Monday, May 29, 2023

សិទ្ធិរបស់ជនសង្ស័យនៅពេលឃាត់ខ្លួន # Rights of the Suspect at the Time of Arrest.



 

សិទ្ធិរបស់ជនសង្ស័យនៅពេលឃាត់ខ្លួន


 # Rights of the Suspect at the Time of Arrest.

យោងតាមច្បាប់កម្ពុជា ជនណាក៏ដោយដែលត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ចា​ប់ខ្លួន ឬឃាត់ខ្លួន មានសិទ្ធិជា   មូលដ្ឋានដើម្បីការពារខ្លួន។ សិទ្ធិទាំងនោះរួមមាន ៖

Ø សិទ្ធិប្រាប់ពីឱ្យដឹងពីមូលហេតុ និងការចោទប្រកាន់​ នៃការចាប់ខ្លួន ឬឃាត់ខ្លួន (ជនដែលមានអាយុក្រោម១៤ឆ្នាំ មិនស្ថិតក្រោមការទទួលខុសត្រូវព្រហ្មទណ្ឌទេ) ។

មន្ត្រីនគរបាលយុត្តិធម៌ ត្រូវប្រាប់អ្នកភ្លាមៗ ពីមូលហេតុនៃការចាប់ខ្លួន ឬឃាត់ខ្លួន ។ មាត្រា៣៨ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា​ ការចោទប្រកាន់​ ការឃាត់ខ្លួន ឬឃុំខ្លួនជនណាមួយ និងអាចធ្វើទៅបានលុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។ ការចាប់ខ្លួន ឬឃាត់ខ្លួនត្រូវធ្វើឡើងតាមដីការបស់តុលាការ ឬនៅពេលកំពុងប្រព្រឹត្តអំពើល្មើសជាក់ស្តែងតែប៉ុណ្ណោះ ។ មន្ត្រីនគរបាលយុត្តិធម៌ ក៏អាចឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្នបានដែរ ប្រសិនបើពួកគេត្រូវបានសង្ស័យថាបានរំលោភច្បាប់ ឬមិនបានសហការជាមួយមន្ត្រីនគរបាលយុត្តិធម៌ក្នុងការស៊ើបអង្កេត ។ មាត្រា ៩៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា ការឃាត់ខ្លួនជាតម្រូវការចាំបាច់នៃការស៊ើបអង្គេត មន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនជនសង្ស័យថាបានប្រព្រឹត្តបទល្មើស។  មន្ត្រីនគរបាលយុត្តិធម៌ មិនអាចឃាត់ខ្លួនជនសង្ស័យលើសពី ៤៨ម៉ោង (ពីរថ្ងៃ) បន្ទាប់ពីពេលត្រូវឃាត់ខ្លួន ត្រូវបញ្ជាក់ពីបទចោទ ឬត្រូវដោះលែងករណីរកមិនឃើញកំហុស ។

Ø សិទ្ធិមានមេធាវី ៖ ជនសង្ស័យមានសិទ្ធិពឹកពាក់មេធាវី (បន្ទាប់ពីឃាត់ខ្លួន ២៤ម៉ោង) ។

យោងតាម មាត្រា៣១១ ក្រមនីតិវិធីព្រហ្មទណ្ឌ ស្តីពីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ ។ នៅពេលឃាត់ខ្លួនជនសង្ស័យមន្ត្រីនគរបាលយុត្តិធម៌ត្រូវបើកការស៊ើបអង្កេត និងប្រាប់ពីសិទ្ធិមានមេធាវីរបស់ជនសង្ស័យ នៅក្រោយការឃាត់ខ្លួន ២៤ម៉ោង ដូចមានក្នុង មាត្រា១៤ កថាខ័ណ្ឌទី៣ (ឃ) នៃកតិកាសញ្ញា ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ អំពីសិទ្ធិទទួលបានជំនួយផ្នែកច្បាប់ និងមាត្រា៩៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ស្តីពីជំនួយមេធាវី នៅពេលឃាត់ខ្លួន។ ប្រសិនបើអ្នកមិនមានលទ្ធភាពបង់ថ្លៃសេវាឱ្យមេធាវី ឬមានមេធាវីរបស់អង្គការឱ្យជួយបាន។

 

Ø សិទ្ធិរក្សាភាពស្ងៀមស្ងាត់

ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានសិទ្ធិមិននិយាយ ឬឆ្លើយសំណួររបស់មន្ត្រីនគរបាលយុត្តិធម៌រហូតដល់ពេលបានជួបមេធាវី  ។ គ្មាននរណាម្នាក់អាចបង្ខំ ឬធ្វើទារុណកម្មឱ្យឆ្លើយសារភាពនោះទេ។

Ø សិទ្ធិមិនឆ្លើយសារភាព ៖ ជនសង្ស័យមិនត្រូវឆ្លើយសារភាព នូវអ្វីដែលខ្លួនមិនបានប្រព្រឹត្តិនោះទេ ។

