្រព័ន្ធនេះ ប្រាកដជាមានលក្ខណៈចាំបាច់។ តាមពិតនៅក្នុងករណីភាគច្រើន បទល្មើសព្រហ្មទណ្ឌគឺជាបទល្មើសដោយចេតនា។ ប៉ុន្តែក្នុងករណីនេះនីតិបុគ្គល គឺជាសភាវៈប្រឌិតដែលពុំមានចេតនាឡើយ។ តាមពិតចេតនាស្ថិតនៅក្នុងរូបវន្តបុគ្គល ដែលតំណាងឱ្យនីតិបុគ្គលហើយដែលត្រូវសំរេចអំពីការប្រព្រឹត្តនូវបទល្មើស។

  ២.របបនៃការទទួលខុសត្រូវខាងព្រហ្មទណ្ឌរបស់នីតិបុគ្គល

       នីតិបុគ្គលត្រូវទទួលខុសត្រូវខាងព្រហ្មទណ្ឌនូវបទល្មើសដែលត្រូវបានប្រព្រឹត្ត ដើម្បីជាប្រយោជន៍របស់ខ្លួនប៉ុន្តែលុះត្រាតែ «នៅក្នុងករណីដែលមានច្បាប់ចែងដោយច្បាប់»ប៉ុណ្ណោះ។ និយាយម្យ៉ាងទៀត ការទទួលខុសត្រូវរបស់នីតិបុគ្គល ពុំមានលក្ខណៈទូទៅឡើយ : ការទទួលខុសត្រូវនេះអាចកើតមានឡើងលុះត្រាតែមានអត្ថបទច្បាប់ពិសេសប្រកាសអំពីការទទួលខុសត្រូវនេះ ចំពោះការចោទប្រកាន់ជាក់លាក់មួយប៉ុណ្ណោះ។

          ដូច្នេះនីតិបុគ្គលអាចត្រូវបានបន្ទោសអំពីបទល្មើសព្រហ្មទណ្ឌលុះត្រាតែគេត្រូវកំណត់ដូចទៅនេះ :

–      អត្ថិភាពនៃអត្ថបទច្បាប់ព្រហ្មទណ្ឌពិសេសមួយ ដែលចែងអំពើការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលចំពោះបទល្មើសនេះ។

–      បទល្មើសត្រូវបានប្រព្រឹត្តដើម្បីជាប្រយោជន៍ដល់នីតិបុគ្គលនោះ។

–      ជាបញ្ចប់បទល្មើសនេះត្រូវបានប្រព្រឹត្តដោយស្ថាប័ន ឬតំណាងរបស់នីតិបុគ្គលនោះ។

       ឧទាហរណ៍ : មាត្រា ១៨៧ នៃសេចក្ដីព្រាងក្រមព្រហ្មទណ្ឌចែងថា នីតិបុគ្គលអាចត្រូវបានប្រកាសឱ្យទទួលខុសត្រូវខាងព្រហ្មទណ្ឌ អំពីបទឧក្រិដ្ឋប្រល័យពូជសាសន៍ ដែលត្រូវបានចែងនៅក្នុងមាត្រា ១៨៣។ ទាក់ទងនឹងការកំណត់ប្រភេទគតិយុត្តនៃបទល្មើស ដែលត្រូវបានប្រព្រឹត្តដោយនីតិបុគ្គល ថាជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុនោះត្រូវលើកទៅសិក្សាក្នុងបញ្ហាទោសដែលត្រូវទទួលរងដោយរូបវន្តបុគ្គល (មាត្រា ៤៩ ដល់មាត្រា ៧៧)។

       តាមការពិត គឺចាប់ពីពេលវាយតំលៃអំពីទោសដែលទទួលរងដោយរូបវន្តបុគ្គល ទើបគេ ដឹងថាតើអំពើដែលត្រូវទំលាក់លើនីតិបុគ្គល បង្កើតបានជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ។ សេចក្ដីបញ្ជាក់នេះមានសារសំខាន់ណាស់ ពីព្រោះថា ចំពោះរូបវន្តបុគ្គល ចរិតជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ នៃបទល្មើស ត្រូវបានកំណត់ដោយទោសជាប់ពន្ធនាគារដែលត្រូវទទួលរង។

       ដូច្នេះ បទឧក្រិដ្ឋត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារលើសពី ៥ ឆ្នាំ បទមជ្ឈិមត្រូវជាប់ពន្ធនាគារជាអតិបរមា ៥ ឆ្នាំ ចំណែកឯ​ បទលហុត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារជាអតិបរមាចំនួន ៦ ថ្ងៃ។ ប៉ុន្តែ ចំពោះនីតិបុគ្គល ជាក់ស្ដែងគេពុំអាចប្រកាសទោសជាប់ពន្ធនាគារបានឡើយ។ មានតែទោសពិន័យ និងទោសបន្ថែមផ្សេងទៀតប៉ុណ្ណោះដែលអាចអនុវត្តបាន (មាត្រា ៥៨ ដល់មាត្រា ៧៧)។

៣.ការប្រព្រឹត្តដើម្បីជាប្រយោជន៍ដល់នីតិបុគ្គល

       មានតែការប្រព្រឹត្តបទល្មើស ដើម្បីជាប្រយោជន៍ដល់នីតិបុគ្គលតែប៉ុណ្ណោះ ដែលជាកត្តាធឱ្យមាននីតិបុគ្គលទទួលខុសត្រូវព្រហ្មទណ្ឌ។ ប្រយោជន៍សំដៅខាងសេដ្ឋកិច្ចដែលមានលក្ខណៈច្បាស់លាស។ ឧទាហរណ៍៖ ប្រសិនបើក្រុមហ៊ុនមិនចាត់វិធានការបានត្រឹមត្រូវ ធ្វើឱ្យកម្មករស្លាប់បាត់បង់ជីវិតនោះ អ្នកទទួលខុសត្រូវរបស់      ក្រុមហ៊ុន នឹងត្រូវប្រកាសថាទទួលខុសត្រូវព្រហ្មទណ្ឌពី បទមនុស្សឃាតដោយអចេនាបាន។ (មាត្រា ២០៧,​២០៨, ២០៩ នៃក្រមព្រហ្មទណ្ឌ)

៤.ការដាក់ទណ្ឌកម្មលើនីតិបុគ្គល

       ដោយយោងទៅតាមមាត្រា ១៦៧ នៃក្រមព្រហ្មទណ្ឌ បានកំណត់ពីទោសទាំងឡាយសម្រាប់នីតិបុគ្គលមាន៖

–      ទោសពិន័យក្នុងឋានៈជាមូលទោស

–      ទោសបន្ថែមដែលរៀបរាប់នៅក្នុងមាត្រា ១៦៨ នៃក្រមព្រហ្មទណ្ឌ។

       ទោសបន្ថែមសម្រាប់នីតិបុគ្គលអាចប្រកាសដោយតុលាការប្រសិនបើទោសនោះត្រូវបានចែងយ៉ាងជាក់លាក់ចំពោះបទល្មើសដែលចោទប្រកាន់។ តាមមាត្រា ១៦៨ នៃក្រមព្រហ្មទណ្ឌ ទោសបន្ថែមសម្រាប់អនុវត្តលើនីតិបុគ្គល ដូចតទៅ៖

1               ការរំលាយចោល

2               ការដាក់នៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ

3              ការហាមឃាត់ចំពោះការអនុវត្តសកម្មភាពមួយ ឬច្រើន

4                ការបណ្ដេញចេញពីលទ្ធកម្មសាធារណៈ

5                ការហាមឃាត់ចំពោះការអំពាវនាវជាសាធារណៈដល់ការសន្សំសំចៃ

6                ការហាមឃាត់ចំពោះឧបករណ៍អាចជួញដូរបាន ក្រៅពីឧបករណ៍អាចជួញដូរបានដែលកំណត់ដោយធនាគារ

7               ការហាមឃាត់ចំពោះការប្រើបណ្ណទូទាត់

8                ការបិទគ្រឹះស្ថានដែលប្រើសម្រាប់ធ្វើការរៀបចំ ឬប្រព្រឹត្តបទល្មើស

9                 ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថានដែលបើកចំហដល់សាធារណៈជន ឬដែលបានប្រើប្រាស់ដោយសាធារណៈជន

10       ការរឹបអូសឧបករណ៍សម្ភារៈ ឬវត្ថុណាមួយដែលប្រើប្រាស់ ប្រព្រឹត្តបទល្មើស ឬដែលមានគោលដៅសម្រាប់ប្រព្រឹត្តបទល្មើស។