ជនសង្ស័យអាចឆ្លើយសារភាពពីអ្វីដែលអ្នកពិតជាបានធ្វើ ប្រសិនបើគេចង់ ឬអាចចាំដល់ពេលមានមេធាវី ទើបឆ្លើយដោយមានការផ្តល់យោបល់ពីមេធាវី ។ គ្មាននរណាម្នាក់អាចបង្ខំឱ្យអ្នកទទួលសារភាពថាបានប្រព្រឹត្តិល្មើសអ្វីមួយ ដោយប្រើទារុណកម្ម ឬគំរាមគំហែងនោះទេ។ ជនសង្ស័យត្រូវពិនិត្យចំលើយរបស់អ្នកដែលបានឆ្លើយឱ្យបានច្បាស់ មុននឹងផ្តិតមេដៃ ។

Ø សិទ្ធិត្រូវបាននាំខ្លួនទៅតុលាការ

បន្ទាប់ពីត្រូវបានឃាត់ខ្លួន ជនសង្ស័យមានសិទ្ធិទទួលបានការស៊ើបអង្គេត​រឿងក្តី ដើម្បីបញ្ជាក់ថាអ្នកបានប្រព្រឹត្តិ ឬមិនបានប្រព្រឹត្ត ឱ្យបានត្រឹមត្រូវ។ ប្រសិនបើគេត្រូវចាប់ខ្លួន ឬឃាត់ខ្លួនដោយសារតែការកាត់ទោស និងផ្តន្ទាទោសកំបាំងមុខនោះ អ្នកអាចស្នើសុំឱ្យមានការកាត់ក្តីម្តងទៀតបាន ដោយសាកសួរសិទ្ធិទាំងនេះពីមេធាវីឱ្យបានទាន់ពេល។

Ø សិទ្ធិជូនដំណឹងដល់អ្នកផ្ទះឱ្យបានដឹងពីការចាប់ខ្លួន ឬឃាត់ខ្លួន

បន្ទាប់ពីបានឃាត់ខ្លួនមន្ត្រីនគរបាលយុត្តិធម៌ត្រូវជូនដំណឹងដល់អ្នកផ្ទះរបស់ជនសង្ស័យអោយបានលឿន តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ។ ប្រសិនបើជនសង្ស័យមានអាយុក្រោម១៨ឆ្នាំ មន្ត្រីនគរបាលយុត្តិធម៌ ត្រូវប្រាប់ឪពុកម្តាយរបស់គេ ឱ្យបានដឹងអំពីការចាប់ខ្លួន។

Ø សិទ្ធិប្តឹងពីការបដិសេធ សិទ្ធិរបស់អ្នក ៖ មន្ត្រីនគរបាលយុត្តិធម៌គ្រប់រូប និងអាជ្ញាធរដែលមានសិទ្ធិឃាត់ខ្លួន ត្រូវគោរពតាមសិទ្ធិរបស់ជនសង្ស័យខាងលើ ។ ប្រសិនអ្នកត្រុវរំលោភបំពានសិទ្ធិនេះ អ្នកអាចប្តឹងទៅកាន់ចៅក្រម និងព្រះរាជអាជ្ញា ឬមេធាវីរបស់ពួកគេបាន ។

by P.Sam@Sakhada

 

Labels: ,

Thursday, May 25, 2023

ការបោះឆ្នោតនៅកម្ពុជា# Cambodia National election. ការបោះឆ្នោតតំណាងរាស្ត្រ និងបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់

 




ការបោះឆ្នោតនៅកម្ពុជា# Cambodia National election .

ដើម្បីអនុវត្តន៍របបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្សអោយបានជោគជ័យនោះ ការរៀបចំដំណើរការបោះឆ្នោត ត្រូវតែប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព គា្មនការបំភិតបំភ័យ គ្មានការគំរាមគំហេង គ្មានការទិញទឹកចិត្ត និងប្រព្រឹត្តទៅដោយទៀតទាត់ពេលវេលា។ ដើម្បីធានាដល់ការដំណើរការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានសមត្ថកិច្ចគ្រប់គ្រងរាល់ការបោះឆ្នោត បានអនុម័តគោលការណ៍មួយចំនួនដែលស្របតាមច្បាប់ស្តីពីការបោះឆ្នោត សម្រាប់ណែនាំដល់គណបក្សនយោបាយ បេក្ខជនឈរឈ្មោះអោយគេបោះឆ្នោត និងអ្នកបោះឆ្នោតអោយប្រតិបត្តិតាម និងគួរចៀសវាងអ្វីខ្លះដែលផ្ទុយនឹងច្បាប់បានកំណត់។

១. ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា

ប្រទេសកម្ពុជាបានជ្រើសរើសយកប្រព័ន្ធបោះឆ្នោតតាមបែបសមាមាត្រ គឺដើម្បីឆ្លុះបញ្ចាំងពីឆន្ទះរបស់ប្រជាពលរដ្ឋត្រឹមត្រូវជាងការបោះឆ្នោតឯកត្តនាម ពីព្រោះសម្លេងគាំទ្រត្រូវបានបំលែងទៅជាចំនួនអសនៈ នៅក្នុងរដ្ឋសភា ។ ប្រព័ន្ធនេះ បានជួយដល់ក្រុមដែលមានសម្លេងភាគតិច និងស្ត្រីឱ្យមានតំណាងរបស់ខ្លួននៅក្នុងរដ្ឋសភា ។

តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ បានតម្រូវឱ្យព្រះរាជាណាចក្រកម្ពុជា រៀបចំការបោះឆ្នោតជាសកលដោយសេរី និងយុត្តិធម៌ ដើម្បីបញ្ចប់ជម្លោះ និងបង្កើតស្ថាប័នគ្រប់គ្រងប្រទេស និងកសាងនីតិរដ្ឋឡើងវិញ។ ក្រោមកិច្ចរៀបចំរបស់អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាហៅកាត់អ៊ុនតាក់ (UNTAC) ការបោះឆ្នោតជាសកលលើកដំបូង បានប្រព្រឹត្តិឡើងកាលពី ថ្ងៃទី២៣ ដល់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ហើយសភាធម្មនុញ្ញមួយ បានបង្កើតឡើងនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបញ្ចប់ទៅវិញក្រោយបង្កើតរដ្ឋធម្មនុញ្ញចប់។

នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញដែលត្រូវបានសភាអនុម័ត នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ១៩៩៣ បានផ្តួចផ្តើមឱ្យមានការបោះឆ្នោត ៤ ប្រភេទ ៖

v ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត (សកល)

v ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (សកល)

v ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ(អសកល)

v ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា (អសកល) ។

 

២. ការគ្រប់គ្រងការបោះឆ្នោតនៅកម្ពុជា

គេបែងចែកការបោះឆ្នោតជាពីរ គឺ ការបោះឆ្នោតជាសកល និងការបោះឆ្នោតអសកល។

ក. ការបោះឆ្នោតជាសកល

ការបោះឆ្នោតជាសកល គឺជាដំណើរការ នៃការបោះឆ្នោតមួយដែលប្រជាពលរដ្ឋខ្មែរទាំងពីរភេទ  និងអ្នកមានសិទ្ធិបោះឆ្នោត ដែលមានអាយុចាប់ពី ១៨ ឆ្នាំ ឡើង និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដោយមិនប្រកាន់មុខងារ តួនាទី ឋានៈអ្វីឡើយ នឹងលើកលែងតែមានហេតុផលមួយចំនួនដែលច្បាប់បានកំណត់ដូចជា ករណីជនវិកលចរិតជាដើម។ ផ្អែកតាមច្បាប់បោះឆ្នោត ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាការបោះឆ្នោតជាសកល ដោយមានការចូលរួចផ្ទាល់ពីប្រជាពលរដ្ឋទូទៅ។

ក.១. ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នឹងប្រារព្វឡើងនៅថ្ងៃអាទិត្យ រៀងរាល់ ៥ ឆ្នាំម្តង (កាលបរិច្ឆេទផ្លូវការនឹងផ្សព្វផ្សាយ ១ ឆ្នាំ មុនថ្ងៃបោះឆ្នោត ដោយនាយករដ្ឋមន្ត្រី )។ តាមប្បញ្ញត្តិណែនាំ ការបោះឆ្នោតនឹងប្រព្រឹត្តិទៅដោយសកល សម្ងាត់ និងសេរីពហុបក្ស។ ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនឹងត្រូវរៀបចំនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៣ ល្ងាច។ អ្នកបោះឆ្នោតដែលស្ថិតក្នុងការិយាល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុង អាចបោះឆ្នោតបន្តបានទោះបីជាហួសម៉ោង ៣ ល្ងាច។

នៅក្នុងសភាមានចំនួនអាសនៈ ១២៥ នឹងត្រូវធ្វើការបែងចែកទៅតាមប្រព័ន្ធ​សមាមាត្រ ដោយយករាជធានី និងខេត្តជាមណ្ឌល ហើយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលនីមួយៗ ។

ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមានរយៈពេល ៣០ ថ្ងៃ ហើយគ្រប់សកម្មភាព នៃការឃោសនាបោះឆ្នោតត្រូវបញ្ចប់ ២៤ ម៉ោងមុនថ្ងៃបោះឆ្នោត។ គណបក្សនយោបាយមិនបានតម្រូវឱ្យប្រកាសហិរញ្ញវត្ថុពេលឃោសនាបោះឆ្នោតជាសាធារណៈទេ។