11      ការរឹបអូសវត្ថុ ឬមូលនិធិដែលជាកម្មវត្ថុ នៃបទល្មើស

12      ការរឹបអូសផលទុន ឬទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស

13    ការរឹបអូសឧបភោគភណ្ឌ សម្ភារៈ និងចលនវត្ថុក្នុងទីកន្លែង ដែលបទល្មើសបានប្រព្រឹត្ត

14       ការបិទផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស ការផ្សាយសេចក្ដីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មានសរសេរ ឬការផ្សាយតាមទូរគមនាគមន៍សោតទស្សន៍។

III.មូលហេតុនៃការមិនទទួលខុសត្រូព្រហ្មទណ្ឌ

       ការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ បណ្ដាលមកពីមូលហេតុណាមួយដែលច្បាប់ព្រហ្មទណ្ឌចាត់ទុកថា ជាមូលហេតុត្រឹមត្រូវច្បាប់មិនតម្រូវឱ្យអ្នកប្រព្រឹត្តទទួលខុសត្រូវព្រហ្មទណ្ឌឡើយ។ មូលហេតុដែលនាំឱ្យមានការ​មិនទទួលខុសត្រូវព្រហ្មទណ្ឌអាចែកជាពីរប្រភេទគឺ៖ មូលហេតុអត្តនោម័ត និងមូលហេតុសត្យានុម័ត។

១.មូលហេតុអត្តនោម័តនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌ

       មូលហេតុអត្តនោម័តនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌតាមក្រមព្រហ្មទណ្ឌរួមមាន៖

       ក.វិបល្លាសា្មរតី

          មាត្រា ៣១ នៃក្រមព្រហ្មទណ្ឌចែងថាៈ កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាសស្មារតីដែលធ្វើ​ឱ្យបាត់បង់នូវការដឹងខុសត្រូវរបស់ខ្លួន ជននោះមិនទទួលខុសត្រូវព្រហ្មទណ្ឌទេ។ ក៏ដោយសារតែប្រព័ន្ធសរសៃប្រាសាទមានសកម្មភាំពមិនប្រក្រតី ចារីបានបាត់បងនូវលទ្ធភាពនៃការយល់ដឹងពីពិភពខាងក្រៅជុំវិញខ្លួន ហើយេពុំអាចត្រួតពិនិត្យសកម្មភាពរបស់ខ្លួនបាន។

       ជាទូទៅភស្តុតាងនៃវិបល្លាសស្មារតីត្រូវបញ្ចប់ដោយវេជ្ជបណ្ឌិតជំនាញ ក៏ប៉ុន្តែយោបល់ទាំងនោះពុំមានអនុភាព   

ចងជាកាតព្វកិច្ចឱ្យចៅក្រមត្រូវតែជឿតាមទេ ពោលគឺចៅក្រមអាចជឿក៏បាន មិនជឿក៏បាន។ ជននោះគឺស្ថិតនៅក្រោមអាណាព្យាបាលទូទៅ (មាត្រា ២៤ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧)

       ខ.កម្លាំង ឬការបង្ខំ

       ក្នុងមាត្រា ៣៦ នៃក្រមព្រហ្មទណ្ឌចែងថាៈ បុគ្គលដែលប្រព្រឹត្តបទល្មើសក្រោមអានុភាពនៃកំលាំង ឬការបង្ខំដែលបុគ្គលនោះមិនអាចទប់ទលបាន បុគ្គលនោះមិនទទួលខុសត្រូវព្រហ្មទណ្ឌឡើយ។ មាត្រា ៩៦ នៃក្រមព្រហ្មទណ្ឌចែងថាៈ កាលបើមានភស្តុតាងថា មានកំលាំងអ្វីមួយបានបង្ខំ ជនណាម្នាក់ឱ្យប្រព្រឹត្តបទល្មើសអ្វីមួយ ហើយជននោះកាលមិនអាចទប់ទល់ និងកំលាំងនោះបានទេ ក៏ប្រព្រឹត្តបទល្មើសនោះទៅ។ ជនប្រព្រឹត្តបទល្មើសនេះមិនត្រូវឱ្យទទួលខុសត្រូវចំពោះអំពើដែលខ្លួនវបានប្រព្រឹត្តឡើយ។