ការបោះឆ្នោតសភាតំណាងរាស្ត្រ បានធ្វើឡើងចំនួន ៦លើក

-     លើកទី១ នៅថ្ងៃទី២៣ ដល់២៨ ខែឧសភា ឆ្នាំ១៩៩៣ ក្រោមការសម្របសម្រួលដោយ អ៊ុនតាក់

-     លើកទី២ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨(នីតិកាលទី ២)

-     លើកទី៣ ​នៅថ្ងៃទី០៧ ខែ ឆ្នាំ២០០៣ (នីតិកាលទី ៣)

-     លើកទី៤ ​នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០០៨ (នីតិកាលទី ៤)

-     លើកទី៥ ​នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ (នីតិកាលទី ៥)

-     លើកទី៦ ​នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ (នីតិកាលទី ៦)

ក.២ . ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរៀបចំឡើងនៅថ្ងៃអាទិត្យ​រៀងរាល់ ៥ឆ្នាំម្តង (កាលបរិច្ឆេទផ្លូវការ ត្រូវប្រកាសដោយនាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយត្រូវប្រកាសយ៉ាងតិច ៩ ខែ មុនថ្ងៃបោះឆ្នោត )។ ការបោះឆ្នោត ប្រកាន់យកយន្តការបោះឆ្នោតជាសកល និងសម្ងាត់ ហើយបែងចែកអាសនៈតាមប្រព័ន្ធសមាមាត្រ ដោយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផល នៃការបោះឆ្នោតតាមមណ្ឌល ឬឃុំ សង្កាត់នោះ (មណ្ឌលបែងចែកអាសនៈមាន ១.៦២១ ឃុំ សង្កាត់) ។ ចំនួនអាសនៈ នៃក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងមណ្ឌលនីមួយៗមានចាប់ពី៥ ទៅ ១១ អាសនៈ ផ្អែកតាមចំនួនប្រជារាស្ត្រ និងភូមិសាស្រ្តរបស់ខ្លួន។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ បានធ្វើឡើងចំនួន ៥លើក មានដូចជា ៖

-     លើកទី១ ​នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០០២ (អាណត្តិទី១)

-     លើកទី២ ​នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧ (អាណត្តិទី២)

-     លើកទី៣ ​នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ (អាណត្តិទី៣)

-     លើកទី៤ ​នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ (អាណត្តិទី៤)

-     លើកទី៥ ​នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ (អាណត្តិទី៥)

ខ. ការបោះឆ្នោតជាអសកល

ការបោះឆ្នោតអសកល គឺធ្វើឡើងដោយគ្មានការចូលរួមដោយផ្ទាល់ពីប្រជាពលរដ្ឋឡើយ។ ពោលគឺអ្នកមានសិទ្ធិបោះឆ្នោត គឺជាតំណាងឆន្ទៈរបស់ប្រជាពលរដ្ឋ និងសមាជិកក្រុមបឹ្រក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង។ ការបោះឆ្នោតទាំងអស់ សុទ្ធតែអនុញ្ញាតឱ្យ គណបក្សនយោបាយ អង្គការជាតិ និងអន្តរជាតិចូលរួមសង្កេតការណ៍។ ទោះបីជាយ៉ាងណា តាមច្បាប់ដែលមានស្រាប់បច្ចុប្បន្នគ្រប់មន្រ្តីជាប់ឆ្នោតទាំងអស់នឹងបាត់បង់មុខតំណែង ប្រសិនបើសាមីខ្លួនបាត់បង់សមាជិកភាពពីគណបក្សនយោបាយរបស់ខ្លួន។ ដំណើរការនៃការបោះឆ្នោតនេះ អាចចូលរួមបានតែតំណាងរបស់ប្រជាពលរដ្ឋមួយចំនួន ដែលគេបានកំណត់ទុលជាស្រេចដូចមានចែងនៅក្នុងគ្រប់ច្បាប់បោះឆ្នោត។ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាគឺជាការបោះឆ្នោតអសកល។ អ្នកមានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា គឺមានតំណាងរាស្រ្តចំនួន ១២៣ រូបក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង រីឯអ្នកមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺមានតែសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងតំណែងតែប៉ុណ្ណោះ។​

ខ.១. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខុសពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/ សង្កាត់ ដែលប្រកាន់យកលក្ខណៈសកល ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមួយនេះ ធ្វើឡើងដោយការបោះឆ្នោតអសកល សម្ងាត់ និងមិនចំពោះ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ធ្វើឡើងនៅថ្ងៃអាទិត្យ រាល់ ៥ឆ្នាំ ម្តង (កាលបរិច្ឆេទជាក់ស្តែង កំណត់ដោយនាយករដ្ឋមន្រ្តី តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ)។ ការបែងចែកអាសនៈតម្រូវតាមប្រព័ន្ធសមាមាត្រ ដោយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល។ អាសនៈនៃក្រុមប្រឹក្សាមានចាប់ពី ៧ ដល់ ២១ អាសនៈ ចំនួនជាក់ស្តែងនៃសមាជិកក្រុមប្រឹក្សានីមួយនីមួយ កំណត់ដោយអនុក្រឹត្យ ដែលនឹងផ្សព្វផ្សាយយ៉ាងតិច ១២០ ថ្ងៃ មុនពេលផុតអាណត្តិរបស់ក្រុមប្រឹក្សា ។