  ១.ប្រភេទនៃកម្លាំង ឬការបង្ខំ

       ១.១.ការបង្ខំលើរូបកាយ

       ការបង្ខំមកពីកម្លាំងពីមជ្ឈដ្ឋានខាងក្រៅ ដូចជាកម្លាំងមកពីព្រឹត្តិការណ៍ ធម្មជាតិ មកពីសត្វ ឬមកពីតតិយជនណាមួយ។ ឧទាហរណ៍៖ ខ្យល់ព្យុះ ឬរន្ទះបាញ់ជាដើម។

       ១.២.ការបង្ខំអាចពីកម្លាំងផ្ទាល់របស់ចារី

       ការនេះបណ្ដាលមកពីចារីមានបញ្ហាលើរូបរាង្គការដែលពិបាកក្នុងការគ្រប់គ្រងខ្លួនឯង។ ឧទាហរណ៍៖ អ្នកបើកបរម្នាក់បានរមូលសរសៃជើងនៅពេលបើកបរហើយជាន់នៅលើឈ្នាន់ល្បឿន ដែលបង្កឱ្យកើតជាគ្រោះថ្នាក់ចរាចរណ៍។ បទបើកបរបណ្ដាលឱ្យស្លាប់អ្នកដទៃដោយអចេតនា បានឡើយ។

  ២.ការបង្ខំលើផ្លូវចិត្ត

       ការបង្ខំលើផ្លូវចិត្តសំដៅលើកម្លាំងដែលបង្ខំឆន្ទៈរបស់ចារី។ ការបង្ខំផ្លូវចិត្តក៏អាចជាមូលហេតុនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌបានដែរ ការបង្ខំនេះមាន ប្រភពមកពីព្រឹត្តិការណ៍ក្រៅឆន្ទៈរបស់ចារី។ ជម្រុញឱ្យចារីមិនអាចបញ្ចៀសបានពីការប្រព្រឹត្តបទល្មើស។ ឧទាហរណ៍ៈ គណនេយ្យករម្នាក់ត្រូវបានខ្មាំងកាំភ្លើងភ្ជង់ឱ្យប្រគលប្រាក់ដែលខ្លួនកំពុងកាន់កាប់ឱ្យទៅខ្មាំងកាំភ្លើង។

២.មូលហេតុសត្យានុម័តនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ឬយុត្តិកម្មនៃបទល្មើស

       អំពើនេះត្រូវបានផ្តន្ទាទោសតាមច្បាប់ តែត្រូវបានចាត់ទុកថាជា ការអនុវត្តសិទ្ធិ ឬជាការបំពេញកាតព្វកិច្ច អំពើនេះកើតឡើងដោយសារតែផលប្រយោជន៍ស្របច្បាប់។

  ក.ការអនុញ្ញាតដោយច្បាប់ ឬអាជ្ញាធរ

       មាត្រា ៣២ នៃក្រមព្រហ្មទណ្ឌចែងថា៖ បុគ្គលណាដែលប្រព្រឹត្តអំពើដែលបានបញ្ញត្ត ឬអនុញ្ញាតតាមច្បាប់ បុគ្គលនោះមិនប្រព្រឹត្តបទល្មើសទេ។ បុគ្គលណាដែលប្រព្រឹត្តអំពើតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ បុគ្គលនោះមិនប្រព្រឹត្តអំពើតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ បុគ្គលនោះមិនប្រព្រឹត្តបទល្មើសទេ។ បុគ្គលណាដែលប្រព្រឹត្តអំពើតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ បុគ្គលនោះមិនប្រព្រឹត្តបទល្មើសទេ លើកលែងតែអំពើនេះជាអំពើខុសច្បាប់យ៉ាងជាក់ច្បាស់ មាត្រា ៩៩ នៃក្រមព្រហ្មទណ្ឌចាស់បានចែងថា៖ មិនទុកជាអំពើល្មើសក្នុងបទព្រហ្មទណ្ឌទេ កាលណាបើអំពើទាំងឡាយនោះធ្វើតាមបង្គាប់ច្បាប់ ហើយអ្នកបញ្ជាឱ្យធ្វើក៏ជាអាជ្ញាធរធម្មានុរូបនោះ ចៅក្រមត្រូវថ្លឹងមើលតានការណ៍គួរ នូវភាពនៃការទទួលខុសត្រូវក្នុងបទព្រហ្មទណ្ឌរបស់ភ្នាក់ងារអ្នកសម្រេចការនោះផង។