ខ.២. ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា

ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែរ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាត្រូវបោះឆ្នោតតាមបែបអសកល មិនចំពោះ សម្ងាត់ (បោះឆ្នោតនៅថ្ងៃអាទិត្យ សប្តាហ៍ទី ៨ មុនចប់នីតិកាល លើកលែងករណីសង្រ្គាម ឬកាលៈទេសៈពិសេស ដែលមិនអាចបោះឆ្នោតបាន)។ ព្រឹទ្ធសភាមានអាណត្តិ ៦ ឆ្នាំ (ចប់នីតិកាលនៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង)។ អាសនៈត្រូវ បែងចែកតាមប្រព័ន្ធសមាមាត្រយករូបមន្តមធ្យមភាគខ្ពស់បំផុតដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោត ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ។

Labels: ,

Saturday, May 20, 2023

ការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ # Head of Village elected

 


ការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ # Head of Village elected

យោងព្រះរាជក្រមលេខ នស/រកម/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ស្តីពីការជ្រើសរើសឱ្យមានមេភូមិ អនុភូមិ សមាជិកភូមិ និងជំនួយការភូមិសម្រាប់ភូមិនីមួយៗ ចំណុះឱ្យឃុំ ។

យោងសេចក្តីណែនាំលេខ០០៤ ស.ណ.ន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទនៃការជ្រើសរើស ការតែងតាំង និងផ្តាស់ប្តូរមេភូមិ អនុភូមិ សមាជិកភូមិ និងរបៀបរបបធ្វើការ។

ភូមិ គឺជាកន្លែងប្រមូលផ្តុំដោយផ្ទះ និងគ្រួសារប្រជាពលរដ្ឋជាច្រើន។ ប្រមូលផ្តុំភូមិជាច្រើនបង្កើតបានជាឃុំ ឬសង្កាត់មួយ ។

១. មេភូមិ អនុភូមិ និងសមាជិកភូមិ

មេភូមិ ៖ គឺជាសេនាធិការឱ្យមេឃុំ ដែលទទួលខុសត្រូវរួម នៅក្នុងភូមិរបស់ខ្លួន។ ជាតំណាងឱ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិ និងជាខ្សែររយៈចម្បងសម្រាប់តភ្ជាប់ទំនាក់ទំនងរវាងភូមិ និងក្រុមប្រឹក្សាឃុំ ឬសង្កាត់ ។ បង្កើនការពិគ្រោះយោបល់ ទទួលការណែនាំ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ។ ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការនានារបស់ឃុំ សង្កាត់ នៅពេលដែលក្រុមប្រឹក្សាឃុំ សង្កាត់​ មានតម្រូវការ ដើម្បីផ្តល់យោបល់អំពីភូមិរបស់ខ្លួនដូចជា ៖

-         ផ្តល់យោបល់ដល់គណៈកម្មាធិការកិច្ចការភូមិ អំពីតម្រូវការ និងផលប្រយោជន៍ភូមិ

-         ផ្តល់យោបល់ដល់គណៈកម្មាធិការកិច្ចការភូមិ អំពីរបៀបបង្កើន និងកសាងសមត្ថភាព និងធនធានក្នុងភូមិ ។

-         ផ្តល់យោបល់ដល់គណៈកម្មាធិការកិច្ចការភូមិ អំពីការកសាងផែនការ និងថវិកាឃុំ សង្កាត់។

-         ផ្តល់ព័ត៌មាន និងរាយការណ៍រាល់បញ្ហា និងសំណូមពរ ជូនក្រុមប្រឹក្សាឃុំ។

អនុភូមិ ៖ ជាជំនួយការឱ្យមេភូមិ ។

សមាជិកភូមិ ៖ ជាលេខាធិការឱ្យមេភូមិ ។

២. របៀបរបបការងាររបស់ មេភូមិ អនុភូមិ និងសមាជិកភូមិ

-         ជួបប្រជុំគ្នាយ៉ាងតិច មួយដងក្នុងមួយខែ

-         ធ្វើការពិគ្រោះយោបល់ឱ្យបានទៀតទាត់ ជាមួយពលរដ្ឋក្នុងភូមិ

-         រាយការណ៍ជូនក្រុមប្រឹក្សាឃុំ សង្កាត់ជ្រាប ។

៣. បែបបទ និងនីតិវិធី នៃការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ

          យោងតាមមាត្រា៣០ និងមាត្រា៨៦ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់  ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវធ្វើការជ្រើសរើសមេភូមិ អនុភូមិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក. បេក្ខជនដែលអាចជ្រើសរើសបាន​ ត្រូវមានលក្ខណៈសម្បត្តិ ដូចជា ៖

-       មានសញ្ជាតិខ្មែរ

-       មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតជាតិ

-       មានអាយុយ៉ាងតិច ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ស្នើបេក្ខជន

-       ចេះអាន និងសសេរអក្សរខ្មែរ

-       មានទីលំនៅ និងអាសយដ្ឋានអចិន្ត្រែយិ៍នៅក្នុងភូមិនោះ

ខ. នីតិវិធី នៃការជ្រើសរើស

          ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវជ្រើសរើសមេភូមិ សម្រាប់ភូមិនីមួយៗ តាមវិធីដូចខាងក្រោម ៖

-       ការប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់

-       ការប្រជុំជ្រើសរើសបេក្ខជនមេភូមិ

-       រៀបចំគណៈកម្មការ និងបោះឆ្នោតជ្រើសរើសមេភូមិ

-      ចេញសេចក្តីសម្រេច តែងតាំងមេភូមិ ។

By P.Sam@Sakhada

Labels: ,

Tuesday, May 9, 2023

សន្តិសុខអ៊ីនធឺណិត# ការគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យា# CyberTechnology Crime .

 

សន្តិសុខអ៊ីនធឺណិត# ការគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យា

https://web.facebook.com/watch/?v=371235074562606

សេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិតថ្មី ដែលពីមុនមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ប៉ុន្តែត្រូវបានរំពឹងនឹងផ្តល់ឱ្យរដ្ឋាភិបាលកម្ពុជាពង្រីកអំណាចដើម្បីស្វែងរកឧក្រិដ្ឋជនក្នុងកំឡុងឧប្បត្តិហេតុសន្តិសុខអ៊ីនធឺណិតដែលបានកំណត់ច្បាស់លាស់ និងកាត់ទោសជននោះ។ (ប្រភព Roost of the world)

ការត្រួតពិនិត្យច្បាប់គឺក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ​។ ច្បាប់នេះកំពុងស្ថិតក្នុងសេចក្តីព្រាងនៅឡើយ ហើយក្រុមការងារកំពុងធ្វើការយ៉ាងខ្លាំងដើម្បីពិនិត្យមើលឡើងវិញនូវមតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់"។

ច្បាប់គ្រប់គ្រងព័ត៌មាន (Cyberlaw) មិនថានៅក្នុងប្រទេសរបស់យើង ឬប្រទេសអភិវឌ្ឍន៍ទេ គឺមានគោលបំណងសម្រួលដល់វិស័យបច្ចេកវិទ្យា និងជួយការពារមនុស្ស ឬស្ថាប័នប្រើប្រាស់បច្ចេកវិទ្យាក្នុងយុគសម័យឌីជីថលនេះ។ ដោយសារតែបច្ចេកវិទ្យា ជាពិសេសសម្រាប់អ៊ីនធឺណែត មានការផ្លាស់ប្ដូរលឿនមែនទែន ហើយប្រសិនបើគ្មានច្បាប់ទេ វាអាចជាបញ្ហាសម្រាប់សង្គម បុគ្គល និងស្ថាប័ននាពេលអនាគត។

ច្បាប់នេះនឹងអនុវត្តចំពោះស្ថាប័នសាធារណៈ ឬឯកជនដែលផ្តល់សេវាកម្មក្នុងវិស័យចំនួន ១២ រួមមាន ទូរគមនាគមន៍ សន្តិសុខ និងគ្រាអាសន្ន ធនាគារ និងហិរញ្ញវត្ថុ ការថែទាំសុខភាព រដ្ឋាភិបាលឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយ នឹង សេវាសំខាន់ៗ ផ្សេងទៀត ។ ន័យនេះនឹងគ្របដណ្តប់លើក្រុមហ៊ុនភាគច្រើនដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា។       រដ្ឋាភិបាលគ្រោងនឹងបង្កើតច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត ដើម្បីកាត់បន្ថយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការពារឯកជនភាពរបស់បុគ្គល និងស្ថាប័នសាធារណៈ និងឯកជននៅកម្ពុជា។

“បច្ចេកវិទ្យាដែលប៉ះពាល់ដល់អាជីវកម្មអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផងដែរ។ ដូច្នេះ​អ្នក​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត និង​អ្នក​បំពាន​ច្បាប់​អ៊ីនធឺណិត​ត្រូវ​តែ​កាត់​ទោស​ដើម្បី​ការពារ​សង្គម»