  ១.ការអនុញ្ញាដោយច្បាប់

       ក្នុងករណីនេះច្បាប់បញ្ញត្ត ឬអនុញ្ញាតឱ្យប្រព្រឹត្តអំពើណាមួយហើយច្បាប់មិនអនុញ្ញាត្តឱ្យផ្តន្ទាទោស លើអំពើដែលកើតចេញពីការបំពេញកាតព្វកិច្ចតម្រូវដោយច្បាប់។

  ២.ការអនុញ្ញាតដោយអាជ្ញាធរ

       មាត្រា ៣២ កថាខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌចែថាៈ បុគ្គលណាដែលប្រព្រឹត្តអំពើតមាបញ្ជារបស់អាជ្ញាធរស្របច្បាប់ បុគ្គលណាដែលប្រព្រឹត្តអំពើតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ ​បុគ្គលនោះមិនប្រព្រឹត្តបទល្មើសទេ លើកលែងតែអំពើនេះជាអំពើខុសច្បាប់យ៉ាងជាក់ច្បាស់។

       ២.១.អាជ្ញាធរស្របច្បាប់

       សំដៅដល់អាជ្ញាធរសាធារណៈដែលជាអាជ្ញាធររដ្ឋបាល អាជ្ញាធរតុលាការ ឬអាជ្ញាធរយោធា ដែលមានអំណាចតាមផ្លូវច្បាប់ក្នុងការបញ្ជាឱ្យអនុវត្តច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ។

       ២.២.បញ្ជាស្របច្បាប់

       ក្រមព្រហ្មទណ្ឌមិនអនុញ្ញាតឱ្យជនដែលប្រព្រឹត្តបទល្មើស តាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ រួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌឡើយ ប្រសិនបើអំពើនោះជាអំពើខុសច្បាប់ យ៉ាងជាក់ច្បាស់។ អ្នកទទួលបញ្ជាអាចរួចផុតពីការទទួលត្រូវព្រហ្មទណ្ឌបានដោយផ្អែកលើមាត្រា ៣២ នៃក្រមព្រហ្មទណ្ឌ។

  ខ.ការការពារស្របច្បាប់

       មាត្រា ៣៣ កថាខណ្ឌទី ១ នៃក្រមព្រហ្មទណ្ឌ មិនឱ្យបុគ្គលណាដែលប្រព្រឹត្តបទល្មើសក្នុងសភាពការពារស្របច្បាប់ទទួលខុសត្រូវព្រហ្មទណ្ឌឡើយ។ កថាខណ្ឌទី២ នៃមាត្រា ៣៣ កំណត់ពីលក្ខខណ្ឌនៃការការពារស្របច្បាប់ដូចតទៅ៖

–      បទល្មើសត្រូវចាត់ទុកថា ត្រឹមត្រូវដោយការវចាំបាច់ ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិប្រឈមមុខនឹង ការឈ្មានពានមួយដែលមិនត្រឹមត្រូវ។

–      បទល្មើស និងការឈ្លានពានត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និង

–      គ្មានវិសមាមាត្ររវាងមធ្យោបាយការពារដែលប្រើប្រាស់និងទម្ងន់នៃការឈ្មានពាន។

  ១.លក្ខខណ្ឌនៃការការពារស្របច្បាប់

       មាត្រា ៣៣ កថាខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌ ការឈ្លានពានមាត្រា ៣៣ កថាខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌ ការឈ្លានពាន និងការការពារត្រូវមានលក្ខណៈ មួយចំនួនដើម្បីការពារក្លាយជាយុត្តិកម្មនៃបទល្មើស។

       ១.១.ការឈ្លានពាន

       ចំណុចទី១ កថាខណ្ឌទី២ នៃមាត្រា ៣៣ នៃក្រមព្រហ្មទណ្ឌការឈ្លានពានត្រូវកើតឡើងមុនពេលមានការការពារប្រឺមមុខ នឹងការឈ្លានពានណាមួយ។ ការឈ្លានពានជាមុន គឺជាធាតុផ្សំចាំបាច់នៃការការពារស្របច្បាប់។ ការឈ្លានពាននេះអាចធ្វើលើទ្រព្យសម្បត្តិ ឬរូបកាយរបស់អ្នកការពារផ្ទាល់ ឬនៅលើតតិយជនបានដែរ។