មួយរយៈពេលកន្លងមកនេះ នាយកដ្ឋានប្រឆាំងបទល្មើលបច្ចេកវិទ្យា បានរកឃើញករណីលួចចូលយកគណនីហ្វេសប៊ុក ដើម្បីធ្វើការឆបោកក្នុងរូបភាព សុំជួយឧបត្ថម្ភលុយ ឬសុំខ្ចីលុយ ដោយជនខិលខូចបន្លំធ្វើជាមិត្តភក្តិ ឬបងប្អូនរបស់ម្ចាស់គណនីហ្វេសប៊ុកពិត ដែលត្រូវបានពួកគេលួចចូលនោះ។

ដោយសារករណីឆបោកមួយនេះ នៅតែកំពុងកើតមានចំពោះប្រជាពលរដ្ឋ នាយកដ្ឋានបានបង្កើតវីដេអូអប់រំខ្លីមួយដើម្បីជាការក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងដើម្បីចៀសវាងការខាតបង់លុយកាក់ផងដែរ។ ករណីមានបញ្ហាកើតឡើង សូមទាក់ទងទៅកាន់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department ឬចូលទៅកាន់តំណភ្ជាប់ https://web.facebook.com/anti.cyber.crime.department



Labels: ,

Monday, May 8, 2023

ការបរិហារកេរ្តិ៍ និងជេរប្រមាថអ្នករាជការសាធារណៈ #Defamation and Insulting public officer# law of Cambodia.

 

ការបរិហារកេរ្តិ៍ និងជេរប្រមាថអ្នករាជការសាធារណៈ

( Defamation and Insulting public officer )

យោងតាមមាត្រា ៣០៩. នីតិវិធីបណ្តឹងបរិហាកេរ្តិ៍ និងបទជេរប្រមាថ

·         ក្នុងករណីដែលមានការបរិហារកេរ្តិ៍ ឬការជេរប្រមាថចំពោះសមាជិករាជរដ្ឋាភិបាល មន្ត្រីរាជការសាធារណៈ ឬពលរដ្ឋដែលទទួលបន្ទុកបេសកកម្មសាធារណៈ ឬអាណត្តិសាធារណៈ ការចោទប្រកាន់នឹងត្រូវធ្វើឡើងតាមបណ្តឹងរបស់សាមីខ្លួន ឬបណ្តឹង របស់ប្រធានស្ថាប័នសាមី។

·         ក្នុងករណីដែលមានការបរិហាកេរ្តិ៍ ឬការជេរប្រមាថចំពោះបុគ្គលឯកជន ការចោទប្រកាន់នឹងត្រូវធ្វើឡើងតាមបណ្តឹងរបស់សាមីខ្លួនដែលទទួលរងនូវការបរិហាកេរ្តិ៍ ឬការជេរប្រមាថនោះ។

·         ពាក្យប្តឹងរបស់សាមីខ្លួន ឬប្រធានសា្ថប័នសាមី ដែលមានចែងក្នុងកថាខណ្ឌទី ១ និងទី ២ ខាងលើនេះ គឺជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ដោយអយ្យការ ហើយការដកពាក្យប្តឹងវិញរបស់អ្នកប្តឹង នាំឲ្យបណ្តឹងអាជ្ញារលត់។

·         ក៏ប៉ុន្តែ ការចោទប្រកាន់អាចនឹងត្រូវធ្វើឡើងដោយស្វ័យប្រវត្តដោយព្រះរាជអាជ្ញា កាលបើការបរិហាកេរិ៍្ត ឬជេរប្រមាថនោះ ត្រូវធ្វើឡើងប្រឆាំងនឹងបុគ្គលម្នាក់ ឬបុគ្គលមួយក្រុម ដោយមូលហេតុដើមកំណើត ជាតិពន្ទុ ពូជសាសន៍ សញ្ជាតិ ឬសាសនារបស់បុគ្គលនោះ។ ក្នុងករណីនេះ នីតិវិធីនៃការបញ្ជូនទៅជំនុំជម្រះត្រូវអនុលោមតាមបទប្បញ្ញាតិ្ត នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។

by by P.Sam@Sakhada


Saturday, May 6, 2023

ការបរិហារកេរ្តិ៍ # Defamation # Law of Cambodia

 

ការបរិហារកេរ្តិ៍

( Defamation )


ការបរិហារកេរ្តិ៍ ជាមូលដ្ឋាន គឺជាការនិយាយ ការសរសេរ ឬគំនូរ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់ កិត្តិយសអ្នកដទៃ។ ការបរិហារកេរ្តិ៍ ក្លាយទៅជាបទល្មើសព្រហ្មទណ្ឌ ដែលអាចផ្តន្ទាទោសបាន លុះត្រាណា តែការ​បរិហារ​កេរ្តិ៍នោះធ្វើឡើងជា​សាធារណៈ។​ នេះមានន័យថា ការបរិហារកេរ្តិ៍ត្រូវបានធ្វើនៅទីកន្លែង​សាធារណៈ ឬតាមមធ្យោបាយ​ណាមួយ ដែលពាក្យបរិហារកេរ្តិ៍នោះត្រូវបានឮឬឃើញ​សុះ​សាយ​ជាសាធារណៈ ដូចជា តាមកាសែត វិទ្យុ ទូរទស្សន៍ ឬបណ្តាញអ៊ីនធឺណែតជាដើម។ ពាក្យ​បរិហារកេរ្តិ៍នៅទីកន្លែងឯកជន មិនត្រូវបានផ្តន្ទាទោសទេ។ ហេតុដូច្នេះ​ហើយ​បាន​​ជា​ច្បាប់​ខ្មែរ​ មានតែបទបរិហារកេរ្តិ៍ជាសាធារណៈ តែមិនបទបរិហារកេរ្តិ៍ជាឯកជនទេ។ បើតាម​ច្បាប់​ដដែល​នេះ សកម្មភាព​ដែល អះអាង​បំ​ផ្លើស ឬ​ការទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត នាំ​ឲ្យ​ខូច​កិ​ត្តិយស​បុគ្គល ឬ​ស្ថាប័ន​ណាមួយ​នោះ លុះត្រាតែ​ធ្វើឡើង​តាមរយៈ​សកម្ម​សភាព​ចំនួន ៣ ចំណុច ទើប​ជា​ធាតុ​ផ្សំ​នៃ​បទល្មើស​បរិហារកេរ្តិ៍ ទី(១) តាមរយៈ​សំដី ទោះជា​សំដី​ប្រភេទ​ណាក៏ដោយ​ដែល​បញ្ចេញ​នៅតាម​ទីសាធារណៈ ឬ​នៅក្នុង​សាលប្រជុំ​សាធារណៈ​។ តទៅ​ចំណុច​ទី (២) ធាតុ​ផ្សំ​ដែល​អាច​ចាត់​ចូល​ជា​បទ​បរិហារកេរ្តិ៍ គឺ​ការធ្វើសកម្មភាព​តាមរយៈ​លិខិត ឬ​គំនូរ ទោះជា​ប្រភេទ​ណាក៏ដោយ​ដែល​ផ្សព្វផ្សាយ​នៅក្នុង​ចំណោម​ហា​ជន ឬ​ដាក់តាំង​ឲ្យ​សាធារណៈជន​មើល​ និងចំនុចទី (៣ ) តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍​សម្រាប់​សាធារណជន​។​

តាមក្រមព្រហ្មទណ្ឌខ្មែរ បទបរិហារកេរ្តិ៍ គឺជាបទល្មើសមជ្ឈឹមមានទោសពិន័យជាប្រាក់ តែមិនមានទោស​ពន្ធនាគារ​ទេ។​ យោងតាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ចែងថា គ្រប់ការអះអាងបំផ្លើស ឬការ​ទំលាក់​កំហុស ​ដោយ​អសុទ្ធចិត្ត ​លើ​អំពើ​ណា​មួយ​ដែល​​​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​ ឬ​កិត្តិស័ព្ទ ​នៃ​បុគ្គល ​ឬ​នៃ​ស្ថាប័ន​ គឺ​ជា​ការ​បរិហារកេរ្តិ៍។ អ្នកដែល​ជាប់ទោស​ពីបទ បរិហារកេរ្តិ៍នេះ គ្រាន់តែត្រូវពិន័យជា ប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១០.០០០.០០០ (ដប់លាន)​រៀល និង​ត្រូវ​សង​សំណង​ខូច​ខាត​ដល់​ជនដែលត្រូវ​បរិហារ​កេរ្តិ៍​ប៉ុណ្ណោះ។

តើភាគីពាក់ព័ន្ធអ្នកណាខ្លះដែលអាចដាក់ពាក្យបណ្តឹងពីបទបរិហារកេរ្តិ៍បាន?

អ្នកដែលអាចប្តឹងមនុស្សម្នាក់ទៀតពីបទបរិហារកេរ្តិ៍បាន លុះត្រាតែជននោះ យល់​ឃើញ​ថា កិតិ្តយសរបស់ខ្លួនត្រូវបានប៉ះពាល់។ ថ្វីបើបទបរិហារករ្តិ៍ ស្ថិតក្នុងចំណោមបទ​ល្មើសព្រហ្មទណ្ឌ ព្រះរាជ​អាជ្ញាមិនអាចផ្តើមបណ្តឹងនេះ ដោយឯកឯងបានទេ។ នគរបាលយុត្តិធម៌​​ក៏មិនអាចប្តឹងអ្នកណាម្នាក់​ ពីបទបរិហារកេរ្តិ៍ ជំនួសឲ្យជនរងគ្រោះពីបទ​បរិហារកេរ្តិ៍​បាន​ដែរ។ បណ្តឹងត្រូវតែចេញផ្ទាល់ពីជនរង​គ្រោះ។

Labels: ,