       ១.២.ការការពារ

       ការការពារទៅនឹងអំពើឈ្លានពានណាមួយ ស្ដែងឡើងតាមរយៈការតបពីសំណាក់ជនដែលទទួលរងនូវការឈ្លានពាននោះ។ អំពើការពារអាចជារូបភាព ប្លែកៗពីគ្នា ដូចជាការសម្លាប់ ការប្រើហិង្សា ជាដើម។ ការប្រព្រឹត្តអំពើខ្លះមិនត្រូវបានចាត់ទុកថាជាអំពើការពារនៃការការពារស្របច្បាប់នោះឡើយ ដូចជាការរំលោភសេពសន្ថវៈ ឬការធ្វើទារុណកម្ម ជាដើម។

–      ការការពារត្រូវតែកើតឡើងក្នុងពេលជាមួយគ្នានឹងការឈ្លានពានការការពារត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និងការឈ្លានពានមានន័យថា ការការពារត្រូវតែធ្វើឡើងភ្លាមៗក្នុងខណៈដែលការឈ្លានពានបានកើតឡើង។

–      ការការពារត្រូវតែចាំបាច់ការការពារត្រូវតែចាំបាច់សម្រាប់ស្រោចស្រង់ដល់ផលប្រយោជន៍ដែលត្រូវបានគំរាមកំហែង មានន័យថាៈ ការការពារត្រូវជាការចាំបាច់ ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិ។ ប្រតិកម្មតបតរបស់អ្នកការពារ គឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ជៀសការឈ្លានពាន។

–      មធ្យោបាយការពារដែលប្រើប្រាស់ត្រូវតែគ្មានវិសមាមាត្រជាមួយ នឹងទម្ងន់នៃការឈ្លានពាន មធ្យោបាយការការពារដែលបានប្រើប្រាស់ត្រូវតែឆ្លើយតបទៅនឹងភាពធ្ងន់ធ្ងរ នៃការឈ្លានពានមិនត្រឹមត្រូវ។ (មាត្រា ៧៥៥ កថាខណ្ឌទី ១ នៃក្រមរដ្ឋប្បវេណី)​ កាលបើអំពើមួយត្រូវបានចាត់ទុកថាជាការការបារស្របច្បាប់ហើយចារីមិនត្រឹមតែមិនទទួលខុសត្រូវរដ្ឋប្បវេណីទៀតផង។

  គ.ស្ថានភាពចាំបាច់

          ស្ថានភាពចាំបាច់ គឺជាស្ថានភាពរបស់បុគ្គលម្នាក់ដែលឈានទៅដល់ការប្រព្រឹត្តបទល្មើសណាមួយដោយ សារតែមានបំណងចង់ជួយស្ដារនូវផលប្រយោជន៍ មួយផ្សេងទៀតដែលត្រូវបានគំរាមកំហែងដោយគ្រោះថ្នាក់ដែលកំពុងកើតមាន ឬដែលនឹងកើតមាន។

          ចំពោះស្ថានភាពចាំបាច់ ចារីមានជម្រើស ពីរយ៉ាងគឺ៖

–      ទទួលយកការខូចខាតដែលនឹង   ត្រូវកើតមានឡើង      ដោយសុខចិត្តបដិសេធមិនព្រមប្រព្រឹត្តបទល្មើស

–      ត្រូវតែប្រព្រឹត្តបទល្មើសដើម្បីបញ្ជៀសការខូចខាត។ ស្ថានភាពចាំបាច់ត្រូវបានចាត់ទុកថាជាយុត្តិកម្មនៃបទល្មើសតាម មាត្រា ៣៥ នៃក្រមព្រហ្មទណ្ឌចែងថាៈ បុគ្គលដែលស្ថិតនៅក្នុងការចាំបាច់ត្រូវតែប្រព្រឹត្តបទល្មើស មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ។ ស្ថានភាពចាំបាច់ត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖

–      បទល្មើសត្រូវបានចាត់ទុកថាត្រឹមត្រូវដោយចាំបាច់ ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិប្រឆាំងនឹងគ្រោះថ្នាក់ដែលកំពុងកើតមាន ឬដែលនឹងកើតមាននឹង

–      គ្មានវិសមាមាត្ររវាងមធ្យោបាយការពារ និងទម្ងប់នៃគ្រោះថ្នាក់។

  ១.គ្រោះថ្នាក់កំពុងមាន ឬដែលនឹងកើតមាន

       ជនដែលប្រព្រឹត្តបទល្មើសក្នុងស្ថានភាពចាំបាច់ ត្រូវរកភស្តុតាងអំពី គ្រោះថ្នាក់ដែលជម្រុញឱ្យប្រព្រឹត្តបទ      ល្មើស។ ឧទាហរណ៍៖ ដើម្បីកុំឱ្យកូនស្លាប់ដោយអត់អាហារម្ដាយបានសម្រេចចិត្តលួចបាយ ឬអង្ករយកមកចំអិនដើម្បីចិញ្ចឹមកូន។ នេះគឺ ជាការបញ្ជាក់ពីគ្រោះថ្នាក់ដល់អាយុជីវិតកូនរបស់ចារីដែលបានប្រព្រឹត្តអំពើលួច។ ឧទាហរណ៍៖ បុរសម្នាក់បានដុតសំបុកឃ្មុំចោលរបស់អ្នកជិតខាង តែតាមពិតឃ្មុំមិនបានទិចទេ គឺជាគ្រោះថ្នាក់កើតជាយថាហេតុ ពុំមានជាស្ថាបភាពចាំបាច់ទេ។ ការដុតសំបុកឃ្មុំត្រូវផ្តន្ទាទោសពុំមែនជាស្ថានភាពចាំបាច់ទេ។

  ២.ការការពារជាចាំបាច់

       ដើម្បីឱ្យមានយុត្តិកម្ម បទល្មើសដែលប្រព្រឹត្តដោយចារី ត្រូវតែជាអំពើចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទែ ឬការពារទ្រព្យសម្បត្តិ។ ត្រង់ចំណុចនេះមានន័យថាការប្រព្រឹត្តបទល្មើសជាជម្រើសដ៏ប្រសើរបំផុត និងជាជម្រើសតែមួយគត់ដើម្បីបញ្ជៀសគ្រោះថ្នាក់បាន។ ឧទាហរណ៍៖ នារីម្នាក់បានសម្រេចចិត្តលួចសាច់គោគេដើម្បីឱ្យកូនរបស់នាងបរិភោគនូវអាហារឆ្ញាញ់ជាងធម្មតា មិនអាចលើកសំអាងភាពចាំបាច់ ដើម្បីឱ្យរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌឡើយ។

  ៣.ការការពារដែលគ្មានវិសមាមាត្រជាមួយ នឹងទម្ងន់គ្រោះថ្នាក់

       ចារីត្រូវរកភស្តុតាងមកបង្ហាញឱ្យឃើញច្បាស់ថា បទល្មើសដែលខ្លួនបានប្រព្រឹត្តមានលក្ខណៈសមាមាត្រទៅនឹងភាពធ្ងន់ធ្ងរនៃគ្រោះថ្នាក់។ ផលវិបាកនៃបទល្មើសត្រូវតែមានតម្លៃតិចជាង ឬស្មើនឹងតម្លៃដែលចារីមានបំណងចង់ជួយស្រោចស្រង់សង្គ្រោះ។ ឧទាហរណ៍៖ អំពើរបស់អ្នកបើកបររថយន្តម្នាក់ដែលបានសម្រេចបើកបររថយន្តរបស់គាត់ទៅប៉ះជញ្ជាំងផ្ទះរបស់តតិយជន ក្នុងគោលបំណងដើម្បីបញ្ជៀសការប៉ះទង្កិចដល់អ្នកថ្មើជើងម្នាក់ក្នុងករណីនេះគួរតែចាត់ទុកស្ថានភាពចាំបាច់ដែលមានលក្ខណៈសមាមាត្រ។ ក្នុងន័យនេះអ្នកបើកបររថយន្តមិនត្រូវទទួលខុសត្រូវពីបទធ្វើឱ្យខូចខាតដោយចេតនាឡើយ។

 

       ឆ្លងតាមការបកស្រាយខាងលើយើងអាចសន្និដ្ឋានបានថា រាល់នីតិបុគ្គលឯកជនទាំងអស់ត្រូវតែមានកាតព្វកិច្ចក្នុងការទទួលខុសត្រូវចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តលើកលែងតែ ចំពោះនីតិបុគ្គលសាធារណៈប៉ុណ្ណោះ។ ដែលទោសទាំងឡាយសម្រាប់នីតិបុគ្គលរួមមាន ទោសពិន័យក្នុងឋានៈជាមូលទោស និងទោសបន្ថែមដែលរៀបរាប់នៅក្នុងមាត្រា ១៦៨ នៃក្រមព្រហ្មទណ្ឌ។


Labels: